និក្ខមនំ
ជំពូក 21
នេះជាមាត្រាច្បាប់ទាំងប៉ុន្មានដែលឯងត្រូវយកទៅដាក់នៅមុខគេ។
2 បើឯងទិញបាវជាសាសន៍ហេព្រើរ នោះវាត្រូវនៅបម្រើតែ៦ឆ្នាំទេ លុះដល់ឆ្នាំទី៧ នោះនឹងរួចចេញទៅទទេឥតសងអ្វីឡើយ
3 បើវាបានមកតែម្នាក់ឯង នោះនឹងចេញទៅតែម្នាក់ដែរ តែបើមានប្រពន្ធផង នោះប្រពន្ធនឹងចេញទៅជាមួយគ្នា
4 បើប្រពន្ធនោះជាស្ត្រីដែលចៅហ្វាយបានឲ្យ ហើយនាងបានបង្កើតកូនប្រុស ឬស្រីឲ្យវា នោះប្រពន្ធ និងកូនទាំងប៉ុន្មានជារបស់ផងចៅហ្វាយវាវិញ ឯវាត្រូវចេញទៅតែខ្លួនប៉ុណ្ណោះ
5 តែបើបាវនោះនិយាយថា ខ្ញុំស្រឡាញ់ចៅហ្វាយខ្ញុំ និងប្រពន្ធកូនខ្ញុំណាស់ ខ្ញុំមិនចេញទៅទេ
6 នោះចៅហ្វាយត្រូវនាំវាទៅឯចំពោះព្រះ រួចត្រូវនាំទៅឯទ្វារ ឬបង្គោលទ្វារណាក្តី ហើយយកដែកចោះមកចោះត្រចៀកវា ដូច្នេះ បាវនោះនឹងត្រូវនៅបម្រើចៅហ្វាយជាដរាបទៅ។
7 បើមនុស្សណាលក់កូនស្រីឲ្យទៅធ្វើជាបាវបម្រើគេ រូបកូននោះឯងនឹងចេញទៅដូចជាបាវប្រុសពុំបានទេ
8 បើនាងមិនជាទីពេញចិត្តដល់ចៅហ្វាយដែលបានយកនាងហើយ នោះគាត់នឹងបើកឲ្យគេលោះនាងចេញបាន តែគ្មានច្បាប់នឹងលក់នាងឲ្យទៅអ្នកប្រទេសក្រៅណា ក្រោយដែលបានបញ្ឆោតនាងហើយនោះទេ
9 តែបើគាត់បានយកមកបម្រុងទុកឲ្យកូនប្រុសវិញ នោះត្រូវប្រព្រឹត្តនឹងនាងតាមធម្មតាច្បាប់ជាកូនស្រី
10 បើបានយកសម្រាប់ខ្លួនឯង រួចទៅយកប្រពន្ធ១ទៀត នោះមិនត្រូវបន្ថយអាហារ ឬសម្លៀកបំពាក់ ឬច្បាប់ជាប្ដីចេញពីប្រពន្ធដើមសោះឡើយ
11 តែបើសិនជាគាត់មិនធ្វើតាមសេចក្ដីទាំង៣ប្រការនេះដល់នាងទេ នោះនាងនឹងត្រូវចេញបានទទេ ឥតសងប្រាក់អ្វីឡើយ។
12 អ្នកណាដែលវាយមនុស្សដល់ស្លាប់ នោះនឹងត្រូវសម្លាប់ចេញជាមិនខាន
13 តែបើមិនបានលបវាយទេ គឺដោយព្រះបានឲ្យគេស្លាប់ ដោយសារដៃអ្នកនោះវិញ នោះអញនឹងតាំងឲ្យមានកន្លែង១ ដែលអ្នកនោះនឹងរត់ទៅទីពឹងបាន
14 ប៉ុន្តែ បើសិនជាអ្នកណាបានប្រព្រឹត្តដោយចិត្តព្រហើនចំពោះអ្នកជិតខាង ទាំងសម្លាប់ដោយឧបាយកល នោះទោះបើបានចូលទៅទីពឹងដល់អាសនៈអញក៏ដោយ គង់តែត្រូវចាប់នាំចេញទៅសម្លាប់ដែរ ។
15 ឯអ្នកណាដែលវាយឪពុក ឬម្តាយខ្លួន នោះត្រូវសម្លាប់ចោលជាមិនខាន
16 ហើយអ្នកណាដែលចាប់មនុស្សយកទៅលក់ ឬទាន់ឃើញកំពុងនៅក្នុងដៃនៅឡើយ នោះត្រូវសម្លាប់ចោលជាមិនខាន
17 ឯអ្នកណាដែលប្រទេចផ្តាសាដល់ឪពុក ឬម្តាយខ្លួន នោះត្រូវសម្លាប់ចោលចេញជាមិនខានដែរ។
18 បើអ្នកណាឈ្លោះគ្នា ហើយអ្នក១បានយកថ្មទៅគប់អ្នក១ ឬដាល់តប់គេ តែមិនបានស្លាប់ទេ គ្រាន់តែឈឺដល់ដេកនៅគ្រែប៉ុណ្ណោះ
