ពង្សាវតារក្សត្រ ទី ១

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22


ជំពូក 11

រីឯ​ស្តេច​សាឡូ‌ម៉ូន ទ្រង់​បាន​ស្រឡាញ់​ពួក​ស្រីៗ​សាសន៍​ដទៃ​ជា​ច្រើន ក្រៅ​ពី​ព្រះ‌រាជ‌បុត្រី​ផារ៉ោន​នោះ គឺ​ជា​ស្ត្រី​សាសន៍​ម៉ូអាប់ សាសន៍​អាំម៉ូន សាសន៍​អេដុម សាសន៍​ស៊ីដូន និង​សាសន៍​ហេត
2 ជា​ស្ត្រី​នៃ​សាសន៍​ផ្សេងៗ ដែល​ព្រះ‌យេហូវ៉ា​បាន​ហាម​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា មិន​ត្រូវ​ឯង​រាល់​គ្នា​ចូល​ទៅ​ឯ​គេ ឬ​ឲ្យ​គេ​ចូល​មក​ឯង​រាល់​គ្នា​ឡើយ ដ្បិត​គេ​នឹង​បង្វែរ​ចិត្ត​ឯង​រាល់​គ្នា​ឲ្យ​ទៅ​តាម​ព្រះ​គេ​ជា​មិន​ខាន តែ​សាឡូ‌ម៉ូន​បាន​ចង​ពន្ធ​នឹង​គេ ដោយ​សេចក្ដី​ស្រឡាញ់​វិញ
3 ទ្រង់​មាន​ភរិយា​ទំាង​អស់​៧០០ សុទ្ធ​តែ​ជា​កូន​ស្តេច​ទាំង​អស់ ហើយ​មាន​ស្រី​អ្នក‌ម្នាង​៣០០ ឯ​ភរិយា​ទាំង​នោះ ក៏​នាំ​បង្វែរ​ព្រះ‌ហឫទ័យ​ទ្រង់​ចេញ
4 ដ្បិត​កាល​ណា​សាឡូ‌ម៉ូន​ទ្រង់​ចាស់​ហើយ នោះ​ភរិយា​ទ្រង់​បាន​បង្វែរ​ព្រះ‌ហឫទ័យ​ទ្រង់​ឲ្យ​ទៅ​តាម​ព្រះ​ដទៃ​វិញ ហើយ​ព្រះ‌ហឫទ័យ​ទ្រង់​មិន​បាន​ស្មោះ‌ត្រង់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់ ដូច​ជា​ព្រះ‌ហឫទ័យ​របស់​ដាវីឌ ជា​បិតា​ទ្រង់​ទេ
5 ពី​ព្រោះ​សាឡូ‌ម៉ូន​ទ្រង់​ប្រតិ‌បត្តិ​តាម​ព្រះ​អាស‌ថារ៉ូត ជា​ព្រះ​នៃ​ពួក​ស៊ីដូន ហើយ​តាម​ព្រះ​មីលកូម ជា​សេចក្ដី​គួរ​ខ្ពើម​របស់​ពួក​អាំម៉ូន​ដែរ
6 សាឡូ‌ម៉ូន​ក៏​ប្រព្រឹត្ត​ការ​ដែល​អាក្រក់​នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ហើយ​មិន​បាន​តាម​ព្រះ‌យេហូវ៉ា​ដោយ​ពេញ​ខ្នាត ដូច​ជា​ដាវីឌ ជា​ព្រះ‌បិតា​ទ្រង់​ដែរ
7 នៅ​គ្រា​នោះ សាឡូ‌ម៉ូន​ទ្រង់​ក៏​ធ្វើ​កន្លែង​សម្រាប់​ថ្វាយ‌បង្គំ​ដល់​ព្រះ​កេម៉ូស ជា​សេចក្ដី​គួរ​ខ្ពើម​របស់​ពួក​ម៉ូអាប់ នៅ​លើ​ទី​ខ្ពស់​១ ដែល​ជា​ភ្នំ​នៅ​ទល់​មុខ​នឹង​ក្រុង​យេរូ‌សាឡឹម និង​សម្រាប់​ព្រះ​ម៉ូឡុក ជា​សេចក្ដី​គួរ​ខ្ពើម​របស់​ពួក​កូន​ចៅ​អាំម៉ូន​ដែរ
8 ទ្រង់​ក៏​ធ្វើ​យ៉ាង​នោះ​សម្រាប់​ដល់​គ្រប់​ទាំង​ភរិយា​របស់​ទ្រង់ ជា​សាសន៍​ដទៃ​ទាំង​នោះ ហើយ​នាង​ទាំង​នោះ​ក៏​ដុត​កំញាន ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​របស់​គេ។
