និក្ខមនំ
ជំពូក 27
ត្រូវឲ្យធ្វើអាសនៈពីឈើនាងនួន បណ្តោយ៥ហត្ថ ទទឹង៥ហត្ថ ៤ជ្រុងស្មើ ហើយកំពស់៣ហត្ថ
2 ត្រូវធ្វើស្នែងជាប់នឹងអាសនៈគ្រប់ទាំង៤ជ្រុង ហើយត្រូវស្រោបដោយលង្ហិន
3 ត្រូវធ្វើប្រដាប់ដាក់ផេះ ចបចូក ផើង សម ហើយនិងជើងក្រានសម្រាប់អាសនៈ ឯប្រដាប់ទាំងនោះ ត្រូវធ្វើពីលង្ហិនទាំងអស់
4 ត្រូវធ្វើប្រទាសលង្ហិនខ្ទាស់ក្រឡាគ្នាសម្រាប់អាសនៈដែរ ហើយត្រូវធ្វើកងលង្ហិន៤ដាក់នៅគ្រប់ជ្រុងប្រទាស
5 ត្រូវដាក់ប្រទាសពីខាងក្រោមគែមឲ្យជាប់ត្រង់ពាក់កណ្តាលកំពស់នៃអាសនៈ
6 ត្រូវយកឈើនាងនួន ធ្វើជាឈើស្នែងសម្រាប់សែងអាសនៈ ហើយស្រោបដោយលង្ហិនដែរ
7 ត្រូវប្រហកឈើស្នែងនោះទៅក្នុងកង ឲ្យឈើស្នែងបានជាប់ទាំងសងខាងអាសនៈសម្រាប់សែងទៅ
8 អាសនៈនោះត្រូវធ្វើពីក្តារឲ្យខូង ដូចជាបានបង្ហាញឲ្យឯងឃើញនៅលើភ្នំ។
9 ត្រូវឲ្យធ្វើទីលាននៃរោងឧបោសថដែរ គឺខាងត្បូងត្រូវមានរនាំងធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ប្រវែង១រយហត្ថ សម្រាប់បាំងទីលានខាងម្ខាងនោះ
10 ហើយត្រូវមានសសរ២០ និងជើងលង្ហិន២០ ឯទំពក់សសរ និងគន្លឹះ នោះត្រូវធ្វើពីប្រាក់
11 នៅខាងជើង ត្រូវមានរនាំងប្រវែង១រយហត្ថ ហើយសសរ២០ និងជើងសសរលង្ហិន២០ដែរ ឯទំពក់សសរ និងគន្លឹះ ក៏ត្រូវធ្វើពីប្រាក់ដូចគ្នា
12 នៅខាងលិច ទទឹងទីលាន នោះត្រូវមានរនាំងប្រវែង៥០ហត្ថ ហើយសសរ១០ និងជើង១០
13 ឯនៅខាងកើតទីលាន មានទទឹង៥០ហត្ថដែរ
14 តែខាងម្ខាងត្រូវមានរនាំងប្រវែង១៥ហត្ថ និងសសរ៣ ហើយនិងជើង៣
15 ឯម្ខាងទៀត នោះត្រូវមានរនាំងប្រវែង១៥ហត្ថ និងសសរ៣ ហើយនិងជើង៣ដូចគ្នា
16 ឯនៅមាត់ទ្វារទីលាន ត្រូវមានរនាំងប្រវែង២០ហត្ថ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយប៉ាក់ផង ព្រមទាំងសសរ៤ និងជើង៤ដែរ
17 អស់ទាំងសសរនៅជុំវិញទីលាន នោះត្រូវមានគន្លឹះ និងទំពក់ធ្វើពីប្រាក់ ហើយនិងជើងធ្វើពីលង្ហិន
18 ទីលាននោះ ត្រូវឲ្យមានបណ្តោយ១រយហត្ថ និងទទឹង៥០ហត្ថស្មើគ្នារហូត ហើយកំពស់រនាំង៥ហត្ថ ឯរនាំងនោះ ត្រូវធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយជើងសសរទាំងប៉ុន្មានត្រូវធ្វើពីលង្ហិន
19 អស់ទាំងប្រដាប់សម្រាប់នឹងប្រើការក្នុងរោងឧបោសថ និងចំរ៉ឹងនៃរោងនោះ ហើយចំរ៉ឹងទីលាន នោះត្រូវធ្វើពីលង្ហិនទាំងអស់។
20 ត្រូវឲ្យបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេយកប្រេងអូលីវសុទ្ធ ដែលធ្វើយ៉ាងសំរាំង សម្រាប់នឹងដុតនៅចង្កៀងជាអចិន្ត្រៃយ៍
21 ឯចង្កៀងនោះ ត្រូវឲ្យអើរ៉ុន និងកូនលោកថែឲ្យឆេះនៅចំពោះព្រះយេហូវ៉ា ចាប់តាំងពីល្ងាចដល់ព្រឹក នៅខាងក្រៅវាំងននក្នុងត្រសាលជំនុំត្រង់មុខទីបន្ទាល់ នេះជាច្បាប់សម្រាប់អស់កល្បជានិច្ច ដល់ពូជតំណនៃពួកកូនចៅអ៊ីស្រាអែលតរៀងទៅ។