របាក្សត្រ ទី ១
ជំពូក 12
រីឯពួកអ្នកដែលបានមកឯដាវីឌ នៅត្រង់ក្រុងស៊ីកឡាក់ ក្នុងគ្រាដែលទ្រង់កំពុងតែពួននឹងសូល ជាបុត្រគីសនៅឡើយ ជាពួកអ្នកខ្លាំងពូកែ ដែលបានជួយទ្រង់ក្នុងចម្បាំង
2 សុទ្ធតែមានធ្នូ ហើយក៏ស្ទាត់បាញ់គ្រួស និងព្រួញ ដោយដៃឆ្វេងដៃស្តាំបានផង ជាជំនួរវង្សរបស់បងប្អូនសូល ក្នុងពូជអំបូរបេនយ៉ាមីន
3 នោះអ្នកដែលជាមេលើគេ គឺអ័ហ៊ីយេស៊ើរ បន្ទាប់មកមានយ៉ូអាស ជាកូនសេម៉ាអា ជាអ្នកក្រុងគីបៀរ យេស៊ាល និងពេលេត ជាកូនអាសម៉ាវែត បេរ៉ាកា យេហ៊ូ ជាអ្នកក្រុងអាន៉ាថោត
4 យីសម៉ាយ៉ា ជាអ្នកក្រុងគីបៀន ដែលជាមនុស្សខ្លាំងពូកែក្នុងពួក៣០នាក់នោះ ហើយជាមេលើគេ និងយេរេមី យ៉ាហាសៀល យ៉ូហាណាន យ៉ូសាបាឌ ជាអ្នកស្រុកកេដេរ៉ា
5 អេលូសាយ យេរេម៉ូត ប្អាលា សេម៉ារីយ៉ា សេផាធា ជាអ្នកស្រុកហារ៉ូប
6 អែលកាណា យីសយ៉ា អ័សារាល យ៉ូអេស៊ើរ យ៉ាសុបៀម ជាពួកកូរេ
7 ហើយយ៉ូអេឡា និងសេបាឌា ជាកូនយេរ៉ូហាំ ជាអ្នកស្រុកកេដោរ។
8 ក៏មានមនុស្សក្នុងពួកកាឌ់ បានញែកខ្លួនទៅខាងដាវីឌ ក្នុងទីពំនួននៅទីរហោស្ថាន គេសុទ្ធតែជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ហើយស្ទាត់ក្នុងចម្បាំង ក៏ចេះប្រើទាំងខែល និងលំពែង គេមានមុខដូចជាមុខសិង្ហ ហើយក៏រហ័ស ដូចជាឈ្លូសនៅលើភ្នំ
9 នោះគឺអេស៊ើរ ជាមេ អូបាឌា ជាទី២ អេលាប ជាទី៣
10 មីសម៉ាណា ជាទី៤ យេរេមី ជាទី៥
11 អ័ថាយ ជាទី៦ អេលាល ជាទី៧
12 យ៉ូហាណាន ជាទី៨ អែលសាបាឌ ជាទី៩
13 យេរេមី ជាទី១០ ម៉ាបាណាយ ជាទី១១
14 ពួកកូនចៅកាឌ់ទាំងនោះ សុទ្ធតែជាមេលើពលទ័ព ឯអ្នកដែលខ្សោយជាងគេ នោះក៏ស្មើនឹង១០០នាក់ ហើយអ្នកដែលខ្លាំងជាងក៏ស្មើនឹង១ពាន់នាក់
15 នេះជាពួកអ្នក ដែលបានឆ្លងទន្លេយ័រដាន់នៅខែចេត្រ ក្នុងវេលាដែលទន្លេបានឡើងលិចច្រាំងទាំងអស់ រួចគេច្បាំងនឹងពួកមនុស្សនៅច្រកភ្នំទាំងអស់ នៅខាងកើត និងខាងលិចផង ក៏បំបាក់ទ័ពឲ្យគេរត់ទៅ។
16 ក៏មានពួកកូនចៅបេនយ៉ាមីន និងយូដា មកឯដាវីឌ នៅទីពំនួននោះដែរ
17 ឯដាវីឌទ្រង់ចេញទៅទទួលគេ ដោយព្រះបន្ទូលថា បើអ្នករាល់គ្នាបានមកដោយមេត្រី ដើម្បីនឹងជួយខ្ញុំពិត នោះចិត្តខ្ញុំនឹងមូលជាប់នឹងអ្នករាល់គ្នា តែបើសិនជាមក ដើម្បីក្បត់បញ្ជូនខ្ញុំដល់ពួកខ្មាំងសត្រូវ ដែលខ្ញុំគ្មានធ្វើខុសអ្វីឡើយនោះ សូមឲ្យព្រះនៃពួកអយ្យកោយើងរាល់គ្នាទតមើលផង ហើយកាត់សម្រេចចុះ
