និក្ខមនំ
ជំពូក 16
រួចគេចេញពីអេលីមធ្វើដំណើរទៅ លុះដល់ថ្ងៃ១៥ខែទី២ តាំងពីចេញពីស្រុកអេស៊ីព្ទមក នោះពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នាក៏ទៅដល់ទីរហោស្ថានស៊ីន ជាទីដែលនៅជាកណ្តាលអេលីម ហើយនិងស៊ីណាយ
2 ហើយពួកជំនុំកូនចៅអ៊ីស្រាអែលទាំងអស់ក៏ត្អូញត្អែរនឹងម៉ូសេ ហើយនិងអើរ៉ុននៅទីរហោស្ថាននោះ
3 គេនិយាយនឹងលោកថា ស៊ូឲ្យយើងបានស្លាប់ដោយព្រះហស្តនៃព្រះយេហូវ៉ានៅស្រុកអេស៊ីព្ទ ក្នុងកាលដែលយើងអង្គុយនៅជិតឆ្នាំងសំឡ ហើយបានទទួលទានបាយឲ្យឆ្អែតនោះជាជាង ដ្បិតដែលអ្នកបាននាំយើងមកក្នុងទីរហោស្ថាននេះ នោះគឺដើម្បីតែសម្លាប់ពួកជំនុំនេះទាំងអស់ដោយអត់ឃ្លានទេ។
4 បន្ទាប់នោះមក ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា មើល អញនឹងបង្អុរភ្លៀងជានំបុ័ងពីលើមេឃមកឲ្យឯងរាល់គ្នា ត្រូវឲ្យបណ្តាជនចេញទៅរើសឲ្យល្មមតែ១ថ្ងៃរាល់ៗថ្ងៃ ដើម្បីឲ្យអញបានល្បងលគេមើល តើគេនឹងដើរតាមច្បាប់របស់អញឬទេ
5 ដល់ថ្ងៃទី៦ នោះត្រូវឲ្យគេរើសលើសជាងធម្មតា១ជា២ យកទៅរៀបចំទុក។
6 ម៉ូសេ និងអើរ៉ុន ក៏ប្រកាសប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលទាំងអស់ថា នៅល្ងាចនេះ អ្នករាល់គ្នានឹងដឹងថា គឺជាព្រះយេហូវ៉ាហើយដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក
7 ហើយដល់ព្រឹកឡើង នោះអ្នករាល់គ្នានឹងឃើញសិរីល្អរបស់ទ្រង់ ដ្បិតទ្រង់បានឮសេចក្ដីដែលអ្នករាល់គ្នាត្អូញត្អែរនឹងទ្រង់ហើយ ឯយើង តើយើងជាអ្វីដែលអ្នករាល់គ្នាត្អូញត្អែរនឹងយើងដូច្នេះ
8 ម៉ូសេក៏ប្រាប់ថា ល្ងាចនេះ ព្រះយេហូវ៉ាទ្រង់នឹងប្រទានសាច់ ឲ្យអ្នករាល់គ្នាបរិភោគ ហើយដល់ព្រឹកឡើងនឹងប្រទាននំបុ័ងឲ្យចម្អែត ដ្បិតទ្រង់បានឮពាក្យដំអូញ ដែលអ្នករាល់គ្នាត្អូញនឹងទ្រង់ហើយ ឯយើង តើយើងជាអ្វី ដែលអ្នករាល់គ្នាត្អូញត្អែរដូច្នេះ នោះមិនមែនត្អូញត្អែរទាស់នឹងយើងទេ គឺនឹងព្រះយេហូវ៉ាវិញ។
9 រួចម៉ូសេ លោកប្រាប់អើរ៉ុនឲ្យបង្គាប់ដល់ពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នាថា ចូរអ្នករាល់គ្នាចូលមកនៅចំពោះព្រះយេហូវ៉ា ដ្បិតទ្រង់បានឮសេចក្ដីដំអូញរបស់អ្នករាល់គ្នាហើយ
