ពង្សាវតារក្សត្រ ទី ១

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22


ជំពូក 13

ខណៈ​នោះ មាន​អ្នក​សំណប់​របស់​ព្រះ​ម្នាក់​ចេញ​ពី​ស្រុក​យូដា មក​ដល់​បេត-អែល តាម​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា ឯ​យេរ៉ូ‌បោម ទ្រង់​កំពុង​តែ​ឈរ​នៅ​មុខ​អាសនៈ ដើម្បី​ដុត​កំញាន
2 អ្នក​នោះ​ស្រែក​ឡើង ទាស់​នឹង​អាសនៈ​ដោយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ថា ម្នាល​អាសនៈៗ​អើយ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល នឹង​មាន​បុត្រា​១​កើត​មក​ក្នុង​ព្រះ​វង្ស​របស់​ដាវីឌ ព្រះ‌នាម​យ៉ូសៀស ទ្រង់​នឹង​ថ្វាយ​ពួក​សង្ឃ​នៃ​អស់​ទាំង​ទី​ខ្ពស់​ដែល​ដុត​កំញាន​នៅ​លើ​ឯង ទុក​ជា​យញ្ញ‌បូជា​នៅ​លើ​ឯង ព្រម​ទាំង​ដុត​ឆ្អឹង​មនុស្ស​នៅ​លើ​ឯង​ដែរ
3 អ្នក​នោះ​ក៏​ប្រាប់​ទី​សម្គាល់​១​នៅ​ថ្ងៃ​នោះ​ដែរ ដោយ​ពាក្យ​ថា នេះ​ជា​ទី​សម្គាល់​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ មើល អាសនៈ​នេះ​នឹង​បាក់​បែក​ទៅ ហើយ​ផេះ​នៅ​លើ នឹង​ត្រូវ​ខ្ចាយ​ចេញ
4 កាល​ស្តេច​យេរ៉ូ‌បោម​ទ្រង់​ឮ​ពាក្យ ដែល​អ្នក​សំណប់​របស់​ព្រះ​បាន​ស្រែក​ទាស់​នឹង​អាសនៈ នៅ​ក្រុង​បេត-អែល​ដូច្នោះ នោះ​ទ្រង់​ក៏​ដក​ព្រះ‌ហស្ត​ពី​អាសនៈ​ចង្អុល​ទៅ​ថា ចូរ​ចាប់​វា​ទៅ ឯ​ព្រះ‌ហស្ត​ដែល​ទ្រង់​បាន​ចង្អុល​ទៅ​គាត់​នោះ ក៏​ស្វិត​ទៅ​កន្ត្រាក់​មក​វិញ​មិន​បាន
5 អាសនៈ​នោះ​ក៏​បាក់​បែក ហើយ​ផេះ​ក៏​ខ្ចាត់​ខ្ចាយ​ពី​លើ​ទៅ តាម​ទី​សម្គាល់​ដែល​អ្នក​សំណប់​របស់​ព្រះ​បាន​ប្រាប់ ដោយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
6 នោះ​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​សំណប់​របស់​ព្រះ​ថា សូម​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក ហើយ​អធិ‌ស្ឋាន​ឲ្យ​ខ្ញុំ​ផង ដើម្បី​ឲ្យ​ដៃ​ខ្ញុំ​បាន​ជា​ឡើង​វិញ អ្នក​សំណប់​របស់​ព្រះ​ក៏​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា រួច​ព្រះ‌ហស្ត​ស្តេច​បាន​ជា​ឡើង​ដូច​កាល​ដើម​វិញ
