របាក្សត្រ ទី ២

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36


ជំពូក 8

លុះ​កន្លង​ទៅ​បាន​២០​ឆ្នាំ​ហើយ គឺ​អស់​ពេល​ដែល​សាឡូ‌ម៉ូន​កំពុង​តែ​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​និង​ដំណាក់​របស់​ទ្រង់
2 នោះ​ទ្រង់​ក៏​សង់​អស់​ទាំង​ទី​ក្រុង​ឡើង ជា​ទី​ក្រុង​ដែល​ហ៊ីរ៉ាម​បាន​ប្រគល់​មក​វិញ ហើយ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល អាស្រ័យ​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ។
3 សាឡូ‌ម៉ូន​ទ្រង់​ចេញ​ទៅ​ច្បាំង ហើយ​យក​បាន​ក្រុង​ហាម៉ាត-សូបា
4 ក៏​សង់​ក្រុង​ថាត់ម៉ោរ នៅ​ទី​រហោ‌ស្ថាន និង​អស់​ទាំង​ទី​ក្រុង​សម្រាប់​ជា​ឃ្លាំង ដែល​ទ្រង់​បាន​ធ្វើ​នៅ​ស្រុក​ហាម៉ាត​នោះ​ដែរ
5 ទ្រង់​ក៏​សង់​ក្រុង​បេត-ហូរ៉ុន​ខាង​លើ និង​ខាង​ក្រោម ជា​ទី​ក្រុង​មាន​បន្ទាយ ហើយ​មាន​កំផែង មាន​ទ្វារ និង​រនុក​ផង
6 ព្រម​ទាំង​ក្រុង​ប្អាឡាត និង​អស់​ទាំង​ទី​ក្រុង សម្រាប់​ជា​ឃ្លាំង​របស់​សាឡូ‌ម៉ូន ហើយ​ទី​ក្រុង​សម្រាប់​រទេះ​ចម្បាំង និង​ទី​ក្រុង​សម្រាប់​ពល​សេះ​ទ្រង់ ព្រម​ទាំង​អ្វីៗ​ដែល​ស្តេច​ប្រាថ្នា​ចង់​ធ្វើ សម្រាប់​ជា​ទី​គាប់​ព្រះ‌ហឫទ័យ នៅ​ក្រុង​យេរូ‌សាឡឹម នៅ​ភ្នំ​ល្បាណូន ហើយ​នៅ​គ្រប់​ក្នុង​ស្រុក​ដែល​នៅ​ក្រោម​អំណាច​ទ្រង់​ផង។
7 ឯ​ពួក​ជន​ទាំង​ប៉ុន្មាន ដែល​សល់​ពី​ពួក​សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស ដែល​មិន​មែន​ជា​ពូជ​អ៊ីស្រា‌អែល
8 ព្រម​ទាំង​ពួក​កូន​ចៅ​គេ ដែល​សល់​នៅ​ក្នុង​ស្រុក គឺ​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មិន​បាន​បំផ្លាញ​បង់ នោះ​សាឡូ‌ម៉ូន​ទ្រង់​បាន​កេណ្ឌ​ទុក​ជា​បាវ​បម្រើ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ
9 តែ​ទ្រង់​មិន​បាន​យក​អ្នក​ណា​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​ធ្វើ​ជា​អ្នក​បម្រើ​សម្រាប់​ការ​ទ្រង់​ទេ គេ​សុទ្ធ​តែ​ជា​មនុស្ស​ចម្បាំង និង​ជា​មេ​លើ​ពួក​មេ‌ទ័ព ជា​នាយ​ត្រួត​លើ​រទេះ​ចម្បាំង និង​ពួក​ពល​សេះ​របស់​ទ្រង់​វិញ
10 ឯ​ពួក​មេ‌ទ័ព​ធំ​របស់​ស្តេច​សាឡូ‌ម៉ូន ទាំង​អស់​មាន​២៥០​នាក់ ដែល​ត្រួត‌ត្រា​លើ​ពួក​ទ័ព។
