របាក្សត្រ ទី ២
ជំពូក 15
គ្រានោះ ព្រះវិញ្ញាណនៃព្រះក៏មកសណ្ឋិតលើអ័សារា ជាកូនអូដេឌ
2 ហើយលោកចេញទៅទទួលអេសាទូលថា បពិត្រព្រះករុណាអេសា ព្រមទាំងពួកយូដា និងពួកបេនយ៉ាមីនទាំងអស់គ្នាអើយ សូមស្តាប់ចុះ កំពុងដែលអ្នករាល់គ្នានៅជាមួយនឹងព្រះយេហូវ៉ា នោះទ្រង់ក៏គង់ជាមួយនឹងអ្នករាល់គ្នាដែរ បើអ្នករាល់គ្នាស្វែងរកទ្រង់ នោះនឹងរកឃើញពិត តែបើអ្នករាល់គ្នាបោះបង់ចោលទ្រង់វិញ ទ្រង់ក៏នឹងបោះបង់ចោលអ្នករាល់គ្នាដែរ
3 រីឯនៅគ្រានោះ ពួកអ៊ីស្រាអែលឥតមានព្រះដ៏ជាពិតទេ ក៏គ្មានពួកសង្ឃដែលបង្ហាត់បង្រៀន ហើយគ្មានក្រឹត្យវិន័យដែរ នៅអស់កាលជាយូរមកហើយ
4 តែកាលកើតមានសេចក្ដីវេទនានោះ ហើយគេបានវិលមកឯព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ ព្រមទាំងស្វែងរកទ្រង់ផង នោះក៏រកទ្រង់ឃើញ
5 នៅអស់ទាំងគ្រានោះ គ្មានសេចក្ដីសុខដល់អ្នកណា ដែលចេញចូលទៅឯណាឡើយ គឺមានសុទ្ធតែសេចក្ដីប្រទូសរ៉ាយជាខ្លាំង ដល់អស់អ្នកនៅក្នុងស្រុកទាំងនោះវិញ
6 គេត្រូវបាក់បែកខ្ទេចខ្ទីទៅ គឺនគរ១ទាស់នឹងនគរ១ ហើយទីក្រុង១ទាស់នឹងទីក្រុង១ទៀត ពីព្រោះព្រះទ្រង់ធ្វើឲ្យមានសេចក្ដីប្រទូសរ៉ាយដល់គេ ដោយនូវសេចក្ដីទំនាស់គ្រប់យ៉ាង
7 តែឯអ្នករាល់គ្នា ចូរខំប្រឹងឡើង កុំឲ្យដៃថយកម្លាំងឡើយ ពីព្រោះការដែលអ្នករាល់គ្នាធ្វើ នោះនឹងបានរង្វាន់។
8 លុះកាលអេសាបានឮពាក្យទាំងនោះ គឺជាសេចក្ដីទំនាយរបស់ហោរាអូដេឌហើយ នោះទ្រង់មានព្រះទ័យក្លាហានឡើង ក៏បំបាត់អស់ទាំងរបស់គួរស្អប់ខ្ពើម ពីក្នុងស្រុកយូដា និងស្រុកបេនយ៉ាមីនទាំងអស់ចេញ ហើយពីអស់ទាំងទីក្រុង ដែលទ្រង់ចាប់យកបាននៅស្រុកភ្នំអេប្រាអិមដែរ ទ្រង់ក៏រៀបអាសនៈនៃព្រះយេហូវ៉ា ដែលនៅមុខបាំងសាចព្រះវិហារនៃព្រះយេហូវ៉ាឡើងជាថ្មីវិញ
9 រួចទ្រង់ប្រមូលពួកយូដា និងពួកបេនយ៉ាមីន ព្រមទាំងពួកអេប្រាអិម ម៉ាន៉ាសេ និងស៊ីម្មាន ដែលនៅជាមួយទាំងប៉ុន្មានឲ្យមូលគ្នា ដ្បិតមានពួកអ៊ីស្រាអែលជាច្រើន បានបាក់ចូលមកខាងទ្រង់ ដោយឃើញថា ព្រះយេហូវ៉ាជាព្រះនៃទ្រង់ គង់នៅជាមួយនឹងទ្រង់ពិត
10 ដូច្នេះ គេក៏មូលគ្នាមកឯក្រុងយេរូសាឡឹម នៅខែជេស្ឋ ឆ្នាំទី១៥ ក្នុងរាជ្យអេសា
11 ហើយនៅថ្ងៃនោះឯង គេថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ពីរបឹបដែលបាននាំយកមក គឺគោ៧រយ និងចៀម៧ពាន់
12 គេក៏ព្រមព្រៀងគ្នា និងតាំងសេចក្ដីសញ្ញា ឲ្យបានខំប្រឹងស្វែងរកតាមព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោគេ អស់ពីចិត្ត អស់ពីព្រលឹង
13 ហើយថា អ្នកណាដែលមិនព្រមស្វែងរកព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល នោះនឹងត្រូវសម្លាប់បង់ ទោះតូច ឬធំ ប្រុស ឬស្រីក្តី
14 គេក៏ស្បថដល់ព្រះយេហូវ៉ា ដោយសំឡេងដ៏ខ្លាំង ហើយដោយស្រែកហ៊ោ ព្រមទាំងផ្លុំត្រែ និងស្នែងផង
15 ពួកយូដាទាំងអស់គ្នាមានសេចក្ដីអំណរ ដោយសេចក្ដីសម្បថនោះ ពីព្រោះគេបានស្បថដោយចិត្តស្មោះ ហើយស្វែងរកព្រះយេហូវ៉ា ដោយពេញបំណងចិត្ត ក៏រកទ្រង់ឃើញផង ព្រះយេហូវ៉ាទ្រង់ប្រទានឲ្យគេបានសេចក្ដីស្រាកស្រាន្ត នៅព័ទ្ធជុំវិញ។
16 ឯនាងម្អាកា ជាព្រះមាតាស្តេចអេសា ទ្រង់ក៏ដកពីដំណែងជាមាតាហ្លួងចេញ ដោយព្រោះព្រះនាងបានធ្វើរូបគួរស្អប់ខ្ពើមទុកជាព្រះ អេសាទ្រង់ក៏កាប់រំលំរូបនោះកិនកម្ទេចជាផង់ យកទៅដុតចោល នៅត្រង់ជ្រោះកេដ្រុន
17 តែឯទីខ្ពស់ទាំងប៉ុន្មាន នោះមិនបានបំបាត់ចេញពីស្រុកអ៊ីស្រាអែលទេ ប៉ុន្តែ អេសាទ្រង់មានព្រះទ័យស្មោះត្រង់អស់១ព្រះជន្មទ្រង់
18 ទ្រង់ក៏នាំយកអស់ទាំងរបស់ដែលព្រះបិតាទ្រង់បានថ្វាយ និងរបស់ដែលអង្គទ្រង់បានថ្វាយផង មកតម្កល់ទុក ក្នុងព្រះវិហារនៃព្រះ គឺប្រាក់ មាស និងគ្រឿងប្រដាប់ផ្សេងៗ
19 តពីនោះមក គ្មានចម្បាំងទៀតឡើយ ដរាបដល់ឆ្នាំទី៣៥ ក្នុងរាជ្យអេសា។