របាក្សត្រ ទី ២
ជំពូក 9
កាលមហាក្សត្រីនៃស្រុកសេបាបានឮកិត្តិនាមរបស់សាឡូម៉ូន នោះព្រះនាងក៏យាងមកដល់ក្រុងយេរូសាឡឹមដើម្បីល្បងសាឡូម៉ូន ដោយប្រស្នា មានមនុស្សដង្ហែមកយ៉ាងសន្ធឹក ក៏មានសត្វអូដ្ឋជាច្រើន ផ្ទុកដោយគ្រឿងក្រអូប និងមាសជាបរិបូរ ហើយត្បូងមានតម្លៃផង លុះកាលព្រះនាងចូលមកគាល់សាឡូម៉ូនហើយ នោះក៏មានសវនីយ៍សន្ទនានឹងទ្រង់ ពីគ្រប់ទាំងសេចក្ដីដែលមាននៅក្នុងព្រះហឫទ័យ
2 ឯសាឡូម៉ូនទ្រង់ក៏ឆ្លើយស្រាយន័យគ្រប់អស់ទាំងសេចក្ដីដែលព្រះនាងសួរ ឥតមានអ្វីលាក់កំបាំង ដែលទ្រង់មិនបានស្រាយន័យថ្វាយព្រះនាងនោះទេ
3 កាលមហាក្សត្រីស្រុកសេបាបានឃើញប្រាជ្ញារបស់សាឡូម៉ូន និងដំណាក់ដែលទ្រង់បានធ្វើ
4 ព្រមទាំងព្រះស្ងោយនៅលើតុទ្រង់ ទីលំនៅរបស់ពួកបម្រើទ្រង់ សណ្ឋានពួកបរិវាររបស់ទ្រង់ និងគ្រឿងតែងកាយរបស់គេ ហើយពួកបម្រើថ្វាយពែងរបស់ទ្រង់ និងសម្លៀកបំពាក់របស់គេ ហើយនិងតង្វាយដុតដែលទ្រង់ថ្វាយក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះព្រះនាងក៏ភាំងស្មារតី
5 រួចមានសវនីយ៍ទៅស្តេចថា ពាក្យដែលខ្ញុំម្ចាស់បានឮនិយាយនៅស្រុកខ្ញុំម្ចាស់ ពីព្រះរាជកិច្ច និងប្រាជ្ញារបស់ទ្រង់ នោះក៏ពិតប្រាកដមែន
6 ប៉ុន្តែ ខ្ញុំម្ចាស់មិនបានជឿទេ លុះត្រាតែបានមកឃើញ នឹងភ្នែកខ្លួនឯង ហើយមើល ដំណឹងដែលខ្ញុំម្ចាស់បានឮ ពីប្រាជ្ញាដ៏ជាធំរបស់ទ្រង់នោះ គេថ្លែងប្រាប់មិនដល់ត្រឹមទាំងពាក់កណ្តាលផង ទ្រង់លើសហួសពីកិត្តិនាមដែលខ្ញុំម្ចាស់បានឮទៅទៀត
7 មានពរហើយ ពួកទ្រង់ និងពួកអ្នកបម្រើនេះ ដែលឈរនៅចំពោះទ្រង់ជានិច្ច ទាំងស្តាប់ប្រាជ្ញារបស់ទ្រង់
8 សូមឲ្យព្រះយេហូវ៉ាជាព្រះនៃទ្រង់ បានព្រះពរដែលទ្រង់បានសព្វព្រះហឫទ័យនឹងព្រះករុណា ដើម្បីនឹងលើកព្រះករុណាឡើង ឲ្យគង់លើបល្ល័ង្ករាជ្យ ធ្វើជាស្តេចថ្វាយព្រះយេហូវ៉ាជាព្រះនៃទ្រង់ គឺដោយព្រោះព្រះនៃទ្រង់បានស្រឡាញ់សាសន៍អ៊ីស្រាអែល ដោយប្រាថ្នានឹងតាំងគេឲ្យខ្ជាប់ខ្ជួនអស់កល្បជានិច្ច បានជាតាំងទ្រង់ឡើងជាស្តេចលើគេ ដើម្បីនឹងសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត
