ពង្សាវតារក្សត្រ ទី ១

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22


ជំពូក 2

រីឯ​ពេល​កំណត់​ដែល​ដាវីឌ​ត្រូវ​សុគត​បាន​ជិត​ដល់ ទ្រង់​ក៏​ផ្តាំ​សាឡូ‌ម៉ូន​ជា​ព្រះ‌រាជ‌បុត្រា​ទ្រង់​ថា
2 អញ​រៀប​នឹង​ទៅ​តាម​ផ្លូវ​របស់​មនុស្ស​លោក​ទាំង‌ឡាយ​ហើយ ដូច្នេះ ចូរ​ឯង​ខំ​ប្រឹង​ឡើង ហើយ​សម្ដែង​ខ្លួន​ឲ្យ​បាន​ពេញ​ជា​ប្រុស​ចុះ
3 ចូរ​រក្សា​បញ្ញើ​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដើម្បី​ប្រព្រឹត្ត​តាម​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ ព្រម​ទាំង​កាន់​តាម​សេចក្ដី​បង្គាប់ និង​ក្រឹត្យ‌ក្រម ហើយ​និង​សេចក្ដី​បន្ទាល់​របស់​ទ្រង់ តាម​សេចក្ដី​ដែល​បាន​កត់​ទុក​ហើយ ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ប្រយោជន៍​ឲ្យ​ឯង​បាន​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ក្នុង​គ្រប់​ទាំង​ការ​ដែល​ឯង​ធ្វើ ហើយ​នៅ​កន្លែង​ណា​ដែល​ឯង​ទៅ
4 ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​សម្រេច​តាម​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​អញ​ថា បើ​កូន​ចៅ​ឯង​រក្សា​ផ្លូវ​របស់​គេ ឲ្យ​បាន​ដើរ​នៅ​ចំពោះ​មុខ​អញ ដោយ​ស្មោះ‌ត្រង់ អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​គេ នោះ​នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង អង្គុយ​លើ​បល្ល័ង្ក​រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល​ឡើយ។
5 មួយ​ទៀត ឯង​ដឹង​ការ​ដែល​យ៉ូអាប់​ជា​កូន​សេរូយ៉ា​បាន​ប្រព្រឹត្ត​នឹង​អញ ជា​ការ​ដែល​វា​បាន​ធ្វើ​ដល់​មេ‌ទ័ព​សាសន៍​អ៊ីស្រា‌អែល​២​នាក់​នោះ គឺ​អ័ប៊ី‌នើរ ជា​កូន​នើរ ហើយ​និង​អ័ម៉ាសា ជា​កូន​យេធើ ដែល​វា​បាន​សម្លាប់​បង់ ទាំង​កម្ចាយ​ឈាម​ចម្បាំង នៅ​វេលា​សុខ‌សាន្ត‌ត្រាណ ក៏​បាន​ប្រឡាក់​សំពត់​ក្រវាត់​ដែល​នៅ​ចង្កេះ​ខ្លួន និង​ស្បែក​ជើង​ដែល​វា​ពាក់ ដោយ​ឈាម​ចម្បាំង
6 ដូច្នេះ ចូរ​ឯង​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​របស់​ឯង កុំ​ឲ្យ​សក់​ស្កូវ​របស់​វា​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ដោយ​សុខ‌សាន្ត​ឡើយ
