របាក្សត្រ ទី ២

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36


ជំពូក 20

ក្រោយ​នោះ​មក ពួក​កូន​ចៅ​ម៉ូអាប់ និង​ពួក​កូន​ចៅ​អាំម៉ូន ព្រម​ទាំង​ពួក​ម៉ាអូន​ខ្លះ ក៏​លើក​គ្នា​មក​ច្បាំង​នឹង​យ៉ូសា‌ផាត
2 មាន​គេ​មក​ទូល​ដល់​យ៉ូសា‌ផាត​ថា មាន​កង‌ទ័ព​យ៉ាង​សន្ធឹក​មក​ទាស់​នឹង​ទ្រង់ គេ​មក​ពី​ស្រុក​ស៊ីរី ខាង​នាយ​សមុទ្រ មើល គេ​មក​ដល់​ហាសា‌លូន-តាម៉ារ​ហើយ (នោះ​គឺ​ជា​ស្រុក​អេន-កេឌី)
3 យ៉ូសា‌ផាត​ទ្រង់​ក៏​ភ័យ​ខ្លាច ហើយ​តាំង​ព្រះ‌ហឫទ័យ​ស្វែង​រក​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រកាស​ប្រាប់​ឲ្យ​មាន​ការ​តម​អត់ នៅ​ពេញ​ក្នុង​ស្រុក​យូដា
4 ហើយ​ពួក​យូដា​ក៏​មូល​គ្នា​មក​រក​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា គឺ​គេ​ចេញ​ពី​អស់​ទាំង​ទី​ក្រុង​របស់​ស្រុក​យូដា​មក ដើម្បី​ស្វះ‌ស្វែង​រក​ព្រះ។
5 រីឯ​យ៉ូសា‌ផាត​ទ្រង់​ឈរ​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ចំ​មុខ​ទីលាន​ថ្មី នៅ​កណ្តាល​ជំនុំ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡឹម ទូល​ថា
6 ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អយ្យកោ​យើង​ខ្ញុំ​រាល់​គ្នា​អើយ តើ​ទ្រង់​មិន​មែន​ជា​ព្រះ​នៅ​ស្ថាន​សួគ៌​ទេ​ឬ​អី តើ​ទ្រង់​មិន​គ្រប់‌គ្រង​លើ​អស់​ទាំង​នគរ​របស់​សាសន៍​ដទៃ​ទេ​ឬ​អី ហើយ​នៅ​ព្រះ‌ហស្ត​ទ្រង់ នោះ​ក៏​មាន​ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិ​ដែរ ដល់​ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​អាច​នឹង​ទប់​ទល់​នឹង​ទ្រង់​បាន​ឡើយ
7 ឱ​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ តើ​ទ្រង់​មិន​បាន​បណ្តេញ​ពួក​អ្នក​ស្រុក​នេះ​ពី​មុខ​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់​ចេញ ហើយ​ប្រទាន​ដល់​ពូជ‌ពង្ស​របស់​លោក​អ័ប្រា‌ហាំ ជា​មិត្ត​សំឡាញ់​ទ្រង់ ជា​ដរាប​ត​ទៅ​ទេ​ឬ​អី
8 គេ​បាន​អាស្រ័យ​នៅ ហើយ​ក៏​បាន​ស្អាង​ទី​បរិសុទ្ធ​នៅ​ស្រុក​នេះ សម្រាប់​ព្រះ‌នាម​ទ្រង់ ដោយ​ពាក្យ​ថា
9 បើ‌សិន​ជា​មាន​សេចក្ដី​អាក្រក់​ណា មក​សង្កត់​លើ​យើង​រាល់​គ្នា ទោះ​បើ​ជា​ដាវ ឬ​ទុក្ខ​ទោស អាសន្ន‌រោគ ឬ​អំណត់​ក្តី បើ​យើង​រាល់​គ្នា​នឹង​ឈរ​នៅ​មុខ​ព្រះ‌វិហារ​នេះ ហើយ​នៅ​ចំពោះ​ទ្រង់ (ដ្បិត​ព្រះ‌នាម​ទ្រង់​នៅ​ក្នុង​ព្រះ‌វិហារ​នេះ) ហើយ​យើង​រាល់​គ្នា​អំពាវ‌នាវ​ដល់​ទ្រង់ ក្នុង​សេចក្ដី​វេទនា​របស់​យើង នោះ​ទ្រង់​នឹង​ព្រម​ទទួល ហើយ​និង​ជួយ​សង្គ្រោះ​យើង
10 ឥឡូវ​នេះ មើល មាន​ពួក​កូន​ចៅ​អាំម៉ូន ម៉ូអាប់ និង​ពួក​ភ្នំ​សៀរ ដែល​ទ្រង់​មិន​បើក​ឲ្យ​អ៊ីស្រា‌អែល​ទន្ទ្រាន​ចូល​ស្រុក​គេ ក្នុង​កាល​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គឺ​បាន​ឲ្យ​ដើរ​វាង​ពី​គេ ឥត​បំផ្លាញ​គេ​ឡើយ
