និក្ខមនំ
ជំពូក 4
តែម៉ូសេប្រកែកថា មើល គេនឹងមិនជឿទូលបង្គំ ឬស្តាប់តាមទូលបង្គំទេ គេនឹងថា ព្រះយេហូវ៉ាទ្រង់មិនបានលេចមកឯអ្នកទេ
2 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបថា តើមានអ្វីនៅដៃឯងនោះ លោកទូលឆ្លើយថា មានដំបង
3 រួចទ្រង់ប្រាប់ថា ចូរបោះទៅដីទៅ លោកក៏បោះទៅ ហើយដំបងនោះត្រឡប់ទៅជាសត្វពស់ ម៉ូសេក៏រត់ចេញពីសត្វពស់នោះ
4 តែព្រះយេហូវ៉ាទ្រង់បង្គាប់ថា ចូរលូកដៃទៅចាប់ត្រង់កន្ទុយវា លោកក៏លូកដៃទៅចាប់ រួចពស់នោះត្រឡប់ទៅជាដំបងនៅដៃលោកវិញ
5 នេះគឺដើម្បីឲ្យគេជឿថា ព្រះយេហូវ៉ាដ៏ជាព្រះនៃពួកអយ្យកោ ជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុប ទ្រង់បានលេចមកឯឯង។
6 ព្រះយេហូវ៉ាទ្រង់បង្គាប់ទៀតថា ចូរឯងដាក់ដៃចូលទៅលើទ្រូងឥឡូវចុះ លោកក៏ដាក់ដៃចូលទៅ រួចដកមកវិញ ឃើញមានកើតឃ្លង់សដូចហិមៈ
7 រួចទ្រង់ប្រាប់ថា ចូរដាក់ដៃចូលទៅលើទ្រូងម្តងទៀត លោកក៏ដាក់ចូលទៅ រួចដកចេញមក ហើយមើល ដៃបានត្រឡប់ទៅដូចជាធម្មតាដើមវិញ
8 ទ្រង់មានព្រះបន្ទូលថា បើគេមិនជឿឯង ហើយមិនស្តាប់តាមទីសម្គាល់មុន នោះគេនឹងជឿដោយសារទីសម្គាល់ក្រោយនេះដែរ
9 តែបើគេមិនជឿទីសម្គាល់ទាំង២នេះទេ ហើយមិនព្រមស្តាប់តាមឯងផង នោះត្រូវឲ្យយកទឹកទន្លេមកចាក់លើដីគោក រួចទឹកដែលឯងយកពីទន្លេមក នោះនឹងត្រឡប់ទៅជាឈាមនៅលើដីវិញ។ ព្រះយេហូវ៉ាតាំងអើរ៉ុនឲ្យធ្វើជាជំនួយការរបស់ម៉ូសេ
10 ម៉ូសេទូលទៅព្រះយេហូវ៉ាថា ឱព្រះអម្ចាស់អើយ ទូលបង្គំជាអ្នកមិនសូវមានវោហារទេ គឺតាំងតែពីដើមរៀងមក ហើយឥឡូវនេះដែលទ្រង់បានមានព្រះបន្ទូលនឹងទូលបង្គំជាអ្នកបម្រើទ្រង់ នោះក៏នៅតែគ្មានដដែល ដ្បិតទូលបង្គំមានមាត់រឹង ហើយអណ្តាតក៏ដំឡាន់ផង
11 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងលោកថា តើអ្នកណាបានបង្កើតមាត់មនុស្ស តើអ្នកណាដែលធ្វើឲ្យគ ឬឲ្យថ្លង់ ឲ្យភ្លឺ ឬឲ្យខ្វាក់នោះ បើមិនមែនអញជាព្រះយេហូវ៉ាប៉ុណ្ណោះទេ
12 ដូច្នេះ ចូរឯងទៅឥឡូវចុះ អញនឹងនៅជាមួយនឹងមាត់ឯង ព្រមទាំងបង្រៀនសេចក្ដីដែលឯងត្រូវនិយាយផង
13 នោះម៉ូសេទូលថា ឱព្រះអម្ចាស់អើយ សូមទ្រង់ចាត់អ្នកណាមួយតាមព្រះហឫទ័យទ្រង់ចុះ
14 នោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាក៏ឆួលឡើងទាស់នឹងម៉ូសេ ទ្រង់មានព្រះបន្ទូលថា តើអើរ៉ុន ជាពួកលេវី មិនមែនជាបងឯងទេឬអី អញដឹងថា គាត់ចេះវោហារស្រួលណាស់ ហើយមើល គាត់ក៏ចេញមករកឯងដែរ កាលណាឃើញឯងហើយ នោះគាត់នឹងមានចិត្តអំណរអរ
15 ឯងត្រូវជំនុំនឹងគាត់ ហើយបញ្ចេះពាក្យសំដីឲ្យគាត់បាននិយាយ ឯអញៗនឹងនៅជាមួយនឹងមាត់ឯង ហើយនិងមាត់គាត់ដែរ ព្រមទាំងបង្រៀនការដែលឯងត្រូវធ្វើផង