18 ព្រះវិញ្ញាណក៏មកសណ្ឋិតនៅលើអ័ម៉ាសាយ ជាមេលើពួក៣០នាក់ ហើយលោកទូលថា ឱដាវីឌអើយ យើងខ្ញុំរាល់គ្នាជារបស់ផងលោក ឱកូនអ៊ីសាយអើយ យើងខ្ញុំកាន់ខាងលោកហើយ សូមឲ្យលោកបានប្រកបដោយសេចក្ដីសុខចម្រើន ព្រមទាំងពួកអ្នកដែលជួយខាងលោកផង ដ្បិតព្រះនៃលោក ទ្រង់ជួយដល់លោក ដូច្នេះ ដាវីឌក៏ទទួលគេ ហើយតាំងគេឡើងឲ្យធ្វើជាមេលើកងទាហាន។
19 ក្នុងពួកម៉ាន៉ាសេក៏មានអ្នកខ្លះរវាតមក ចូលខាងដាវីឌដែរ គឺក្នុងវេលាដែលទ្រង់ចេញទៅ ដើម្បីច្បាំងនឹងសូល ជាមួយនឹងពួកភីលីស្ទីន តែមិនបានជួយគេទេ ពីព្រោះពួកមេរបស់សាសន៍ភីលីស្ទីន គេបានពិគ្រោះគ្នា រួចបង្គាប់ឲ្យទ្រង់ទៅវិញ ដោយថា ក្រែងវារវាតចេញទៅខាងសូល ជាចៅហ្វាយវា ហើយនាំឲ្យអន្តរាយដល់ក្បាលយើងវិញ
20 ដូច្នេះ កំពុងដែលទ្រង់វិលទៅឯក្រុងស៊ីកឡាក់វិញ នោះមានពួកម៉ាន៉ាសេខ្លះចូលខាងទ្រង់ គឺអ័ឌណា យ៉ូសាបាឌ យេឌីអែល មីកែល យ៉ូសាបាឌ អេលីហ៊ូវ និងស៊ីលថាយ ដែលសុទ្ធតែជាមេលើទ័ពនៃពួកម៉ាន៉ាសេ១ពាន់នាក់
21 អ្នកទាំងនោះក៏ជួយដាវីឌទាស់នឹងពួកចោរ ដ្បិតសុទ្ធតែជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ហើយជាមេទ័ពផង
22 ហើយសឹងតែរាល់ថ្ងៃ ក៏មានមនុស្សមកឯដាវីឌ ដើម្បីជួយទ្រង់ ដរាបដល់មានពួកទ័ពយ៉ាងសន្ធឹក គឺដូចជាពួកពលនៃព្រះ។
23 ឯពួកមេទាំងប៉ុន្មាន ជាអ្នកកាន់គ្រឿងសស្ត្រាវុធដែលមកឯដាវីឌ នៅក្រុងហេប្រុន ដើម្បីនឹងបង្វែររាជ្យរបស់សូលមកឯដាវីឌវិញ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា នោះមានចំនួនដូចកត់ទុកខាងក្រោមនេះ
24 គឺពួកកូនចៅយូដា ដែលកាន់ខែល និងលំពែង ប្រុងនឹងទៅច្បាំងហើយ នោះមាន៦ពាន់៨រយនាក់
25 ខាងពួកកូនចៅស៊ីម្មាន នោះមានពួកមនុស្សខ្លាំងពូកែ សម្រាប់ចេញទៅច្បាំង៧ពាន់១រយនាក់
26 ខាងពួកកូនចៅលេវីមាន៤ពាន់៦រយនាក់
27 ហើយយេហូយ៉ាដា ជាមេពួកវង្សអើរ៉ុន ក៏មាន៣ពាន់៧រយនាក់មកជាមួយនឹងលោកដែរ
28 ហើយមានសាដុកជាមនុស្សកំលោះខ្លាំងពូកែ មានចិត្តក្លាហាន ព្រមទាំងមេទ័ព២២នាក់ មកពីជំនួរវង្សរបស់ឪពុកលោកផង
