យ៉ូហាន
ជំពូក 2
លុះ៣ថ្ងៃក្រោយមក មានវិវាហមង្គល នៅភូមិកាណា ក្នុងស្រុកកាលីឡេ ហើយមាតាព្រះយេស៊ូវក៏នៅឯណោះស្រាប់
2 គេបានអញ្ជើញព្រះយេស៊ូវ ព្រមទាំងពួកសិស្សទ្រង់ទៅឯការនោះដែរ
3 កាលស្រាទំពាំងបាយជូរអស់ហើយ នោះមាតាព្រះយេស៊ូវទូលទ្រង់ថា គេអស់ស្រាទំពាំងបាយជូរហើយ
4 តែព្រះយេស៊ូវមានព្រះបន្ទូលតបថា មាតាអើយ តើការនោះអំពល់អ្វីដល់យើង ពេលវេលាខ្ញុំមិនទាន់មកដល់នៅឡើយ
5 មាតាទ្រង់ក៏ប្រាប់ដល់ពួកបាវថា ការអ្វីដែលលោកប្រាប់ឲ្យធ្វើ នោះត្រូវធ្វើចុះ
6 រីឯនៅទីនោះ មានពាងថ្ម៦ តាមទំនៀមការលាងសម្អាតរបស់សាសន៍យូដា ពាងមួយៗនោះចំណុះទឹកបាន២ឬ៣អម្រែក
7 ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ចូរចាក់ទឹកឲ្យពេញពាងទាំងនេះទៅ គេក៏ចាក់ទឹកពេញដល់មាត់ពាង
8 រួចទ្រង់មានព្រះបន្ទូលប្រាប់គេថា ឥឡូវនេះ ចូរដងយកទៅជូនដល់លោកជាមង្គលការចុះ គេក៏ដងយកទៅ
9 កាលអ្នកមង្គលការបានភ្លក់ទឹក ដែលបានប្រែទៅជាស្រាទំពាំងបាយជូរហើយ ឥតមានដឹងជាមកពីណា (តែពួកបាវបម្រើដែលដងទឹកនោះ គេដឹង) នោះអ្នកមង្គលការក៏ហៅប្ដីថ្មោងថ្មីមកនិយាយថា
10 មនុស្សទាំងឡាយ គេតែងតែលើកស្រាទំពាំងបាយជូរល្អមកជាមុន លុះកាលបានផឹកជាច្រើនហើយ នោះទើបលើកស្រាទំពាំងបាយជូរ ដែលមិនសូវល្អមកជាក្រោយ តែនេះ អ្នកបានទុកស្រាទំពាំងបាយជូរយ៉ាងល្អ ដរាបដល់ឥឡូវនេះវិញ
11 ព្រះយេស៊ូវ ទ្រង់ធ្វើទីសម្គាល់មុនដំបូងនេះ នៅភូមិកាណា ក្នុងស្រុកកាលីឡេ ទាំងសម្ដែងសិរីល្អរបស់ទ្រង់ ហើយពួកសិស្សក៏ជឿដល់ទ្រង់។
12 លុះក្រោយមក ទ្រង់យាងចុះទៅឯក្រុងកាពើណិម មានទាំងមាតា បងប្អូន និងពួកសិស្សទ្រង់ទៅជាមួយផង តែនៅឯណោះមិនយូរប៉ុន្មានទេ។
13 រីឯបុណ្យរំលងរបស់សាសន៍យូដាក៏ជិតដល់ នោះព្រះយេស៊ូវទ្រង់យាងឡើងទៅឯក្រុងយេរូសាឡឹម
14 កាលទ្រង់ឃើញពួកអ្នកលក់គោ លក់ចៀម លក់ព្រាប និងពួកអ្នកដូរប្រាក់ អង្គុយនៅក្នុងព្រះវិហារ
15 នោះទ្រង់ក៏យកខ្សែធ្វើជារំពាត់ ដេញគេចេញពីព្រះវិហារទាំងអស់ទៅ គឺដេញទាំងចៀម ទាំងគោ ហើយក៏ចាក់ប្រាក់របស់ពួកអ្នកដូរចេញដែរ ព្រមទាំងផ្កាប់តុគេផង
16 រួចមានព្រះបន្ទូលទៅពួកអ្នកលក់ព្រាបថា ចូរយករបស់ទាំងនេះចេញទៅ កុំឲ្យយកដំណាក់នៃព្រះវរបិតាខ្ញុំ ធ្វើជាផ្ទះជំនួញឡើយ
17 ពួកសិស្សទ្រង់ក៏នឹកឃើញពីសេចក្ដីដែលចែងទុកមកថា«សេចក្ដីឧស្សាហ៍ដល់ដំណាក់ទ្រង់ បានស៊ីបង្ហិនទូលបង្គំ»
18 ដូច្នេះ ពួកសាសន៍យូដា គេទូលសួរទ្រង់ថា ដែលលោកធ្វើយ៉ាងដូច្នេះ នោះតើនឹងសម្ដែងទីសម្គាល់ណា ឲ្យយើងខ្ញុំឃើញផង
19 ព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា ចូរបំផ្លាញព្រះវិហារនេះចុះ រួចក្នុងរវាង៣ថ្ងៃ ខ្ញុំនឹងសង់ឡើងវិញ
20 ដូច្នេះ ពួកសាសន៍យូដាទូលថា គេសង់ព្រះវិហារនេះ ពេញ៤៦ឆ្នាំគត់ តែលោកនឹងសង់ឡើងវិញ ក្នុងរវាង៣ថ្ងៃឬ
21 ប៉ុន្តែ គឺទ្រង់មានព្រះបន្ទូលពីព្រះវិហារ ដែលជារូបអង្គទ្រង់ទេ
22 ដូច្នេះ កាលទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះពួកសិស្សនឹកឃើញថា ទ្រង់បានមានព្រះបន្ទូលពាក្យនោះ ហើយគេក៏ជឿគម្ពីរ និងព្រះបន្ទូលរបស់ព្រះយេស៊ូវ។
23 កាលទ្រង់គង់នៅក្រុងយេរូសាឡឹម នៅក្នុងវេលាបុណ្យរំលង នោះមានមនុស្សជាច្រើនជឿដល់ព្រះនាមទ្រង់ ដោយឃើញទីសម្គាល់ដែលទ្រង់ធ្វើមក
24 តែព្រះយេស៊ូវទ្រង់មិនទុកចិត្តនឹងគេទេ ពីព្រោះទ្រង់ស្គាល់ដល់គ្រប់ទាំងមនុស្ស
25 ហើយទ្រង់មិនត្រូវការ ឲ្យអ្នកណាធ្វើបន្ទាល់ពីមនុស្សណាទេ ដ្បិតទ្រង់ជ្រាបហើយ ពីសេចក្ដីដែលនៅក្នុងមនុស្សទាំងឡាយ។