លូកា
ជំពូក 12
កាលទ្រង់កំពុងតែមានព្រះបន្ទូល នោះមានមនុស្សប្រជុំគ្នាមីរដេរដាសស្ទើរតែនឹងជាន់គ្នាឯង ទ្រង់ក៏ចាប់តាំងមានព្រះបន្ទូលនឹងពួកសិស្សជាមុនដំបូងថា ចូរអ្នករាល់គ្នាប្រយ័តនឹងដំបែពួកផារីស៊ី ដែលជាសេចក្ដីកំពុត
2 គ្មានអ្វីគ្របបាំង ដែលមិនត្រូវបើកឲ្យឃើញ ឬអ្វីលាក់លៀម ដែលមិនត្រូវបើកឲ្យស្គាល់នោះឡើយ
3 ដូច្នេះ គ្រប់ទាំងសេចក្ដី ដែលអ្នករាល់គ្នាបាននិយាយ ក្នុងទីងងឹត នោះនឹងបានឮនៅទីភ្លឺ ហើយសេចក្ដីអ្វី ដែលអ្នករាល់គ្នាបានខ្សឹបដាក់ត្រចៀក នៅក្នុងបន្ទប់ នោះនឹងបានប្រកាសប្រាប់ពីលើដំបូលផ្ទះវិញ
4 តែពួកសំឡាញ់អើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យខ្លាចអ្នកណាដែលសម្លាប់បានតែរូបកាយ រួចក្រោយមក ពុំអាចធ្វើអ្វីទៀតបាននោះឡើយ
5 ខ្ញុំនឹងបង្ហាញឲ្យអ្នកដឹងជាត្រូវខ្លាចដល់អ្នកណា គឺត្រូវឲ្យខ្លាចដល់ព្រះវិញ ដែលកាលណាទ្រង់សម្លាប់ នោះក៏មានអំណាចអាចបោះចោលទៅក្នុងនរកបានផង អើ ខ្ញុំប្រាប់អ្នករាល់គ្នាថា ត្រូវឲ្យខ្លាចដល់ព្រះអង្គចុះ
6 តើគេមិនលក់ចាប៥ថ្លៃ២លុយទេឬអី តែគ្មានចាបណាមួយដែលព្រះទ្រង់ភ្លេចទេ
7 សូម្បីទាំងសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ ដូច្នេះ កុំឲ្យខ្លាចឡើយ អ្នករាល់គ្នាមានតម្លៃលើសជាងចាបជាច្រើន
8 ខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកណាដែលទទួលស្គាល់ខ្ញុំ នៅមុខមនុស្សលោក នោះកូនមនុស្សនឹងទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវតានៃព្រះដែរ
9 តែអ្នកណាដែលមិនព្រមទទួលស្គាល់ខ្ញុំ នៅមុខមនុស្សលោក នោះខ្ញុំក៏មិនទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវតានៃព្រះដែរ
10 ឯអស់អ្នកណា ដែលពោលពាក្យ ទាស់នឹងកូនមនុស្ស នោះនឹងបានអត់ទោសឲ្យ តែអ្នកណាដែលប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធវិញ នោះមិនបានអត់ទោសឲ្យឡើយ
11 កាលណាគេបណ្តើរអ្នករាល់គ្នាទៅនៅមុខពួកជំនុំគេ ឬចំពោះចៅក្រម ឬពួកនាម៉ឺន នោះកុំឲ្យបារម្ភព្រួយ ពីបែបយ៉ាងណា ឬពីពាក្យអ្វី ដែលនឹងត្រូវឆ្លើយដោះសា ឬនិយាយនោះឡើយ
12 ដ្បិតគឺព្រះវិញ្ញាណបរិសុទ្ធ ទ្រង់នឹងបង្រៀនសេចក្ដីដែលអ្នករាល់គ្នាត្រូវនិយាយ នៅវេលានោះឯង។
13 មានម្នាក់ក្នុងហ្វូងមនុស្សទូលទ្រង់ថា លោកគ្រូ សូមលោកប្រាប់បងខ្ញុំ ឲ្យគាត់ចែកមរដកមកខ្ញុំផង
14 ទ្រង់ឆ្លើយតបថា ឱអ្នកអើយ តើអ្នកណាបានតាំងខ្ញុំ ឲ្យធ្វើជាចៅក្រម សម្រាប់ចែករបស់ទ្រព្យដល់អ្នករាល់គ្នា