10 កាលអើរ៉ុនកំពុងនិយាយនឹងពួកជំនុំកូនចៅអ៊ីស្រាអែលទាំងអស់ នោះគេងាកបែរទៅឯទីរហោស្ថាន ឃើញសិរីល្អនៃព្រះយេហូវ៉ាលេចមកក្នុងពពក
11 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទៅម៉ូសេថា
12 អញបានឮសេចក្ដីត្អូញត្អែរ របស់ពួកកូនចៅអ៊ីស្រាអែលហើយ ដូច្នេះ ចូរប្រាប់គេថា នៅល្ងាចនេះ ឯងរាល់គ្នានឹងបានបរិភោគសាច់ លុះដល់ព្រឹកឡើង នោះនឹងចម្អែតដោយនំបុ័ង ដើម្បីឲ្យឯងរាល់គ្នាបានដឹងថា អញនេះជាយេហូវ៉ា ជាព្រះនៃឯងរាល់គ្នាពិត។
13 លុះដល់វេលាល្ងាច នោះក៏មានសត្វក្រួចហើរមកគ្របនៅលើទីដំឡើងត្រសាល ហើយដល់ព្រឹកឡើង ក៏មានទឹកសន្សើមនៅជុំវិញ
14 កាលទឹកសន្សើមស្ងួតទៅហើយ នោះឃើញនៅពេញទាំងទីរហោស្ថាន សឹងដ៏មានគ្រាប់ល្អិតៗ ដែលមើលទៅបែបដូចទឹកសន្សើមកក ឡើងសស្គុសនៅលើដី
15 កាលពួកកូនចៅអ៊ីស្រាអែលបានឃើញ នោះគេនិយាយគ្នាថា នេះជាអ្វីហ្ន ដ្បិតគេមិនស្គាល់ជាអ្វីទេ រួចម៉ូសេប្រាប់ថា នេះគឺជានំបុ័ងដែលព្រះយេហូវ៉ាទ្រង់ប្រទានមកអ្នករាល់គ្នា ទុកជាអាហារហើយ
16 នេះហើយ ជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក គឺឲ្យអ្នករាល់គ្នារើសយកល្មមតែនឹងបរិភោគឆ្អែតគ្រប់គ្នាចុះ គឺជា១ខ្ញឹងម្នាក់ តាមចំនួនពួកអ្នករាល់គ្នា គ្រប់គ្នាត្រូវយកឲ្យល្មមដល់ពួកអ្នកដែលនៅត្រសាលរបស់ខ្លួន
17 ពួកអ៊ីស្រាអែលក៏ធ្វើដូច្នោះ ខ្លះរើសបានច្រើនខ្លះបានតិច
18 តែកាលគេយកខ្ញឹងមកវាល់ នោះអ្នកដែលរើសបានច្រើនក៏គ្មានលើសទេ ហើយអ្នកណារើសបានតិចក៏មិនខ្វះដែរ គ្រប់គ្នាមានល្មមតែបរិភោគឆ្អែតប៉ុណ្ណោះ
19 រួចម៉ូសេប្រាប់ថា កុំឲ្យអ្នកណាទុកឲ្យសល់ដល់ព្រឹកឡើយ
20 តែគេមិនបានស្តាប់តាមទេ ក៏មានអ្នកខ្លះបានទុកនំនោះដល់ព្រឹក នោះក៏កើតមានដង្កូវមានក្លិនស្អុយ ម៉ូសេក៏ខឹងនឹងគេ
21 គេក៏តែងតែរើសរាល់តែព្រឹកឲ្យល្មមបរិភោគឆ្អែតគ្រប់ៗគ្នា លុះដល់ថ្ងៃក្តៅ នំនោះក៏រលាយទៅ។
22 លុះដល់ថ្ងៃទី៦ គេក៏រើសនំនោះបានចំនួន២ភាគ គឺ២ខ្ញឹងគ្រប់គ្នា រួចអស់ទាំងមេលើពួកជំនុំក៏មកប្តឹងដល់ម៉ូសេ
