និក្ខមនំ
ជំពូក 31
ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
2 មើល អញបានហៅបេតសាលាល ជាកូនយូរី ដែលជាកូនហ៊ើរ ក្នុងពូជអំបូរយូដា
3 ហើយអញបានបំពេញគាត់ដោយព្រះវិញ្ញាណនៃព្រះ ឲ្យមានគំនិតវាងវៃ មានយោបល់មានចំណេះចេះធ្វើការគ្រប់មុខទាំងអស់
4 ឲ្យបានប្រសប់នឹងបង្កើតអស់ទាំងការ គឺឲ្យចេះការខាងគ្រឿងមាស ប្រាក់ ហើយនិងលង្ហិន
5 ចេះច្នៃត្បូងសម្រាប់ដាំ ចេះឆ្លាក់ឈើ និងការគ្រប់មុខទាំងអស់ផង
6 ហើយអញបានហៅអូហូលីអាប់ កូនអ័ហ៊ីសាម៉ាក់ ជាពូជអំបូរដាន់ ឲ្យមកធ្វើការជាមួយនឹងគាត់ដែរ ឯអស់អ្នកណាដែលចំណានការនោះអញក៏បានបន្ថែមឲ្យមានតម្រិះប្រាជ្ញា ដើម្បីនឹងធ្វើអស់ទាំងរបស់ដែលអញបានបង្គាប់ដល់ឯង
7 គឺត្រសាលជំនុំ១ ហឹបនៃសេចក្ដីបន្ទាល់១ ទីសន្តោសប្រោសដែលនៅលើហឹបនោះ១ ហើយនិងអស់ទាំងប្រដាប់សម្រាប់ត្រសាល
8 គឺតុ និងគ្រឿងប្រដាប់នៃតុ ជើងចង្កៀងមាសសុទ្ធ និងប្រដាប់របស់ចង្កៀង អាសនៈគ្រឿងក្រអូប
9 អាសនៈតង្វាយដុត និងគ្រឿងប្រដាប់នៃអាសនៈនោះ ចានក្លាំ និងជើងនៃចាននោះ
10 អស់ទាំងសម្លៀកបំពាក់សម្រាប់ការងារ គឺសម្លៀកបំពាក់បរិសុទ្ធសម្រាប់អើរ៉ុន ជាអ្នកថ្វាយបូជា និងអស់ទាំងសម្លៀកបំពាក់ របស់ពួកកូនចៅលោក ដែលសម្រាប់ការងារជាសង្ឃ
11 ប្រេងចាក់លាប និងគ្រឿងក្រអូប សម្រាប់ទីបរិសុទ្ធផង អ្នកទាំងនោះនឹងធ្វើតាមអស់ទាំងសេចក្ដីដែលអញបានបង្គាប់ដល់ឯង។
12 ព្រះយេហូវ៉ាទ្រង់ក៏បង្គាប់ម៉ូសេ
13 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ត្រូវឲ្យឯងរាល់គ្នាកាន់អស់ទាំងថ្ងៃឈប់សម្រាករបស់អញជាកុំខាន ដ្បិតនោះជាទីសម្គាល់ដល់អញ ហើយនិងឯងរាល់គ្នា នៅអស់ទាំងតំណតទៅ ដើម្បីឲ្យបានដឹងថា អញនេះជាព្រះយេហូវ៉ាដែលញែកឯងរាល់គ្នាចេញជាបរិសុទ្ធ
14 ដូច្នេះ ត្រូវឲ្យរក្សាថ្ងៃឈប់សម្រាកទាំងនោះ ដ្បិតថ្ងៃនោះជាថ្ងៃបរិសុទ្ធដល់ឯងរាល់គ្នា អស់អ្នកណាដែលប្រព្រឹត្តកន្លងចំពោះថ្ងៃនោះ នឹងត្រូវសម្លាប់ជាមិនខាន ឯអ្នកណាដែលធ្វើការអ្វីនៅថ្ងៃនោះ នឹងត្រូវកាត់កាល់ពីសាសន៍របស់ខ្លួនចេញ
15 ក្នុងរវាង៦ថ្ងៃ នោះត្រូវធ្វើការបាន តែថ្ងៃទី៧ នោះជាថ្ងៃឈប់សម្រាកវិញ គឺជាថ្ងៃបរិសុទ្ធដល់ព្រះយេហូវ៉ា ឯអស់អ្នកណាដែលធ្វើការអ្វីនៅថ្ងៃឈប់សម្រាក នោះនឹងត្រូវសម្លាប់ចោលជាមិនខាន
16 ហេតុនោះបានជាត្រូវឲ្យពួកកូនចៅអ៊ីស្រាអែលបានស្មោះត្រង់ដល់ថ្ងៃឈប់សម្រាកនោះ ដើម្បីនឹងកាន់តាមនៅអស់ទាំងតំណគេតរៀងទៅ ទុកជាសេចក្ដីសញ្ញានៅអស់កល្បជានិច្ច
17 នោះហើយជាទីសម្គាល់ដល់អញ ហើយនិងពួកកូនចៅអ៊ីស្រាអែល ជាដរាបរៀងរាបតទៅ ដ្បិតព្រះយេហូវ៉ាទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដីក្នុងរវាង៦ថ្ងៃ លុះដល់ថ្ងៃទី៧ នោះទ្រង់ក៏ឈប់សម្រាក ហើយបានលំហើយព្រះអង្គវិញ។
18 កាលព្រះបានមានព្រះបន្ទូលនឹងម៉ូសេនៅលើភ្នំស៊ីណាយរួចសព្វគ្រប់ហើយ នោះទ្រង់ក៏ប្រទានសេចក្ដីបន្ទាល់ដល់លោក ជាសេចក្ដីដែលទ្រង់បានសរសេរចុះនឹងបន្ទះថ្ម២ផ្ទាំង ដោយអង្គុលីព្រះហស្ត។