របាក្សត្រ ទី ២
ជំពូក 27
កាលយ៉ូថាមចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន១៦ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជា យេរូសា ជាបុត្រីសាដុក
2 ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងសេចក្ដីដែលអូសៀសជាព្រះបិតាបានធ្វើដែរ តែទ្រង់មិនបានយាងចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាទេ ឯបណ្តាជន គេនៅតែប្រព្រឹត្តខូចអាក្រក់នៅឡើយ។
3 ទ្រង់ធ្វើទ្វារខាងលើរបស់ព្រះវិហារនៃព្រះយេហូវ៉ា ក៏សង់កំផែងអូផែលឡើងជាច្រើន
4 ១ទៀតទ្រង់សង់ទីក្រុងខ្លះនៅស្រុកភ្នំយូដា ហើយនៅក្រុងព្រៃ ទ្រង់ក៏សង់បន្ទាយ និងប៉មផង
5 ទ្រង់ក៏ច្បាំងឈ្នះស្តេចនៃពួកកូនចៅអាំម៉ូន ហើយឆ្នាំនោះឯងពួកកូនចៅអាំម៉ូនក៏ថ្វាយប្រាក់១០០ហាប ស្រូវភោជ្ជសាលី១ម៉ឺនរង្វាល់ និងស្រូវឱក១ម៉ឺនរង្វាល់ដល់ទ្រង់ ដល់ឆ្នាំទី២ ហើយទី៣ គេក៏ថ្វាយប៉ុណ្ណោះដល់ទ្រង់ទៀត
6 ដូច្នេះ យ៉ូថាមមានកម្លាំងកាន់តែខ្លាំងឡើង ពីព្រោះទ្រង់បានរៀបផ្លូវទ្រង់ឲ្យត្រឹមត្រូវនៅចំពោះព្រះយេហូវ៉ាជាព្រះនៃទ្រង់
7 រីឯដំណើរឯទៀតពីយ៉ូថាម និងអស់ទាំងការចម្បាំងរបស់ទ្រង់ ហើយអំពើប្រព្រឹត្តទាំងប៉ុន្មានរបស់ទ្រង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជារឿងពីពួកស្តេចអ៊ីស្រាអែល និងយូដាហើយ
8 កាលទ្រង់ចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន១៦ឆ្នាំ
9 យ៉ូថាមទ្រង់ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ ហើយគេបញ្ចុះសពទ្រង់ នៅក្នុងក្រុងដាវីឌ រួចអ័ហាស ជាព្រះរាជបុត្រាក៏ឡើងសោយរាជ្យជំនួសព្រះបិតា។