របាក្សត្រ ទី ២

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36


ជំពូក 6

ខណៈ​នោះ សាឡូ‌ម៉ូន​ពោល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា ទ្រង់​នឹង​គង់​នៅ​ក្នុង​ងងឹត​យ៉ាង​ក្រាស់
2 តែ​ទូល‌បង្គំ​បាន​ស្អាង​ព្រះ‌វិហារ​នេះ ទុក​ជា​ទី​លំនៅ​ថ្វាយ​ទ្រង់​វិញ គឺ​ជា​កន្លែង​សម្រាប់​ឲ្យ​ទ្រង់​គង់​នៅ​អស់​កល្ប‌ជានិច្ច។
3 រួច​ស្តេច​ទ្រង់​បែរ​ព្រះ‌‌ភ័ក្ត្រ​មក ឲ្យ​ពរ​ដល់​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ហើយ​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ឈរ​ឡើង
4 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​ព្រះ‌ពរ ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ដាវីឌ ជា​បិតា​យើង ដោយ​ព្រះ‌ឱស្ឋ​ទ្រង់ ហើយ​បាន​សម្រេច​សេចក្ដី​នោះ ដោយ‌សារ​ព្រះ‌ហស្ត​ទ្រង់ ដោយ​ព្រះ‌បន្ទូល​ថា
5 ចាប់​តាំង​ពី​ថ្ងៃ​ដែល​អញ​បាន​នាំ​រាស្ត្រ​អញ ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​អញ​មិន​បាន​រើស​ទី​ក្រុង​ណា​មួយ ក្នុង​អស់​ទាំង​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល ទុក​ជា​ទី​សម្រាប់​ស្អាង​ព្រះ‌វិហារ ឲ្យ​ឈ្មោះ​អញ​បាន​នៅ​ទី​នោះ​ឡើយ ក៏​មិន​បាន​រើស​មនុស្ស​ណា​មួយ ឲ្យ​បាន​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ​ដែរ
6 តែ​ឥឡូវ​នេះ​វិញ អញ​បាន​រើស​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​ឈ្មោះ​អញ​បាន​នៅ​ទី​នោះ ហើយ​អញ​បាន​រើស​ដាវីឌ​ឲ្យ​បាន​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ
7 ឯ​ដាវីឌ​ជា​បិតា​យើង ទ្រង់​បាន​ប្រាថ្នា​ក្នុង​ព្រះ‌ទ័យ ចង់​ស្អាង​ព្រះ‌វិហារ​សម្រាប់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ដែរ
8 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ដាវីឌ ជា​បិតា​យើង​ថា ដែល​ឯង​បាន​ប្រាថ្នា​នៅ​ក្នុង​ចិត្ត ចង់​ស្អាង​ព្រះ‌វិហារ​សម្រាប់​ឈ្មោះ​អញ នោះ​ក៏​ល្អ​ហើយ ដោយ​កើត​មាន​គំនិត​យ៉ាង​ដូច្នោះ
9 ប៉ុន្តែ ឯង​មិន​ត្រូវ​ស្អាង​ព្រះ‌វិហារ​នោះ​ទេ គឺ​ជា​កូន​ដែល​ឯង​នឹង​បង្កើត​វិញ កូន​នោះ​នឹង​ស្អាង​ព្រះ‌វិហារ សម្រាប់​ឈ្មោះ​អញ
10 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សម្រេច​តាម​ព្រះ‌បន្ទូល ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​នោះ​ហើយ ដ្បិត​យើង​បាន​កើត​ឡើង​ជំនួស​ដាវីឌ ជា​បិតា ហើយ​ក៏​អង្គុយ​លើ​បល្ល័ង្ក‌រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​សន្យា​ទុក ហើយ​យើង​បាន​ស្អាង​ព្រះ‌វិហារ​នេះ សម្រាប់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល
11 យើង​ក៏​បាន​ដាក់​ហឹប ដែល​ក្នុង​ហឹប​នោះ​មាន​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ជា​សញ្ញា​ដែល​ទ្រង់​បាន​តាំង​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។
12 សាឡូ‌ម៉ូន​ទ្រង់​ឈរ​នៅ​ចំពោះ​អាសនៈ​នៃ​ព្រះ‌យេហូវ៉ា នៅ​មុខ​ពួក​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​លើក​ព្រះ‌ហស្ត​ប្រទូល​ឡើង
13 (ដ្បិត​ទ្រង់​បាន​ធ្វើ​ទី​ថ្កល់​ពី​លង្ហិន បណ្តោយ​៥​ហត្ថ ទទឹង​៥​ហត្ថ និង​កំពស់​៣​ហត្ថ ដាក់​នៅ​កណ្តាល​ទីលាន ហើយ​ទ្រង់​ឈរ​នៅ​លើ​ទី​នោះ ក៏​លុត​ព្រះ‌ជង្ឃ នៅ​មុខ​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ លើក​ព្រះ‌ហស្ត​ប្រទូល​ឡើង​ទៅ​លើ​មេឃ)
14 ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ គ្មាន​ព្រះ​ឯ​ណា​ឲ្យ​ដូច​ទ្រង់​ឡើយ ទោះ​នៅ​លើ​មេឃ ឬ​នៅ​ផែនដី​ក្តី ទ្រង់​កាន់​តាម​សេចក្ដី​សញ្ញា និង​សេចក្ដី​សប្បុរស​ដល់​ពួក​អ្នក​បម្រើ​ទ្រង់ ដែល​ដើរ​នៅ​ចំពោះ​ទ្រង់​ដោយ​ចិត្ត​ស្មោះ‌ត្រង់
15 ទ្រង់​បាន​រក្សា​សេចក្ដី​សន្យា ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​អ្នក​បម្រើ​ទ្រង់ គឺ​នឹង​ដាវីឌ ជា​បិតា​ទូល‌បង្គំ ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដោយ​ព្រះ‌ឱស្ឋ​ទ្រង់ ហើយ​សម្រេច​សេចក្ដី​នោះ ដោយ​ព្រះ‌ហស្ត​ទ្រង់ ដូច​ជា​មាន​មក​សព្វ​ថ្ងៃ​នេះ
16 ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ សូម​ទ្រង់​រក្សា​សេចក្ដី​ដែល​ទ្រង់​បាន​សន្យា​នឹង​បិតា​ទូល‌បង្គំ គឺ​នឹង​ដាវីឌ ជា​អ្នក​បម្រើ​ទ្រង់​ថា នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង​អង្គុយ​លើ​បល្ល័ង្ក‌រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល នៅ​មុខ​អញ​ឡើយ ឲ្យ​តែ​កូន​ចៅ​ឯង​ប្រុង‌ប្រយ័ត​នឹង​ផ្លូវ​ខ្លួន ដើម្បី​នឹង​ដើរ​តាម​ក្រឹត្យ‌វិន័យ​របស់​អញ ដូច​ជា​ឯង​បាន​ដើរ​នៅ​មុខ​អញ​ដែរ
17 ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ឥឡូវ​នេះ សូម​ទ្រង់​បញ្ជាក់​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ដាវីឌ ជា​អ្នក​បម្រើ​ទ្រង់​ចុះ។
18 យី​អើ តើ​ព្រះ​នឹង​គង់​នៅ​ជា​មួយ​នឹង​មនុស្ស នៅ​លើ​ផែនដី​ជា​ប្រាកដ​ឬ មើល ផ្ទៃ​មេឃ និង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ មិន​ល្មម​ឲ្យ​ទ្រង់​គង់​ចុះ​ទៅ​ហើយ ចំណង់​បើ​ព្រះ‌វិហារ​ដែល​ទូល‌បង្គំ​បាន​ស្អាង​នេះ តើ​នឹង​ចង្អៀត​អម្បាល‌ម៉ាន​ទៅ​ទៀត
