ពង្សាវតារក្សត្រ ទី ១
ជំពូក 20
គ្រានោះ បេន-ហាដាឌ់ ជាស្តេចស្រុកស៊ីរី ទ្រង់ប្រជុំពួកពលទ័ពរបស់ទ្រង់មក មានស្តេចរង៣២អង្គនៅជាមួយនឹងទ្រង់ ព្រមទាំងសេះ និងរទេះចម្បាំងផង ទ្រង់ឡើងទៅឡោមព័ទ្ធច្បាំងនឹងក្រុងសាម៉ារី
2 ក៏ចាត់រាជទូតទៅក្នុងទីក្រុង ទូលដល់អ័ហាប់ ជាស្តេចអ៊ីស្រាអែលថា បេន-ហាដាឌ់ទ្រង់មានព្រះបន្ទូលដូច្នេះថា
3 មាសប្រាក់របស់ឯងជារបស់ផងអញវិញ ហើយប្រពន្ធកូនទាំងប៉ុន្មានរបស់ឯង ដែលមានរូបល្អបំផុត នោះសុទ្ធតែរបស់ផងអញដែរ
4 ស្តេចអ៊ីស្រាអែលក៏តបទៅថា បពិត្រស្តេចជាម្ចាស់អើយ តាមព្រះបន្ទូលទ្រង់ នោះខ្លួនទូលបង្គំ ព្រមទាំងសព្វសារពើដែលទូលបង្គំមាន ក៏ជារបស់ផងទ្រង់ដែរ
5 រួចពួករាជទូតក៏មកម្តងទៀត ទូលថា បេន-ហាដាឌ់ទ្រង់មានព្រះបន្ទូលម្តងហើយថា អញបានចាត់ទូតឲ្យមកឯងប្រាប់ថា ត្រូវឲ្យឯងប្រគល់មាស ប្រាក់ និងប្រពន្ធកូនឯងមកអញ
6 តែដល់ថ្ងៃស្អែកពេលថ្មើរនេះ នោះអញនឹងចាត់ពួកអញឲ្យមកឯឯង គេនឹងឆែកមើលក្នុងដំណាក់ឯង ហើយក្នុងផ្ទះពួកបម្រើឯង ឯរបស់ណាដែលជាទីគាប់ភ្នែកឯង នោះគេនឹងចាប់កាន់នៅដៃយកទៅ។
7 ដូច្នេះ ស្តេចអ៊ីស្រាអែលក៏ហៅពួកចាស់ទុំក្នុងស្រុកមក មានព្រះបន្ទូលថា សូមអ្នករាល់គ្នាពិចារណាមើល ដែលមនុស្សនេះរករឿងហេតុនឹងយើងជាយ៉ាងណា ដ្បិតវាបានចាត់ទូតឲ្យមកទារយកប្រពន្ធកូន និងមាសប្រាក់របស់យើងទៅ យើងក៏ឥតមានប្រកែកឡើយ
8 នោះពួកចាស់ទុំ និងប្រជាជនទាំងឡាយទូលឆ្លើយឡើងថា សូមទ្រង់កុំស្តាប់ ឬព្រមតាមគេឡើយ
9 ហេតុដូច្នេះ ទ្រង់ឆ្លើយប្រាប់ទៅពួករាជទូតរបស់បេន-ហាដាឌ់ថា ចូរទៅទូលស្តេចជាម្ចាស់យើងថា គ្រប់ទាំងសេចក្ដីដែលទ្រង់បានចាត់មកបង្គាប់ឲ្យខ្ញុំធ្វើជាន់មុន នោះខ្ញុំសុខចិត្តធ្វើហើយ តែសេចក្ដីក្រោយនេះខ្ញុំមិនអាចនឹងធ្វើបានទេ ពួករាជទូតក៏នាំពាក្យនោះទៅទូលដល់បេន-ហាដាឌ់វិញ
10 ដូច្នេះ ទ្រង់ចាត់គេឲ្យមកទូលថា បើមានធូលីក្នុងក្រុងសាម៉ារីល្មម១កំបង់ដៃ ដល់ពួកអ្នកដែលតាមអញមកគ្រប់គ្នា នោះសូមឲ្យអស់ទាំងព្រះធ្វើដល់អញយ៉ាងដូច្នេះ ហើយលើសទៅទៀតផង
11 រួចស្តេចអ៊ីស្រាអែលមានព្រះបន្ទូលឆ្លើយថា ចូរទៅប្រាប់បេន-ហាឌាឌ់វិញថា កុំបីឲ្យអ្នកដែលកំពុងតែពាក់គ្រឿងក្រោះអួតអាងខ្លួន ដូចជាអ្នកដែលដោះគ្រឿងចេញនោះឡើយ
