លូកា
ជំពូក 1
មានមនុស្សជាច្រើន បានផ្តើមតែងរឿងពីអស់ទាំងការ ដែលពួកយើងខ្ញុំបានជឿជាក់
2 ដូចជាគេបានប្រាប់មកយើងខ្ញុំ ដែលគេបានឃើញការទាំងនោះជាក់នឹងភ្នែក តាំងពីដើមរៀងមក ហើយក៏ធ្វើជាអ្នកបម្រើផ្សាយព្រះបន្ទូល
3 ហេតុនោះបានជាខ្ញុំគិតថា គួរគប្បីឲ្យខ្ញុំសរសេរផ្ញើមកជូនលោកដោយលំដាប់ដែរ ឱព្រះតេជព្រះគុណថេវភីលអើយ ដ្បិតខ្ញុំបានពិនិត្យពីរឿងទាំងនោះ តាំងតែពីដើមរៀងមក ដោយហ្មត់ចត់ហើយ
4 ដើម្បីឲ្យលោកបានជ្រាបពីសេចក្ដីពិតនៃអស់ទាំងសេចក្ដី ដែលគេបានបង្រៀនលោក។ ទេវតាជូនដំណឹងអំពីកំណើតរបស់យ៉ូហាន-បាទីស្ទ
5 កាលនៅរាជ្យហេរ៉ូឌជាស្តេចស្រុកយូដា នោះមានសង្ឃ១ក្នុងពួកលោកអ័ប៊ីយ៉ា នាមសាការី ប្រពន្ធឈ្មោះអេលីសាបិត ជាពូជលោកអើរ៉ុន
6 អ្នកទាំង២នោះជាមនុស្សសុចរិតនៅចំពោះព្រះ បានកាន់តាមក្រឹត្យក្រម និងច្បាប់នៃព្រះអម្ចាស់ទាំងប៉ុន្មាន ឥតកន្លែងបន្ទោសបានទេ
7 លោកគ្មានកូនសោះ ដ្បិតអេលីសាបិតជាស្ត្រីអារ
8 រីឯតាមទម្លាប់ការងារពួកសង្ឃ ដែលគេចាប់ឆ្នោត នោះត្រូវវេនឲ្យលោកចូលទៅដុតគ្រឿងក្រអូប នៅក្នុងព្រះវិហារនៃព្រះអម្ចាស់
9 កាលកំពុងតែធ្វើការងារនៃពួកសង្ឃ នៅចំពោះព្រះ តាមវេនលោក
10 ហើយបណ្តាមនុស្ស ដែលនៅខាងក្រៅកំពុងតែអធិស្ឋាន នៅវេលាដុតគ្រឿងក្រអូប
11 នោះមានទេវតានៃព្រះអម្ចាស់លេចមក ឈរខាងស្តាំនៃអាសនៈគ្រឿងក្រអូបឲ្យលោកឃើញ
12 កាលសាការីឃើញទេវតាហើយ លោកក៏ភាន់ភាំង ហើយកើតមានសេចក្ដីភ័យខ្លាច
13 ប៉ុន្តែ ទេវតានិយាយថា កុំខ្លាចអី សាការីអើយ ព្រោះពាក្យដែលលោកទូលអង្វរ នោះបានទទួលហើយ ឯអេលីសាបិត ប្រពន្ធលោក នឹងបង្កើតកូនប្រុស១ឲ្យលោក ត្រូវឲ្យវាមានឈ្មោះថា «យ៉ូហាន»
14 លោកនឹងមានសេចក្ដីរីករាយ និងសេចក្ដីអំណរ ហើយមនុស្សជាច្រើននឹងអរសាទរ ក្នុងកាលដែលវាកើតមកនោះ
15 ដ្បិតវានឹងបានជាធំនៅចំពោះព្រះអម្ចាស់ វានឹងមិនផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងទេ វានឹងបានពេញជាព្រះវិញ្ញាណបរិសុទ្ធ តាំងតែពីផ្ទៃម្តាយមក
