លូកា
ជំពូក 23
បណ្តាមនុស្សទាំងអស់គ្នា ក៏ក្រោកឡើង នាំទ្រង់ទៅឯលោកពីឡាត់
2 ចាប់តាំងចោទប្រកាន់ទ្រង់ថា យើងខ្ញុំបានឃើញមនុស្សនេះ នាំបំភាន់សាសន៍យើងឲ្យវង្វេងចេញ ក៏ហាមមិនឲ្យបង់ពន្ធថ្វាយសេសារផង ដោយលើកខ្លួនថាជាព្រះគ្រីស្ទ គឺជាស្តេចដែរ
3 លោកពីឡាត់ក៏ពិចារណាសួរទ្រង់ថា តើអ្នកជាស្តេចសាសន៍យូដាមែនឬអី ទ្រង់ឆ្លើយថា ត្រូវដូចលោកមានប្រសាសន៍ហើយ
4 នោះលោកពីឡាត់មានប្រសាសន៍ដល់ពួកសង្គ្រាជ និងបណ្តាមនុស្សថា ខ្ញុំមិនឃើញជាមនុស្សនេះមានទោសអ្វីសោះ
5 ប៉ុន្តែ គេនិយាយទទូចថា វាញុះញង់បណ្តាជន ហើយក៏បង្រៀនពេញក្នុងស្រុកយូដាទាំងមូល ចាប់តាំងពីស្រុកកាលីឡេ រហូតមកដល់ទីនេះ
6 កាលលោកពីឡាត់ឮនិយាយពីស្រុកកាលីឡេ នោះលោកសួរថា មនុស្សនេះជាអ្នកស្រុកកាលីឡេឬអី
7 លុះបានជ្រាបថា ទ្រង់នៅក្នុងអំណាចនៃស្តេចហេរ៉ូឌ នោះលោកក៏បញ្ជូនទ្រង់ទៅឯស្តេចហេរ៉ូឌទៅ ដ្បិតគ្រានោះ ស្តេចគង់នៅក្រុងយេរូសាឡឹមដែរ។
8 កាលស្តេចហេរ៉ូឌបានឃើញព្រះយេស៊ូវ នោះក៏អរណាស់ ដ្បិតស្តេចចង់ឃើញទ្រង់ជាយូរមកហើយ ព្រោះបានឮរឿងពីទ្រង់ជាច្រើន ហើយបានសង្ឃឹមថា នឹងឃើញទ្រង់ធ្វើទីសម្គាល់ណាមួយ
9 នោះស្តេចមានព្រះបន្ទូលសួរទ្រង់ជាច្រើន ប៉ុន្តែ ទ្រង់មិនព្រមឆ្លើយសោះ
10 ឯពួកសង្គ្រាជ និងពួកអាចារ្យ គេឈរនៅទីនោះកំពុងតែចោទប្រកាន់ទ្រង់ជាខ្លាំង
11 លុះស្តេចហេរ៉ូឌ ព្រមទាំងពួកទាហាន បានចំអកមើលងាយព្រះយេស៊ូវរួចហើយ នោះក៏យកអាវដ៏រុងរឿងមកបំពាក់ទ្រង់ រួចបញ្ជូនត្រឡប់ទៅឯលោកពីឡាត់វិញ
12 នៅថ្ងៃនោះ លោកពីឡាត់ និងស្តេចហេរ៉ូឌ ក៏បានជានឹងគ្នា ដ្បិតពីមុន លោកទាំង២នោះបានទាស់ទែងគ្នា។
13 កាលលោកពីឡាត់បានប្រមូលពួកសង្គ្រាជ ពួកនាម៉ឺន និងបណ្តាមនុស្សទាំងអស់មក
14 នោះលោកមានប្រសាសន៍ទៅគេថា អ្នករាល់គ្នាបាននាំមនុស្សនេះមកឯខ្ញុំ ទុកជាមនុស្សដែលនាំបណ្តាជនឲ្យវង្វេង តែមើលខ្ញុំបានពិចារណាសួរនៅមុខអ្នករាល់គ្នាហើយ មិនឃើញជាមានទោសអ្វី តាមដែលអ្នករាល់គ្នាចោទប្រកាន់នោះសោះ
15 ទាំងស្តេចហេរ៉ូឌក៏រកគ្មានដែរ ដ្បិតខ្ញុំបានឲ្យអ្នករាល់គ្នាទៅឯទ្រង់ ហើយមើលទ្រង់មិនថាជាអ្នកនេះមានទោសអ្វីដែលគួរឲ្យស្លាប់ទេ
16 ដូច្នេះ ខ្ញុំនឹងគ្រាន់តែវាយប្រដៅ រួចលែងឲ្យទៅចុះ
17 ដ្បិតនៅបុណ្យនោះ លោកត្រូវតែលែងអ្នកទោសម្នាក់ឲ្យដល់គេ
18 តែគេស្រែកឡើងព្រមគ្នាថា សូមយកមនុស្សនេះទៅ ហើយលែងបារ៉ាបាសឲ្យយើងវិញ