15 រួចទ្រង់មានព្រះបន្ទូលទៅគ្រប់គ្នាថា ចូរប្រយ័ត ហើយខំចៀសពីសេចក្ដីលោភចេញ ដ្បិតជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្តិជាបរិបូរទេ
16 ទ្រង់ក៏មានព្រះបន្ទូលជាពាក្យប្រៀបធៀបទៅគេថា មានស្រែចម្ការរបស់អ្នកមានម្នាក់បានកើតផលចម្រើនជាបរិបូរ
17 ហើយអ្នកនោះរិះគិតក្នុងចិត្តថា តើត្រូវឲ្យអញធ្វើដូចម្តេច ដ្បិតអញគ្មានកន្លែងណានឹងដាក់ផលរបស់អញទាំងនេះទេ
18 ទើបយល់ថា អញត្រូវធ្វើយ៉ាងនេះ គឺអញនឹងរុះជង្រុកអញ ពង្រីកឲ្យធំជាងទៅទៀត រួចប្រមូលផល និងទ្រព្យសម្បត្តិទៅផ្ទុកនៅទីនោះ
19 នោះអញនឹងប្រាប់ដល់ចិត្តថា ចិត្តអើយ ឯងមានទ្រព្យសម្បត្តិជាច្រើន ល្មមទុកសម្រាប់ជាយូរឆ្នាំទៅមុខទៀតបានហើយ ចូរឯងឈប់សម្រាកទៅ ហើយស៊ីផឹកសប្បាយចុះ
20 ប៉ុន្តែ ព្រះទ្រង់មានព្រះបន្ទូលទៅអ្នកនោះថា ឱមនុស្សល្ងីល្ងើអើយ នៅវេលាយប់នេះឯង អញនឹងដកយកព្រលឹងឯងទៅវិញ ដូច្នេះ តើទ្រព្យសម្បត្តិទាំងប៉ុន្មានដែលឯងបានប្រមូលទុកនេះ នឹងទៅជារបស់អ្នកណាវិញ
21 អ្នកណាដែលប្រមូលទ្រព្យសម្បត្តិ ទុកបម្រុងតែខ្លួនឯង តែឥតមានខាងឯព្រះសោះ នោះក៏ដូច្នោះដែរ។
22 ទ្រង់ក៏មានព្រះបន្ទូលទៅពួកសិស្សថា ហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យខ្វល់ខ្វាយនឹងជីវិត ដែលនឹងបរិភោគអ្វី ឬនឹងរូបកាយ ដែលនឹងស្លៀកពាក់អ្វីនោះឡើយ
23 ឯជីវិត នោះវិសេសជាងអាហារចំណី ហើយរូបកាយ ក៏វិសេសជាងស្លៀកបំពាក់ដែរ
24 ចូរពិចារណាពីក្អែក ដ្បិតវាមិនដែលសាបព្រោះ ឬច្រូតកាត់ឡើយ ក៏គ្មានឃ្លាំងគ្មានជង្រុកអ្វីផង តែព្រះទ្រង់ចិញ្ចឹមវា ចំណង់បើអ្នករាល់គ្នា តើមានតម្លៃលើសជាងសត្វស្លាបអម្បាលម៉ានទៅទៀត
25 តើមានអ្នកណាក្នុងពួកអ្នករាល់គ្នា អាចនឹងបន្ថែមកំពស់ខ្លួនឡើង១ហត្ថ ដោយសារសេចក្ដីខ្វល់ខ្វាយបានឬទេ
26 ដូច្នេះ បើការតូចបំផុត ពុំអាចនឹងធ្វើបានទៅហើយ នោះហេតុអ្វីបានជាចង់ខ្វល់ខ្វាយពីការឯទៀតធ្វើអី
27 ចូរពិចារណាពីផ្កាឈូកដែរ ដែលវាដុះ តើមានសភាពដូចម្តេច វាមិនដែលនឿយធ្វើការងារ ឬស្រាវរវៃទេ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែហ្លួងសាឡូម៉ូន ក្នុងគ្រាដែលមានគ្រប់ទាំងសេចក្ដីរុងរឿងរបស់ទ្រង់ នោះមិនបានតែងអង្គដូចជាផ្កា១នោះផង
28 ឯតិណជាតិដែលដុះឡើងដូច្នេះ ហើយថ្ងៃនេះមាន តែថ្ងៃស្អែកត្រូវបោះទៅក្នុងជើងក្រាន នោះបើព្រះទ្រង់តុបតែងវាយ៉ាងដូច្នោះ ឱមនុស្សមានជំនឿតិចអើយ តើទ្រង់នឹងបំពាក់ឲ្យអ្នករាល់គ្នា លើសជាងអម្បាលម៉ានទៅទៀត