16 វានឹងបង្វិលកូនចៅសាសន៍អ៊ីស្រាអែលជាច្រើន ឲ្យត្រឡប់វិលមកឯព្រះអម្ចាស់ ជាព្រះនៃគេវិញ
17 វានឹងនាំមុខទ្រង់ ដោយនូវវិញ្ញាណ ហើយនិងអំណាចរបស់លោកអេលីយ៉ា ដើម្បីនឹងបំបែរចិត្តពួកឪពុកមកឯកូន និងពួកចចេសមកឯប្រាជ្ញារបស់មនុស្សសុចរិតវិញ ប្រយោជន៍នឹងរៀបចំមនុស្ស១ពួកទុកជាស្រេច សម្រាប់ជារាស្ត្ររបស់ព្រះអម្ចាស់
18 សាការីសួរទេវតាថា តើខ្ញុំនឹងដឹងសេចក្ដីនោះបាន ដោយសារអ្វី ដ្បិតខ្ញុំសោតក៏ចាស់ហើយ ប្រពន្ធខ្ញុំក៏ចាស់ណាស់ដែរ
19 ទេវតាឆ្លើយតបនឹងលោកថា ខ្ញុំនេះ ឈ្មោះកាព្រីយ៉ែល ដែលឈរនៅចំពោះព្រះ ទ្រង់បានចាត់ខ្ញុំឲ្យមកនិយាយនឹងលោក ហើយប្រកាសប្រាប់ដំណឹងល្អនេះ
20 មើល លោកនឹងត្រូវគ និយាយមិនបាន ដរាបដល់ថ្ងៃដែលការទាំងនេះកើតមក ពីព្រោះលោកមិនបានជឿពាក្យខ្ញុំ ដែលនឹងសម្រេចនៅវេលាកំណត់នោះទេ។
21 ឯបណ្តាមនុស្សគេនៅចាំសាការី ក៏នឹកប្លែកពីលោក ដែលនៅក្នុងព្រះវិហារជាយូរម៉្លេះ
22 កាលលោកចេញមក លោកនិយាយនឹងគេមិនបានទេ គេក៏យល់ឃើញថា លោកបានឃើញការជាក់ស្តែងណាមួយ នៅក្នុងព្រះវិហារជាមិនខាន ដោយលោកធ្វើគ្រឿងសម្គាល់ឲ្យដឹង ហើយក៏នៅតែគ
23 កាលវេលាដែលការងារលោកបានសម្រេចហើយ នោះលោកក៏ត្រឡប់ទៅផ្ទះវិញ
24 គ្រាក្រោយនោះ អេលីសាបិត ជាប្រពន្ធលោក នាងមានផ្ទៃពោះ រួចក៏លាក់ខ្លួននៅ៥ខែ ដោយថា
25 ព្រះអម្ចាស់ទ្រង់បានប្រោសខ្ញុំយ៉ាងដូច្នេះ ក្នុងគ្រាដែលទ្រង់ទតមកខ្ញុំ ដើម្បីនឹងដោះសេចក្ដីអាម៉ាស់ខ្មាសរបស់ខ្ញុំ នៅកណ្តាលមនុស្សចេញ។
26 កន្លង៦ខែក្រោយនោះមក ព្រះទ្រង់ចាត់ទេវតាកាព្រីយ៉ែល ឲ្យទៅឯនាងព្រហ្មចារីម្នាក់ ដែលនៅភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ
27 ជាស្ត្រីដែលបានបម្រុងទុកឲ្យមនុស្សម្នាក់ឈ្មោះយ៉ូសែប ជាពូជហ្លួងដាវីឌ នាងនោះឈ្មោះម៉ារា
28 ទេវតាក៏ចូលមកឯនាងពោលថា ជម្រាបសួរនាង ឱនាងដែលប្រកបដោយព្រះគុណអើយ ព្រះអម្ចាស់ទ្រង់គង់នៅជាមួយនឹងនាង ក្នុងបណ្តាពួកស្រីៗ នាងជាស្ត្រីមានពរពិត
29 នាងមានសេចក្ដីភាំង ដោយឮពាក្យនោះ ហើយរិះគិតក្នុងចិត្ត ពីពាក្យជម្រាបសួរយ៉ាងនោះមានន័យដូចម្តេច