11 រួច​មក សាឡូ‌ម៉ូន​ទ្រង់​នាំ​ព្រះ‌រាជ‌បុត្រី​ផារ៉ោន​ចេញ​ពី​ក្រុង​ដាវីឌ ឡើង​មក​ឯ​ដំណាក់​ដែល​ទ្រង់​បាន​សង់​សម្រាប់​ព្រះ‌នាង ដ្បិត​ទ្រង់​នឹក​ថា ប្រពន្ធ​របស់​អញ​មិន​ត្រូវ​នៅ​ក្នុង​ដំណាក់​នៃ​ដាវីឌ ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល​ទេ ពី​ព្រោះ​ទី​កន្លែង​ដែល​ហឹប​នៃ​ព្រះ‌យេហូវ៉ា បាន​ចូល​មក ទាំង​នោះ​សុទ្ធ​តែ​បរិសុទ្ធ​ទាំង​អស់។
12 គ្រា​នោះ សាឡូ‌ម៉ូន​ទ្រង់​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា នៅ​លើ​អាសនៈ​ដែល​ទ្រង់​បាន​ស្អាង នៅ​មុខ​បាំង‌សាច
13 តាម​កំណត់​ដែល​ត្រូវ​ការ​រាល់​តែ​ថ្ងៃ គឺ​ថ្វាយ​ឲ្យ​ត្រូវ​នឹង​ក្រឹត្យ‌ក្រម​របស់​លោក​ម៉ូសេ ទាំង​ថ្ងៃ​ឈប់​សម្រាក ថ្ងៃ​ចូល​ខែ និង​ថ្ងៃ​បុណ្យ​មាន​កំណត់ ៣​ដង​ក្នុង​១​ឆ្នាំ ជា​បុណ្យ​នំបុ័ង​ឥត​ដំបែ បុណ្យ​អាទិត្យ​ទី​៧ និង​នៅ​បុណ្យ​បារាំ
14 ទ្រង់​ក៏​តម្រូវ​វេន​ពួក​សង្ឃ ឲ្យ​គេ​បាន​ធ្វើ​ការ‌ងារ​តាម​ច្បាប់ ដែល​ដាវីឌ ជា​ព្រះ‌បិតា​ទ្រង់ បាន​កំណត់​ទុក ទ្រង់​ឲ្យ​ពួក​លេវី​មាន​ដំណែង​របស់​គេ សម្រាប់​នឹង​ពោល​សរសើរ ហើយ​និង​ធ្វើ​ជា​ជំនួយ​ដល់​ពួក​សង្ឃ តាម​ត្រូវ​ការ​រាល់​តែ​ថ្ងៃ ឯ​ពួក​ឆ្មាំ​ទ្វារ​ក៏​ដែរ តាម​វេន​គេ​នៅ​រាល់​តែ​ទ្វារ ដ្បិត​ដាវីឌ​ជា​អ្នក​សំណប់​របស់​ព្រះ បាន​បង្គាប់​យ៉ាង​ដូច្នោះ
15 ហើយ​គេ​មិន​បាន​ធ្វើ​ខុស​ពី​ច្បាប់​របស់​ស្តេច ដែល​ទ្រង់​បាន​បង្គាប់​ដល់​ពួក​សង្ឃ និង​ពួក​លេវី ចំពោះ​ការ​អ្វី ឬ​ខាង​ឯ​ទ្រព្យ​វិសេស​ណា​ឡើយ។
16 រីឯ​ការ​ទាំង​អស់​ដែល​សាឡូ‌ម៉ូន​បាន​ធ្វើ នោះ​សុទ្ធ​តែ​បាន​ធ្វើ​ទុក​ជា​ស្រេច តាំង​ពី​ថ្ងៃ​ដែល​គេ​ដាំ​ឫស​ជញ្ជាំង​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា រហូត​ដល់​បាន​ហើយ ដូច្នេះ ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​បាន​ស្អាង​ឡើង​ជា​ស្រេច។
17 រួច​មក សាឡូ‌ម៉ូន​ទ្រង់​យាង​ទៅ​ឯ​ក្រុង​អេស៊ាន-គេប៊ើរ និង​ក្រុង​អេឡុត នៅ​មាត់​សមុទ្រ ក្នុង​ស្រុក​អេដុម
18 ចំណែក​ឯ​ហ៊ីរ៉ាម​ទ្រង់​ផ្ញើ​សំពៅ​មក ដោយ‌សារ​ពួក​ទ្រង់ ព្រម​ទាំង​ពួក​អ្នក​ដែល​ស្គាល់​ភាព​សមុទ្រ ដល់​សាឡូ‌ម៉ូន អ្នក​ទាំង​នោះ ក៏​ទៅ​ជា​មួយ​នឹង​ពួក​របស់​សាឡូ‌ម៉ូន ដល់​ស្រុក​អូភារ ហើយ​គេ​យក​បាន​មាស​៤៥០​ហាប​ពី​ស្រុក​នោះ មក​ថ្វាយ​ដល់​ស្តេច​សាឡូ‌ម៉ូន។