7 តែ​ចូរ​សម្ដែង​សេចក្ដី​សប្បុរស​ដល់​ពួក​កូន​បារស៊ី‌ឡាយ ជា​ពួក​ស្រុក​កាឡាត​វិញ ហើយ​ឲ្យ​គេ​នៅ​ក្នុង​ពួក​អ្នក​ដែល​បរិភោគ​នៅ​តុ​ឯង ដ្បិត​គេ​បាន​មក​ទទួល​អញ នៅ​គ្រា​ដែល​អញ​បាន​រត់​ពី​អាប់‌សា‌ឡំម ជា​បង​ឯង​ទៅ
8 មួយ​ទៀត​មាន​ស៊ីម៉ាយ ជា​កូន​កេរ៉ា ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន ជា​អ្នក​ស្រុក​បាហ៊ូរីម នៅ​ជា​មួយ​នឹង​ឯង​ដែរ វា​បាន​ជេរ​ប្រមាថ​ដល់​អញ ដោយ​ពាក្យ​ជេរ​យ៉ាង​ធ្ងន់ នៅ​ថ្ងៃ​ដែល​អញ​បាន​ទៅ​ឯ​ស្រុក​ម៉ាហា‌ណែម ប៉ុន្តែ វា​បាន​ចុះ​មក​ក្រាប​ទទួល​អញ​នៅ​ទន្លេ​យ័រដាន់​វិញ ហើយ​អញ​បាន​ស្បថ​នឹង​វា​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ថា អញ​មិន​សម្លាប់​វា​ដោយ​ដាវ​ទេ
9 ដូច្នេះ កុំ​ទុក​ឲ្យ​វា​នៅ​ជា​ឥត​ទោស​ឡើយ ដ្បិត​ឯង​ជា​អ្នក​ប្រាជ្ញ ឯង​ដឹង​ជា​ត្រូវ​ប្រព្រឹត្ត​យ៉ាង​ណា​ដល់​វា ត្រូវ​ឲ្យ​សក់​ស្កូវ​វា​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដោយ​ឈាម។
10 ស្រេច​ហើយ ដាវីឌ​ក៏​ផ្ទំ​លក់​ទៅ ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ទី​ក្រុង​ដាវីឌ
11 ឯ​ពេល​វេលា​ដែល​ស្តេច​ដាវីឌ​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល ទាំង​អស់​បាន​៤០​ឆ្នាំ គឺ​សោយ‌រាជ្យ​នៅ​ក្រុង​ហេប្រុន​បាន​៧​ឆ្នាំ ហើយ​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​៣៣​ឆ្នាំ
12 រួច​សាឡូ‌ម៉ូន​ក៏​ឡើង​គង់​លើ​បល្ល័ង្ក​របស់​ដាវីឌ ជា​ព្រះ‌បិតា​ទ្រង់ ហើយ​រាជ្យ​ទ្រង់​ក៏​បាន​ខ្ជាប់‌ខ្ជួន​មាំ‌មួន​ឡើង។
13 គ្រា​១​អ័ដូ‌នីយ៉ា ជា​បុត្រ​នាង​ហាគីត ចូល​មក​គាល់​បាត‌សេបា ជា​មាតា​សាឡូ‌ម៉ូន ព្រះ‌នាង​សួរ​ថា ឯង​មក​នេះ​ដោយ​មេត្រី​ឬ​អី ទ្រង់​ទូល​ឆ្លើយ​ថា ដោយ​មេត្រី​ទេ
14 រួច​ទ្រង់​ទូល​ទៀត​ថា ទូល‌បង្គំ​មាន​ការ​ចង់​ទូល​នឹង​ព្រះ‌នាង​បន្តិច ព្រះ‌នាង​ក៏​ប្រាប់​ថា ចូរ​និយាយ​មក​ចុះ