30 តែទេវតានិយាយថា កុំខ្លាចអី ម៉ារាអើយ ដ្បិតព្រះបានប្រោសមេត្តាដល់នាងហើយ
31 មើលនាងនឹងមានគភ៌ប្រសូតបានបុត្រា១ ដែលនាងត្រូវថ្វាយព្រះនាមថា «យេស៊ូវ»
32 បុត្រនោះនឹងបានជាធំឧត្តម ហើយគេនឹងហៅទ្រង់ ជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងប្រទានរាជ្យនៃហ្លួងដាវីឌ ជាអយ្យកោទ្រង់ថ្វាយទ្រង់សោយ
33 ទ្រង់នឹងសោយរាជ្យលើពួកវង្សរបស់យ៉ាកុប នៅអស់កល្បរៀងទៅ ហើយរាជ្យទ្រង់នឹងមិនផុតឡើយ
34 តែម៉ារាសួរទេវតាថា ខ្ញុំមិនស្គាល់ប្រុសណាផង ដូច្នេះ តើធ្វើដូចម្តេចនឹងឲ្យការនេះសម្រេចបាន
35 ទេវតាក៏ឆ្លើយថា ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយព្រះចេស្តានៃព្រះដ៏ខ្ពស់បំផុត នឹងមកគ្របបាំងនាងដោយស្រមោល ហេតុដូច្នេះ បុត្របរិសុទ្ធដែលនឹងប្រសូតមកនោះ ត្រូវហៅថាជាព្រះរាជបុត្រានៃព្រះ
36 មើលឥឡូវអេលីសាបិត ជាញាតិនាង ក៏មានផ្ទៃពោះជាកូនប្រុស ក្នុងការដែលចាស់ហើយដែរ គឺអ្នកដែលគេបានហៅថាជាស្ត្រីអារ នោះនាងមានផ្ទៃពោះ៦ខែមកហើយ
37 ដ្បិតការអ្វីដែលព្រះទ្រង់ធ្វើពុំបាន នោះគ្មានសោះឡើយ
38 នោះម៉ារានិយាយថា មើលខ្ញុំនេះជាអ្នកបម្រើរបស់ព្រះអម្ចាស់ ដូច្នេះ សូមឲ្យបានសម្រេចដូចពាក្យលោកចុះ រួចទេវតាក៏ថយចេញពីនាងបាត់ទៅ។
39 នៅគ្រានោះ ម៉ារាក៏ក្រោកឡើង ទៅឯស្រុកភ្នំជាប្រញាប់ ដល់ភូមិ១ក្នុងខេត្តយូដា
40 ក៏ចូលទៅក្នុងផ្ទះសាការី ជម្រាបសួរដល់អេលីសាបិត
41 កាលអេលីសាបិតបានឮពាក្យម៉ារាជម្រាបសួរ នោះកូនក៏បង្រះនៅក្នុងផ្ទៃ រួចគាត់បានពេញជាព្រះវិញ្ញាណបរិសុទ្ធ
42 ក៏បន្លឺសំឡេងយ៉ាងខ្លាំងថា ក្នុងបណ្តាពួកស្រីៗ គឺនាងហើយ ជាស្ត្រីមានពរពិត ព្រមទាំងកូននៅក្នុងផ្ទៃនាងផង
43 ដូចម្តេចហ្ន៎ បានជាដល់ទៅព្រះមាតាព្រះអម្ចាស់នៃខ្ញុំក៏មកសួរដូច្នេះដែរ
44 ដ្បិតមើល កាលសំឡេងនាងជម្រាបសួរឮមកដល់ត្រចៀកខ្ញុំ នោះកូននៅក្នុងពោះខ្ញុំក៏បង្រះដោយសេចក្ដីអំណរ