29 កុំឲ្យស្វែងរកតែគ្រឿងសម្រាប់បរិភោគ ហើយកុំថប់បារម្ភឡើយ
30 ដ្បិតអស់ទាំងសាសន៍ដទៃនៅលោកីយ៍នេះ តែងស្វែងរករបស់ទាំងនោះ ឯអ្នករាល់គ្នាវិញ នោះព្រះវរបិតានៃអ្នកទ្រង់ជ្រាបហើយ ថាអ្នករាល់គ្នាត្រូវការនឹងរបស់ទាំងនោះ
31 ចូរខំស្វែងរកនគរព្រះវិញ នោះគ្រប់របស់ទាំងនោះនឹងបានប្រទានមកអ្នករាល់គ្នាផង
32 កុំឲ្យខ្លាច ហ្វូងតូចអើយ ព្រោះព្រះវរបិតានៃអ្នករាល់គ្នា ទ្រង់សព្វព្រះហឫទ័យ នឹងប្រទាននគរមកអ្នករាល់គ្នាពិត
33 ចូរលក់របស់ដែលអ្នករាល់គ្នាមានទាំងប៉ុន្មាន ហើយចែកឲ្យទៅជាទានចុះ ចូរធ្វើថង់ដែលមិនចេះចាស់ សម្រាប់ខ្លួន ជាទ្រព្យដែលមិនចេះអស់ នៅឯស្ថានសួគ៌វិញ ដែលជាស្ថានគ្មានចោរចូលទៅជិតឡើយ ហើយកន្លាតក៏មិនកាត់បំផ្លាញដែរ
34 ព្រោះសម្បត្តិទ្រព្យអ្នកនៅកន្លែងណា នោះចិត្តអ្នកក៏នឹងស្ថិតនៅកន្លែងនោះឯង។
35 ចូរឲ្យចង្កេះអ្នករាល់គ្នានៅជាក្រវាត់ ហើយចង្កៀងនៅឆេះ
36 ចូរអ្នករាល់គ្នាធ្វើដូចជាមនុស្ស ដែលនៅរង់ចាំចៅហ្វាយខ្លួន ត្រឡប់មកពីស៊ីការវិញ ដើម្បីកាលណាលោកមកគោះទ្វារហៅ នោះឲ្យបានបើកឲ្យជា១រំពេច
37 បើកាលណាចៅហ្វាយមកដល់ ឃើញពួកបាវកំពុងតែចាំយាមដូច្នោះ នោះគេមានពរណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា លោកនឹងឲ្យអ្នកទាំងនោះ អង្គុយនៅតុ ហើយលោកនឹងក្រវាត់ខ្លួនលោក មកបម្រើគេវិញ
38 បើលោកមកដល់ក្នុងយាមទី២ ឬយាមទី៣ ហើយឃើញពួកបាវនៅចាំយាមដូច្នោះដដែល នោះគេមានពរហើយ
39 តែត្រូវដឹងសេចក្ដីនេះថា បើម្ចាស់ផ្ទះដឹងជាចោរនឹងមកនៅវេលាថ្មើរម៉ាន នោះគាត់នឹងចាំយាម មិនឲ្យចោរទម្លុះផ្ទះបានទេ
40 ដូច្នេះ ចូរអ្នករាល់គ្នាបម្រុងខ្លួនជាស្រេចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនគិត។
41 ពេត្រុសទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ ទ្រង់មានព្រះបន្ទូលពាក្យប្រៀបប្រដូចនេះ ដល់ត្រឹមយើងខ្ញុំប៉ុណ្ណោះ ឬដល់មនុស្សគ្រប់គ្នាដែរ
42 ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលតបថា ចុះតើអ្នកណាជានាយតម្រួួតការដែលស្មោះត្រង់ មានមារយាទល្អ ដែលចៅហ្វាយនឹងតាំងឲ្យត្រួតលើពួកផ្ទះលោក ដើម្បីនឹងបើកអាហារឲ្យគេបរិភោគតាមត្រូវពេល
43 បើកាលចៅហ្វាយមកដល់ ឃើញអ្នកបម្រើនោះកំពុងតែធ្វើដូច្នោះ នោះវាមានពរហើយ
44 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា លោកនឹងតាំងអ្នកនោះឲ្យត្រួតត្រាលើរបស់ទ្រព្យលោកទាំងអស់
