លូកា
ជំពូក 18
នោះព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលជាពាក្យប្រៀបប្រដូចទៅគេ ដើម្បីនឹងបង្ហាញថា ត្រូវតែអធិស្ឋានជានិច្ច ឥតរសាយចិត្តឡើយ
2 ទ្រង់មានព្រះបន្ទូលថា នៅក្នុងក្រុង១ មានចៅក្រមម្នាក់ ដែលមិនកោតខ្លាចដល់ព្រះ ក៏មិនព្រមញញើតចំពោះមនុស្សណាផង
3 ហើយមានស្ត្រីមេម៉ាយម្នាក់ នៅក្នុងក្រុងនោះដែរ នាងចេះតែមកនិយាយនឹងលោកនោះថា សូមលោកកាត់ទោសដល់ខ្មាំងសត្រូវឲ្យខ្ញុំផង
4 តែលោកមិនទទួលព្រមជាយូរក្រែលហើយ លុះក្រោយមកក៏គិតក្នុងចិត្តថា ទោះបើអញមិនខ្លាចដល់ព្រះ ឬព្រឹមញញើតចំពោះមនុស្សណាក៏ដោយ
5 គង់តែអញនឹងជំនុំជម្រះឲ្យស្ត្រីមេម៉ាយនេះជាមិនខាន ដោយព្រោះនាងនាំឲ្យរំខានចិត្តអញខ្លាំងណាស់ ក្រែងនាងចេះតែមករំអុកជានិច្ចដូច្នេះទៅ នឹងនាំឲ្យអញពិបាកចិត្តទៅទៀត
6 នោះទ្រង់មានព្រះបន្ទូលថា ចូរពិចារណាសេចក្ដី ដែលចៅក្រមទុច្ចរិតនោះនិយាយចុះ
7 ចំណែកព្រះវិញ ដែលទ្រង់មានព្រះហឫទ័យអត់ធ្មត់ ដល់ពួករើសតាំងរបស់ទ្រង់ ដែលគេអំពាវនាវរកទ្រង់ទាំងយប់ទាំងថ្ងៃ នោះតើទ្រង់មិនសងសឹកជំនួសគេដែរទេឬអី
8 ខ្ញុំប្រាប់អ្នករាល់គ្នាថា ទ្រង់នឹងសងសឹកជំនួសអ្នកទាំងនោះ ជាប្រញាប់មិនខាន ប៉ុន្តែ កាលណាកូនមនុស្សនឹងមក តើនឹងឃើញនៅមានសេចក្ដីជំនឿនៅផែនដីដែរឬដូចម្តេច។
9 ឯពួកអ្នកខ្លះដែលទុកចិត្តនឹងខ្លួនគេថា គេសុចរិត ហើយក៏មើលងាយដល់មនុស្សឯទៀតផង នោះទ្រង់មានព្រះបន្ទូល ជាពាក្យប្រៀបប្រដូចនេះថា
10 មានបុរស២នាក់ឡើងទៅអធិស្ឋានក្នុងព្រះវិហារ មួយជាពួកផារីស៊ី មួយទៀតជាអ្នកយកពន្ធ
11 អ្នកផារីស៊ីក៏ឈរតាំងអធិស្ឋានតែម្នាក់ឯងដូច្នេះថា ឱព្រះអង្គអើយ ទូលបង្គំអរព្រះគុណដល់ទ្រង់ ព្រោះទូលបង្គំមិនដូចជាមនុស្សឯទៀត ដែលជាមនុស្សប្លន់ ទុច្ចរិត ហើយកំផិត ឬដូចជាអ្នកយកពន្ធនេះទេ
12 ទូលបង្គំតមក្នុង១អាទិត្យ២ដង ហើយក៏ថ្វាយ១ភាគក្នុង១០ ពីរបស់ទាំងអម្បាលម៉ានដែលទូលបង្គំបានចំណេញផង
13 ឯអ្នកយកពន្ធ គាត់ឈរនៅទីឆ្ងាយ មិនទាំងងើបមើលទៅលើមេឃផង ក៏គក់ដើមទ្រូងទូលថា ឱព្រះអង្គអើយ សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ ដែលជាអ្នកមានបាបផង