45 នាងមានពរហើយ ដោយនាងបានជឿ ដ្បិតសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូលមកនាង នោះនឹងបានសម្រេចជាមិនខាន។
46 រួចម៉ារានិយាយឡើងថា ព្រលឹងខ្ញុំលើកតម្កើងព្រះអម្ចាស់
47 វិញ្ញាណខ្ញុំក៏រីករាយនឹងព្រះដ៏ជាព្រះអង្គសង្គ្រោះនៃខ្ញុំ
48 ដ្បិតទ្រង់បានទតមើលសណ្ឋានទាបថោករបស់ខ្ញុំ ជាបាវបម្រើទ្រង់ មើលចុះ ពីនេះទៅមុខ គ្រប់ទាំងដំណមនុស្សនឹងរាប់ខ្ញុំថា ជាអ្នកមានពរ
49 ពីព្រោះព្រះដ៏មានព្រះចេស្តា ទ្រង់បានប្រោសសេចក្ដីយ៉ាងល្អវិសេសដល់ខ្ញុំ ព្រះនាមទ្រង់បរិសុទ្ធ
50 ទ្រង់មានសេចក្ដីមេត្តាករុណាដល់គ្រប់ទាំងដំណមនុស្ស ដែលគេកោតខ្លាចទ្រង់តរៀងទៅ
51 ទ្រង់បានសម្ដែងឫទ្ធិ ដោយព្រះហស្តទ្រង់ ព្រមទាំងកម្ចាត់កម្ចាយមនុស្សអំនួត ដោយសារគំនិតដែលនៅក្នុងចិត្តខ្លួនគេ
52 ទាំងទម្លាក់ស្តេចពីបល្ល័ង្កចេញ ហើយលើកមនុស្សរាបសាឡើងវិញ
53 ឯមនុស្សឃ្លាន ទ្រង់បានចម្អែតដោយរបស់ល្អ តែពួកអ្នកមាន ទ្រង់បានបណ្តេញឲ្យទៅទទេវិញ
54 ទ្រង់បានជួយអ៊ីស្រាអែល ជាអ្នកបម្រើទ្រង់ ឲ្យបាននឹកចាំពីសេចក្ដីមេត្តាករុណាទ្រង់
55 ដូចជាទ្រង់មានព្រះបន្ទូលនឹងពួកអយ្យកោយើង គឺនឹងលោកអ័ប្រាហាំ ហើយនិងពូជលោកជារៀងរាបដរាបតមក
56 ម៉ារាក៏នៅជាមួយនឹងអេលីសាបិត ប្រហែលជា៣ខែ ទើបត្រឡប់ទៅផ្ទះខ្លួនវិញ។
57 រីឯពេលដែលអេលីសាបិត ត្រូវសម្រាលកូន ក៏មកដល់ ហើយនាងសម្រាលបានកូនប្រុស
58 ចំណែកពួកអ្នកជិតខាង និងញាតិសន្តានគាត់ទាំងប៉ុន្មានក៏ឮថា ព្រះអម្ចាស់បានចម្រើនសេចក្ដីមេត្តាករុណាដល់គាត់ ហើយគេមានសេចក្ដីរីករាយអរសប្បាយជាមួយនឹងគាត់
59 ដល់ថ្ងៃទី៨ គេមកដើម្បីកាត់ស្បែកទារកនោះ ក៏ឲ្យឈ្មោះថា សាការី តាមឈ្មោះឪពុក
60 តែម្តាយឆ្លើយឡើងថា ទេ ត្រូវឲ្យឈ្មោះ យ៉ូហាន វិញ
61 គេឆ្លើយទៅគាត់ថា ក្នុងពួកញាតិសន្តានអ្នក គ្មានអ្នកណាដែលមានឈ្មោះនោះទេ
62 គេក៏ធ្វើគ្រឿងសម្គាល់ សួរដល់ឪពុក តើលោកចង់ឲ្យឈ្មោះអ្វីដល់កូន
63 លោកសូមក្តារខៀនមកសរសេរថា វាឈ្មោះយ៉ូហាន នោះគេមានសេចក្ដីអស្ចារ្យទាំងអស់គ្នា
64 ខណៈនោះ មាត់លោកបើកឡើងជា១រំពេច អណ្តាតក៏រលាស់បាន ហើយលោកពណ៌នាសរសើរដល់ព្រះ