7 ដូច្នេះ ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​សំណប់​របស់​ព្រះ​ថា អញ្ជើញ​ទៅ​ផ្ទះ​ខ្ញុំ​លំហើយ​ខ្លួន​បន្តិច​សិន ខ្ញុំ​នឹង​ឲ្យ​រង្វាន់​ដល់​អ្នក
8 តែ​អ្នក​សំណប់​របស់​ព្រះ​ទូល​ឆ្លើយ​ថា បើ​ទុក​ជា​ទ្រង់​ប្រទាន​ដំណាក់​ទ្រង់​១​ចំហៀង​មក​ទូល‌បង្គំ ក៏​ទូល‌បង្គំ​មិន​ទៅ​ជា​មួយ​នឹង​ទ្រង់​ដែរ ទូល‌បង្គំ​មិន​ព្រម​ទទួល​ទាន​នំបុ័ង ឬ​ទឹក​នៅ​ទី​នេះ​ឡើយ
9 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ហាម​ទូល‌បង្គំ​ថា កុំ​ឲ្យ​ឯង​បរិភោគ​អាហារ​ឬ​ទឹក ហើយ​កុំ​ឲ្យ​វិល​មក​វិញ​តាម​ផ្លូវ​ដែល​ឯង​ទៅ​នោះ​ឡើយ
10 ដូច្នេះ គាត់​ក៏​ចេញ​ទៅ​តាម​ផ្លូវ​១​ទៀត ឥត​វិល​ទៅ​តាម​ផ្លូវ​ដែល​មក​ដល់​ក្រុង​បេត-អែល​នោះ​ទេ។
11 រីឯ​នៅ​ក្រុង​បេត-អែល មាន​ហោរា​ចាស់​ម្នាក់ ឯ​កូន​គាត់​ម្នាក់ ក៏​មក​ប្រាប់​ឪពុក​ពី​គ្រប់​ទាំង​ការ​ដែល​អ្នក​សំណប់​របស់​ព្រះ​បាន​ធ្វើ នៅ​ក្រុង​បេត-អែល នា​ថ្ងៃ​នោះ ព្រម​ទាំង​ពាក្យ​ទាំង​ប៉ុន្មាន ដែល​គាត់​បាន​ទូល​ដល់​ស្តេច​ដែរ
12 ឯ​ផ្លូវ​ដែល​អ្នក​សំណប់​របស់​ព្រះ មក​ពី​ស្រុក​យូដា​បាន​ទៅ​វិញ នោះ​កូន​គាត់​ក៏​បាន​ឃើញ ដូច្នេះ គាត់​សួរ​កូន​ថា តើ​អ្នក​នោះ​បាន​ចេញ​ទៅ​តាម​ផ្លូវ​ណា
13 រួច​គាត់​ប្រាប់​កូន​ថា ចូរ​ចង​កែប​លា​ឲ្យ​អញ កូន​ក៏​ចង​កែប​លា ហើយ​គាត់​ឡើង​ជិះ​ទៅ
14 គាត់​ទៅ​តាម​អ្នក​សំណប់​របស់​ព្រះ បាន​ទាន់​ឃើញ​កំពុង​អង្គុយ​នៅ​ក្រោម​ដើម​ម៉ៃសាក់ ក៏​សួរ​ថា តើ​អ្នក​ជា​អ្នក​សំណប់​របស់​ព្រះ ដែល​មក​ពី​ស្រុក​យូដា​ឬ​អី អ្នក​នោះ​ឆ្លើយ​ថា គឺ​ខ្ញុំ​នេះ​ហើយ
15 រួច​គាត់​និយាយ​ថា សូម​អញ្ជើញ​ទៅ​ពិសា​អាហារ​នៅ​ឯ​ផ្ទះ​ជា​មួយ​នឹង​ខ្ញុំ​សិន
16 តែ​អ្នក​នោះ​ឆ្លើយ​តប​ថា ខ្ញុំ​គ្មាន​ច្បាប់​នឹង​ត្រឡប់​ជា​មួយ​នឹង​អ្នក ឬ​ចូល​ទៅ​ក្នុង​ផ្ទះ​អ្នក​ឡើយ ក៏​មិន​ព្រម​ទទួល​ទាន​អាហារ ឬ​ទឹក ជា​មួយ​នឹង​អ្នក​នៅ​ស្រុក​នេះ​ដែរ