15 នោះ​ទ្រង់​ទូល​ថា ព្រះ‌នាង​ជ្រាប​ហើយ​ថា រាជ្យ​នេះ​ជា​របស់​ផង​ទូល‌បង្គំ ហើយ​ថា សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​បាន​មើល​ចំ​ទូល‌បង្គំ ដោយ​សង្ឃឹម​នឹង​គ្រង​រាជ្យ​ឡើង ប៉ុន្តែ រាជ្យ​បាន​ត្រឡប់​វិល​ទៅ​ជា​របស់​ផង​ប្អូន​ទូល‌បង្គំ​វិញ ដ្បិត​គឺ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ប្រទាន​ទៅ​ឲ្យ
16 ឥឡូវ​នេះ ទូល‌បង្គំ​សូម​តែ​សេចក្ដី​១​ចំពោះ​ព្រះ‌នាង​ប៉ុណ្ណោះ សូម​កុំ​ប្រកែក​ឡើយ ព្រះ‌នាង​ឆ្លើយ​តប​ថា ចូរ​ពោល​ឲ្យ​អស់​សេចក្ដី​ទៅ​ចុះ
17 ដូច្នេះ ទ្រង់​ទូល​ថា ទូល‌បង្គំ​សូម​ព្រះ‌នាង​ទូល​ដល់​ស្តេច​សាឡូ‌ម៉ូន ដ្បិត​ទ្រង់​នឹង​មិន​ប្រកែក​ចំពោះ​ព្រះ‌នាង​ទេ គឺ​សូម​ឲ្យ​ទ្រង់​ប្រទាន​នាង​អ័ប៊ី‌សាក ជា​អ្នក​ស្រុក​ស៊ូណែម​មក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​ទូល‌បង្គំ
18 បាត‌សេបា​ទទួល​ថា​អើ អញ​នឹង​ទូល​ដល់​ស្តេច​ឲ្យ​ឯង។
19 ដូច្នេះ បាត‌សេបា​ក៏​ចូល​ទៅ​គាល់​ស្តេច​សាឡូ‌ម៉ូន ដើម្បី​ទូល​ទ្រង់​ឲ្យ​អ័ដូ‌នីយ៉ា ឯ​ស្តេច​ទ្រង់​ក្រោក​ឡើង​ទទួល ក៏​ឱន​ព្រះ‌អង្គ​គោរព រួច​គង់​លើ​បល្ល័ង្ក​ទ្រង់​វិញ ហើយ​បង្គាប់​ឲ្យ​គេ​យក​បល្ល័ង្ក​១​មក​ដាក់​ថ្វាយ​មាតា​ទ្រង់ ព្រះ‌នាង​ក៏​គង់​ខាង​ស្តាំ​ទ្រង់ ទូល​ថា
20 មាតា​ចង់​សូម​ការ​តូច​១​ពី​បុត្រ សូម​កុំ​ប្រកែក​ឡើយ ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា សូម​ព្រះ‌មាតា​មាន​ព្រះ‌សវនីយ៍​មក​ចុះ ដ្បិត​ទូល‌បង្គំ​មិន​ប្រកែក​ទេ
21 ដូច្នេះ ព្រះ‌នាង​ទូល​ថា សូម​ប្រទាន​នាង​អ័ប៊ី‌សាក ជា​អ្នក​ស្រុក​ស៊ូណែម ឲ្យ​ទៅ​ធ្វើ​ជា​ប្រពន្ធ​អ័ដូ‌នីយ៉ា​ជា​ជេដ្ឋា​ទៅ
22 ស្តេច​សាឡូ‌ម៉ូន ទ្រង់​ឆ្លើយ​តប​ទៅ​មាតា​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌មាតា​សូម​នាង​អ័ប៊ី‌សាក ជា​អ្នក​ស្រុក​ស៊ូណែម ឲ្យ​អ័ដូ‌នីយ៉ា​ដូច្នេះ ត្រូវ​សូម​ទាំង​រាជ‌សម្បត្តិ​ឲ្យ​វា​ផង ដ្បិត​វា​ជា​បង​របស់​ទូល‌បង្គំ​ស្រាប់ គឺ​សូម​ឲ្យ​វា និង​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ ហើយ​និង​យ៉ូអាប់ ជា​កូន​សេរូយ៉ា​ដែរ
23 នោះ​ស្តេច​សាឡូ‌ម៉ូន​ក៏​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ថា បើ​អ័ដូ‌នីយ៉ា​មិន​ត្រូវ​ស្លាប់ ដោយ​ព្រោះ​ពោល​ពាក្យ​នេះ​ទេ នោះ​សូម​ឲ្យ​ព្រះ‌ទ្រង់​ប្រព្រឹត្ត​នឹង​ទូល‌បង្គំ​យ៉ាង​នេះ ហើយ​លើស​ទៅ​ទៀត​ផង