19 ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ទទួល​ពាក្យ ដែល​ទូល‌បង្គំ​ជា​អ្នក​បម្រើ​ទ្រង់​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ដើម្បី​នឹង​ស្តាប់​តាម​សម្រែក និង​សេចក្ដី​អធិ‌ស្ឋាន ដែល​ទូល‌បង្គំ​ទូល​ដល់​ទ្រង់​ផង
20 ប្រយោជន៍​ឲ្យ​ព្រះ‌នេត្រ​ទ្រង់​បាន​បើក​ទត​មក​ឯ​ព្រះ‌វិហារ​នេះ​ទាំង​យប់​ទាំង​ថ្ងៃ គឺ​ទត​មើល​មក​ទី​កន្លែង​ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ហើយ​ថា ទ្រង់​នឹង​តាំង​ព្រះ‌នាម​ទ្រង់​នៅ​ទី​នោះ ដើម្បី​នឹង​ស្តាប់​សេចក្ដី​អធិ‌ស្ឋាន ដែល​ទូល‌បង្គំ​នឹង​ទូល​តម្រង់​មក​ឯ​ទី​នេះ
21 ហើយ​កាល​ណា​ទូល‌បង្គំ និង​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​ទ្រង់ អធិ‌ស្ឋាន​មក​ឯ​ទី​នេះ នោះ​សូម​ទ្រង់​ស្តាប់​សេចក្ដី​ទូល​អង្វរ​របស់​យើង​ខ្ញុំ​ផង គឺ​សូម​ទ្រង់​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ជា​ទី​លំនៅ​នៃ​ទ្រង់ លុះ​កាល​ទ្រង់​ព្រះ‌សណ្តាប់​ហើយ នោះ​សូម​អត់​ទោស​ឲ្យ​ផង។
22 បើ‌សិន​ជា​អ្នក​ណា​ធ្វើ​បាប ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន ហើយ​គេ​ឲ្យ​អ្នក​នោះ​ស្បថ រួច​អ្នក​នោះ​ក៏​មក​ស្បថ​នៅ​មុខ​អាសនៈ​នៃ​ទ្រង់​ក្នុង​ព្រះ‌វិហារ​នេះ
23 នោះ​សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​សម្រេច​ការ​ដោយ​ជំនុំ‌ជម្រះ​ពួក​បាវ​បម្រើ​ទ្រង់ ទាំង​ដាក់​ទោស​ដល់​មនុស្ស​អាក្រក់ ដើម្បី​នឹង​ទម្លាក់​អំពើ​អាក្រក់​របស់​គេ ទៅ​លើ​ក្បាល​គេ​វិញ ហើយ​សម្រេច​ដល់​មនុស្ស​សុចរិត​ទុក​ជា​សុចរិត ដើម្បី​នឹង​សង​គេ​តាម​សេចក្ដី​សុចរិត​របស់​ខ្លួន​គេ​ទៅ។
24 បើ​កាល​ណា​សាសន៍​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​ទ្រង់ ត្រូវ​ចាញ់​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ ដោយ​ព្រោះ​គេ​បាន​ធ្វើ​បាប​នឹង​ទ្រង់ នោះ​បើ​គេ​ត្រឡប់​មក​វិញ ព្រម​ទាំង​គោរព​ដល់​ព្រះ‌នាម​ទ្រង់ ហើយ​និង​អធិ‌ស្ឋាន​ទូល​អង្វរ​នៅ​ចំពោះ​ទ្រង់​ក្នុង​ព្រះ‌វិហារ​នេះ
25 នោះ​សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ និង​អត់​ទោស​ចំពោះ​អំពើ​បាប​របស់​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់​ផង រួច​សូម​នាំ​គេ​ត្រឡប់​មក​នៅ​ក្នុង​ស្រុក​ដែល​ទ្រង់​បាន​ប្រទាន​ដល់​គេ និង​ពួក​អយ្យកោ​គេ​វិញ។
26 បើ​កាល​ណា​មេឃ​រាំង​ភ្លៀង ដោយ​ព្រោះ​គេ​បាន​ធ្វើ​បាប​នឹង​ទ្រង់ នោះ​បើ​គេ​អធិ‌ស្ឋាន​តម្រង់​មក​ឯ​ទី​នេះ ព្រម​ទាំង​គោរព​ដល់​ព្រះ‌នាម​ទ្រង់ ហើយ​លះ‌បង់​ចោល​អំពើ​បាប​របស់​គេ​ចេញ ដោយ​ព្រោះ​ទ្រង់​បាន​ផ្ចាញ់‌ផ្ចាល​គេ