19 ឯបារ៉ាបាសនេះ វាជាប់គុកដោយព្រោះការបះបោរ ដែលវាបង្កើតនៅក្នុងទីក្រុង ហើយនិងការសម្លាប់គេ
20 បានជាលោកពីឡាត់មានប្រសាសន៍ទៅគេម្តងទៀត ដោយចង់លែងព្រះយេស៊ូវវិញ
21 ប៉ុន្តែ គេស្រែកឡើងថា ឲ្យឆ្កាងវាៗទៅ
22 លោកមានប្រសាសន៍ទៅគេជាគម្រប់៣ដងថា តើមនុស្សនេះបានធ្វើអាក្រក់អ្វី ខ្ញុំមិនឃើញជាមានហេតុអ្វីគួរឲ្យស្លាប់ទេ ដូច្នេះ ខ្ញុំនឹងវាយប្រដៅ រួចលែងវាទៅ
23 តែគេស្រែកទទូចជាខ្លាំង ទាំងសូមឲ្យឆ្កាងទ្រង់វិញ ហើយសម្រែករបស់ជនទាំងនោះ និងពួកសង្គ្រាជ ក៏បានឈ្នះ
24 លោកពីឡាត់កាត់សម្រេចទោសតាមគេសូម
25 រួចលែងអ្នកនោះដែលជាប់គុក ដោយព្រោះការបះបោរ និងការសម្លាប់មនុស្ស ឲ្យដល់ពួកគេ តាមគេសូម ហើយប្រគល់ព្រះយេស៊ូវទៅតាមចិត្តគេប្រាថ្នាវិញ។
26 កាលគេនាំព្រះយេស៊ូវទៅ នោះគេចាប់មនុស្សសាសន៍គីរេនម្នាក់ ឈ្មោះស៊ីម៉ូន ដែលកំពុងតែវិលមកពីចម្ការ ក៏ដាក់ឲ្យគាត់លីឈើឆ្កាងតាមទ្រង់ទៅ
27 មានមនុស្សដើរតាមទ្រង់ដ៏ណែនណាន់ ក៏មានពួកស្រីៗ ដែលគក់ដើមទ្រូង ហើយយំទួញផង
28 ព្រះយេស៊ូវទ្រង់ងាកបែរទៅ មានព្រះបន្ទូលនឹងពួកស្ត្រីទាំងនោះថា កូនស្រីក្រុងយេរូសាឡឹមអើយ កុំយំនឹងខ្ញុំឡើយ ឲ្យយំនឹងខ្លួនអ្នករាល់គ្នា ហើយនិងកូនចៅរបស់អ្នករាល់គ្នាវិញចុះ
29 ដ្បិតមើលនឹងមានគ្រាមកដល់ ដែលគេនឹងថា មានពរហើយ ពួកស្រីអារ និងពោះដែលមិនកើតកូន ហើយដោះដែលមិនបំបៅកូន
30 នៅគ្រានោះ គេនឹងចាប់តាំងនិយាយទៅភ្នំធំថា សូមឲ្យរលំមកលើយើងវិញ ហើយទៅភ្នំតូចថា សូមគ្របមកលើយើងចុះ
31 ព្រោះបើគេធ្វើការទាំងនេះ ដល់ដើមឈើស្រស់ នោះតើនឹងកើតអ្វីដល់ដើមឈើស្ងួតវិញ។
32 គេក៏នាំចោរកំណាច ២នាក់ ទៅសម្លាប់ជាមួយនឹងទ្រង់ដែរ
33 កាលមកដល់កន្លែងដែលហៅថា ភ្នំលលាដ៍ក្បាលហើយ គេឆ្កាងទ្រង់នៅទីនោះ ព្រមទាំងចោរកំណាចផង ម្នាក់ខាងស្តាំ ម្នាក់ខាងឆ្វេងទ្រង់
34 ឯព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលថា ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ គេក៏នាំគ្នាធ្វើឆ្នោតចាប់ព្រះពស្ត្រទ្រង់ចែកគ្នា
35 ឯបណ្តាជនដែលឈរមើលនិងពួកនាម៉ឺន ដែលឈរជាមួយ ក៏បន្តុះទ្រង់ថា វាបានជួយសង្គ្រោះមនុស្សឯទៀត បើវាជាព្រះគ្រីស្ទ ជាអ្នករើសតាំងរបស់ព្រះមែន នោះឲ្យវាជួយសង្គ្រោះខ្លួនវាទៅ
36 ពួកទាហានក៏បង្អាប់ទ្រង់ដែរ ហើយគេយកទឹកខ្មេះ ចូលទៅជិតថ្វាយទ្រង់ ដោយថា
