របាក្សត្រ ទី ១

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29


ជំពូក 18

ក្រោយ​នោះ​មក ដាវីឌ​ទ្រង់​វាយ​បង្ក្រាប​ពួក​ភីលីស្ទីន ហើយ​ក៏​ចាប់​យក​ក្រុង​កាថ និង​ស្រុក​នៅ​ជុំវិញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន​នោះ
2 ទ្រង់​ក៏​វាយ​ស្រុក​ម៉ូអាប់ ហើយ​សាសន៍​ម៉ូអាប់ គេ​ចំណុះ​ដល់​ដាវីឌ ព្រម​ទាំង​បង់​សួយ‌អាករ​ផង។
3 ដាវីឌ​ក៏​វាយ​ហាដារេ‌ស៊ើរ ជា​ស្តេច​សូបា រហូត​ដល់​ក្រុង​ហាម៉ាត ក្នុង​គ្រា​ដែល​លោក​កំពុង​ទៅ ដើម្បី​តាំង​អំណាច​នៅ​ទន្លេ​អ៊ើប្រាត
4 ដាវីឌ​ទ្រង់​ចាប់​បាន​រទេះ​ចម្បាំង​១​ពាន់ និង​ទ័ព​សេះ​៧​ពាន់​នាក់ ហើយ​ពល​ថ្មើរ​ជើង​២​ម៉ឺន​នាក់​របស់​ស្តេច​នោះ ទ្រង់​ក៏​កាប់​សរសៃ​ក​ជើង​សេះ​ដែល​សម្រាប់​រទេះ​ចម្បាំង​ទាំង​អស់ បាន​ទុក​ឲ្យ​ល្មម​តែ​ទឹម​រទេះ​១០០​ប៉ុណ្ណោះ។
5 កាល​ពួក​សាសន៍​ស៊ីរី ពី​ក្រុង​ដាម៉ាស បាន​មក​ជួយ​ហាដារេ‌ស៊ើរ ជា​ស្តេច​សូបា នោះ​ដាវីឌ​ក៏​ប្រហារ​ពួក​ស៊ីរី​នោះ អស់​២​ម៉ឺន​២​ពាន់​នាក់
6 រួច​ទ្រង់​តាំង​ឲ្យ​មាន​ពួក​ទាហាន​រក្សា​ស្រុក នៅ​ស្រុក​ស៊ីរី ប៉ែក​ខាង​ក្រុង​ដាម៉ាស ហើយ​ពួក​ស៊ីរី​ក៏​ចំណុះ​ដាវីឌ ព្រម​ទាំង​ឡើង​សួយ‌អាករ​មក​ថ្វាយ​ផង ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស ឲ្យ​ដាវីឌ​មាន​ជ័យ‌ជម្នះ​នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ទ្រង់​យាង​ទៅ
7 ដាវីឌ​ក៏​យក​អស់​ទាំង​ខែល​មាស​របស់​ពួក​ទាហាន​នៃ​ហាដារេ‌ស៊ើរ នាំ​មក​ឯ​ក្រុង​យេរូ‌សាឡឹម
8 ហើយ​ពី​ក្រុង​បេថាស និង​ក្រុង​គូន ជា​ទី​ក្រុង​របស់​ហាដារេ‌ស៊ើរ នោះ​ដាវីឌ​ក៏​យក​លង្ហិន​សន្ធឹក​ដែរ ដែល​សាឡូ‌ម៉ូន​បាន​ប្រើ​ធ្វើ​សមុទ្រ​លង្ហិន សសរ និង​គ្រឿង​ប្រដាប់​លង្ហិន​ទាំង​ប៉ុន្មាន។
9 កាល​ថូអ៊ី ជា​ស្តេច​ក្រុង​ហាម៉ាត បាន​ឮ​ថា ដាវីឌ​បាន​ប្រហារ​ពួក​ទ័ព​របស់​ហាដារេ‌ស៊ើរ ជា​ស្តេច​សូបា ទាំង​អស់​ហើយ
10 នោះ​លោក​ក៏​ចាត់​យ៉ូរ៉ាម ជា​បុត្រ​ទ្រង់ ឲ្យ​ទៅ​គាល់​ស្តេច​ដាវីឌ ដើម្បី​នឹង​គំនាប់ ហើយ​ចម្រើន​ពរ​ថ្វាយ ដោយ​ព្រោះ​ទ្រង់​បាន​ច្បាំង​ឈ្នះ​ហាដារេ‌ស៊ើរ ដ្បិត​ហាដារេ‌ស៊ើរ​ចេះ​តែ​ច្បាំង​នឹង​ថូអ៊ី​ជានិច្ច យ៉ូរ៉ាម​ក៏​នាំ​យក​ប្រដាប់​មាស ប្រាក់ និង​លង្ហិន​គ្រប់​មុខ ទៅ​ថ្វាយ​ដែរ
11 ស្តេច​ដាវីឌ​ទ្រង់​ក៏​ថ្វាយ​របស់​ទាំង​នោះ ដល់​ព្រះ‌យេហូវ៉ា​ជា​មួយ​នឹង​ប្រាក់ ហើយ​មាស​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​នាំ​យក​មក​ពី​អស់​ទាំង​សាសន៍​ដទៃ គឺ​ពី​សាសន៍​អេដុម សាសន៍​ម៉ូអាប់ ពួក​កូន​ចៅ​អាំម៉ូន សាសន៍​ភីលីស្ទីន និង​សាសន៍​អាម៉ា‌លេក។
12 ឯ​អ័ប៊ី‌សាយ ជា​កូន​សេរូយ៉ា​ក៏​ប្រហារ​ពួក​សាសន៍​អេដុម​អស់​១​ម៉ឺន​៨​ពាន់​នាក់ នៅ​ត្រង់​ច្រក​ភ្នំ​អំបិល
13 ក៏​ដាក់​កង‌ទ័ព​ឲ្យ​រក្សា​នៅ​ស្រុក​អេដុម ដូច្នេះ ពួក​អេដុម​ទាំង​អស់​បាន​ចំណុះ​ដាវីឌ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស​ឲ្យ​ដាវីឌ​មាន​ជ័យ‌ជម្នះ នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ទ្រង់​យាង​ទៅ។
14 ឯ​ដាវីឌ ទ្រង់​បាន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ក៏​សម្រេច​ការ​ទាំង​អស់​ដល់​បណ្តា‌ជន​ដោយ​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត
15 មាន​យ៉ូអាប់ ជា​កូន​សេរូយ៉ា ធ្វើ​ជា​មេ​ត្រួត‌ត្រា​លើ​បណ្តា​ពល‌ទ័ព​ទាំង​អស់ និង​យេហូ‌សា‌ផាត ជា​កូន​អ័ហ៊ី‌លូឌ ធ្វើ​ជា​អ្នក​កត់​ទុក​នូវ​ពង្សាវតារ
16 សាដុក ជា​កូន​អ័ហ៊ី‌ទូប និង​អ័ហ៊ី‌ម៉ា‌លេក ជា​កូន​អ័បៀ‌ថើរ ធ្វើ​ជា​សង្ឃ សេរ៉ាយ៉ា ជា​ស្មៀន​ហ្លួង
17 បេណាយ៉ា កូន​យេហូ‌យ៉ាដា ធ្វើ​ជា​មេ​លើ​ពួក​កេរេ‌ធីម ហើយ​និង​ពួក​ពេលេ‌ធីម ហើយ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ដាវីឌ​ក៏​ធ្វើ​ជា​សេនាបតី។