11 សូម​មើល​បែប​យ៉ាង​ណា​ដែល​គេ​សង​គុណ​ដល់​យើង​ខ្ញុំ​រាល់​គ្នា គឺ​គេ​មក​ចង់​បណ្តេញ​យើង​ខ្ញុំ​រាល់​គ្នា ចេញ​ពី​កេរ‌អាករ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ប្រទាន​មក ទុក​ជា​មរដក​ដល់​យើង​ខ្ញុំ
12 ឱ​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ សូម​ទ្រង់​កាត់​ទោស​ដល់​គេ ពី​ព្រោះ​ខ្ញុំ​រាល់​គ្នា​គ្មាន​កម្លាំង​នឹង​ទប់‌ទល់​ចំពោះ​ពួក​យ៉ាង​ធំ ដែល​មក​ទាស់​នឹង​យើង​រាល់​គ្នា​នេះ​បាន​ទេ យើង​ខ្ញុំ​ក៏​មិន​ដឹង​ធ្វើ​ដូច​ម្តេច​ដែរ ប៉ុន្តែ ភ្នែក​យើង​ខ្ញុំ​ទន្ទឹង​មើល​តែ​ទ្រង់​ទេ
13 ពួក​យូដា​ទាំង​អស់​គ្នា​ក៏​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា មាន​ទាំង​កូន​តូចៗ និង​ប្រពន្ធ​ហើយ​ក្មេងៗ​នៅ​ជា​មួយ​ផង។
14 គ្រា​នោះ យ៉ាហា‌សៀល ជា​កូន​សាការី ដែល​ជា​កូន​បេនណាយ៉ាៗ​ជា​កូន​យីអែលៗ​ជា​កូន​ម៉ាថានា ដែល​ជា​ពួក​លេវី ខាង​ពួក​កូន​ចៅ​អេសាភ លោក​នៅ​កណ្តាល​ពួក​ជំនុំ ហើយ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​សណ្ឋិត​លើ​លោក
15 រួច​លោក​ពោល​ថា ឱ​ពួក​យូដា​ទាំង​អស់​គ្នា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​ព្រះ‌ករុណា​យ៉ូសា‌ផាត​អើយ ចូរ​ស្តាប់​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា​ដូច្នេះ​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​អ្វី​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត ដោយ​ព្រោះ​ពួក​ធំ​ទាំង​ម៉្លេះ​នេះ​ដែរ ដ្បិត​ចម្បាំង​នេះ​មិន​មែន​ស្រេច​នៅ​អ្នក​រាល់​គ្នា​ទេ គឺ​ស្រេច​នៅ​ព្រះ​វិញ
16 ស្អែក​ឡើង ចូរ​អ្នក​រាល់​គ្នា​ចុះ​ទៅ​ទាស់​នឹង​គេ​ចុះ មើល គេ​កំពុង​តែ​ឡើង​មក​តាម​ផ្លូវ​ភ្នំ​ស៊ីស អ្នក​រាល់​គ្នា​នឹង​ជួប​គេ​នៅ​ចុង​ច្រក​ភ្នំ ទល់​មុខ​នឹង​ទី​រហោ‌ស្ថាន​យេរួល
17 អ្នក​រាល់​គ្នា​មិន​បាច់​នឹង​តស៊ូ​ក្នុង​ចម្បាំង​នេះ​ទេ ឲ្យ​គ្រាន់​តែ​ដំរៀប​គ្នា​ឈរ​ស្ងៀម ហើយ​ចាំ​មើល​សេចក្ដី​សង្គ្រោះ ដែល​ព្រះ‌យេហូវ៉ា​នឹង​ប្រោស​ដល់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​ឱ​ពួក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡឹម​អើយ កុំ​ឲ្យ​ភ័យ​ខ្លាច​អ្វី​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ដែរ ស្អែក​នេះ ចូរ​ចេញ​ទៅ​ទាស់​នឹង​គេ​ចុះ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ហើយ
18 នោះ​យ៉ូសា‌ផាត​ទ្រង់​ក្រាប​ព្រះ‌‌ភ័ក្ត្រ​ចុះ​ដល់​ដី ហើយ​ពួក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡឹម​ទាំង​អស់​គ្នា ក៏​ក្រាប​ថ្វាយ‌បង្គំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដែរ
19 ឯ​ពួក​លេវី ខាង​ពួក​កូន​ចៅ​កេហាត់ និង​ពួក​កូន​ចៅ​កូរេ គេ​ឈរ​ឡើង សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដោយ​សំឡេង​យ៉ាង​ខ្លាំង​ក្រៃ‌លែង។
20 ស្អែក​ឡើង គេ​ក្រោក​ពី​ព្រលឹម​ស្រាង ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ត្កូអា កំពុង​ដែល​គេ​ចេញ​ទៅ នោះ​យ៉ូសា‌ផាត​ទ្រង់​ឈរ​មាន​ព្រះ‌បន្ទូល​ថា ពួក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្តាប់​យើង​ចុះ ចូរ​ឲ្យ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទើប​អ្នក​រាល់​គ្នា​នឹង​បាន​ខ្ជាប់‌ខ្ជួន ចូរ​ជឿ​តាម​ពួក​ហោរា​របស់​ទ្រង់ ទើប​អ្នក​រាល់​គ្នា​នឹង​ប្រកប ដោយ​សេចក្ដី​ចម្រើន
21 រួច​កាល​ទ្រង់​បាន​ពិគ្រោះ​នឹង​បណ្តា‌ជន​ហើយ នោះ​ទ្រង់​ក៏​តម្រូវ​ឲ្យ​មាន​ពួក​អ្នក ដែល​ត្រូវ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​ពោល​សរសើរ ដោយ​ស្លៀក‌ពាក់​ជា​ប្រដាប់​បរិសុទ្ធ ក្នុង​កាល​ដែល​គេ​នាំ​មុខ​ពួក​ទ័ព​ចេញ​ទៅ ដោយ​ពោល​ថា ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​សេចក្ដី​សប្បុរស​ទ្រង់​នៅ​ជាប់​អស់​កល្ប‌ជានិច្ច
22 ដូច្នេះ កាល​គេ​ចាប់​តាំង​ច្រៀង ហើយ​សរសើរ​ឡើង នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្កប់​ទ័ព​ទាស់​នឹង​ពួក​កូន​ចៅ​អាំម៉ូន ម៉ូអាប់ និង​ពួក​ភ្នំ​សៀរ ដែល​មក​ចង់​ច្បាំង​នឹង​ពួក​យូដា ឲ្យ​គេ​ត្រូវ​ចាញ់
23 ដ្បិត​ពួក​កូន​ចៅ​អាំម៉ូន និង​ម៉ូអាប់ គេ​លើក​គ្នា​បំផ្លាញ​ពួក​អ្នក​នៅ​ស្រុក​ភ្នំ​សៀរ​អស់​រលីង​ទៅ រួច​កាល​គេ​បាន​បំផ្លាញ​ពួក​នោះ​អស់​ហើយ នោះ​ក៏​ព្រួត​គ្នា​បំផ្លាញ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត។
24 ដូច្នេះ កាល​ពួក​យូដា​មក​ដល់​ប៉ម​ចាំ​យាម នៅ​ត្រង់​ទី​រហោ‌ស្ថាន នោះ​គេ​ក្រឡេក​មើល​ទៅ​ពួក​ធំ​នោះ ក៏​ឃើញ​គេ​សុទ្ធ​តែ​ជា​ខ្មោច​ដេក‌រដូក​នៅ​ដី គ្មាន​អ្នក​ណា​មួយ​បាន​រួច​ជីវិត​ឡើយ
25 រួច​កាល​យ៉ូសា‌ផាត និង​ពល‌ទ័ព​របស់​ទ្រង់​បាន​ទៅ​ដល់ ដើម្បី​យក​របឹប នោះ​ក៏​ឃើញ​មាន​ទាំង​របស់​ទ្រព្យ សម្លៀក‌បំពាក់ និង​ប្រដាប់​មាន​តម្លៃ​យ៉ាង​សន្ធឹក ហើយ​នាំ​គ្នា​ដោះ​ចេញ​ទុក​សម្រាប់​ខ្លួន លើស​ពី​កម្លាំង​នឹង​យក​ទៅ​បាន មាន​របឹប​ជា​ច្រើន ដល់​ម៉្លេះ​បាន​ជា​គេ​ប្រមូល​យក​អស់​រវាង​៣​ថ្ងៃ​ទើប​ហើយ
26 នៅ​ថ្ងៃ​ទី​៤ គេ​ប្រជុំ​គ្នា​នៅ​ច្រក​ភ្នំ​បេរ៉ាកា គឺ​ដោយ​ព្រោះ​នៅ​ទី​នោះ​គេ​បាន​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ព្រះ‌ពរ បាន​ជា​គេ​ហៅ​ទី​នោះ​ថា ច្រក​ភ្នំ​បេរ៉ាកា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ
27 រួច​មក ពួក​យូដា និង​អស់​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡឹម​ទាំង​អស់​គ្នា មាន​ទាំង​យ៉ូសា‌ផាត​យាង​នាំ​មុខ​គេ ក៏​វិល​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម​វិញ​ដោយ​អំណរ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បណ្តាល​ឲ្យ​គេ​មាន​សេចក្ដី​រីក‌រាយ​សប្បាយ ពី​ដំណើរ​ពួក​ខ្មាំង​សត្រូវ​របស់​គេ
28 គេ​ក៏​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡឹម ដោយ​លេង​ពិណ ស៊ុង ហើយ​ផ្លុំ​ត្រែ​ផង
29 កាល​ពួក​នគរ​ដែល​នៅ​អស់​ទាំង​ស្រុក​បាន​ឮ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ច្បាំង​នឹង​ពួក​ខ្មាំង​សត្រូវ​របស់​អ៊ីស្រា‌អែល​ដូច្នោះ នោះ​គេ​ក៏​កើត​មាន​សេចក្ដី​ស្ញែង‌ខ្លាច​ដល់​ព្រះ​ទាំង​អស់​គ្នា
30 ដូច្នេះ នគរ​របស់​យ៉ូសា‌ផាត​បាន​សុខ‌សាន្ត ពី​ព្រោះ​ព្រះ​នៃ​ទ្រង់​បាន​ប្រោស​ប្រទាន ឲ្យ​ទ្រង់​មាន​សេចក្ដី​ស្រាក‌ស្រាន្ត នៅ​ព័ទ្ធ​ជុំវិញ។
31 ឯ​យ៉ូសា‌ផាត​ទ្រង់​បាន​សោយ‌រាជ្យ​នៅ​ស្រុក​យូដា កាល​ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ នោះ​មាន​ព្រះ‌ជន្ម​៣៥​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​២៥​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា អ័ស៊ូបា ជា​បុត្រី​ស៊ីល‌ហ៊ី
32 ទ្រង់​ដើរ​តាម​ផ្លូវ​របស់​អេសា ជា​ព្រះ‌បិតា​ទ្រង់ ឥត​ងាក​បែរ​ចេញ​ឡើយ ក៏​ប្រព្រឹត្ត​អំពើ​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា
33 ប៉ុន្តែ មិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចេញ​ឡើយ ហើយ​ពួក​បណ្តា‌ជន​ក៏​មិន​ទាន់​បាន​តាំង​ចិត្ត​ដល់​ព្រះ​នៃ​ពួក​អយ្យកោ​គេ​នៅ​ឡើយ​ដែរ
34 រីឯ​ដំណើរ​ទាំង​ប៉ុន្មាន​ឯ​ទៀត​ពី​យ៉ូសា‌ផាត ទាំង​មុន​ទាំង​ក្រោយ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សេចក្ដី​បរិយាយ ដែល​យេហ៊ូវ ជា​កូន​ហាណានី បាន​តែង ដែល​គេ​បាន​កត់​បញ្ចូល​ក្នុង​ពង្សាវតារ​នៃ​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។
35 ក្រោយ​នោះ​មក យ៉ូសា‌ផាត ជា​ស្តេច​យូដា ទ្រង់​ក៏​ចូល​ហ៊ុន​ជា​មួយ​នឹង​អ័ហា‌ស៊ីយ៉ា ស្តេច​អ៊ីស្រា‌អែល ដែល​ជា​អ្នក​ប្រព្រឹត្ត​លាមក​អាក្រក់
36 ទ្រង់​ចូល​ហ៊ុន​គ្នា ដើម្បី​នឹង​ធ្វើ​នាវា​ទៅ​ឯ​ស្រុក​តើស៊ីស គេ​ក៏​ធ្វើ​នាវា​ទាំង​នោះ​នៅ​ត្រង់​ក្រុង​អេស៊ាន-គេប៊ើរ
37 គ្រា​នោះ អេលា‌ស៊ើរ ជា​កូន​ដូដាវ៉ា អ្នក​ស្រុក​ម៉ារីសា លោក​ទាយ​ទាស់​នឹង​យ៉ូសា‌ផាត​ថា ដោយ​ព្រោះ​ព្រះ‌ករុណា​បាន​ចូល​ហ៊ុន​នឹង​អ័ហា‌ស៊ីយ៉ា នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បំផ្លាញ​ការ​ដែល​ព្រះ‌ករុណា​បាន​ធ្វើ​នេះ​ទាំង​អស់​ចេញ ឯ​នាវា​នោះ​ក៏​ត្រូវ​បាក់​បែក​ទៅ នឹង​ទៅ​ស្រុក​តើស៊ីស​មិន​បាន​ឡើយ។