និក្ខមនំ
ជំពូក 1
នេះជាបញ្ជីឈ្មោះនៃពួកកូនចៅអ៊ីស្រាអែល ដែលចូលមកក្នុងស្រុកអេស៊ីព្ទ ជាមួយនឹងយ៉ាកុប ព្រមទាំងគ្រួសារគេរៀងខ្លួន
2 គឺរូបេន១ ស៊ីម្មាន១ លេវី១ យូដា១
3 អ៊ីសាខារ១ សាប់យូល៉ូន១ បេនយ៉ាមីន១
4 ដាន់១ ណែបថាលី១ កាឌ់១ និងអេស៊ើរ១
5 ពួកអ្នកដែលកើតអំពីយ៉ាកុបមកទាំងប៉ុន្មាន នោះមានចំនួន៧០នាក់ ឯយ៉ូសែបលោកបាននៅស្រុកអេស៊ីព្ទហើយ
6 យ៉ូសែបក៏ស្លាប់ទៅ ព្រមទាំងបងប្អូនលោកទាំងអស់ និងអស់មនុស្សតំណនោះទាំងអស់ដែរ
7 តែសាសន៍អ៊ីស្រាអែលគេបង្កើតកូនដុះដាលចម្រើនជាច្រើនឡើង ក៏បានទៅជាស្តុកស្តម្ភឡើងសន្ធឹក ទាំងនៅកុះករពេញក្នុងស្រុកនោះ។
8 នៅគ្រានោះ មានស្តេចថ្មី១អង្គសោយរាជ្យឡើងនៅស្រុកអេស៊ីព្ទ ស្តេចនោះមិនបានស្គាល់យ៉ូសែបទេ
9 ទ្រង់មានព្រះបន្ទូលទៅបណ្តារាស្ត្ររបស់ទ្រង់ថា មើល ពួកសាសន៍អ៊ីស្រាអែលគេមានគ្នាច្រើន ក៏ស្តុកស្តម្ភជាងពួកយើងហើយ
10 ចូរយើងប្រព្រឹត្តនឹងគេដោយប្រាជ្ញា ក្រែងគេចម្រើនជាច្រើនឡើង ហើយបើកាលណាកើតមានចម្បាំង នោះគេនឹងចូលទៅខាងពួកខ្មាំងសត្រូវ ដើម្បីច្បាំងនឹងយើងវិញ រួចចេញពីស្រុកបាត់ទៅ
11 ដូច្នេះ គេក៏ដាក់ឲ្យមាននាយតម្រួួត សម្រាប់នឹងធ្វើទុក្ខដល់ពួកអ៊ីស្រាអែលដោយការនឿយលំបាកជាច្រើន ពួកអ៊ីស្រាអែលបានកសាងក្រុងពីថំ និងរ៉ាមសេស សម្រាប់ជាឃ្លាំងថ្វាយផារ៉ោន
12 ប៉ុន្តែ ដែលធ្វើទុក្ខគេប៉ុណ្ណា នោះគេក៏ចម្រើនជាច្រើន ទាំងសាយពេញពាសឡើងប៉ុណ្ណោះដែរ ហើយសាសន៍អេស៊ីព្ទមានសេចក្ដីធុញទ្រាន់ ដោយព្រោះសាសន៍អ៊ីស្រាអែល
13 ក៏ចាប់ប្រើគេឲ្យធ្វើការយ៉ាងតឹងរ៉ឹង
14 ព្រមទាំងធ្វើឲ្យជីវិតគេ មានសេចក្ដីជូរល្វីង ដោយការលំបាកវេទនា គឺប្រើឲ្យធ្វើបាយអ និងឥដ្ឋ ព្រមទាំងការនៅចម្ការគ្រប់មុខផង ឯការដែលគេចាប់ប្រើឲ្យធ្វើទាំងប៉ុន្មាននោះសុទ្ធតែការយ៉ាងតឹងរ៉ឹងទាំងអស់។
15 រួចស្តេចស្រុកអេស៊ីព្ទទ្រង់ក៏បង្គាប់ដល់ពួកឆ្មបសាសន៍ហេព្រើរ ដែល១ឈ្មោះនាងស៊ីប្រា ហើយ១ទៀតឈ្មោះនាងពូអា ថា
16 កាលណានាងទៅកាន់ពោះនៃពួកស្រីសាសន៍ហេព្រើរដែលសម្រាលកូន នោះក្នុងកាលដែលគេកំពុងតែសម្រាល បើជាកូននោះប្រុស ចូរសម្លាប់វាទៅ តែបើសិនជាស្រី នោះត្រូវទុកឲ្យរស់នៅចុះ
17 ប៉ុន្តែ ឆ្មបទាំងនោះជាអ្នកកោតខ្លាចដល់ព្រះ គេមិនបានធ្វើតាមបង្គាប់នៃស្តេចស្រុកអេស៊ីព្ទនោះឡើយ គឺបានទុកកូនប្រុសៗឲ្យរស់នៅវិញ
18 ឯស្តេចស្រុកអេស៊ីព្ទក៏ហៅឆ្មបទាំងនោះមកសួរថា ហេតុអ្វីបានជាធ្វើយ៉ាងដូច្នេះ គឺដែលទុកកូនប្រុសៗឲ្យរស់នៅនេះ
19 ឆ្មបទូលឆ្លើយទៅផារ៉ោនថា គឺពីព្រោះពួកស្រីសាសន៍ហេព្រើរមិនមែនដូចជាស្រីសាសន៍អេស៊ីព្ទទេ គេរហ័សណាស់ ដ្បិតឆ្មបមិនទាន់ទាំងមកដល់ផង នោះគេបានសម្រាលរួចជាមុនទៅហើយ
20 ដូច្នេះ ព្រះទ្រង់ក៏ប្រទានពរដល់ឆ្មបទាំងនោះ ឯពួកសាសន៍អ៊ីស្រាអែលគេកាន់តែចម្រើនជាច្រើនឡើង ត្រឡប់ទៅជាមានកម្លាំងគ្រប់Chapter
21 ហើយដោយព្រោះពួកឆ្មបនោះមានសេចក្ដីកោតខ្លាចដល់ព្រះ បានជាទ្រង់ចម្រើនពូជឲ្យគេ។
22 នោះផារ៉ោនទ្រង់បង្គាប់ដល់បណ្តារាស្ត្រថា អស់ទាំងកូនប្រុសៗដែលកើតមក នោះត្រូវបោះចោលទៅក្នុងទន្លេចេញ តែកូនស្រីៗទាំងប៉ុន្មានត្រូវទុកឲ្យរស់នៅវិញ។