របាក្សត្រ ទី ១
ជំពូក 29
លំដាប់មក ស្តេចដាវីឌទ្រង់មានព្រះបន្ទូលដល់ពួកជំនុំទាំងអស់គ្នាថា សាឡូម៉ូន ជាបុត្រយើងនេះ គឺជាបុត្រ១ដែលព្រះបានរើសទុក ទ្រង់នៅក្មេងខ្ចីនៅឡើយ ហើយការនេះធំណាស់ ដ្បិតព្រះវិហារនេះមិនមែនសម្រាប់មនុស្ស គឺសម្រាប់ព្រះយេហូវ៉ាដ៏ជាព្រះវិញ
2 យើងបានត្រៀមការអស់ពីចិត្ត សម្រាប់ព្រះវិហាររបស់ព្រះនៃយើង គឺជាមាសសម្រាប់ប្រដាប់ធ្វើពីមាស ប្រាក់សម្រាប់ប្រដាប់ធ្វើពីប្រាក់ លង្ហិនសម្រាប់ប្រដាប់ធ្វើពីលង្ហិន ដែកសម្រាប់ប្រដាប់ធ្វើពីដែក ឈើសម្រាប់ប្រដាប់ធ្វើពីឈើ ថ្មអូនីក្ស និងត្បូងសម្រាប់បញ្ចុះ ដែលមានពណ៌ផ្សេងៗ និងត្បូងមានតម្លៃគ្រប់មុខ ព្រមទាំងថ្មកែវជាបរិបូរ
3 មួយទៀត ដោយព្រោះយើងមានចិត្តស្រឡាញ់ដល់ព្រះវិហាររបស់ព្រះនៃយើង បានជាយើងប្រគល់មាស និងប្រាក់ទាំងប៉ុន្មាន ដែលជារបស់ផងខ្លួនយើង សម្រាប់ព្រះវិហាររបស់ព្រះនៃយើង ក្រៅអំពីរបស់ទាំងប៉ុន្មាន ដែលយើងបានត្រៀមទុកសម្រាប់ទីបរិសុទ្ធនេះ
4 គឺមាស៣ពាន់ហាប ជាមាសស្រុកអូភារ ប្រាក់ដែលសំរងស្រាប់៧ពាន់ហាប សម្រាប់នឹងស្រោបជញ្ជាំងមន្ទីរទាំងប៉ុន្មាន
5 ហើយមាសសម្រាប់ប្រដាប់ធ្វើពីមាស និងប្រាក់សម្រាប់ប្រដាប់ធ្វើពីប្រាក់ ហើយសម្រាប់គ្រប់ទាំងការដែលពួកជាងមានស្នាដៃនឹងធ្វើ ដូច្នេះ នៅថ្ងៃនេះ តើមានអ្នកណាចូលចិត្ត ចង់ថ្វាយដល់ព្រះយេហូវ៉ាដែរឬទេ។
6 គ្រានោះ ពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេ ពួកចៅហ្វាយនៃពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មាន និងពួកមេធំតូច ហើយពួកនាយដែលត្រួតការរបស់ស្តេច គេក៏ថ្វាយដោយស្ម័គ្រពីចិត្ត
7 គេថ្វាយសម្រាប់ការងារក្នុងព្រះវិហារនៃព្រះ ជាមាស៥ពាន់ហាប និង១ម៉ឺនជី ប្រាក់១ម៉ឺនហាប លង្ហិន១ម៉ឺន៨ពាន់ហាប និងដែក១សែនហាប
8 ហើយអ្នកណាដែលមានត្បូង នោះក៏ថ្វាយទៅក្នុងឃ្លាំងព្រះវិហារនៃព្រះយេហូវ៉ា ក្រោមអំណាចយេហ៊ីអែល ជាពួកគើសុន
9 នោះបណ្តាជនទាំងឡាយក៏រីករាយសប្បាយដោយបានថ្វាយស្ម័គ្រពីចិត្ត ពីព្រោះគេបានថ្វាយស្ម័គ្រពីចិត្តដល់ព្រះយេហូវ៉ា ដោយចិត្តស្មោះ ហើយស្តេចដាវីឌទ្រង់ក៏រីករាយសប្បាយ ដោយអំណរជាខ្លាំងដែរ។
10 ហេតុនោះ ដាវីឌទ្រង់ក៏បង្គំទូលដល់ព្រះយេហូវ៉ា នៅចំពោះពួកជំនុំទាំងអស់គ្នាថា ឱព្រះយេហូវ៉ាជាព្រះនៃអ៊ីស្រាអែល អយ្យកោយើងរាល់គ្នាអើយ សូមឲ្យទ្រង់បានព្រះពរនៅអស់កល្បជានិច្ច