37 បើឯងជាស្តេចសាសន៍យូដាមែន ចូរជួយសង្គ្រោះខ្លួនចុះ
38 ហើយនៅពីលើទ្រង់ មានអក្សរជាភាសាក្រេក ឡាតាំង និងហេព្រើរថា «នេះជាស្តេចសាសន៍យូដា»។
39 រីឯចោរកំណាចម្នាក់ដែលជាប់ព្យួរ វាប្រមាថមើលងាយដល់ទ្រង់ថា បើឯងជាព្រះគ្រីស្ទពិត នោះចូរជួយសង្គ្រោះខ្លួនឯង ហើយនិងយើងផង
40 ប៉ុន្តែ ម្នាក់ទៀតឆ្លើយបន្ទោសវាថា តើឯងមិនខ្លាចព្រះទេឬអី ដ្បិតឯងក៏ជាប់ទោសដូចគ្នា
41 គេធ្វើទោសយើងត្រូវហើយ ដ្បិតយើងត្រូវទោសចំពោះការដែលយើងបានប្រព្រឹត្ត ប៉ុន្តែ ព្រះអង្គនេះមិនបានធ្វើខុសអ្វីសោះ
42 រួចអ្នកនោះទូលព្រះយេស៊ូវថា ព្រះអម្ចាស់អើយ កាលណាចូលទៅក្នុងនគរទ្រង់ សូមនឹកចាំពីទូលបង្គំផង
43 ព្រះយេស៊ូវមានព្រះបន្ទូលទៅថា ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ។
44 ពេលនោះ ប្រហែលជាថ្ងៃត្រង់ហើយ ស្រាប់តែកើតមានងងឹត នៅគ្របពេញលើផែនដី ដរាបដល់ម៉ោង៣រសៀល
45 ថ្ងៃត្រឡប់ទៅងងឹត ហើយវាំងននក្នុងព្រះវិហារ ក៏រហែកចំពាក់កណ្តាល
46 នោះព្រះយេស៊ូវស្រែកឡើងជាខ្លាំងថា ឱព្រះវរបិតាអើយ ទូលបង្គំសូមប្រគល់វិញ្ញាណដល់ព្រះហស្តទ្រង់វិញ កាលមានព្រះបន្ទូលពាក្យទាំងនេះរួចហើយ នោះទ្រង់ផុតដង្ហើមទៅ។
47 កាលមេទ័ពបានឃើញការដែលកើតមក នោះក៏ពោលសរសើរដល់ព្រះ ហើយថា មនុស្សនេះសុចរិតពិតមែន
48 ឯបណ្តាមនុស្សទាំងហ្វូង ដែលប្រជុំគ្នាមើលការនោះ កាលគេបានឃើញការដែលកើតឡើងដូច្នោះ ក៏វិលទៅវិញទាំងគក់ដើមទ្រូងបណ្តើរ
49 ឯពួកអ្នកដែលស្គាល់ទ្រង់ និងពួកស្រីៗ ដែលតាមទ្រង់មកពីស្រុកកាលីឡេ គេក៏ឈរមើលពីចម្ងាយ។
50 ហើយមើលមានមនុស្សម្នាក់ឈ្មោះយ៉ូសែប ជាពួកក្រុមជំនុំ ជាមនុស្សល្អ ត្រឹមត្រូវ សុចរិត
51 (លោកនេះមិនបានចូលដៃ ចូលគំនិត ជាមួយនឹងគេទេ) លោកនៅឯអើរីម៉ាថេ ជាភូមិសាសន៍យូដា ហើយក៏រង់ចាំនគរព្រះដែរ
52 លោកទៅឯពីឡាត់ ដើម្បីនឹងសូមព្រះសពព្រះយេស៊ូវ
53 កាលបានយកព្រះសពចុះមកហើយ នោះក៏រុំនឹងសំពត់ទេសឯក នាំទៅបញ្ចុះក្នុងផ្នូរដាប់ក្នុងថ្ម ដែលមិនទាន់មានបញ្ចុះខ្មោចណានៅឡើយ
54 ថ្ងៃនោះជាថ្ងៃរៀបចំ ហៀបនឹងចូលថ្ងៃឈប់សម្រាកហើយ។
55 ឯពួកស្រីៗ ដែលមកពីស្រុកកាលីឡេជាមួយនឹងទ្រង់ គេក៏តាមទៅឃើញផ្នូរ និងសណ្ឋានដែលគេបញ្ចុះព្រះសពទ្រង់ដែរ
56 រួចគេវិលទៅវិញ រៀបគ្រឿងក្រអូប និងប្រេងអប់ តែគេឈប់នៅថ្ងៃឈប់សម្រាក តាមបញ្ញត្តសិន។