16 គាត់នឹងនិយាយទៅបណ្តាជនជំនួសឯង គាត់នឹងធ្វើជាមាត់ឲ្យឯង ហើយឯងនឹងបានដូចជាព្រះដល់គាត់
17 ត្រូវឲ្យឯងយកដំបងនេះកាន់នៅដៃ សម្រាប់នឹងធ្វើទីសម្គាល់ចុះ។
18 នោះម៉ូសេក៏ត្រឡប់ទៅឯយេត្រូ ជាឪពុកក្មេកជម្រាបថា សូមអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅឯបងប្អូនខ្ញុំ នៅស្រុកអេស៊ីព្ទវិញ ដើម្បីនឹងមើល តើគេនៅរស់ឬយ៉ាងណា យេត្រូតបថា ចូរទៅដោយសុខសាន្តចុះ
19 រីឯនៅស្រុកម៉ាឌាន នោះព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលនឹងម៉ូសេថា ចូរឯងត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ ដ្បិតពួកអ្នកដែលចង់សម្លាប់ឯង គេស្លាប់អស់ហើយ
20 ម៉ូសេក៏ប្រមូលយកប្រពន្ធកូន បញ្ជិះលើសត្វលា វិលត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ ក៏យកទាំងដំបងរបស់ព្រះកាន់នៅដៃផង
21 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា កាលណាឯងត្រឡប់ទៅដល់ស្រុកអេស៊ីព្ទហើយ នោះកុំឲ្យខាននឹងធ្វើអស់ទាំងការអស្ចារ្យ ដែលអញបានដាក់នៅដៃឯងនៅចំពោះមុខផារ៉ោនឡើយ តែអញនឹងធ្វើឲ្យផារ៉ោនមានចិត្តរឹងទទឹង នោះទ្រង់មិនព្រមបើកឲ្យបណ្តាជនចេញទៅទេ
22 ឯងត្រូវទូលទៅផារ៉ោនថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អ៊ីស្រាអែលជាកូនអញ គឺជាកូនច្បងរបស់អញ
23 ហើយអញប្រាប់ឯងថា ចូរបើកឲ្យកូនអញចេញទៅ ដើម្បីនឹងថ្វាយបង្គំអញ បើឯងមិនព្រមទេ នោះមើល អញនឹងសម្លាប់កូនច្បងរបស់ឯងចោល។
24 លុះធ្វើដំណើរមកតាមផ្លូវ នោះព្រះយេហូវ៉ាទ្រង់មកជួបនឹងលោក នៅត្រង់ផ្ទះសំណាក់ចង់សម្លាប់លោក
25 នោះសេផូរ៉ា នាងយកថ្មយ៉ាងមុត មកកាត់ស្បែកចុងស្វាសរបស់កូន បោះចោលទៅត្រង់ជើងប្ដី ដោយពាក្យថា អ្នកជាប្ដីបានឈ្មោះថាខ្ចាយឈាមដល់ខ្ញុំហើយ
26 រួចទ្រង់លែងធ្វើលោកទៅ ហើយនាងនិយាយថា អ្នកជាប្ដីបានឈ្មោះថាខ្ចាយឈាមហើយ ដោយព្រោះការកាត់ស្បែកនេះ។
27 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអើរ៉ុនថា ចូរទៅជួបនឹងម៉ូសេនៅទីរហោស្ថាន លោកក៏ទៅ បានជួបនៅត្រង់ភ្នំព្រះ ហើយថើបគ្នា
28 នោះម៉ូសេប្រាប់ទៅអើរ៉ុនពីគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានផ្តាំ និងគ្រប់ទាំងទីសម្គាល់ដែលទ្រង់បានបង្គាប់មក
29 ម៉ូសេ និងអើរ៉ុនក៏នាំគ្នាទៅប្រមូលពួកចាស់ទុំនៃកូនចៅអ៊ីស្រាអែល
30 រួចហើយ អើរ៉ុនរ៉ាយរឿងប្រាប់ពីអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូលនឹងម៉ូសេ ព្រមទាំងធ្វើអស់ទាំងទីសម្គាល់នោះនៅមុខគេដែរ
31 បណ្តាជនទាំងឡាយក៏ជឿ ហើយកាលណាគេឃើញថា ព្រះយេហូវ៉ាទ្រង់បានប្រោសដល់ពួកកូនចៅអ៊ីស្រាអែល ហើយថា ទ្រង់បានទតឃើញសេចក្ដីទុក្ខលំបាករបស់គេ នោះក៏នាំគ្នាឱនក្បាលថ្វាយបង្គំទ្រង់។