11 ឱព្រះយេហូវ៉ាអើយ ភាពដ៏ធំ និងព្រះចេស្តា សិរីល្អ ជ័យជម្នះ និងតេជានុភាព នោះសុទ្ធតែជារបស់ផងទ្រង់ ដ្បិតគ្រប់ទាំងអស់ដែលនៅលើមេឃ និងនៅផែនដី ជារបស់ផងទ្រង់ ឱព្រះយេហូវ៉ាអើយ រាជ្យនេះក៏ជារបស់ផងទ្រង់ដែរ ហើយទ្រង់បានតម្កើងឡើង ជាប្រធានលើទាំងអស់
12 ទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះក៏មកអំពីទ្រង់ ហើយគឺទ្រង់ដែលគ្រប់គ្រងលើទាំងអស់ នៅព្រះហស្តទ្រង់មានទាំងព្រះចេស្តា និងឥទ្ធិឫទ្ធិ ហើយទ្រង់មានអំណាចនឹងលើកជាធំ ហើយប្រោសឲ្យមានកម្លាំងដល់មនុស្សទាំងអស់
13 ដូច្នេះ ឱព្រះនៃយើងរាល់គ្នាអើយ យើងខ្ញុំអរព្រះគុណដល់ទ្រង់ ហើយក៏លើកសរសើរព្រះនាមទ្រង់ដ៏មានសិរីល្អ
14 តែតើទូលបង្គំជាអ្វី ហើយរាស្ត្ររបស់ទូលបង្គំនេះជាអ្វី ដែលយើងខ្ញុំរាល់គ្នាអាចនឹងថ្វាយតង្វាយយ៉ាងនេះ ដោយស្ម័គ្រពីចិត្តបាន ដ្បិតគ្រប់របស់ទាំងអស់មកពីទ្រង់ យើងខ្ញុំរាល់គ្នាបានយកតែពីព្រះហស្តទ្រង់ ថ្វាយដល់ទ្រង់វិញ
15 ពីព្រោះយើងខ្ញុំរាល់គ្នាជាអ្នកដទៃសុទ្ធនៅចំពោះទ្រង់ ហើយជាពួកអ្នកដែលគ្រាន់តែស្នាក់នៅប៉ុណ្ណោះ ដូចជាពួកអយ្យកោយើងខ្ញុំរាល់គ្នាដែរ វេលាអាយុយើងខ្ញុំរាល់គ្នានៅផែនដីនេះ នោះប្រៀបដូចជាស្រមោលទេ គ្មានអ្វីជាជាប់ស្ថិតស្ថេរបានឡើយ
16 ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំរាល់គ្នាអើយ អស់ទាំងរបស់បរិបូរទាំងនេះ ដែលយើងខ្ញុំរាល់គ្នាបានត្រៀមទុក ដើម្បីនឹងស្អាងព្រះវិហារថ្វាយដល់ទ្រង់ សម្រាប់ព្រះនាមបរិសុទ្ធទ្រង់ នោះសុទ្ធតែមកពីព្រះហស្តទ្រង់ទេ ហើយជារបស់ផងទ្រង់ទាំងអស់ដែរ
17 ឱព្រះនៃទូលបង្គំអើយ ទូលបង្គំក៏ដឹងហើយថា គឺទ្រង់ដែលល្បងលចិត្ត ហើយទ្រង់សព្វព្រះហឫទ័យនឹងសេចក្ដីទៀងត្រង់ ចំណែកទូលបង្គំ គឺដោយចិត្តទៀងត្រង់នោះឯង ដែលទូលបង្គំបានថ្វាយរបស់ទាំងនេះស្ម័គ្រពីចិត្ត ហើយឥឡូវនេះ ទូលបង្គំមានសេចក្ដីអំណរ ដោយឃើញរាស្ត្ររបស់ទ្រង់ ដែលប្រជុំនៅទីនេះ គេថ្វាយដល់ទ្រង់ដោយស្ម័គ្រពីចិត្តដែរ
18 ឱព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំ អ៊ីសាក និងអ៊ីស្រាអែល ជាអយ្យកោយើងខ្ញុំរាល់គ្នាអើយ សូមទ្រង់រក្សាទុកគំនិតនេះ នៅក្នុងចិត្តរបស់ពួករាស្ត្រទ្រង់ ឲ្យគេបានគិតឃើញជារៀងរាបដរាបទៅ ហើយសូមទ្រង់តាំងចិត្តគេ ឲ្យនៅជាប់នឹងទ្រង់
19 ហើយសូមប្រទានឲ្យសាឡូម៉ូន ជាបុត្រទូលបង្គំ មានចិត្តស្មោះត្រង់ ដើម្បីឲ្យបានកាន់តាមអស់ទាំងក្រឹត្យក្រម សេចក្ដីបន្ទាល់ និងបញ្ញត្តនៃទ្រង់ទាំងប៉ុន្មាន ព្រមទាំងប្រព្រឹត្តតាមសេចក្ដីទាំងនេះ ហើយស្អាងព្រះវិហារនេះដែលទូលបង្គំបានត្រៀមទុកឲ្យ។
20 ឯដាវីឌទ្រង់មានព្រះបន្ទូលដល់ពួកជំនុំទាំងអស់គ្នាថា ចូរអ្នករាល់គ្នាបង្គំទូលដល់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាចុះ ដូច្នេះ ពួកជំនុំទាំងអស់ក៏សូមឲ្យព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោគេបានព្រះពរ រួចគេឱនក្បាលថ្វាយបង្គំដល់ព្រះយេហូវ៉ា និងស្តេចផង។
21 ដល់ថ្ងៃស្អែកឡើង គេក៏ថ្វាយយញ្ញបូជា និងតង្វាយដុតដល់ព្រះយេហូវ៉ា គឺគោឈ្មោល១ពាន់ ចៀមឈ្មោល១ពាន់ កូនចៀម១ពាន់ និងតង្វាយច្រួចនៃតង្វាយទាំងនោះ ហើយយញ្ញបូជាឯទៀតជាបរិបូរ សម្រាប់ពួកអ៊ីស្រាអែលទាំងអស់
22 គេក៏បរិភោគនៅចំពោះព្រះយេហូវ៉ា ដោយសេចក្ដីអំណរជាខ្លាំងនៅថ្ងៃនោះឯង។ រួចគេតាំងសាឡូម៉ូន ជាព្រះរាជបុត្រានៃដាវីឌ ឡើងម្តងនេះទៀត ឲ្យធ្វើជាស្តេច ក៏ចាក់ប្រេងញែកទ្រង់ចេញ ថ្វាយដល់ព្រះយេហូវ៉ា ទុកជាអ្នកគ្រប់គ្រង ហើយសាដុកផង ឲ្យធ្វើជាសង្ឃ
23 នោះសាឡូម៉ូនក៏ឡើងគង់លើបល្ល័ង្កនៃព្រះយេហូវ៉ាជាស្តេចជំនួសដាវីឌ ព្រះបិតាទ្រង់ ក៏ថ្កុំថ្កើងឡើង ហើយពួកអ៊ីស្រាអែលទាំងអស់បានស្តាប់បង្គាប់ទ្រង់
24 ចំណែកពួកអ្នកដែលជាកំពូលទាំងអស់ និងពួកខ្លាំងពូកែ ព្រមទាំងបុត្រាទាំងប៉ុន្មានរបស់ស្តេចដាវីឌ នោះក៏ចុះចូលនឹងស្តេចសាឡូម៉ូនទាំងអស់ដែរ
25 ព្រះយេហូវ៉ាទ្រង់ក៏តម្កើងសាឡូម៉ូនឡើងយ៉ាងក្រៃលែង នៅភ្នែកនៃពួកអ៊ីស្រាអែលទាំងអស់ ព្រមទាំងប្រោសប្រទានឲ្យទ្រង់មានតេជានុភាពដ៏ខ្ពង់ខ្ពស់ផង ដល់ម៉្លេះបានជាកាលមុនជំនាន់ទ្រង់ មិនដែលមានស្តេចណាក្នុងពួកអ៊ីស្រាអែលដែលមានយ៉ាងនោះឡើយ។
26 រីឯដាវីឌ ជាបុត្រអ៊ីសាយ ទ្រង់បានសោយរាជ្យលើសាសន៍អ៊ីស្រាអែលទាំងមូល
27 ហើយពេលវេលាដែលទ្រង់សោយរាជ្យលើគេ នោះរួមទាំងអស់បាន៤០ឆ្នាំ គឺទ្រង់សោយរាជ្យនៅក្រុងហេប្រុនបាន៧ឆ្នាំ ហើយនៅក្រុងយេរូសាឡឹមបាន៣៣ឆ្នាំ
28 រួចទ្រង់ក៏សុគតទៅបានព្រះជន្មវែងល្អ ហើយបានស្កប់ស្កល់នឹងព្រះជន្ម ទ្រព្យសម្បត្តិ និងកិត្តិយសផង នោះសាឡូម៉ូន ជាព្រះរាជបុត្រាក៏ឡើងសោយរាជ្យជំនួសព្រះបិតា
29 រីឯកិច្ចការរបស់ស្តេចដាវីឌទាំងអស់ ចាប់តាំងពីដើមរហូតដល់ចុង នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅរបស់សាំយូអែល ជាអ្នកមើលឆុត និងក្នុងសៀវភៅរបស់ហោរាណាថាន់ ហើយក្នុងសៀវភៅរបស់កាឌ់ ជាអ្នកមើលឆុតហើយ
30 ព្រមទាំងរឿងពីរាជ្យ និងឥទ្ធានុភាពរបស់ទ្រង់ ពីជំនាន់ទ្រង់ និងពួកអ៊ីស្រាអែល ហើយអស់ទាំងរាជ្យរបស់នគរផ្សេងៗនោះផង។:៚