24 ដូច្នេះ ទូល‌បង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទ្រង់​បាន​តាំង​ទូល‌បង្គំ​ឡើង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​នៃ​ដាវីឌ ជា​ព្រះ‌វរ‌បិតា ហើយ​បាន​ឲ្យ​ទូល‌បង្គំ​មាន​ជំនួរ​វង្ស ដូច​ជា​ទ្រង់​បាន​សន្យា​ទុក គឺ​ស្បថ​ថា នៅ​ថ្ងៃ​នេះ អ័ដូ‌នីយ៉ា​ត្រូវ​ស្លាប់​ជា​ពិត
25 ស្តេច​ក៏​ចាត់​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ឲ្យ​ទៅ​ប្រហារ​ជីវិត​អ័ដូ‌នីយ៉ា ហើយ​ទ្រង់​ក៏​សុគត​ទៅ។
26 ខណៈ​នោះ ស្តេច​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ​ថា ចូរ​ឯង​ត្រឡប់​ទៅ​ឯ​ស្រែ​ចម្ការ​របស់​ឯង ដែល​នៅ​ស្រុក​អាន៉ា‌ថោត​វិញ​ទៅ ដ្បិត​ឯង​គួរ​នឹង​ស្លាប់​ហើយ ប៉ុន្តែ យើង​មិន​សម្លាប់​នៅ​វេលា​នេះ​ទេ ព្រោះ​ឯង​ជា​អ្នក​សែង​ហឹប​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា នៅ​ចំពោះ​ដាវីឌ ជា​ព្រះ‌វរ‌បិតា​យើង ហើយ​ដោយ​ព្រោះ​ឯង​បាន​រង​ទុក្ខ ក្នុង​គ្រប់​ទាំង​សេចក្ដី​លំបាក​របស់​ព្រះ‌វរ‌បិតា​យើង​ដែរ
27 ដូច្នេះ សាឡូ‌ម៉ូន​បាន​បណ្តេញ​អ័បៀ‌ថើរ ចេញ​ពី​ដំណែង​ងារ​ជា​សង្ឃ​នៃ​ព្រះ‌យេហូវ៉ា​ទៅ ដើម្បី​ឲ្យ​បាន​សម្រេច​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​វង្សា​អេលី​នៅ​ត្រង់​ស៊ីឡូរ។
28 ដំណឹង​នោះ​ក៏​ឮ​ទៅ​ដល់​យ៉ូអាប់ ហើយ​លោក​ក៏​រត់​ទៅ​ឯ​ត្រសាល​នៃ​ព្រះ‌យេហូវ៉ា ចាប់​កាន់​ស្នែង​អាសនៈ ដ្បិត​ទោះ​បើ​លោក​មិន​បាន​ទៅ​តាម​អាប់‌សា‌ឡំម​ក៏​ពិត ប៉ុន្តែ បាន​និយម​តាម​អ័ដូ‌នីយ៉ា​ដែរ
29 មាន​គេ​មក​ក្រាប​ទូល​ស្តេច​សាឡូ‌ម៉ូន​ថា យ៉ូអាប់​បាន​រត់​ទៅ​ឯ​ត្រសាល​នៃ​ព្រះ‌យេហូវ៉ា​ហើយ ក៏​នៅ​ជិត​អាសនៈ នោះ​សាឡូ‌ម៉ូន​ចាត់​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ឲ្យ​ទៅ​ដោយ​ព្រះ‌បន្ទូល​ថា ចូរ​ទៅ​ប្រហារ​ជីវិត​វា​ទៅ
30 បេណាយ៉ា​ក៏​ទៅ​ឯ​ត្រសាល​នៃ​ព្រះ‌យេហូវ៉ា ប្រាប់​យ៉ូអាប់​ថា ស្តេច​ទ្រង់​បង្គាប់​ឲ្យ​ចេញ​មក តែ​លោក​ប្រកែក​ថា ទេ ខ្ញុំ​នឹង​ស្លាប់​នៅ​ទី​នេះ​វិញ ដូច្នេះ បេណាយ៉ា​ក៏​ទៅ​ក្រាប​ទូល​ដល់​ស្តេច​ថា យ៉ូអាប់​បាន​ឆ្លើយ​មក​ទូល‌បង្គំ​យ៉ាង​នោះ
