ពង្សាវតារក្សត្រ ទី ១

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22


ជំពូក 9

គ្រា​ក្រោយ​ដែល​សាឡូ‌ម៉ូន​បាន​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌វាំង​ស្រេច​ហើយ ព្រម​ទាំង​របស់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​សព្វ​ព្រះ‌ទ័យ​ចង់​ធ្វើ
2 នោះ​ព្រះ‌យេហូវ៉ា​ក៏​លេច​មក​ឲ្យ​ទ្រង់​ឃើញ​ម្តង​ទៀត ដូច​ជា​បាន​លេច​មក​ឲ្យ​ឃើញ​នៅ​ត្រង់​គីបៀន​ដែរ
3 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ឮ​សេចក្ដី​ដែល​ឯង​បាន​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ​នៅ​ចំពោះ​អញ​នោះ អញ​ក៏​បាន​ញែក​ព្រះ‌វិហារ​នេះ ដែល​ឯង​បាន​ស្អាង​ចេញ​ជា​បរិសុទ្ធ ទុក​សម្រាប់​នឹង​តាំង​ឈ្មោះ​អញ នៅ​អស់​កល្ប‌ជានិច្ច ហើយ​ភ្នែក និង​ចិត្ត​អញ​នឹង​ស្ថិត​នៅ​ទី​នោះ ជា​ដរាប​ត​ទៅ
4 ឯ​ឯង បើ‌សិន​ជា​ឯង​នឹង​ដើរ​នៅ​ចំពោះ​អញ ដូច​ជា​ដាវីឌ​ជា​ឪពុក​ឯង ដោយ​ចិត្ត​ស្មោះ ហើយ​ទៀង​ត្រង់ ដើម្បី​នឹង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​បាន​បង្គាប់​ដល់​ឯង ព្រម​ទាំង​កាន់​តាម​បញ្ញត្ត និង​សេចក្ដី​យុត្តិ‌ធម៌​របស់​អញ​ទាំង​ប៉ុន្មាន
5 នោះ​អញ​នឹង​តាំង​រាជ្យ​ឯង​លើ​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​នៅ​ជាប់​ជា​រៀង‌រាប​ត​ទៅ តាម​ដែល​អញ​បាន​សន្យា​នឹង​ដាវីឌ ជា​ឪពុក​ឯង​ថា នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង​អង្គុយ​លើ​បល្ល័ង្ក‌រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល​ឡើយ
6 តែ​បើ​កាល​ណា​ឯង​បែរ​ចេញ​លែង​ប្រព្រឹត្ត​តាម​អញ ទោះ​ទាំង​ឯង ឬ​កូន​ចៅ​ឯង​ផង ហើយ​មិន​កាន់​តាម​បញ្ញត្ត និង​ក្រឹត្យ​របស់​អញ​ទាំង​ប៉ុន្មាន ដែល​អញ​បាន​ដាក់​នៅ​មុខ​ឯង​ទេ គឺ​នឹង​ទៅ​គោរព​ប្រតិ‌បត្តិ ហើយ​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដទៃ
7 នោះ​អញ​នឹង​កាត់​សាសន៍​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​គេ ហើយ​ព្រះ‌វិហារ​នេះ ដែល​អញ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ សម្រាប់​ឈ្មោះ​អញ នោះ​អញ​នឹង​បោះ‌បង់​ចោល​ពី​មុខ​អញ​ចេញ​វិញ ដូច្នេះ សាសន៍​អ៊ីស្រា‌អែល​នឹង​ត្រឡប់​ជា​សេចក្ដី​ប្រៀប‌ផ្ទឹម ហើយ​ជា​ទី​ដំណៀល នៅ​ក្នុង​ពួក​សាសន៍​ទាំង​អស់