19 បើសិនជាអ្នករងគ្រោះនោះក្រោកកាន់ឈើច្រត់ដើរទៅក្រៅបាន នោះអ្នកដែលបានវាយនឹងបានរួច តែត្រូវសងបំពេញការគេ ហើយត្រូវមើលគេទាល់តែបានជាស្រឡះដែរ។
20 បើអ្នកណាវាយបាវប្រុស ឬបាវស្រីខ្លួន ដោយដំបង ហើយបាវនោះស្លាប់នៅក្រោមដៃខ្លួនភ្លាម នោះត្រូវធ្វើទោសដល់ចៅហ្វាយជាមិនខាន
21 ប៉ុន្តែ បើបាវនោះរស់នៅបាន២ ឬ៣ថ្ងៃ នោះមិនត្រូវធ្វើទោសដល់ចៅហ្វាយទេ ដ្បិតបាវនោះជារបស់ទ្រព្យផងគេហើយ។
22 បើអ្នកណាឈ្លោះគ្នា ហើយប៉ះទង្គិចលើស្ត្រីមានផ្ទៃពោះឲ្យរលូតកូន តែគ្មានគ្រោះថ្នាក់ទេ នោះត្រូវធ្វើទោសជាមិនខាន តាមបន្ទុកដែលប្ដីរបស់នាងផ្ទុកលើអ្នកនោះ ហើយត្រូវសងគេតាមដែលចៅក្រមកាត់សម្រេចឲ្យ
23 ប៉ុន្តែ បើមានគ្រោះថ្នាក់ នោះត្រូវសងជីវិតឲ្យធួននឹងជីវិតវិញ
24 ត្រូវសងភ្នែកឲ្យធួននឹងភ្នែក ធ្មេញឲ្យធួននឹងធ្មេញ ដៃឲ្យធួននឹងដៃ ជើងឲ្យធួននឹងជើង
25 រលាកឲ្យធួននឹងរលាក របួសឲ្យធួននឹងរបួស ជាំឲ្យធួននឹងជាំដែរ។
26 បើអ្នកណាវាយត្រូវភ្នែករបស់បាវប្រុសបាវស្រីខ្លួនឲ្យខ្វាក់ នោះត្រូវឲ្យវារួចចេញទៅទទេ ដោយព្រោះភ្នែក
27 ហើយបើវាយបំបាក់ធ្មេញបាវប្រុសបាវស្រី នោះក៏ត្រូវឲ្យវារួចចេញទៅទទេដែរ ដោយព្រោះធ្មេញ។
28 បើគោណាជល់មនុស្សប្រុស ឬស្រី ដល់ស្លាប់ នោះត្រូវចោលគោនោះសម្លាប់នឹងថ្មជាមិនខាន ហើយមិនត្រូវទាំងស៊ីសាច់វាផង ឯម្ចាស់វាត្រូវរួចខ្លួនវិញ
29 ប៉ុន្តែ បើពីដើមគោនោះធ្លាប់តែជល់គេ ក៏មានគេបានប្រាប់ដល់ម្ចាស់ហើយ តែម្ចាស់មិនបានឃុំឃាំងវា ហើយវាជល់មនុស្សប្រុស ឬស្រីឲ្យស្លាប់ទៅ នោះឯរូបគោ ត្រូវគេចោលសម្លាប់នឹងថ្ម ឯម្ចាស់ក៏ត្រូវស្លាប់ដែរ
30 តែបើគេចាប់ឲ្យសងថ្លៃជំនួសជីវិតវិញ នោះក៏ត្រូវឲ្យម្ចាស់សងគេតាមដែលគេបង្គាប់ទាំងអស់ចុះ
31 ទោះបើបានជល់ដល់កូនប្រុសឬកូនស្រីក្តី ក៏ត្រូវឲ្យជំនុំជម្រះតាមច្បាប់នេះដែរ
32 តែបើគោនោះបានជល់ដល់បាវប្រុសឬបាវស្រីគេវិញ នោះត្រូវសងតែប្រាក់៣០រៀលទៅចៅហ្វាយវាបានហើយ ឯរូបគោត្រូវចោលសម្លាប់នឹងថ្មទៅ។
33 បើអ្នកណាបើកអណ្តូង ឬជីកអណ្តូង ហើយមិនបានគ្រប រួចមានគោ ឬលាធ្លាក់ចុះទៅក្នុងនោះ
34 នោះម្ចាស់អណ្តូងត្រូវសងប្រាក់ដល់ម្ចាស់វាតាមតម្លៃសត្វ រួចសត្វស្លាប់នោះនឹងបានមកម្ចាស់អណ្តូងវិញ។
35 បើគោរបស់អ្នកណាជល់គោគេឲ្យស្លាប់ នោះគេត្រូវលក់គោដែលនៅរស់ចែកប្រាក់គ្នា ហើយសាច់គោស្លាប់ក៏ត្រូវចែកគ្នាដែរ
36 តែបើម្ចាស់ដឹងថា គោនោះធ្លាប់ជល់ពីដើមមក ហើយមិនបានបង្ខាំងទុក នោះត្រូវសងជាគោឲ្យធួននឹងគោជាមិនខាន រួចគោស្លាប់នឹងបានមកខ្លួនវិញ។