29 ខាងឯពួកកូនចៅបេនយ៉ាមីន ជាបងប្អូនសូល នោះមាន៣ពាន់នាក់ ដ្បិតដរាបដល់គ្រានោះ ចំណែកពួកបេនយ៉ាមីនជាច្រើនគ្នា គេបាននៅតែស្មោះត្រង់នឹងពួកវង្សរបស់សូល
30 ខាងពួកកូនចៅអេប្រាអិម មាន២ម៉ឺន៨រយនាក់ សុទ្ធតែជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ដែលមានល្បីឈ្មោះ នៅក្នុងជំនួរវង្សរបស់ឪពុកគេ
31 ខាងឯពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ មាន១ម៉ឺន៨ពាន់នាក់ ដែលបានតម្រូវដោយឈ្មោះ ឲ្យមកតាំងដាវីឌឡើងជាស្តេច
32 ខាងពួកកូនចៅអ៊ីសាខារ នោះមានមនុស្សដែលស្គាល់សម័យអាចនឹងដឹងជាសាសន៍អ៊ីស្រាអែលត្រូវធ្វើយ៉ាងណា ឯអ្នកដែលជាប្រធានក្នុងពួកគេ នោះមាន២០០នាក់ ហើយពួកបងប្អូនគេក៏ទទួលតាមបង្គាប់គេទាំងអស់
33 ខាងពួកសាប់យូល៉ូន មាន៥ម៉ឺននាក់ ដែលអាចនឹងចេញទៅច្បាំង សុទ្ធតែមានគ្រឿងសស្ត្រាវុធគ្រប់មុខ ហើយគេប្រុងប្រៀបទៅច្បាំងដោយចិត្តស្មោះ
34 ខាងពួកណែបថាលីមានមេទ័ព១ពាន់នាក់ ហើយមាន៣ម៉ឺន៧ពាន់នាក់ដែលកាន់ខែល និងលំពែងមកជាមួយនឹងគេដែរ
35 ខាងពួកដាន់ មាន២ម៉ឺន៨ពាន់៦០០នាក់ ដែលថ្នឹកច្បាំងហើយ
36 ខាងឯពួកអេស៊ើ នោះមាន៤ម៉ឺននាក់ដែលអាចនឹងចេញទៅជាមួយនឹងពលទ័ព ជាមនុស្សថ្នឹកច្បាំងដែរ
37 ឯខាងនាយទន្លេយ័រដាន់ ក្នុងពួករូបេន ពួកកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀង នោះមានចំនួន១សែន២ម៉ឺននាក់ ដែលមានគ្រឿងចម្បាំងគ្រប់មុខ។
38 ពួកអ្នកទាំងនោះ ដែលសុទ្ធតែជាមនុស្សថ្នឹកច្បាំង ក៏មកឯដាវីឌនៅត្រង់ក្រុងហេប្រុន ដោយចិត្តស្មោះត្រង់ ដើម្បីនឹងតាំងទ្រង់ឡើងឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងមូល ហើយពួកអ៊ីស្រាអែលឯទៀតទាំងប៉ុន្មានក៏ស្រុះចិត្តគ្នានឹងតាំងដាវីឌឡើងជាស្តេចដែរ
39 គេនៅទីនោះជាមួយនឹងដាវីឌ ដោយការលៀងលោមគ្នាអស់៣ថ្ងៃ ដ្បិតពួកបងប្អូនគេបានរៀបចំឲ្យ
40 មួយទៀត ពួកណាដែលនៅជិតល្មមត្រឹមពួកអ៊ីសាខារ ពួកសាប់យូល៉ូន និងពួកណែបថាលី គេក៏យកស្បៀងអាហារផ្ទុកលើសត្វលា អូដ្ឋ លាកាត់ និងគោមកដែរ គឺជានំបុ័ង ផែនល្វាក្រៀម ចង្កោមទំពាំងបាយជូរ ស្រាទំពាំងបាយជូរ ប្រេង គោ ហើយនិងចៀមយ៉ាងសន្ធឹក ដ្បិតមានសេចក្ដីអំណរអរនៅក្នុងពួកអ៊ីស្រាអែល។