9 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​កើត​មាន​សេចក្ដី​ខ្ញាល់​ចំពោះ​សាឡូ‌ម៉ូន ដោយ​ព្រោះ​ព្រះ‌ហឫទ័យ​ទ្រង់​បាន​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​បាន​លេច​មក​ឲ្យ​ទ្រង់​ឃើញ​២​ដង​ហើយ
10 ក៏​បាន​បង្គាប់​ដល់​ទ្រង់​ពី​ដំណើរ​នេះ​ដែរ ថា មិន​ត្រូវ​ឲ្យ​ទ្រង់​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ​ឡើយ តែ​ទ្រង់​មិន​បាន​រក្សា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​នោះ​ទេ
11 ហេតុ​ដូច្នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​សាឡូ‌ម៉ូន​ថា ដោយ​ព្រោះ​ឯង​បាន​ធ្វើ​យ៉ាង​នេះ ហើយ​មិន​បាន​រក្សា​សេចក្ដី​សញ្ញា​របស់​អញ និង​បញ្ញត្ត​ដែល​អញ​បាន​បង្គាប់​ដល់​ឯង នោះ​បាន​ជា​អញ​នឹង​កន្ត្រាក់​យក​រាជ្យ​ពី​ឯង​វិញ​ជា​ពិត ហើយ​ឲ្យ​ទៅ​អ្នក​បម្រើ​របស់​ឯង​វិញ
12 ប៉ុន្តែ អញ​មិន​ធ្វើ​ក្នុង​គ្រា​នៃ​ជីវិត​ឯង​ទេ ដោយ​យល់​ដល់​ដាវីឌ ជា​ឪពុក​ឯង គឺ​អញ​នឹង​កន្ត្រាក់​យក​ពី​ដៃ​កូន​ឯង​វិញ
13 អញ​ក៏​មិន​យក​នគរ​ទាំង​មូល​ពី​វា​ដែរ គឺ​នឹង​ឲ្យ​ពូជ​អំបូរ​១​ដល់​កូន​ឯង ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​អញ ហើយ​យល់​ដល់​ក្រុង​យេរូ‌សាឡឹម ដែល​អញ​បាន​រើស​ហើយ​ផង។
14 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បណ្តាល​ឲ្យ​មាន​អ្នក​ត​តាំង​នឹង​សាឡូ‌ម៉ូន​ម្នាក់ គឺ​ហាដាឌ់ ជា​សាសន៍​អេដុម​ដែល​ជា​វង្សា​នៃ​ស្តេច​ស្រុក​នោះ
15 ពី​ព្រោះ​កាល​ដាវីឌ​បាន​ទៅ​ស្រុក​អេដុម ហើយ​យ៉ូអាប់​ជា​មេ‌ទ័ព​បាន​ឡើង​ទៅ​កប់​ខ្មោច​នៃ​ពួក​អ្នក​ដែល​ស្លាប់​ក្នុង​ចម្បាំង គឺ​ក្នុង​ពេល​ក្រោយ​ដែល​បាន​សម្លាប់​ពួក​ប្រុសៗ​ទាំង​អស់​នៅ​សាសន៍​អេដុម
16 (ដ្បិត​យ៉ូអាប់ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ បាន​នៅ​ស្រុក​នោះ​អស់​៦​ខែ ទាល់​តែ​បាន​សម្លាប់​ពួក​ប្រុសៗ​នៃ​សាសន៍​អេដុម​នោះ​អស់​រលីង​ទៅ)
17 គ្រា​នោះ ហាដាឌ់​បាន​រត់​រួច ព្រម​ទាំង​សាសន៍​អេដុម​ខ្លះ ដែល​ជា​អ្នក​បម្រើ​របស់​ឪពុក​លោក​ដែរ ក៏​រត់​ទៅ​អាស្រ័យ​នៅ​ស្រុក​អេស៊ីព្ទ ក្នុង​កាល​ដែល​ហាដាឌ់​នៅ​ជា​កុមារ​តូច​នៅ​ឡើយ