23 តែលោកឆ្លើយថា នោះគឺជាសេចក្ដីដែលព្រះយេហូវ៉ាទ្រង់បង្គាប់មកទេ ដ្បិតថ្ងៃស្អែកជាថ្ងៃសម្រាក គឺជាថ្ងៃឈប់សម្រាកបរិសុទ្ធថ្វាយព្រះយេហូវ៉ា អាហារណាដែលត្រូវដុត នោះឲ្យដុតចុះ ហើយអាហារណាដែលត្រូវស្ងោរ ក៏ឲ្យស្ងោរទៅ ឯអាហារដែលសល់ នោះត្រូវទុកដល់ព្រឹកឡើងសម្រាប់អ្នករាល់គ្នា
24 គេក៏ទុកដល់ព្រឹកតាមបង្គាប់ម៉ូសេ តែនំនោះឥតមានធុំក្លិនស្អុយអ្វីទេ ដង្កូវក៏មិនបានកើតដែរ
25 រួចម៉ូសេប្រាប់ថា ត្រូវបរិភោគសំណល់នោះនៅថ្ងៃនេះ ដ្បិតជាថ្ងៃឈប់សម្រាកថ្វាយព្រះយេហូវ៉ា ថ្ងៃនេះ អ្នករាល់គ្នានឹងរកនៅឯវាលទៀតគ្មានទេ
26 អ្នករាល់គ្នានឹងរើសនំនេះបានតែក្នុងរវាង៦ថ្ងៃ លុះដល់ថ្ងៃទី៧ នោះគ្មានទេ ព្រោះជាថ្ងៃឈប់សម្រាក។
27 នៅថ្ងៃទី៧ ក៏មានអ្នកខ្លះចេញទៅរើសនំនោះដែរ តែរកគ្មានសោះ
28 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា តើឯងរាល់គ្នាមិនព្រមធ្វើតាមបញ្ញត្ត ហើយនិងច្បាប់អញដល់កាលណាទៀត
29 មើល ដោយព្រោះព្រះយេហូវ៉ាបានប្រទានឲ្យមានថ្ងៃឈប់សម្រាក នោះបានជាក្នុងថ្ងៃទី៦ ទ្រង់ក៏ប្រទាននំឲ្យល្មមគ្រាន់ដល់២ថ្ងៃ ដូច្នេះ ចូរឲ្យឯងរាល់គ្នានៅតែក្នុងកន្លែងឯងចុះ កុំឲ្យអ្នកណាចេញទៅក្រៅនៅថ្ងៃទី៧ឡើយ
30 ហេតុនោះ បណ្តាជនគ្រប់គ្នាក៏សម្រាកនៅថ្ងៃទី៧នោះ
31 ពួកវង្សអ៊ីស្រាអែលក៏ហៅនំនោះថា «ម៉ាន៉ា» នំនោះមើលទៅមានសណ្ឋានដូចជាគ្រាប់ល្ង សម្បុរស ហើយមានរសជាតិដូចនំដែលធ្វើពីទឹកឃ្មុំ។
32 ម៉ូសេក៏ប្រាប់ថា នេះជាសេចក្ដីដែលព្រះយេហូវ៉ាទ្រង់បង្គាប់មក គឺឲ្យយកនំនេះដាក់ពេញ១ខ្ញឹង ទុកសម្រាប់កូនចៅឯងរាល់គ្នាតទៅមុខ ដើម្បីឲ្យគេបានឃើញនំដែលអញបានឲ្យឯងបរិភោគនៅទីរហោស្ថាន ក្នុងកាលដែលអញនាំឯងចេញពីស្រុកអេស៊ីព្ទមកផង
33 នោះម៉ូសេក៏ប្រាប់ទៅអើរ៉ុនថា ចូរយកផើង១មកដាក់នំម៉ាន៉ា១ខ្ញឹង រួចយកទៅដាក់នៅចំពោះព្រះយេហូវ៉ាទៅ ដើម្បីទុកដរាបដល់អស់ទាំងតំណនៃអ្នករាល់គ្នាតទៅ
34 នោះអើរ៉ុនក៏យកនំម៉ាន៉ាទៅដាក់ទុកនៅមុខសេចក្ដីបន្ទាល់ តាមព្រះបន្ទូលនៃព្រះយេហូវ៉ាដែលទ្រង់បង្គាប់ដល់ម៉ូសេ
35 ពួកកូនចៅអ៊ីស្រាអែល បានបរិភោគនំម៉ាន៉ានោះអស់រវាង៤០ឆ្នាំ ទាល់តែបានទៅដល់ស្រុក១ដែលមានមនុស្សនៅ គឺបានបរិភោគនំម៉ាន៉ានោះ ដរាបទៅដល់ព្រំដែនស្រុកកាណាន
36 ឯខ្ញឹងនោះ គឺ១ថាំងមាន១០ខ្ញឹង។