ពង្សាវតារក្សត្រ ទី ១

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22


ជំពូក 4

រីឯ​សាឡូ‌ម៉ូន ទ្រង់​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា
2 ហើយ​ទ្រង់​មាន​ពួក​អ្នក​ដែល​ជា​ប្រធាន ដូច​កត់​ទុក​នេះ គឺ​អ័សារា កូន​សាដុក លោក​ជា​សម្ដេច​សង្ឃ
3 អេលី‌ហូ‌រែប និង​អ័ហ៊ីយ៉ា កូន​ស៊ីសា ជា​ស្មៀន‌ហ្លួង យេហូ‌សា‌ផាត កូន​អ័ហ៊ី‌លូឌ ជា​អ្នក​តែង​ពង្សាវតារ
4 បេណាយ៉ា កូន​យេហូ‌យ៉ាដា ជា​មេ‌ទ័ព សាដុក និង​អ័បៀ‌ថើរ​ជា​សង្ឃ
5 អ័សារា កូន​ណាថាន់ ជា​ចាង‌ហ្វាង​លើ​ពួក​សេនាបតី សាប៊ុត កូន​ណាថាន់ ជា​រដ្ឋ‌នាយក ហើយ​ជា​មិត្ត​សំឡាញ់​នឹង​ស្តេច
6 អ័ហ៊ីសា ជា​ឧកញ៉ា​វាំង អ័ដូ‌នី‌រ៉ាម កូន​អាប់ដា ជា​មេ​កំណែន។
7 សាឡូ‌ម៉ូន​ទ្រង់​ក៏​មាន​នាយក​១២​នាក់ ត្រួត​លើ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ជា​អ្នក​សម្រាប់​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​ថ្វាយ​ស្តេច និង​ពួក​ដំណាក់​ទ្រង់ ម្នាក់ៗ​ត្រូវ​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​អស់​១​ខែ​ក្នុង​១​ឆ្នាំ
8 ឯ​ឈ្មោះ​នៃ​លោក​ទាំង​នោះ​ដូច​មាន​នៅ​ខាង​ក្រោម​នេះ គឺ​បេន-ហ៊ើរ នៅ​ស្រុក​ភ្នំ​អេប្រា‌អិម​១
9 បេន-ដេកើរ នៅ​ស្រុក​ម៉ាកាស ស្រុក​ស្អាល‌ប៊ីម ស្រុក​បេត-សេមែស និង​ស្រុក​ហេឡូន-បេត-ហា‌ណាន​១
10 បេន-ហេសេឌ នៅ​ស្រុក​អារូ‌បូត​១ (ឯ​ស្រុក​សូកូរ និង​ស្រុក​អេភើរ​ទាំង​មូល ក៏​នៅ​ក្រោម​អំណាច​លោក​ដែរ)
11 បេន-អ័ប៊ី‌ណា‌ដាប់ នៅ​ស្រុក​ដោរ​ទាំង​មូល​១ (លោក​នោះ​បាន​យក​នាង​ថាផាត ជា​បុត្រី​សាឡូ‌ម៉ូន​ធ្វើ​ជា​ប្រពន្ធ)
12 ប្អាណា ជា​កូន​អ័ហ៊ី‌លូឌ​១ លោក​នោះ​ត្រួត​លើ​ស្រុក​ត្អាណាក ស្រុក​មេគី‌ដោ ហើយ​គ្រប់​ស្រុក​បេត-សៀន ដែល​នៅ​ជិត​សារ‌ថាន ខាង​ក្រោម​ក្រុង​យេស‌រាល ចាប់​តាំង​ពី​បេត-សៀន រហូត​ដល់​អេបិល-មហូឡា ខាង​នាយ​យ៉ុក‌មាម
13 បេន-កេប៊ើរ​នៅ​រ៉ាម៉ូត-កាឡាត​១ (លោក​នោះ​ត្រួត​លើ​អស់​ទាំង​ភូមិ​របស់​យ៉ាអ៊ារ​ជា​កូន​ម៉ាន៉ាសេ ដែល​នៅ​ស្រុក​កាឡាត ហើយ​លើ​ស្រុក​នៅ​ជុំវិញ​អើកុប ដែល​នៅ​ស្រុក​បាសាន ទាំង​អស់​មាន​ទី​ក្រុង​យ៉ាង​ធំ​៦០ ដែល​មាន​កំផែង ហើយ​និង​រនុក​លង្ហិន)
14 អ័ហ៊ី‌ណា‌ដាប់ ជា​កូន​អ៊ីដោ នៅ​ស្រុក​ម៉ាហា‌ណែម​១
15 អ័ហ៊ីម៉ាស នៅ​ខែត្រ​ណែប‌ថាលី​១ (លោក​នោះ​បាន​យក​នាង​បាស‌ម៉ាត ជា​បុត្រី​សាឡូ‌ម៉ូន ធ្វើ​ជា​ប្រពន្ធ)
16 ប្អាណា ជា​កូន​ហ៊ូសាយ នៅ​ខែត្រ​អេស៊ើរ និង​ស្រុក​អាឡូត​១
17 យេហូ‌សា‌ផាត ជា​កូន​ផារូអា នៅ​ខែត្រ​អ៊ីសាខារ​១
18 ស៊ីម៉ាយ ជា​កូន​អេឡា នៅ​ខែត្រ​បេន‌យ៉ាមីន​១
19 កេប៊ើរ ជា​កូន​អ៊ូរី​១ ដែល​នៅ​ស្រុក​កាឡាត​ជា​ស្រុក​របស់​ស៊ីហុន ស្តេច​សាសន៍​អាម៉ូរី និង​ស្រុក​របស់​អុក ជា​ស្តេច​បាសាន លោក​នោះ​ជា​នាយក​តែ​១​នៅ​ក្នុង​ស្រុក​នោះ។
20 ឯ​ពួក​យូដា និង​ពួក​អ៊ីស្រា‌អែល គេ​មាន​គ្នា​សន្ធឹក​ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ ក៏​តែង‌តែ​បរិភោគ ហើយ​លេង​សប្បាយ
21 ចំណែក​សាឡូ‌ម៉ូន​ទ្រង់​សោយ‌រាជ្យ​លើ​អស់​ទាំង​នគរ ចាប់​តាំង​ពី​ទន្លេ​អ៊ើប្រាត រហូត​ដល់​ស្រុក​ភីលីស្ទីន ហើយ​ទៅ​ដល់​ព្រំ​ស្រុក​អេស៊ីព្ទ​ទៀត នគរ​ទាំង​នោះ ក៏​នាំ​យក​សួយ‌សារ‌អាករ​មក​ថ្វាយ​សាឡូ‌ម៉ូន ព្រម​ទាំង​គោរព​ដល់​ទ្រង់ រហូត​ដល់​អស់​ព្រះ‌ជន្ម
22 ឯ​ស្បៀង​អាហារ​ដែល​ចាត់‌ចែង​សម្រាប់​ព្រះ‌រាជ‌វាំង​ក្នុង​១​ថ្ងៃ នោះ​គឺ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត​៣០​រង្វាល់ ម្សៅ​ធម្មតា​៦០​រង្វាល់
23 គោ​យ៉ាង​ធាត់​១០ គោ​ដែល​រក​ស៊ី​នៅ​វាល​២០ ចៀម​១០០ ព្រម​ទាំង​ប្រើស ឈ្លូស ក្តាន់ និង​សត្វ​ស្លាប​ធាត់ៗ​ផង
24 ដ្បិត​ទ្រង់​មាន​អំណាច​លើ​គ្រប់​ទាំង​អស់ នៅ​ខាង‌អាយ​ទន្លេ ចាប់​តាំង​ពី​ក្រុង​ធីពសា រហូត​ដល់​ក្រុង​កាសា ហើយ​លើ​អស់​ទាំង​ស្តេច​នៅ​ខាង‌អាយ​ទន្លេ​ដែរ ក៏​មាន​សេចក្ដី​សុខ​នៅ​គ្រប់​ទិស​ជុំវិញ
25 ពួក​យូដា និង​ពួក​អ៊ីស្រា‌អែល គេ​នៅ​ដោយ​សុខ‌សាន្ត‌ត្រាណ​គ្រប់​គ្នា នៅ​ក្រោម​ទ្រើង​ទំពាំង‌បាយ‌ជូរ ហើយ​ក្រោម​ដើម​ល្វា​របស់​ខ្លួន ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​បៀរ-សេបា ដរាប​ដល់​អស់​ព្រះ‌ជន្ម​នៃ​សាឡូ‌ម៉ូន
26 ទ្រង់​ក៏​មាន​រោង​សម្រាប់​សេះ​៤​ម៉ឺន ដែល​ទឹម​រទេះ​ចម្បាំង ហើយ​មាន​ពល​សេះ​១​ម៉ឺន​២​ពាន់​នាក់
27 ឯ​ពួក​នាយក​ទាំង​នោះ គេ​ផ្គត់‌ផ្គង់​ស្បៀង​អាហារ សម្រាប់​ស្តេច​សាឡូ‌ម៉ូន និង​អស់​ពួក​អ្នក​ដែល​ចូល​មក​បរិភោគ​នៅ​តុ​របស់​ទ្រង់ គ្រប់​គ្នា​បាន​ផ្គត់‌ផ្គង់​តាម​កំណត់​ខែ​របស់​ខ្លួន​ឥត​មាន​ខ្វះ​អ្វី​ឡើយ
28 បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន ក៏​ដឹក​ស្រូវ​ឱក និង​ចំបើង​សម្រាប់​សេះ និង​សត្វ​ជំនិះ​ផ្សេងៗ មក​ដល់​កន្លែង​ដែល​ពួក​នាយក​ទាំង​នោះ​តាំង​នៅ តាម​ដែល​លោក​បង្គាប់​រៀង​ខ្លួន។
29 ព្រះ‌ទ្រង់​បាន​ប្រទាន​ឲ្យ​សាឡូ‌ម៉ូន​មាន​ប្រាជ្ញា និង​យោបល់​ច្រើន​ក្រៃ‌លែង ព្រម​ទាំង​ព្រះ‌ហឫទ័យ​ធំ​ទូលាយ​ដូច​ជា​បណ្តា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ
30 ប្រាជ្ញា​របស់​សាឡូ‌ម៉ូន​ក៏​លើស​ហួស​ជាង​ប្រាជ្ញា​របស់​អស់​ទាំង​ពួក​ស្រុក​ខាង​កើត ហើយ​និង​អស់​ទាំង​ប្រាជ្ញា​របស់​ស្រុក​អេស៊ីព្ទ​ផង
31 ដ្បិត​ទ្រង់​មាន​ប្រាជ្ញា​លើស​ជាង​មនុស្ស​ទាំង​អស់ គឺ​លើស​ជាង​អេថាន ជា​ពូជ​សេរ៉ា‌គីត ហើយ​លើស​ជាង​ហេម៉ាន កាល់‌កូល និង​ដារដា ជា​កូន​ទាំង​៣​របស់​ម៉ាហូល​ទៅ​ទៀត កិត្តិ‌នាម​របស់​ទ្រង់​ក៏​ឮ​សុស‌សាយ​ទួទៅ​ក្នុង​គ្រប់​ទាំង​នគរ​នៅ​ជុំវិញ
32 ទ្រង់​បាន​និពន្ធ​ពាក្យ​សុភាសិត​៣​ពាន់​ខ ហើយ​ក៏​លើក​ទំនុក​ចម្រៀង​១​ពាន់​៥​បទ
33 ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដើម​ឈើ​ទាំង​ពួង ចាប់​តាំង​ពី​ដើម​តាត្រៅ​ដែល​នៅ​លើ​ភ្នំ​ល្បាណូន រហូត​ដល់​ដើម​ហ៊ីសុប​ដែល​ដុះ​លើ​កំផែង ក៏​មាន​ព្រះ‌បន្ទូល​ពី​សត្វ​ផ្សេងៗ សត្វ​ស្លាប សត្វ​លូន​វារ ហើយ​និង​ត្រី​ផង
34 មាន​មនុស្ស​មូល​មក​ពី​គ្រប់​ទាំង​សាសន៍ ដើម្បី​ស្តាប់​ប្រាជ្ញា​របស់​សាឡូ‌ម៉ូន គឺ​មក​ពី​អស់​ទាំង​ស្តេច​នៅ​ផែនដី ជា​កន្លែង​ដែល​គេ​បាន​ឮ​ថ្លែង​ប្រាប់​ពី​ប្រាជ្ញា​ទ្រង់។