9 រួចព្រះនាងក៏ថ្វាយមាស១២០ហាប ហើយគ្រឿងក្រអូបយ៉ាងសន្ធឹក ព្រមទាំងត្បូងមានតម្លៃ ដល់ស្តេច មិនដែលមានគ្រឿងក្រអូបណា ដូចអស់ទាំងគ្រឿងក្រអូបដែលមហាក្សត្រីស្រុកសេបាបានថ្វាយដល់ស្តេចសាឡូម៉ូននោះឡើយ។
10 រីឯពួកសំពៅរបស់ហ៊ីរ៉ាម និងពួករបស់សាឡូម៉ូន ដែលនាំយកមាសពីស្រុកអូភារមក គេក៏យកឈើច្ទ័នន៍ និងត្បូងមានតម្លៃមកផងដែរ
11 ស្តេចទ្រង់យកឈើច័ន្ទន៍នោះ ធ្វើជាភ្នាក់ដៃសម្រាប់ព្រះវិហារនៃព្រះយេហូវ៉ា ហើយសម្រាប់ដំណាក់ស្តេច ព្រមទាំងស៊ុង និងពិណ សម្រាប់ពួកចម្រៀងផង ពីដើមមិនដែលឃើញមានយ៉ាងដូច្នោះនៅក្នុងស្រុកយូដាឡើយ
12 ស្តេចសាឡូម៉ូនទ្រង់ក៏ប្រទានដល់មហាក្សត្រីស្រុកសេបា តាមបំណងព្រះទ័យព្រះនាង គឺរបស់អ្វីៗដែលព្រះនាងសូម លើសអំពីរបស់ទាំងប៉ុន្មាន ដែលព្រះនាងបានថ្វាយដល់ស្តេច ដូច្នេះ ព្រះនាង ព្រមទាំងពួកបរិវារ ក៏វិលត្រឡប់ទៅឯស្រុករបស់ខ្លួនវិញទៅ។
13 រីឯមាសដែលមកដល់សាឡូម៉ូនក្នុង១ឆ្នាំ នោះមានទំងន់៦៦៦ហាប
14 ក្រៅពីនោះ មានមាសដែលមកដោយសារពួកលក់ដូរថែមទៀត ហើយអស់ទាំងស្តេចស្រុកអារ៉ាប់ និងពួកចៅហ្វាយស្រុក ក៏យកមាស និងប្រាក់មកថ្វាយសាឡូម៉ូនដែរ
15 ស្តេចសាឡូម៉ូនទ្រង់ផែមាសធ្វើខែលយ៉ាងធំ២០០ បានយកមាស៦០០ដំឡឹង ដើម្បីនឹងធ្វើខែលមួយៗ
16 ហើយក៏ផែមាសធ្វើខែលតូច៣០០ ក្នុងខែលមួយៗមានមាស៣០០ដំឡឹង រួចតម្កល់ទុកក្នុងដំណាក់ល្បាណូន
17 មួយទៀត ស្តេចទ្រង់ធ្វើបល្ល័ង្កភ្លុក១យ៉ាងធំ ស្រោបដោយមាសសុទ្ធ
18 មានជណ្តើរ៦ថ្នាក់ឡើងទៅឯបល្ល័ង្ក និងកំណល់កល់ជើងធ្វើពីមាស ដែលជាប់នឹងបល្ល័ង្ក ក៏មានកំណល់ដៃទាំងសងខាងទីអង្គុយ ហើយមានរូបសិង្ហ២ឈរនៅក្បែរកំណល់ដៃនោះ
19 និងរូបសិង្ហ១២ ឈរនៅទាំងសងខាងនៃថ្នាក់ជណ្តើរទាំង៦នោះដែរ មិនដែលបានធ្វើបល្ល័ង្ក នៅក្នុងនគរណាឲ្យដូចឡើយ
20 អស់ទាំងប្រដាប់ដែលសម្រាប់ឲ្យស្តេចសាឡូម៉ូនសោយគ្រឿងទឹក នោះសុទ្ធតែធ្វើពីមាសទាំងអស់ ហើយអស់ទាំងប្រដាប់ប្រដា នៅដំណាក់ល្បាណូន ក៏ធ្វើពីមាសសុទ្ធដែរ នៅក្នុងរាជ្យនៃស្តេចសាឡូម៉ូន នោះប្រាក់មិនសូវមានតម្លៃប៉ុន្មានទេ