17 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ហាម​ថា មិន​ត្រូវ​ឲ្យ​បរិភោគ​អាហារ ឬ​ទឹក នៅ​ស្រុក​នោះ​ឡើយ ក៏​មិន​ត្រូវ​វិល​ទៅ​វិញ តាម​ផ្លូវ​ដែល​ឯង​បាន​ចូល​មក​នោះ​ដែរ
18 តែ​គាត់​និយាយ​ថា ខ្ញុំ​ក៏​ជា​ហោរា​ដូច​អ្នក​ដែរ ហើយ​មាន​ទេវតា​ប្រាប់​ខ្ញុំ​ដោយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ថា ចូរ​ទៅ​នាំ​អ្នក​នោះ​មក​ឯ​ផ្ទះ​ជា​មួយ​នឹង​ឯង​វិញ ដើម្បី​ឲ្យ​បាន​បរិភោគ​ភោជន៍ គឺ​គាត់​កុហក​ដល់​អ្នក​នោះ​ទេ
19 ដូច្នេះ អ្នក​នោះ​ក៏​ត្រឡប់​ទៅ​ជា​មួយ ព្រម​ទាំង​បរិភោគ​នៅ​ក្នុង​ផ្ទះ​គាត់​ផង។
20 កាល​អ្នក​ទាំង​២​កំពុង​តែ​អង្គុយ​នៅ​តុ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ហោរា​ដែល​បាន​នាំ​គាត់​ត្រឡប់​មក​វិញ
21 ហើយ​អ្នក​នោះ​បន្លឺ​វាចា​ឡើង​ដល់​អ្នក​សំណប់​របស់​ព្រះ ដែល​មក​ពី​ស្រុក​យូដា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​ឯង​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​មិន​បាន​កាន់​តាម​បញ្ញត្ត​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​បាន​ហាម‌ប្រាម
22 គឺ​បាន​វិល​មក​វិញ ព្រម​ទាំង​បរិភោគ​នៅ​ក្នុង​ស្រុក​ដែល​អញ​បាន​ហាម​ឯង​ថា កុំ​ឲ្យ​បរិភោគ​ភោជន៍​ឡើយ នោះ​ខ្មោច​របស់​ឯង​នឹង​មិន​បាន​បញ្ចុះ​ក្នុង​ផ្នូរ នៃ​ពួក​អយ្យកោ​ឯង​ឡើយ
23 ក្រោយ​ដែល​បាន​បរិភោគ​រួច​ហើយ នោះ​គាត់​ក៏​ចង​កែប​លា​ឲ្យ​ហោរា​ដែល​បាន​នាំ​មក​វិញ បាន​ចេញ​ទៅ
24 លុះ​កាល​អ្នក​នោះ​បាន​ចេញ​ទៅ​ហើយ ក៏​ប្រទះ​នឹង​សិង្ហ​១​តាម​ផ្លូវ សិង្ហ​ក៏​សម្លាប់​គាត់​ទៅ ហើយ​សព​របស់​គាត់​ដេក​នៅ​កណ្តាល​ផ្លូវ សត្វ​លា​ឈរ​នៅ​ជិត ឯ​សិង្ហ​ក៏​ឈរ​នៅ​ក្បែរ​សព​ដែរ
25 ហើយ​មើល មាន​មនុស្ស​ដើរ​ទៅ​មក​តាម​នោះ បាន​ឃើញ​សព​ដេក​នៅ​កណ្តាល​ផ្លូវ និង​សិង្ហ​ឈរ​នៅ​ជិត​ដូច្នោះ គេ​ក៏​ទៅ​ប្រាប់​ដល់​ក្នុង​ទី​ក្រុង ជា​ទី​លំនៅ​នៃ​ហោរា​ចាស់​នោះ។
26 កាល​ដំណឹង​បាន​ឮ​ទៅ​ដល់​ហោរា​ដែល​នាំ​គាត់​ពី​ផ្លូវ​មក​វិញ គាត់​ក៏​និយាយ​ថា នេះ​គឺ​ជា​អ្នក​សំណប់​របស់​ព្រះ ដែល​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ហើយ បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​ទៅ​ឲ្យ​សត្វ​សិង្ហ​ហែក​សម្លាប់​បង់ តាម​សេចក្ដី​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​នោះ
27 រួច​គាត់​បង្គាប់​ទៅ​កូន​ថា ចូរ​ចង​កែប​លា​ឲ្យ​អញ កូន​ក៏​ចង​ឲ្យ
28 នោះ​គាត់​ក៏​ចេញ​ទៅ ឃើញ​សព​ដេក​នៅ​កណ្តាល​ផ្លូវ និង​សត្វ​លា ហើយ​សិង្ហ​កំពុង​តែ​ឈរ​នៅ​ជិត សិង្ហ​នោះ​មិន​បាន​ស៊ី​សព​ឬ​ហែក​លា​ឡើយ
29 ដូច្នេះ ហោរា​ចាស់​ក៏​លើក​ដាក់​លើ​លា នាំ​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​របស់​ខ្លួន ដើម្បី​នឹង​កាន់​ទុក្ខ ហើយ​បញ្ចុះ​សព​នៃ​អ្នក​សំណប់​របស់​ព្រះ
30 គាត់​ក៏​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​របស់​ខ្លួន ហើយ​នាំ​គ្នា​កាន់​ទុក្ខ ដោយ​ពាក្យ​ថា ស្តាយ​ណាស់​ប្អូន​អើយ
31 កាល​ក្រោយ​ដែល​បាន​បញ្ចុះ​រួច​ហើយ នោះ​គាត់​ផ្តាំ​កូន​ថា កាល​ណា​អញ​ស្លាប់​ទៅ ត្រូវ​ឲ្យ​បញ្ចុះ​សព​អញ​នៅ​ក្នុង​ផ្នូរ​ដែល​បាន​បញ្ចុះ​អ្នក​សំណប់​របស់​ព្រះ​នេះ​ដែរ ចូរ​ដាក់​ឆ្អឹង​អញ​នៅ​ទន្ទឹម​គ្នា
32 ពី​ព្រោះ​ពាក្យ​ដែល​គាត់​បាន​ស្រែក ដោយ​នូវ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ទាស់​នឹង​អាសនៈ​នៅ​ក្រុង​បេត-អែល ហើយ​ទាស់​នឹង​អស់​ទាំង​វិហារ​នៅ​ទី​ខ្ពស់ ដែល​នៅ​ក្នុង​ក្រុង​ស្រុក​សាម៉ារី​ទាំង​ប៉ុន្មាន នោះ​នឹង​កើត​មក​ជា​ពិត។
33 ក្រោយ​ការ​នោះ​មក យេរ៉ូ‌បោម​ក៏​នៅ​តែ​មិន​ព្រម​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​ទ្រង់​ឡើយ គឺ​ទ្រង់​ចេះ​តែ​យក​មនុស្ស​ពី​បណ្តា‌ជន​ទាំង‌ឡាយ តាំង​ឡើង​ឲ្យ​ធ្វើ​ជា​សង្ឃ​នៃ​អស់​ទាំង​ទី​ខ្ពស់​ទៀត ឯ​អ្នក​ណា​ដែល​ចង់​ធ្វើ​ជា​សង្ឃ នោះ​ទ្រង់​ក៏​ប្រោស​តាំង​ឲ្យ​អ្នក​នោះ​ធ្វើ​ជា​សង្ឃ​នៃ​អស់​ទាំង​ទី​ខ្ពស់​ទៅ
34 ដំណើរ​នោះ​ក៏​ត្រឡប់​ជា​បាប​ដល់​ព្រះ‌វង្សា​យេរ៉ូ‌បោម រហូត​ដល់​ត្រូវ​កាត់‌កាល់ ហើយ​លាញ​ចេញ​ពី​ផែនដី​ទៅ។