8 ឯ​ព្រះ‌វិហារ​នេះ ទោះ​បើ​ខ្ពស់​ដល់​ម៉្លេះ គង់​តែ​អស់​អ្នក​ណា​ដែល​ដើរ​ទៅ​មក គេ​នឹង​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​និង​ចំអក​ឡក‌ឡឺយ​ឲ្យ ដោយ​ពាក្យ​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ដូច្នេះ ដល់​ស្រុក និង​វិហារ​នេះ
9 នោះ​គេ​នឹង​ឆ្លើយ​ឡើង​ថា គឺ​ពី​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ ដែល​ទ្រង់​បាន​នាំ​ពួក​អយ្យកោ​គេ ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​គេ​បាន​ទៅ​ភ្ជាប់​ខ្លួន​នឹង​ព្រះ​ដទៃ ព្រម​ទាំង​ថ្វាយ‌បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​តាម គឺ​ហេតុ​នោះ បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​គ្រប់​ទាំង​សេចក្ដី​អាក្រក់​នេះ​មក​លើ​គេ។
10 លុះ​ផុត​២០​ឆ្នាំ​ដែល​សាឡូ‌ម៉ូន​ស្អាង​ទាំង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌វាំង​ទាំង​២​រួច​ជា​ស្រេច​ហើយ
11 (រីឯ​ហ៊ីរ៉ាម​ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​បាន​ផ្គត់‌ផ្គង់​ឈើ​តាត្រៅ និង​ឈើ​កកោះ ហើយ​មាស ថ្វាយ​សាឡូ‌ម៉ូន តាម​ព្រះ‌ហឫទ័យ​ទ្រង់​គ្រប់​ជំពូក) នោះ​ស្តេច​ទ្រង់​ក៏​ប្រទាន​ទី​ក្រុង​២០ ក្នុង​ស្រុក​កាលី‌ឡេ ឲ្យ​ដល់​ហ៊ីរ៉ាម
12 រួច​ហ៊ីរ៉ាម​ចេញ​ពី​ក្រុង​ទីរ៉ុស ទៅ​មើល​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​សាឡូ‌ម៉ូន​បាន​ប្រទាន​នោះ តែ​ទ្រង់​មិន​សព្វ​ព្រះ‌ទ័យ​នឹង​ក្រុង​ទាំង​នោះ​ទេ
13 ក៏​មាន​ព្រះ‌បន្ទូល​ថា ប្អូន​អើយ តើ​ទី​ក្រុង​យ៉ាង​ណា​ដែល​បាន​ឲ្យ​មក​ខ្ញុំ​នេះ រួច​ទ្រង់​ហៅ​ទី​ក្រុង​ទាំង​នោះ​ថា ស្រុក​កាបួល ដរាប​ដល់​សព្វ​ថ្ងៃ​នេះ
14 ឯ​ហ៊ីរ៉ាម​ទ្រង់​ក៏​ផ្ញើ​មាស​១២០​ហាប​មក​ថ្វាយ​ដល់​សាឡូ‌ម៉ូន។
15 ឯ​ហេតុ​ដែល​ស្តេច​សាឡូ‌ម៉ូន​បាន​កេណ្ឌ​កំណែន នោះ​គឺ​ដើម្បី​នឹង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌វាំង ព្រម​ទាំង​ប៉ម​មីឡូរ កំផែង​ក្រុង​យេរូ‌សាឡឹម ហើយ​ក្រុង​ហាសោរ ក្រុង​មេគី‌ដោ និង​ក្រុង​កេស៊ើរ
16 ដ្បិត​ពី​មុន ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ទ្រង់​បាន​ឡើង​មក​ចាប់​យក​ក្រុង​កេស៊ើរ​នោះ ព្រម​ទាំង​ដុត​នឹង​ភ្លើង ហើយ​សម្លាប់​ពួក​សាសន៍​កាណាន​ដែល​នៅ​ក្រុង​នោះ​ដែរ រួច​បាន​ប្រទាន​ទី​ក្រុង​នោះ​ទៅ​ព្រះ‌រាជ‌បុត្រី​ទ្រង់ ដែល​ជា​ភរិយា​សាឡូ‌ម៉ូន ទុក​ជា​ចំណង​ដៃ
17 ដូច្នេះ សាឡូ‌ម៉ូន​ក៏​សង់​ក្រុង​កេស៊ើរ​នោះ​ឡើង និង​ក្រុង​បេត-ហូរ៉ូន​នៅ​ខាង​ក្រោម
18 ព្រម​ទាំង​ក្រុង​ប្អាឡាត ហើយ​ក្រុង​ថាត់ម៉ោរ ដែល​នៅ​ទី​រហោ‌ស្ថាន ក្នុង​ស្រុក​នោះ