45 ប៉ុន្តែ បើអ្នកបម្រើនោះគិតស្មានក្នុងចិត្តថា ចៅហ្វាយអញក្រមក ហើយក៏តាំងវាយពួកបាវប្រុសស្រី ទាំងស៊ីផឹកស្រវឹងវិញ
46 ដូច្នេះ ដល់ថ្ងៃដែលអ្នកបម្រើនោះមិននៅចាំ ហើយវេលាណាដែលមិនដឹង នោះចៅហ្វាយនឹងមកដល់ ក៏នឹងធ្វើទោសជាយ៉ាងធ្ងន់ ព្រមទាំងឲ្យមានចំណែកជាមួយនឹងពួកមនុស្សមិនជឿផង
47 អ្នកបម្រើណាដែលស្គាល់ចិត្តចៅហ្វាយ តែមិនបានរៀបចំ ឬធ្វើតាមចិត្តលោកសោះ នោះនឹងត្រូវរំពាត់ជាយ៉ាងច្រើន
48 ឯអ្នកណាដែលមិនបានស្គាល់ តែបានប្រព្រឹត្តគួរនឹងត្រូវរំពាត់ នោះនឹងត្រូវវាយតិចវិញ ឯអស់អ្នកណាដែលគេប្រគល់ទុកជាច្រើនឲ្យ នោះគេនឹងទារជាច្រើនពីអ្នកនោះវិញ គេនឹងសូមលើសទៅទៀត ពីអ្នកណាដែលគេបានផ្ញើទុកជាច្រើនផង។
49 ខ្ញុំបានមក ដើម្បីនឹងបោះភ្លើងនៅលើផែនដី បើភ្លើងនោះឆេះហើយ តើខ្ញុំនៅចង់បានអ្វីទៀត
50 តែខ្ញុំត្រូវទទួលបុណ្យជ្រមុជ១ សិន ហើយខ្ញុំត្រូវចង្អៀតចង្អល់យ៉ាងដូចម្តេចទៅហ្ន៎ ទំរាំតែបុណ្យនោះបានសម្រេច
51 តើអ្នករាល់គ្នាស្មានថា ខ្ញុំមកដើម្បីឲ្យមានសេចក្ដីសុខសាន្តនៅផែនដីឬអី ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនទេ គឺមកដើម្បីឲ្យកើតប្រដិបក្សវិញទេតើ
52 ដ្បិតពីនេះទៅមុខ នឹងមាន៥នាក់ក្នុងផ្ទះ១បាក់បែកគ្នា គឺ៣នាក់ទាស់នឹង២នាក់ ហើយ២នាក់ទាស់នឹង៣នាក់
53 ឯឪពុក នឹងបាក់បែកទាស់នឹងកូនប្រុស ហើយកូនប្រុសទាស់នឹងឪពុក ម្តាយទាស់នឹងកូនស្រី ហើយកូនស្រីទាស់នឹងម្តាយ ម្តាយក្មេកទាស់នឹងកូនប្រសាស្រី ហើយកូនប្រសាស្រីទាស់នឹងម្តាយក្មេកដែរ។
54 ទ្រង់ក៏មានព្រះបន្ទូលទៅបណ្តាមនុស្សដែរថា កាលណាអ្នករាល់គ្នាឃើញពពកឡើងពីទិសខាងលិច ស្រាប់តែអ្នករាល់គ្នាថា ចង់ភ្លៀងហើយ រួចក៏មានដូច្នោះមែន
55 ហើយកាលណាខ្យល់បក់ពីខាងត្បូង នោះអ្នករាល់គ្នាថា ថ្ងៃនេះ មុខជាក្តៅ នោះក៏មានដែរ
56 ឱមនុស្សកំពុតអើយ អ្នករាល់គ្នាចេះសម្គាល់សភាពដី ហើយនិងមេឃបាន ចុះហេតុដូចម្តេចបានជាមិនស្គាល់ពេលវេលានេះ។
57 ហើយហេតុអ្វីបានជាមិនពិចារណា ក្នុងខ្លួនអ្នករាល់គ្នា ពីសេចក្ដីណាដែលសុចរិត
58 ដ្បិតដែលអ្នកកំពុងតែដើរតាមផ្លូវទៅឯចៅហ្វាយ ជាមួយនឹងសត្រូវអ្នក នោះចូរខំប្រឹងដោះខ្លួនឲ្យរួចចេញ ក្រែងគេទាញអូសអ្នកទៅឯចៅក្រម ចៅក្រមប្រគល់អ្នកដល់នាយភូឃុំ ហើយនាយភូឃុំនឹងដាក់អ្នកជាប់គុក
59 ខ្ញុំប្រាប់អ្នកថា ដែលអ្នកនៅខ្វះតែកន្លះសេននឹងសងគេឲ្យគ្រប់ នោះនឹងចេញពីទីនោះមិនរួចឡើយ។