31 ស្តេច​មាន​ព្រះ‌បន្ទូល​តប​ថា ចូរ​ធ្វើ​តាម​ពាក្យ​វា​ចុះ ចូរ​សម្លាប់​វា ហើយ​កប់​វា​ទៅ ដើម្បី​នឹង​លុប​ឈាម​ដែល​យ៉ូអាប់​បាន​កម្ចាយ ដោយ​ឥត​ហេតុ​ចេញ​ពី​យើង ហើយ​ពី​ជំនួរ​វង្ស​នៃ​ព្រះ‌វរ‌បិតា​យើង​ទៅ
32 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ទម្លាក់​ឈាម​វា ទៅ​លើ​ក្បាល​ខ្លួន​វា​វិញ ពី​ព្រោះ​វា​បាន​ប្រហារ​ជីវិត​មនុស្ស​២​នាក់ ដែល​សុចរិត ហើយ​ល្អ​ជាង​វា ដោយ​កាប់​នឹង​ដាវ តែ​ដាវីឌ​ជា​ព្រះ‌វរ‌បិតា​យើង ទ្រង់​មិន​បាន​ជ្រាប​សោះ គឺ​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​ពួក​អ៊ីស្រា‌អែល និង​អ័ម៉ាសា កូន​យេធើ ជា​មេ‌ទ័ព​ពួក​យូដា
33 ឈាម​របស់​គេ​នឹង​ធ្លាក់​មក​លើ​ក្បាល​យ៉ូអាប់ ហើយ​និង​ពូជ‌ពង្ស​វា​ជា​ដរាប​ទៅ តែ​ចំណែក​ឯ​ដាវីឌ និង​ពូជ‌ពង្ស​ទ្រង់ ព្រម​ទាំង​ជំនួរ​វង្ស​ទ្រង់ ហើយ​រាជ្យ​របស់​ទ្រង់​នោះ នឹង​បាន​សេចក្ដី​សុខ‌សាន្ត​មក​អំពី​ព្រះ‌យេហូវ៉ា​ជានិច្ច​ត​ទៅ​វិញ
34 ដូច្នេះ បេណាយ៉ា​ជា​កូន​យេហូ‌យ៉ាដា ក៏​ឡើង​ទៅ​ប្រហារ​សម្លាប់​យ៉ូអាប់​បង់ រួច​គេ​បញ្ចុះ​ក្នុង​ម៉ុង​របស់​លោក​នៅ​ទី​រហោ‌ស្ថាន
35 ស្តេច​ទ្រង់​ក៏​តាំង​បេណាយ៉ា​ជា​កូន​យេហូ‌យ៉ាដា ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួស​លោក ហើយ​តាំង​សាដុក​ដ៏​ជា​សង្ឃ​ជំនួស​អ័បៀ‌ថើរ​ដែរ។
36 រួម​មក ស្តេច​ទ្រង់​ចាត់​គេ​ទៅ ឲ្យ​ហៅ​ស៊ីម៉ាយ​មក​បង្គាប់​ថា ចូរ​ឯង​សង់​ផ្ទះ​១​នៅ​ក្រុង​យេរូ‌សាឡឹម​ទៅ ហើយ​អាស្រ័យ​នៅ​ទី​នោះ​ចុះ កុំ​ឲ្យ​ចេញ​ទៅ​ឯ​ណា​ទៀត​ឡើយ
37 ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ចេញ​ទៅ ឆ្លង​ជ្រោះ​កេដ្រុន នោះ​ចូរ​ឯង​ដឹង​ខ្លួន​ថា ឯង​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន ឈាម​ឯង​នឹង​ធ្លាក់​លើ​ក្បាល​ឯង​វិញ
38 ស៊ីម៉ាយ​ទូល​ឆ្លើយ​ថា ព្រះ‌បន្ទូល​ទ្រង់​ល្អ​ណាស់ ទូល‌បង្គំ ជា​បាវ​បម្រើ​ទ្រង់ នឹង​ធ្វើ​ដូច​ជា​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ បាន​មាន​ព្រះ‌បន្ទូល ហើយ​ស៊ីម៉ាយ​ក៏​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​ជា​យូរ។