12 បេន-ហាឌាឌ់បានឮពាក្យនោះ ក្នុងវេលាកំពុងដែលសោយស្រានៅក្នុងពន្លា ជាមួយនឹងពួកស្តេចរង នោះទ្រង់ប្រាប់ដល់ពួកពលទ័ពទ្រង់ថា ចូររៀបចំឡើង គេក៏ដំរៀបគ្នារៀបច្បាំងនឹងទីក្រុង។
13 ខណៈនោះ មានហោរាម្នាក់ចូលទៅគាល់អ័ហាប់ ជាស្តេចអ៊ីស្រាអែល ទូលថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា តើឃើញហ្វូងទ័ពធំនេះឬទេ មើល នៅថ្ងៃនេះ អញនឹងប្រគល់គេមកក្នុងកណ្តាប់ដៃឯងហើយ នោះឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
14 អ័ហាប់មានព្រះបន្ទូលសួរថា តើដោយសារអ្នកណា រួចគាត់ទូលឆ្លើយថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ គឺដោយសារពួកទ័ពរបស់ចៅហ្វាយខែត្រទាំងប៉ុន្មាន ស្តេចក៏សួរទៀតថា តើអ្នកណាត្រូវនាំទៅបះនឹងគេជាមុន គាត់ទូលឆ្លើយថា គឺជាទ្រង់ព្រះករុណា
15 ដូច្នេះ ស្តេចក៏ចេញទៅ ត្រួតមើលពួកទ័ពរបស់ចៅហ្វាយខែត្រទាំងប៉ុន្មាន ឃើញមានគ្នា២៣២នាក់ បន្ទាប់មក ស្តេចក៏ត្រួតមើលបណ្តាជន ជាពួកកូនចៅអ៊ីស្រាអែលទាំងអស់ ឃើញមាន៧ពាន់នាក់។
16 គេក៏ចេញទៅនៅពេលថ្ងៃត្រង់ ឯបេន-ហាឌាឌ់ និងពួកស្តេចរងទាំង៣២អង្គ ដែលមកជួយទ្រង់ គេកំពុងតែសោយស្រាស្រវឹង នៅក្នុងពន្លា
17 ហើយពួកពលទ័ពរបស់ចៅហ្វាយខែត្រទាំងប៉ុន្មានក៏នាំមុខចេញទៅ បេន-ហាដាឌ់ក៏ចាត់ម្នាក់ឲ្យទៅក្រៅមើល អ្នកនោះមកទូលដល់ទ្រង់វិញថា មានពួកមនុស្សចេញពីក្រុងសាម៉ារីមកហើយ
18 នោះទ្រង់បង្គាប់ថា ទោះបើគេចេញមកដោយមេត្រី ឬដោយចង់ធ្វើសង្គ្រាមក៏ដោយ គង់តែត្រូវចាប់គេមកទាំងរស់ដែរ
19 យ៉ាងនោះពួកទ័ពរបស់ចៅហ្វាយខែត្រទាំងប៉ុន្មាន និងកងទ័ពដែលទៅតាមក្រោយក៏ចេញពីទីក្រុងទៅ
20 គ្រប់គ្នាក៏សម្លាប់ខ្មាំងសត្រូវដែលតនឹងខ្លួន ដូច្នេះ ពួកស៊ីរីគេបែកខ្ញែករត់ទៅ ហើយពួកអ៊ីស្រាអែលក៏ដេញតាមឯបេន-ហាឌាឌ់ ជាស្តេចស្រុកស៊ីរី ទ្រង់ជិះសេះរត់រួចជាមួយនឹងពួកទ័ពសេះ
21 នេះគឺស្តេចអ៊ីស្រាអែល ទ្រង់ចេញទៅវាយទាំងពួកទ័ពសេះ និងរទេះចម្បាំង ប្រហារជីវិតពួកស៊ីរីយ៉ាងសន្ធឹក។
22 រួចមក ហោរានោះក៏ចូលទៅឯស្តេចអ៊ីស្រាអែលទូលថា សូមទ្រង់ទៅចម្រើនកម្លាំងឡើង ហើយខំប្រឹងមើលការដែលទ្រង់ធ្វើ ដ្បិតដល់ចូលឆ្នាំថ្មី ស្តេចស៊ីរីនឹងឡើងមកច្បាំងនឹងទ្រង់ទៀត។ ស្តេចអ័ហាប់ទទួលជ័យជម្នះជាថ្មី
23 ឯពួកជំនិតខាងស្តេចស៊ីរីគេទូលស្តេចរបស់ខ្លួនថា ព្រះរបស់គេជាព្រះនៃភ្នំ បានជាម្តងនេះគេពូកែជាងយើងរាល់គ្នា ដូច្នេះ សូមយើងរាល់គ្នាតនឹងគេនៅស្រុកវាលចុះ នោះប្រាកដជាយើងនឹងបានពូកែជាងគេវិញ
