របាក្សត្រ ទី ១

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29


ជំពូក 20

ដល់​១​ខួប​ក្រោយ​មក ក្នុង​រដូវ​ដែល​ល្មម​ឲ្យ​ស្តេច​ទាំង​ប៉ុន្មាន​ចេញ​ទៅ​ច្បាំង​បាន នោះ​យ៉ូអាប់​លោក​នាំ​ពល​ទ័ព​ចេញ​ទៅ បំផ្លាញ​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន ក៏​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​រ៉ាបាត តែ​ដាវីឌ​ទ្រង់​គង់​នៅ​ឯ​ក្រុង​យេរូ‌សាឡឹម​វិញ យ៉ូអាប់​ក៏​ច្បាំង​ឈ្នះ​ក្រុង​រ៉ាបាត​នោះ
2 ឯ​ដាវីឌ ទ្រង់​យក​មកុដ​ពី​ព្រះ‌សិរ​ស្តេច​របស់​គេ មក​ថ្លឹង​មើល ឃើញ​មាន​ទំងន់​ជា​មាស​១​ហាប ក៏​មាន​ដាំ​ត្បូង​មាន​តម្លៃ​ផង ហើយ​គេ​បំពាក់​ថ្វាយ​ទ្រង់​វិញ ទ្រង់​ក៏​យក​របឹប​ពី​ទី​ក្រុង​នោះ​មក​យ៉ាង​សន្ធឹក​ដែរ
3 រួច​នាំ​ពួក ដែល​នៅ​ក្រុង​នោះ ចេញ​មក​ដាក់​ឲ្យ​កាប់​រំលំ ហើយ​អារ​ឈើ ព្រម​ទាំង​ភ្ជួរ‌រាស់​ផង ទ្រង់​ក៏​ធ្វើ​យ៉ាង​នោះ​ដល់​អស់​ទាំង​ទី​ក្រុង​របស់​ពួក​កូន​ចៅ​អាំម៉ូន​ដែរ រួច​ទ្រង់ និង​ពួក​ទ័ព​ទាំង​ប៉ុន្មាន ក៏​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម​វិញ។
4 ក្រោយ​នោះ​មក ក៏​កើត​មាន​ចម្បាំង​នឹង​ពួក​ភីលីស្ទីន​នៅ​ត្រង់​ក្រុង​កេស៊ើរ នៅ​គ្រា​នោះ ស៊ីបា‌កាយ ជា​ពូជ​ហ៊ូសាយ គាត់​បាន​សម្លាប់​ស៊ីផាយ ជា​កូន​នៃ​ម្នាក់​នោះ ដែល​មាន​មាឌ​ធំ​បង់ ហើយ​គេ​ត្រូវ​ចុះ​ចូល
5 ក៏​កើត​មាន​ចម្បាំង​នឹង​ពួក​ភីលីស្ទីន​ម្តង​ទៀត នោះ​អែល‌ហា‌ណាន ជា​កូន​យ៉ាអ៊ារ គាត់​សម្លាប់​ឡាមី ជា​ប្អូន​កូលី‌យ៉ាត ជា​អ្នក​ក្រុង​កាថ​ទៅ ឯ​ដង​លំពែង​របស់​អ្នក​នោះ មាន​ទំហំ​ប៉ុន​ផ្សំ​ដំបាញ
6 ហើយ​កើត​មាន​ចម្បាំង​នៅ​ក្រុង​កាថ​ទៀត នៅ​ទី​នោះ មាន​មនុស្ស​មាន​មាឌ​ធំ​ណាស់ មាន​ម្រាម​២៤ គឺ​ម្រាម​ដៃ​៦​ទាំង​សង​ខាង និង​ម្រាម​ជើង​៦​ទាំង​សង​ខាង​ដែរ ជា​អ្នក​កើត​ពី​ពូជ​មនុស្ស​មាន​មាឌ​ធំ
7 កាល​វា​បាន​ប្រកួត​នឹង​សាសន៍​អ៊ីស្រា‌អែល នោះ​យ៉ូណា‌ថាន ជា​កូន​សាំម៉ា ជេដ្ឋា‌ដាវីឌ ក៏​សម្លាប់​វា​បង់
8 អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ពូជ​មនុស្ស​មាន​មាឌ​ធំ ដែល​នៅ​ក្រុង​កាថ ហើយ​ក៏​ស្លាប់​ដោយ​ព្រះ‌ហស្ត​ដាវីឌ និង​ដៃ​នៃ​ពួក​ទ័ព​ទ្រង់​ទៅ។