39 លុះ​កន្លង​ទៅ​៣​ឆ្នាំ​ហើយ នោះ​បាវ​របស់​ស៊ីម៉ាយ​២​នាក់​រត់​ទៅ​ឯ​អ័គីស ជា​ស្តេច​ក្រុង​កាថ ជា​បុត្រ​នៃ​ម្អាកា រួច​មាន​គេ​ប្រាប់​ដល់​ស៊ីម៉ាយ​ថា មើល បាវ​របស់​អ្នក​នៅ​ឯ​ក្រុង​កាថ
40 ដូច្នេះ ស៊ីម៉ាយ​ក៏​ចាត់‌ចែង​ចង​កែប​លា ចេញ​ទៅ​ឯ​អ័គីស​នៅ​ក្រុង​កាថ ដើម្បី​រក​បាវ​របស់​ខ្លួន ក៏​ទៅ​នាំ​យក​បាវ​ពី​ក្រុង​កាថ​មក​វិញ
41 មាន​គេ​ក្រាប​ទូល​ដល់​សាឡូ‌ម៉ូន​ថា ស៊ីម៉ាយ​បាន​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​ដល់​ក្រុង​កាថ ឥឡូវ​មក​វិញ​ហើយ
42 ស្តេច​ទ្រង់​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ស៊ីម៉ាយ​មក មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​យើង​មិន​បាន​ឲ្យ​ឯង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ទេ​ឬ​អី តើ​មិន​បាន​ប្រាប់​បញ្ជាក់​ដល់​ឯង​ឲ្យ​ដឹង​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​ណា​ដែល​ឯង​នឹង​ចេញ​ដំណើរ​ទៅ​ឯ​ស្រុក​ដទៃ​ណា​មួយ នោះ​ឯង​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន​ទេ​ឬ​អី ហើយ​ឯង​បាន​ទទួល​ព្រម​ថា ព្រះ‌បន្ទូល​នៃ​ទ្រង់ ដែល​ទូល‌បង្គំ​បាន​ឮ​នេះ​ល្អ​ណាស់​ដែរ
43 ដូច្នេះ ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​កាន់​តាម​សម្បថ​នៃ​ព្រះ‌យេហូវ៉ា នឹង​សេចក្ដី​ដែល​យើង​បាន​បង្គាប់​នោះ
44 ស្តេច​ក៏​មាន​ព្រះ‌បន្ទូល​នឹង​ស៊ីម៉ាយ​ទៀត​ថា ឯង​ស្គាល់​ការ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​លាក់​ក្នុង​ចិត្ត​ឯង គឺ​ជា​ការ​ដែល​ឯង​បាន​ប្រព្រឹត្ត​ដល់​ដាវីឌ ជា​ព្រះ‌បិតា​យើង​ហើយ ដូច្នេះ ព្រះ‌យេហូវ៉ា​នឹង​ទម្លាក់​ការ​អាក្រក់​របស់​ឯង​នោះ មក​លើ​ក្បាល​ឯង​វិញ
45 តែ​ស្តេច​សាឡូ‌ម៉ូន​នឹង​បាន​ពរ ហើយ​រាជ្យ​របស់​ដាវីឌ​នឹង​បាន​តាំង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ដរាប​ទៅ
46 នោះ​ស្តេច​ទ្រង់​បង្គាប់​ទៅ​បេណាយ៉ា​ជា​កូន​យេហូ‌យ៉ាដា ហើយ​លោក​ក៏​ចេញ​ទៅ​ប្រហារ​ជីវិត​ឲ្យ​វា​ស្លាប់​ទៅ ឯ​រាជ្យ​នោះ​បាន​តាំង​ជា​មាំ‌មួន ក្នុង​អំណាច​សាឡូ‌ម៉ូន​ហើយ។