24 ហើយត្រូវធ្វើដូច្នេះ គឺត្រូវដកពួកស្តេចទាំងប៉ុន្មានពីចំណែករបស់ទ្រង់ចេញ ហើយតាំងឲ្យមានមេទ័ពឡើងជំនួសវិញ
25 រួចសូមលើកពលទ័ពឲ្យស្មើនឹងពលទ័ពដែលទើបនឹងបាត់នោះ គឺចំនួនសេះស្មើគ្នា និងចំនួនរទេះក៏ស្មើគ្នា នោះយើងរាល់គ្នានឹងច្បាំងនឹងគេនៅស្រុកវាល ប្រាកដជាយើងនឹងមានកម្លាំងជាងគេ ទ្រង់ក៏យល់ព្រមតាមពាក្យគេ ហើយបានធ្វើដូច្នោះ។
26 លុះដល់ចូលឆ្នាំថ្មី បេន-ហាដាឌ់ក៏ត្រួតមើលពួកទ័ពស៊ីរី ហើយឡើងទៅដល់ក្រុងអាផែក ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែល
27 ពួកកូនចៅអ៊ីស្រាអែលក៏មានគេត្រួតត្រាមើល ហើយចែកស្បៀងអាហារឲ្យដែរ រួចគេចេញទៅទាស់នឹងពួកស៊ីរី ឯពួកកូនចៅអ៊ីស្រាអែល គេបោះទ័ពទល់មុខនឹងពួកស៊ីរី ដូចជាកូនពពែ២ហ្វូងយ៉ាងតូច តែពួកស៊ីរី គេនៅពេញពាស ក្នុងស្រុកនោះ
28 គ្រានោះ មានអ្នកសំណប់របស់ព្រះម្នាក់ បានចូលមកទូលដល់ស្តេចអ៊ីស្រាអែលថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ដោយព្រោះពួកស៊ីរីបាននិយាយថា ព្រះយេហូវ៉ាទ្រង់ជាព្រះនៃភ្នំ មិនមែនជាព្រះនៃស្រុកវាលទេ បានជាអញនឹងប្រគល់ហ្វូងទ័ពធំទាំងនេះ មកក្នុងកណ្តាប់ដៃឯង ហើយឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
29 គេក៏បោះទ័ពប្រទល់មុខគ្នាអស់៧ថ្ងៃ ដល់ថ្ងៃទី៧ នោះគេចូលតយុទ្ធគ្នា ក្នុង១ថ្ងៃនោះឯង ពួកកូនចៅអ៊ីស្រាអែលក៏សម្លាប់ពួកពលថ្មើរជើងរបស់សាសន៍ស៊ីរី អស់១សែននាក់
30 ឯសំណល់ដែលសល់នៅ គេបានរត់ចូលទៅក្នុងក្រុងអាផែក ហើយកំផែងក្រុងនោះក៏រលំមក សង្កត់ស្លាប់អស់២ម៉ឺន៧ពាន់នាក់ទៀត ឯបេន-ហាឌាឌ់ទ្រង់រត់ចូលទៅក្នុងទីក្រុង ពួននៅក្នុងបន្ទប់ខាងក្នុង។
31 ពួកជំនិតទ្រង់ទូលថា យើងខ្ញុំបានឮថា អស់ទាំងស្តេចនៃពួកអ៊ីស្រាអែល សុទ្ធតែជាស្តេចមានសេចក្ដីមេត្តាករុណា ដូច្នេះ សូមយើងរាល់គ្នាស្លៀកសំពត់ធ្មៃ ហើយដាក់ខ្សែរូតនៅក ចេញទៅគាល់ស្តេចអ៊ីស្រាអែល ប្រហែលទ្រង់នឹងទុកជីវិតដល់ព្រះករុណាទេដឹង
32 ដូច្នេះ គេក៏ស្លៀកសំពត់ធ្មៃ ព្រមទាំងដាក់ខ្សែរូតនៅក ចេញទៅគាល់ស្តេចអ៊ីស្រាអែលទូលថា បេន-ហាឌាឌ់ជាអ្នកបម្រើទ្រង់ទូលថា សូមទុកជីវិតឲ្យទូលបង្គំនៅរស់ផង ស្តេចអ៊ីស្រាអែលទ្រង់សួរថា ដូច្នេះ តើលោកនៅរស់នៅឡើយឬ លោកជាបងប្អូននឹងយើងដែរ