65 ឯមនុស្សដែលនៅជុំវិញទាំងប៉ុន្មាន ក៏កើតមានសេចក្ដីភ័យខ្លាច រួចគេរៀបរាប់រឿងនេះទួទៅពេញក្នុងស្រុកភ្នំរបស់ខេត្តយូដា
66 ហើយអស់អ្នកដែលឮ ក៏ទុកតែក្នុងពោះដោយថា ដូច្នេះ តើកូននេះនឹងបានជាអ្វី ព្រះហស្តព្រះអម្ចាស់ ក៏នៅជាមួយនឹងវា។
67 រីឯសាការី ជាឪពុក ក៏បានពេញជាព្រះវិញ្ញាណបរិសុទ្ធ ហើយទាយថា
68 សូមឲ្យព្រះអម្ចាស់ ជាព្រះនៃសាសន៍អ៊ីស្រាអែល បានប្រកបដោយព្រះគុណ ពីព្រោះទ្រង់បានទតមើល ហើយប្រោសលោះរាស្ត្រទ្រង់
69 ព្រមទាំងបង្កើតព្រះដ៏មានឥទ្ធិឫទ្ធិ នៅក្នុងពូជហ្លួងដាវីឌ ជាអ្នកបម្រើទ្រង់ សម្រាប់នឹងជួយសង្គ្រោះយើងផង
70 ដូចជាទ្រង់មានព្រះបន្ទូល ដោយមាត់ពួកហោរាបរិសុទ្ធរបស់ទ្រង់តាំងពីបុរាណមក
71 គឺជាសេចក្ដីសង្គ្រោះ ឲ្យរួចពីខ្មាំងសត្រូវយើង ហើយពីកណ្តាប់ដៃនៃអស់អ្នកណាដែលស្អប់យើង
72 ដើម្បីនឹងសម្រេចសេចក្ដីមេត្តាករុណា ដល់ពួកអយ្យកោយើង ហើយនិងនឹកចាំពីសេចក្ដីសញ្ញាបរិសុទ្ធរបស់ទ្រង់
73 គឺជាសម្បថ ដែលទ្រង់បានស្បថនឹងលោកអ័ប្រាហាំ ជាអយ្យកោយើងថា
74 នឹងបើកឲ្យយើងបានសង្គ្រោះ រួចពីកណ្តាប់ដៃពួកខ្មាំងសត្រូវ ដើម្បីឲ្យបានបម្រើទ្រង់ ឥតភ័យខ្លាច
75 ដោយសេចក្ដីបរិសុទ្ធ និងសេចក្ដីសុចរិត នៅចំពោះទ្រង់ អស់១ជីវិតយើង
76 ឯឯងទារកអើយ គេនឹងហៅឯងជាហោរានៃព្រះដ៏ខ្ពស់បំផុត ដ្បិតឯងនឹងដើរចំពោះព្រះអម្ចាស់ ដើម្បីនឹងរៀបចំផ្លូវថ្វាយទ្រង់
77 ប្រយោជន៍ឲ្យរាស្ត្រទ្រង់បានស្គាល់សេចក្ដីសង្គ្រោះ ជាការប្រោសឲ្យគេរួចពីបាប
78 ដោយព្រោះព្រះហឫទ័យមេត្តាករុណារបស់ព្រះនៃយើង ដែលបណ្តាលឲ្យបច្ចូសកាល ភ្លឺមកដល់យើងពីស្ថានដ៏ខ្ពស់
79 ដើម្បីនឹងបំភ្លឺដល់ពួកអ្នកដែលអង្គុយក្នុងសេចក្ដីងងឹត ហើយក្នុងម្លប់នៃសេចក្ដីស្លាប់ ប្រយោជន៍ឲ្យបានតម្រង់ជើងយើង តាមផ្លូវសុខសាន្តវិញ។
80 រីឯទារកនោះ ក៏កាន់តែធំឡើង បានចម្រើនកម្លាំងខាងវិញ្ញាណជាខ្លាំងឡើង ហើយនៅតែក្នុងទីរហោស្ថាន ដរាបដល់ថ្ងៃ ដែលបង្ហាញខ្លួន ឲ្យសាសន៍អ៊ីស្រាអែលបានឃើញ។