21 ដ្បិតស្តេចមានក្រុមនាវា ដែលទៅឯតើស៊ីស ជាមួយនឹងពួកសំពៅរបស់ហ៊ីរ៉ាម ដឹកនាំមាស ប្រាក់ ភ្លុក ទោច និងក្ងោក មករាល់តែ៣ឆ្នាំត្រឡប់មកវិញម្តង។
22 ដូច្នេះ ស្តេចសាឡូម៉ូនទ្រង់មានព្រះរាជទ្រព្យ និងប្រាជ្ញាលើសជាងអស់ទាំងស្តេចនៅផែនដី
23 ហើយអស់ទាំងស្តេចនៅផែនដី ក៏រកចូលទៅគាល់សាឡូម៉ូន ដើម្បីនឹងស្តាប់ប្រាជ្ញា ដែលព្រះបានប្រទានមកក្នុងព្រះទ័យទ្រង់
24 គ្រប់គ្នាក៏យកសួយអាករមកថ្វាយ គឺជាគ្រឿងប្រាក់ គ្រឿងមាស សម្លៀកបំពាក់ គ្រឿងសស្ត្រាវុធ គ្រឿងក្រអូប សេះ និងលាកាត់ តាមកំណត់រាល់តែឆ្នាំ។
25 សាឡូម៉ូនទ្រង់មានរោងសម្រាប់សេះ ហើយរទេះចម្បាំង ៤ពាន់បន្ទប់ ក៏មានពលសេះ១ម៉ឺន២ពាន់នាក់ ទ្រង់ញែកដាក់ឲ្យនៅក្នុងទីក្រុង ដែលសម្រាប់រទេះចម្បាំងទាំងប៉ុន្មាន ហើយនៅជាមួយនឹងទ្រង់ក្នុងក្រុងយេរូសាឡឹមដែរ
26 ទ្រង់ក៏មានអំណាចលើអស់ទាំងស្តេច ចាប់តាំងពីទន្លេរហូតដល់ស្រុកភីលីស្ទីន ហើយដល់ព្រំស្រុកអេស៊ីព្ទផង
27 ស្តេចទ្រង់ធ្វើឲ្យមានប្រាក់សំបូរ នៅក្រុងយេរូសាឡឹមដូចជាថ្ម ហើយឲ្យមានដើមតាត្រៅជាបរិបូរ ដូចជាដើមឧទុម្ពរដែលដុះនៅស្រុកទំនាប
28 គេក៏នាំយកសេះពីស្រុកអេស៊ីព្ទ ហើយពីស្រុកទាំងអស់មកថ្វាយទ្រង់ដែរ។
29 រីឯដំណើរឯទៀតពីសាឡូម៉ូន ទាំងមុនទាំងក្រោយនោះសុទ្ធតែបានកត់ទុកនៅក្នុងពង្សាវតារ ដែលហោរាណាថាន់ បានតែង និងក្នុងសេចក្ដីទំនាយនៃអ័ហ៊ីយ៉ា ជាអ្នកស្រុកស៊ីឡូរ ហើយក្នុងរឿងពីការជាក់ស្តែងរបស់អ៊ីដោ ជាអ្នកមើលឆុត ដែលលោកឃើញពីដំណើរយេរ៉ូបោមជាកូននេបាតហើយ
30 សាឡូម៉ូនទ្រង់សោយរាជ្យលើពួកអ៊ីស្រាអែលទាំងអស់ នៅក្រុងយេរូសាឡឹមបាន៤០ឆ្នាំ
31 រួចសាឡូម៉ូន ទ្រង់ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ ហើយគេបញ្ចុះសពទ្រង់ នៅក្នុងក្រុងរបស់ដាវីឌ ជាព្រះបិតាទ្រង់ នោះរេហូបោម ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។