33 អ្នកទាំងនោះបានយកពាក្យនោះទុកជាផ្នូលល្អ ក៏ទូលតបភ្លាមថា ហ្នឹងហើយបងប្អូនទ្រង់ រួចទ្រង់ប្រាប់គេថា ចូរទៅនាំលោកមក ដូច្នេះ បេន-ហាឌាឌ់ក៏ចេញមកគាល់ទ្រង់ ហើយទ្រង់ឲ្យឡើងជិះលើរាជរថជាមួយនឹងទ្រង់
34 នោះបេន-ហាដាឌ់ទូលទ្រង់ថា អស់ទាំងទីក្រុងដែលព្រះបិតាទូលបង្គំបានរឹបយកពីព្រះបិតាទ្រង់ នោះទូលបង្គំនឹងប្រគល់ថ្វាយទាំងអស់វិញ ហើយទ្រង់នឹងធ្វើថ្នល់សម្រាប់ទ្រង់នៅក្រុងដាម៉ាសបាន ដូចជាព្រះបិតាទូលបង្គំបានធ្វើនៅក្រុងសាម៉ារីដែរ អ័ហាប់មានព្រះបន្ទូលឆ្លើយថា ឯខ្ញុំៗនឹងឲ្យលោកទៅវិញ ដោយសេចក្ដីសញ្ញានេះ ដូច្នេះ ទ្រង់ក៏តាំងសេចក្ដីសញ្ញានឹងគ្នា រួចលែងឲ្យទៅវិញ។
35 បន្ទាប់មក មានម្នាក់ជាសិស្សពួកហោរា គាត់និយាយទៅគូកន ដោយព្រះបន្ទូលព្រះយេហូវ៉ាថា សូមឲ្យវាយខ្ញុំចុះ តែអ្នកនោះមិនព្រមវាយទេ
36 គាត់ក៏ប្រាប់ថា ដោយព្រោះអ្នកមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ានោះមើល កាលណាអ្នកចេញពីខ្ញុំទៅ នឹងមានសិង្ហមកសម្លាប់អ្នក ដូច្នេះ កាលអ្នកនោះបានចេញពីគាត់ទៅ ក៏មានសិង្ហ១មកប្រទះ ហើយសម្លាប់ទៅ
37 រួចគាត់ជួបនឹងម្នាក់ទៀត ប្រាប់ថា សូមឲ្យអ្នកវាយខ្ញុំចុះ អ្នកនោះក៏វាយគាត់ឲ្យមានរបួស
38 នោះហោរាក៏ក្លែងខ្លួន ដោយយកសំពត់ឈ្នួតមកបិទភ្នែក រួចទៅនៅចាំស្តេចយាងមកតាមផ្លូវ
39 កាលស្តេចទ្រង់យាងមកតាមផ្លូវ នោះគាត់ស្រែកឡើងទូលថា ទូលបង្គំបានចេញទៅឯកណ្តាលទីចម្បាំង ហើយមើល មានម្នាក់ទៀតបែរមក នាំមនុស្សម្នាក់មកឯទូលបង្គំ ដោយបង្គាប់ថា ចូររក្សាមនុស្សនេះទុក បើវាបាត់ទៅដោយហេតុណា នោះត្រូវយកជីវិតឯងជំនួសវាវិញ ឬត្រូវឲ្យឯងសងអញជាប្រាក់១ហាប
40 តែកាលទូលបង្គំកំពុងតែរវល់នេះផងនោះផង អ្នកនោះក៏បាត់ទៅ ឯស្តេចអ៊ីស្រាអែលមានព្រះបន្ទូលតបថា ទោសឯងត្រូវដូច្នោះហើយ គឺខ្លួនឯងបានកាត់សេចក្ដីនោះស្រាប់
41 គាត់ក៏ប្រញាប់នឹងបកសំពត់ពីភ្នែកចេញ រួចស្តេចអ៊ីស្រាអែលទ្រង់ស្គាល់ថា ជាពួកហោរា
42 គាត់ក៏ទូលដល់ស្តេចថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះហើយថា ដោយព្រោះឯងបានលែងមនុស្ស ឲ្យរួចពីដៃឯង ដែលអញបានកាត់ទោសថា ត្រូវវិនាស នោះត្រូវយកជីវិតឯងជំនួសវាវិញ ហើយរាស្ត្រឯងជំនួសរាស្ត្រវា
43 ដូច្នេះ ស្តេចអ៊ីស្រាអែលក៏យាងត្រឡប់ទៅឯដំណាក់នៅក្រុងសាម៉ារីវិញ ដោយអន់អាក់ថ្នាំងថ្នាក់ព្រះហឫទ័យ។