18 គេ​នាំ​គ្នា​ចេញ​ពី​ស្រុក​ម៉ាឌាន​ទៅ​ដល់​ស្រុក​ប៉ារ៉ាន ក៏​នាំ​យក​មនុស្ស​ខ្លះ​ពី​ប៉ារ៉ាន​ទៅ​ជា​មួយ​នឹង​គេ ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ គាល់​ផារ៉ោន ជា​ស្តេច​ស្រុក​នោះ ហើយ​ទ្រង់​ក៏​ប្រទាន​ផ្ទះ​១​ឲ្យ​លោក​នៅ និង​ស្រែ​ចម្ការ​ដែរ ព្រម​ទាំង​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​ផង
19 ឯ​ហាដាឌ់ បាន​ប្រកប​ដោយ​គុណ​របស់​ផារ៉ោន​យ៉ាង​ធំ ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ប្អូន​របស់​ភរិយា​ទ្រង់ គឺ​ជា​ប្អូន​នាង​ថាផ្នេស ដែល​ជា​អគ្គ‌មហេសី ឲ្យ​ធ្វើ​ជា​ប្រពន្ធ​លោក
20 ប្អូន​របស់​នាង​ថាផ្នេស​ក៏​បង្កើត​កូន​ប្រុស​១​ឲ្យ​លោក ឈ្មោះ​ថា កេនូ‌បាត ហើយ​នាង​ថាផ្នេស​ក៏​ផ្តាច់​ដោះ នៅ​ក្នុង​ដំណាក់​ផារ៉ោន រួច​កេនូ‌បាត​បាន​នៅ​ក្នុង​ដំណាក់​ផារ៉ោន​ជា​មួយ​នឹង​ព្រះ‌រាជ‌បុត្រ​នៃ​ស្តេច
21 ក្រោយ​មក កាល​ហាដាឌ់​បាន​ឮ​នៅ​ស្រុក​អេស៊ីព្ទ​ថា ដាវីឌ​បាន​ផ្ទំ​លក់​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ហើយ ព្រម​ទាំង​យ៉ូអាប់​ជា​មេ‌ទ័ព​ដែរ នោះ​ហាដាឌ់​ទូល​ផារ៉ោន​ថា សូម​ឲ្យ​ទូល‌បង្គំ​ត្រឡប់​ទៅ​ឯ​ស្រុក​ទូល‌បង្គំ​វិញ
22 តែ​ផារ៉ោន​មាន​ព្រះ‌បន្ទូល​សួរ​ថា នៅ​ជា​មួយ​នឹង​យើង​នេះ តើ​ឯង​មាន​ខ្វះ‌ខាត​អ្វី បាន​ជា​ចង់​ត្រឡប់​ទៅ​ស្រុក​វិញ​ដូច្នេះ លោក​ទូល​ឆ្លើយ​ថា គ្មាន​ខ្វះ​អ្វី​ទេ ប៉ុន្តែ សូម​ឲ្យ​តែ​ទូល‌បង្គំ​បាន​ទៅ​ចុះ។
23 ព្រះ​ក៏​បណ្តា​ឲ្យ​មាន​អ្នក​តតាំង​នឹង​ទ្រង់​ម្នាក់​ទៀត គឺ​ឈ្មោះ​រេសោន ជា​កូន​អេលី‌យ៉ាដា ជា​អ្នក​ដែល​បាន​រត់​ពី​ហាដា-រេស៊ើរ ជា​ស្តេច​សូបា ចៅ‌ហ្វាយ​របស់​ខ្លួន
24 អ្នក​នោះ​ក៏​ប្រមូល​មនុស្ស​មក​តាម​ខ្លួន ហើយ​បាន​ធ្វើ​ជា​មេ‌ទ័ព​លើ​ពួក​នោះ ក្នុង​គ្រា​ដែល​ដាវីឌ​បាន​សម្លាប់​ពួក​សូបា រួច​គេ​ទៅ​អាស្រ័យ​នៅ​ក្រុង​ដាម៉ាស ហើយ​បាន​គ្រប់‌គ្រង​នៅ​ទី​នោះ
25 អ្នក​នោះ​ក៏​ទាស់​ទទឹង​នឹង​សាសន៍​អ៊ីស្រា‌អែល រហូត​ដល់​អស់​ព្រះ‌ជន្ម​នៃ​សាឡូ‌ម៉ូន នេះ​ជា​ការ​ប្រទូស‌រ៉ាយ ក្រៅ​ពី​ការ​ដែល​ហាដាឌ់​បាន​ធ្វើ ឯ​រេសោន​បាន​ស្អប់​ខ្ពើម​ដល់​សាសន៍​អ៊ីស្រា‌អែល ក៏​សោយ‌រាជ្យ​លើ​ស្រុក​ស៊ីរី។