14 ខ្ញុំប្រាប់អ្នករាល់គ្នាថា កាលចុះទៅដល់ផ្ទះ អ្នកនេះបានរាប់ជាសុចរិត ជាជាងអ្នក១នោះ ដ្បិតអស់អ្នកណាដែលតម្កើងខ្លួន នោះនឹងត្រូវបន្ទាបវិញ ហើយអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានតម្កើងឡើង។
15 មានគេនាំកូនតូចៗ មកឯព្រះយេស៊ូវដែរ ដើម្បីឲ្យទ្រង់បានពាល់វា តែកាលពួកសិស្សបានឃើញ នោះក៏បន្ទោសដល់គេ
16 ប៉ុន្តែ ទ្រង់ហៅពួកសិស្សមកមានព្រះបន្ទូលថា ទុកឲ្យកូនតូចមកឯខ្ញុំឯណេះ កុំឃាត់វាឡើយ ព្រោះនគរព្រះមានសុទ្ធតែមនុស្សដូចវារាល់គ្នាដែរ
17 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលមិនទទួលនគរព្រះ ដូចជាកូនតូចៗ នោះមិនបានចូលទៅក្នុងនគរនោះឡើយ។
18 មាននាម៉ឺនម្នាក់ទូលសួរទ្រង់ថា ឱលោកគ្រូល្អអើយ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច ឲ្យបានជីវិតរស់អស់កល្បជានិច្ច
19 ព្រះយេស៊ូវមានព្រះបន្ទូលតបថា ហេតុអ្វីបានជាអ្នកហៅខ្ញុំថា ល្អ ដូច្នេះ គ្មានអ្នកណាល្អឡើយ មានតែមួយប៉ុណ្ណោះ គឺជាព្រះ
20 អ្នកបានស្គាល់បញ្ញត្តទាំងប៉ុន្មានហើយ ដែលថា «កុំឲ្យផិតឲ្យសោះ កុំឲ្យសម្លាប់មនុស្សឲ្យសោះ កុំឲ្យលួចឲ្យសោះ កុំឲ្យធ្វើជាទីបន្ទាល់ក្លែងឲ្យសោះ ចូរគោរពប្រតិបត្តិដល់ឪពុកម្តាយ»
21 តែគាត់ទូលឆ្លើយថា ខ្ញុំបានកាន់តាមសេចក្ដីទាំងនេះ តាំងតែពីក្មេងមកហើយ
22 កាលព្រះយេស៊ូវបានឮដូច្នោះ នោះក៏មានព្រះបន្ទូលទៅគាត់ថា អ្នកនៅខ្វះសេចក្ដី១ទៀត ដូច្នេះ ចូរទៅលក់របស់ទ្រព្យអ្នកទាំងប៉ុន្មាន ចែកទានឲ្យដល់ពួកអ្នកក្រីក្រទៅ នោះអ្នកនឹងបានទ្រព្យសម្បត្តិ នៅលើស្ថានសួគ៌វិញ រួចចូរមកតាមខ្ញុំចុះ
23 កាលគាត់បានឮសេចក្ដីទាំងនេះហើយ នោះក៏កើតមានចិត្តព្រួយជាខ្លាំង ព្រោះគាត់មានសម្បត្តិទ្រព្យច្រើនណាស់។
24 ព្រះយេស៊ូវក៏ឃើញថា គាត់កើតមានចិត្តព្រួយ បានជាទ្រង់មានព្រះបន្ទូលថា មនុស្សអ្នកមានចូលទៅក្នុងនគរព្រះពិបាកណាស់
25 ដ្បិតដែលសត្វអូដ្ឋនឹងចូលទៅតាមប្រហោងម្ជុល នោះងាយជាជាងអ្នកមានចូលទៅក្នុងនគរព្រះទៅទៀត
26 ពួកអ្នកដែលឮក៏ទូលសួរថា ដូច្នេះ តើអ្នកណាអាចនឹងបានសង្គ្រោះ