19 និង​អស់​ទាំង​ទី​ក្រុង​សម្រាប់​ជា​ឃ្លាំង​របស់​សាឡូ‌ម៉ូន និង​ទី​ក្រុង​សម្រាប់​ទុក​រទេះ​ចម្បាំង ហើយ​សម្រាប់​ពួក​ពល​សេះ​ទ្រង់ ក៏​ធ្វើ​របស់​ទាំង​អស់​ដែល​សាឡូ‌ម៉ូន​សព្វ​ព្រះ‌ទ័យ​ចង់​ធ្វើ នៅ​ក្រុង​យេរូ‌សាឡឹម នៅ​ភ្នំ​ល្បាណូន ហើយ​ក្នុង​គ្រប់​ទាំង​ស្រុក​ដែល​នៅ​ក្រោម​អំណាច​ទ្រង់​ផង
20 ចំណែក​ពួក​សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស ដែល​នៅ​សល់ ជា​មនុស្ស​ដែល​មិន​មែន​ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល
21 គឺ​ជា​កូន​ចៅ​របស់​សាសន៍​ទាំង​ប៉ុន្មាន ដែល​នៅ​សល់​ក្នុង​ស្រុក ជា​អ្នក​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មិន​បាន​បំផ្លាញ​អស់​រលីង​ទេ នោះ​សាឡូ‌ម៉ូន​បាន​កេណ្ឌ​គេ មក​ធ្វើ​ជា​ពួក​អ្នក​បម្រើ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ
22 តែ​ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ នោះ​សាឡូ‌ម៉ូន​មិន​បាន​យក​គេ​ធ្វើ​ជា​បាវ​បម្រើ​ទេ គឺ​គេ​ជា​ពួក​ទាហាន ពួក​មហា‌តលិក ជា​ចៅ‌ហ្វាយ ជា​មេ‌ទ័ព ហើយ​ជា​នាយ​រទេះ​ចម្បាំង និង​ពួក​ទ័ព​សេះ​ទ្រង់​វិញ
23 ឯ​ពួក​មេ​ដែល​ត្រួត​មើល​ការ​របស់​សាឡូ‌ម៉ូន​ទាំង​ប៉ុន្មាន មាន​ចំនួន​៥៥០​នាក់ ជា​នាយ​បង្គាប់​ដល់​ពួក​អ្នក​ធ្វើ​ការ​ទាំង​នោះ។
24 ចំណែក​ព្រះ‌រាជ‌បុត្រី​ផារ៉ោន ព្រះ‌នាង​ក៏​យាង​ចេញ​ពី​ក្រុង​ដាវីឌ​ឡើង​មក​ឯ​ដំណាក់ ជា​ទី​ដែល​ទ្រង់​បាន​សង់​ឲ្យ រួច​មក​ទ្រង់​ក៏​សង់​ប៉ម​មីឡូរ។
25 មាន​៣​ដង​ក្នុង​១​ឆ្នាំ ដែល​សាឡូ‌ម៉ូន​ទ្រង់​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី នៅ​លើ​អាសនៈ​ដែល​ទ្រង់​បាន​ស្អាង​ថ្វាយ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដុត​កំញាន​ថ្វាយ​នៅ​លើ​អាសនៈ​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ផង គឺ​យ៉ាង​នោះ​ដែល​ទ្រង់​បាន​ស្អាង​ព្រះ‌វិហារ​រួច​ជា​ស្រេច។
26 ស្តេច​សាឡូ‌ម៉ូន​ធ្វើ​នាវា​១​ក្រុម​នៅ​ត្រង់​អេស៊ាន-គេប៊ើរ ជា​ទី​នៅ​មាត់​សមុទ្រ​ក្រហម ជិត​អេឡាត ក្នុង​ស្រុក​អេដុម
27 ឯ​ហ៊ីរ៉ាម ទ្រង់​ក៏​ចាត់​ពួក​បាវ​បម្រើ​ទ្រង់​ខ្លះ ដែល​ជា​ពួក​ជំនាញ​ខាង​ជើង​ទឹក គឺ​ជា​អ្នក​ចំណេះ​ខាង​ផ្លូវ​សមុទ្រ ឲ្យ​ទៅ​ក្នុង​នាវា​ទាំង​នោះ ជា​មួយ​នឹង​ពួក​បម្រើ​របស់​សាឡូ‌ម៉ូន
28 គេ​ក៏​ទៅ​ស្រុក​អូភារ យក​មាស​ពី​ស្រុក​នោះ​មក បាន​៤២០​ហាប​នាំ​មក​ថ្វាយ​ស្តេច​សាឡូ‌ម៉ូន។