27 នោះ​សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​អត់​ទោស​ចំពោះ​អំពើ​បាប របស់​ពួក​អ្នក​បម្រើ​ទ្រង់ គឺ​ជា​ពួក​អ៊ីស្រា‌អែល​ជា​រាស្ត្រ​ទ្រង់ ដោយ​បង្រៀន​ឲ្យ​គេ​ដឹង​ផ្លូវ​ល្អ​ណា​ដែល​ត្រូវ​ដើរ រួច​សូម​បង្អុរ​ភ្លៀង ឲ្យ​មក​លើ​ស្រុក​របស់​ទ្រង់ ដែល​បាន​ប្រទាន​មក​រាស្ត្រ​ទ្រង់​ទុក​ជា​មរដក​ផង។
28 បើ​កាល​ណា​កើត​មាន​អំណត់​នៅ​ក្នុង​ស្រុក ឬ​បើ​មាន​អន្តរាយ​ស្កក​ស្រូវ ក្រា‌ចាប់ កណ្តូប ឬ​ដង្កូវ​ស៊ី បើ​ពួក​ខ្មាំង​សត្រូវ​លុក‌លុយ​មក​ក្នុង​ស្រុក​ឡោម‌ព័ទ្ធ​ទី​ក្រុង ឬ​កើត​មាន​សេចក្ដី​វេទនា​ណា ឬ​ជំងឺ​ណា​ក៏​ដោយ
29 នោះ​ទោះ​បើ​មនុស្ស​ណា ឬ​បណ្តា​ពួក​អ៊ីស្រា‌អែល​ជា​រាស្ត្រ​ទ្រង់ ដែល​ស្គាល់​សេចក្ដី​វេទនា និង​សេចក្ដី​ទុក​លំបាក នៅ​ក្នុង​ចិត្ត​ខ្លួន គេ​លើក​ដៃ​ប្រទូល​តម្រង់​មក​ឯ​ព្រះ‌វិហារ​នេះ ហើយ​អធិ‌ស្ឋាន ឬ​ទូល​សូម​អ្វី​ក៏​ដោយ
30 នោះ​សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ជា​ទី​លំនៅ​របស់​ទ្រង់ ហើយ​អត់​ទោស ព្រម​ទាំង​សង​ដល់​គ្រប់​គ្នា តាម​អំពើ​ប្រព្រឹត្ត​របស់​គេ តាម​តែ​ទ្រង់​ជ្រាប​ចិត្ត​គេ (ដ្បិត​គឺ​ទ្រង់​តែ​មួយ​ដែល​ជ្រាប​ចិត្ត​នៃ​ពួក​មនុស្ស​លោក​ទាំង​អស់)
31 ដើម្បី​ឲ្យ​គេ​បាន​កោត‌ខ្លាច​ដល់​ទ្រង់ ប្រយោជន៍​ឲ្យ​បាន​ដើរ​តាម​ផ្លូវ​ទ្រង់ នៅ​អស់​១​ជីវិត​ដែល​គេ​រស់​នៅ​ក្នុង​ស្រុក ដែល​ទ្រង់​បាន​ប្រទាន​មក​ពួក​អយ្យកោ​យើង​ខ្ញុំ​រាល់​គ្នា។
32 មួយ​ទៀត​ត្រង់​ឯ​ពួក​សាសន៍​ដទៃ ដែល​មិន​មែន​ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់​ទេ បើ​កាល​ណា​គេ​មក​ពី​ស្រុក​ឆ្ងាយ ដោយ​ព្រោះ​ព្រះ‌នាម​ទ្រង់​ដ៏​ជា​ធំ និង​ព្រះ‌ហស្ត​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ ហើយ​ព្រះ‌ពាហុ​លើក​សម្រេច​របស់​ទ្រង់ កាល​ណា​គេ​អធិ‌ស្ឋាន​តម្រង់​មក​ឯ​ព្រះ‌វិហារ​នេះ
33 នោះ​សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ គឺ​ពី​ទី​លំនៅ​របស់​ទ្រង់ ហើយ​ធ្វើ​សព្វ​គ្រប់ តាម​សេចក្ដី​ដែល​សាសន៍​ដទៃ​នោះ​នឹង​សូម​ដល់​ទ្រង់​ផង ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​បាន​ស្គាល់​ព្រះ‌នាម​ទ្រង់ ហើយ​កោត‌ខ្លាច​ដល់​ទ្រង់​ដូច​ជា​សាសន៍​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់​ដែរ ហើយ​ឲ្យ​គេ​បាន​ដឹង​ថា ព្រះ‌វិហារ​ដែល​ទូល‌បង្គំ​បាន​ស្អាង​នេះ បាន​ហៅ​តាម​ព្រះ‌នាម​ទ្រង់​ពិត។
34 បើ‌សិន​ជា​រាស្ត្រ​របស់​ទ្រង់​ចេញ​ទៅ​ច្បាំង​នឹង​ខ្មាំង​សត្រូវ តាម​ផ្លូវ​ណា​ក៏​ដោយ ដែល​ទ្រង់​នឹង​ចាត់​គេ​ឲ្យ​ទៅ ហើយ​គេ​អធិ‌ស្ឋាន​ដល់​ទ្រង់ ទាំង​បែរ​មក​ឯ​ទី​ក្រុង​នេះ​ដែល​ទ្រង់​បាន​រើស និង​ព្រះ‌វិហារ​នេះ​ដែល​ទូល‌បង្គំ​បាន​ស្អាង​ថ្វាយ​ដល់​ព្រះ‌នាម​ទ្រង់