26 ឯ​យេរ៉ូ‌បោម កូន​នេបាត ជា​ពួក​អេប្រា‌អិម ពី​ស្រុក​សេរេដា ជា​អ្នក​បម្រើ​សាឡូ‌ម៉ូន ដែល​ម្តាយ​ជា​ស្រី​មេម៉ាយ​ឈ្មោះ​សេរូអា នោះ​ក៏​បាន​លើក​ដៃ​ឡើង​ទាស់​នឹង​ស្តេច​ដែរ
27 ហើយ​ហេតុ​ដែល​លើក​ដៃ​ទាស់​នឹង​ស្តេច នោះ​គឺ​ពី​ព្រោះ​សាឡូ‌ម៉ូន​ទ្រង់​បាន​សង់​ប៉ម​មីឡូរ ព្រម​ទាំង​ជួស‌ជុល​ទី​បាក់​បែក​នៃ​កំផែង​ទី​ក្រុង​របស់​ដាវីឌ ជា​ព្រះ‌បិតា​ទ្រង់
28 យេរ៉ូ‌បោម​នេះ ជា​អ្នក​ក្លាហាន​ស្ទាត់​ជំនាញ សាឡូ‌ម៉ូន​ទ្រង់​ឃើញ​ថា អ្នក​កំលោះ​នេះ​មាន​ចិត្ត​ឧស្សាហ៍​ធ្វើ​ការ បាន​ជា​ទ្រង់​តាំង​ឲ្យ​ត្រួត​លើ​ការ​ទាំង​អស់​របស់​ពូជ‌ពង្ស​យ៉ូសែប
29 នៅ​គ្រា​នោះ មាន​កាល​១​ថ្ងៃ​យេរ៉ូ‌បោម​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ ហើយ​ហោរា​អ័ហ៊ីយ៉ា​ជា​ពួក​ក្រុង​ស៊ីឡូរ ក៏​ប្រទះ​នឹង​លោក​នៅ​កណ្តាល​ផ្លូវ មាន​តែ​គ្នា​២​នាក់​នៅ​កណ្តាល​វាល​នោះ
30 ឯ​អ័ហ៊ីយ៉ា លោក​បាន​ពាក់​អាវ​ថ្មី ក៏​ចាប់​អាវ​ថ្មី​នោះ ហែក​ជា​១២​ផ្នែក​ទៅ
31 រួច​ប្រាប់​ដល់​យេរ៉ូ‌បោម​ថា ចូរ​អ្នក​យក​១០​ផ្នែក​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​កន្ត្រាក់​យក​រាជ្យ​ពី​ដៃ​សាឡូ‌ម៉ូន ហើយ​និង​ឲ្យ​ពូជ​អំបូរ​១០​ដល់​ឯង​វិញ
32 (តែ​សាឡូ‌ម៉ូន​នឹង​បាន​ពូជ​អំបូរ​១ ដោយ​អញ​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​អញ ហើយ​យល់​ដល់​ក្រុង​យេរូ‌សាឡឹម ដែល​អញ​បាន​រើស​ចេញ​ពី​អស់​ទាំង​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ផង)
33 ពី​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​អញ ហើយ​បាន​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌អាស‌ថារ៉ូត ជា​ព្រះ​នៃ​សាសន៍​ស៊ីដូន និង​កេម៉ូស ជា​ព្រះ​នៃ​សាសន៍​ម៉ូអាប់ ហើយ​មីលកូម ជា​ព្រះ​នៃ​ពួក​កូន​ចៅ​អាំម៉ូន​វិញ គេ​មិន​បាន​ដើរ​តាម​ផ្លូវ​អញ ដើម្បី​នឹង​ប្រព្រឹត្ត​សេចក្ដី​ដែល​ទៀង​ត្រង់​នៅ​ភ្នែក​អញ ហើយ​កាន់​តាម​បញ្ញត្ត និង​សេចក្ដី​យុត្តិ‌ធម៌​របស់​អញ ដូច​ជា​ដាវីឌ ជា​បិតា​ទ្រង់​ទេ