27 ទ្រង់មានព្រះបន្ទូលថា ការដែលមនុស្សធ្វើមិនកើត នោះព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់
28 នោះពេត្រុសទូលថា មើល យើងខ្ញុំបានលះចោលទាំងអស់ មកតាមទ្រង់ហើយ
29 ទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្មានអ្នកណា ដែលលះចោលផ្ទះសំបែង ឪពុកម្តាយ បងប្អូន ឬប្រពន្ធកូន ដោយយល់ដល់នគរព្រះ
30 ឥតបានចម្រើនកាន់តែច្រើនឡើង ក្នុងសម័យនេះនោះឡើយ ហើយលុះដល់បរលោកនាយ ក៏នឹងបានជីវិតរស់អស់កល្បជានិច្ចថែមទៀតផង។
31 ទ្រង់ក៏យកពួក១២នាក់មកមានព្រះបន្ទូលថា មើល យើងរាល់គ្នានឹងឡើងទៅឯក្រុងយេរូសាឡឹម នោះគ្រប់សេចក្ដីដែលពួកហោរាបានចែងទុកពីកូនមនុស្ស នឹងបានសម្រេចពិត
32 ដ្បិតគេនឹងបញ្ជូនលោកទៅពួកសាសន៍ដទៃ គេនឹងសើចចំអកឲ្យ ត្មះតិះដៀល ហើយស្តោះដាក់លោក
33 រួចកាលគេបានវាយនឹងរំពាត់ហើយ នោះគេនឹងសម្លាប់លោកបង់ តែក្រោយ៣ថ្ងៃមក លោកនឹងរស់ឡើងវិញ
34 តែពួកសាវកមិនបានយល់សេចក្ដីទាំងនោះសោះ ពាក្យនោះជាពាក្យលាក់កំបាំងដល់គេ ហើយគេមិនបានយល់ជាថាដូចម្តេចទេ។
35 កាលជិតដល់ក្រុងយេរីខូហើយ នោះមានមនុស្សខ្វាក់ម្នាក់ អង្គុយសូមទាននៅមាត់ផ្លូវ
36 គាត់ឮសូរសន្ធឹកមនុស្សទាំងហ្វូង ដែលដើរតាមនោះ ក៏សួរគេថា តើមានការអ្វី
37 គេប្រាប់គាត់ថា គឺព្រះយេស៊ូវ ពីស្រុកណាសារ៉ែត ទ្រង់យាងមក
38 រួចគាត់ស្រែកឡើងថា ឱព្រះយេស៊ូវ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង
39 ឯពួកអ្នកដែលដើរមុន គេកំហែងគាត់ឲ្យនៅស្ងៀម តែគាត់ស្រែករឹតតែខ្លាំងឡើងថា ឱព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង
40 នោះព្រះយេស៊ូវទ្រង់ក៏ឈប់ ហើយបង្គាប់ឲ្យគេនាំគាត់មក កាលគាត់មកជិតហើយ នោះទ្រង់មានព្រះបន្ទូលសួរថា
41 តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក គាត់ទូលថា ឱព្រះអម្ចាស់អើយ សូមឲ្យភ្នែកទូលបង្គំបានភ្លឺឡើង
42 ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ឲ្យភ្លឺចុះ សេចក្ដីជំនឿអ្នកបានជួយសង្គ្រោះអ្នកហើយ
43 ស្រាប់តែភ្នែកគាត់បានភ្លឺភ្លាម ហើយគាត់ដើរតាមទ្រង់ ទាំងពណ៌នាសរសើរតម្កើងព្រះ ឯមនុស្សទាំងអស់ដែលឃើញ ក៏សរសើរដល់ព្រះដែរ។