35 នោះ​សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ចំពោះ​ពាក្យ​ដែល​គេ​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ព្រម​ទាំង​សម្រេច​តាម​សេចក្ដី​ត្រឹម‌ត្រូវ​ឲ្យ​គេ​ផង។
36 បើ​កាល​ណា​គេ​ធ្វើ​បាប​នឹង​ទ្រង់ (ដ្បិត​គ្មាន​មនុស្ស​ឯ​ណា​មួយ​ដែល​មិន​ធ្វើ​បាប​ឡើយ) ហើយ​ទ្រង់​កើត​មាន​សេចក្ដី​ក្រោធ ព្រម​ទាំង​ប្រគល់​គេ​ទៅ​ឲ្យ​ពួក​ខ្មាំង​សត្រូវ ឲ្យ​បាន​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​ណា ទោះ​ឆ្ងាយ ឬ​ជិត​ក្តី
37 នោះ​បើ​គេ​នឹក​ចាំ​នៅ​ក្នុង​ស្រុក ដែល​បាន​ដឹក‌នាំ​គេ​ទៅ​ជា​ឈ្លើយ​នោះ ហើយ​បែរ​ត្រឡប់​មក​វិញ ព្រម​ទាំង​ទូល​អង្វរ​ដល់​ទ្រង់​នៅ​ក្នុង​ស្រុក ដែល​គេ​នៅ​ជា​ឈ្លើយ​នោះ​ថា យើង​ខ្ញុំ​បាន​ធ្វើ​បាប ព្រម​ទាំង​ប្រព្រឹត្ត​ក្រវិច‌ក្រវៀន ហើយ​ធ្វើ​ការ​អាក្រក់
38 បើ‌សិន​ជា​គេ​វិល​ត្រឡប់​មក​ឯ​ទ្រង់ អស់​ពី​ចិត្ត អស់​ពី​ព្រលឹង នៅ​ក្នុង​ស្រុក​ដែល​គេ​នៅ​ជា​ឈ្លើយ គឺ​ក្នុង​ស្រុក​ដែល​ខ្មាំង​សត្រូវ​បាន​ដឹក‌នាំ​ទៅ​នោះ ហើយ​គេ​អធិ‌ស្ឋាន​តម្រង់​មក​ឯ​ស្រុក​នេះ ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួក​អយ្យកោ​គេ និង​ទី​ក្រុង​នេះ​ដែល​ទ្រង់​បាន​រើស ហើយ​ព្រះ‌វិហារ​នេះ ដែល​ទូល‌បង្គំ​បាន​ស្អាង​ថ្វាយ​ដល់​ព្រះ‌នាម​ទ្រង់
39 នោះ​សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ គឺ​ពី​ទី​លំនៅ​របស់​ទ្រង់ ចំពោះ​ពាក្យ​ដែល​គេ​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ព្រម​ទាំង​សម្រេច​សេចក្ដី​ត្រឹម‌ត្រូវ​ឲ្យ​គេ​ផង ហើយ​អត់​ទោស​ដល់​រាស្ត្រ​ទ្រង់ ដែល​បាន​ធ្វើ​បាប​នឹង​ទ្រង់​នោះ។
40 ឥឡូវ​នេះ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ឲ្យ​ព្រះ‌នេត្រ​ទ្រង់​បាន​នៅ​តែ​បើក ហើយ​ព្រះ‌កាណ៌​ទ្រង់​ផ្ទៀង​ស្តាប់​ជានិច្ច ចំពោះ​សេចក្ដី​ដែល​គេ​អធិ‌ស្ឋាន​នៅ​ទី​នេះ
41 ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ សូម​ទ្រង់​ឈរ​ឡើង យាង​ចូល​ទៅ​ឯ​ទី​សម្រាក​របស់​ទ្រង់​ឥឡូវ ព្រម​ទាំង​ហឹប​របស់​ឥទ្ធា‌នុភាព​របស់​ទ្រង់​ផង ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ សូម​ឲ្យ​ពួក​សង្ឃ​នៃ​ទ្រង់​បាន​ប្រដាប់​ខ្លួន ដោយ​សេចក្ដី​សង្គ្រោះ ហើយ​ឲ្យ​ពួក​បរិសុទ្ធ​របស់​ទ្រង់​បាន​រីក‌រាយ​សប្បាយ ដោយ​សេចក្ដី​ល្អ
42 ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ សូម​កុំ​បំបែរ​មុខ​នៃ​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ចេញ​ឡើយ សូម​នឹក​ចាំ​ពី​សេចក្ដី​សប្បុរស ដែល​ទ្រង់​បាន​ប្រោស​ដល់​ដាវីឌ​ជា​អ្នក​បម្រើ​ទ្រង់​ផង។ ។