34 ប៉ុន្តែ អញ​មិន​យក​រាជ្យ​ទាំង​មូល​ពី​ដៃ​ទ្រង់​ទេ គឺ​នឹង​ឲ្យ​ទ្រង់​ធ្វើ​ជា​ស្តេច រហូត​ដល់​អស់​ព្រះ‌ជន្ម ដោយ​ព្រោះ​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​អញ​ដែល​អញ​បាន​រើស ជា​អ្នក​ដែល​បាន​កាន់​តាម​បញ្ញត្ត និង​ក្រឹត្យ‌ក្រម​ទាំង​ប៉ុន្មាន​របស់​អញ
35 អញ​នឹង​យក​រាជ្យ​ពី​ដៃ​របស់​បុត្រ​ទ្រង់​វិញ ហើយ​និង​ឲ្យ​ពូជ​អំបូរ​១០​មក​ឯង
36 ឯ​បុត្រ​របស់​ទ្រង់ អញ​នឹង​ឲ្យ​ពូជ​អំបូរ​១ ដើម្បី​ឲ្យ​ដាវីឌ​ជា​អ្នក​បម្រើ​អញ បាន​ចង្កៀង​១​ភ្លឺ​ជា​ដរាប​នៅ​ចំពោះ​អញ ក្នុង​ក្រុង​យេរូ‌សាឡឹម ជា​ទី​ក្រុង​ដែល​អញ​បាន​រើស​សម្រាប់​តាំង​ឈ្មោះ​អញ
37 អញ​នឹង​យក​ឯង​តាំង​ឡើង ហើយ​ឯង​នឹង​គ្រប់‌គ្រង​តាម​បំណង​ចិត្ត ព្រម​ទាំង​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល
38 ដូច្នេះ បើ​ឯង​នឹង​ស្តាប់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​បង្គាប់ ហើយ​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ​នៅ​ភ្នែក​អញ ដោយ​កាន់​តាម​បញ្ញត្ត និង​ក្រឹត្យ‌ក្រម​របស់​អញ ដូច​ជា​ដាវីឌ​ជា​អ្នក​បម្រើ​អញ​ដែរ នោះ​អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង ហើយ​និង​តាំង​ជំនួរ​វង្ស​ឯង​ឡើង​ឲ្យ​ខ្ជាប់‌ខ្ជួន ដូច​ជា​អញ​បាន​តាំង​ឲ្យ​ដាវីឌ​ដែរ អញ​នឹង​ប្រគល់​ពួក​អ៊ីស្រា‌អែល​ឲ្យ​ដល់​ឯង
39 អញ​នឹង​ផ្ចាញ់‌ផ្ចាល​វង្សា​ដាវីឌ​ដោយ‌សារ​ការ​នោះ តែ​មិន​មែន​ជា​ដរាប​ទេ
40 ដូច្នេះ សាឡូ‌ម៉ូន​ទ្រង់​រក​សម្លាប់​យេរ៉ូ‌បោម តែ​យេរ៉ូ‌បោម​រត់​ទៅ​ឯ​ស៊ីសាក ជា​ស្តេច​ស្រុក​អេស៊ីព្ទ ក៏​នៅ​ស្រុក​នោះ​ដរាប​ដល់​សាឡូ‌ម៉ូន​អស់​ព្រះ‌ជន្ម​ទៅ។
41 រីឯ​ដំណើរ​ឯ​ទៀត​ពី​សាឡូ‌ម៉ូន និង​ការ​ដែល​ទ្រង់​បាន​ធ្វើ​ទាំង​ប៉ុន្មាន ហើយ​ប្រាជ្ញា​របស់​ទ្រង់ នោះ​សុទ្ធ​តែ​កត់​ទុក​ក្នុង​សៀវភៅ ពី​កិច្ច‌ការ​របស់​សាឡូ‌ម៉ូន​ហើយ
42 សាឡូ‌ម៉ូន​ទ្រង់​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល នៅ​ក្រុង​យេរូ‌សាឡឹម​បាន​៤០​ឆ្នាំ
43 ទ្រង់​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ គេ​បញ្ចុះ​សព​នៅ​ក្នុង​ក្រុង​របស់​ដាវីឌ ជា​បិតា​ទ្រង់ រួច​រេហូ‌បោម ជា​បុត្រា​ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា។