លូកា
ជំពូក 7
កាលទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនោះ ឲ្យបណ្តាជនស្តាប់រួចហើយ ក៏យាងចូលទៅក្នុងក្រុងកាពើណិមវិញ
2 នោះមានបាវសំណប់របស់មេទ័ពម្នាក់ វាឈឺហៀបនឹងស្លាប់
3 លោកបានឮនិយាយពីព្រះយេស៊ូវ ក៏ចាត់ពួកចាស់ទុំសាសន៍យូដាខ្លះ ឲ្យទៅអង្វរអញ្ជើញទ្រង់មកជួយសង្គ្រោះបាវនោះ
4 កាលគេបានទៅដល់ព្រះយេស៊ូវហើយ នោះក៏ទទូចអង្វរទ្រង់ថា មេទ័ពនោះមានបំណាច់ណាស់ គួរឲ្យប្រោសមេត្តាដែរ
5 ដ្បិតគាត់ស្រឡាញ់ដល់សាសន៍យើង ហើយបានសង់សាលាប្រជុំ១សម្រាប់យើងរាល់គ្នា
6 ព្រះយេស៊ូវក៏យាងទៅជាមួយនឹងគេ កាលហៀបនឹងដល់ផ្ទះហើយ នោះមេទ័ពចាត់ពួកសំឡាញ់ឲ្យមកទូលទ្រង់ថា ព្រះអម្ចាស់អើយ សូមកុំព្រួយព្រះទ័យឡើយ មិនគួរនឹងឲ្យទូលបង្គំទទួលទ្រង់នៅក្នុងផ្ទះទូលបង្គំទេ
7 គឺដោយហេតុនោះបានជាទូលបង្គំមិនបានរាប់ខ្លួនថា គួរនឹងមកឯទ្រង់ដែរ សូមទ្រង់គ្រាន់តែមានព្រះបន្ទូល១ព្រះឱស្ឋប៉ុណ្ណោះចុះ នោះបាវទូលបង្គំបានជាហើយ
8 ដ្បិតទូលបង្គំនៅក្រោមអំណាចគេដែរ ក៏មានទាហាននៅក្រោមឱវាទទូលបង្គំ ទូលបង្គំប្រាប់ទៅម្នាក់ថា ទៅវាក៏ទៅ ប្រាប់ទៅម្នាក់ទៀតថា មក វាក៏មក ហើយប្រាប់ទៅបាវថា ធ្វើការនេះចុះ នោះវាក៏ធ្វើតាម
9 កាលព្រះយេស៊ូវបានឮសេចក្ដីទាំងនោះ ទ្រង់ក៏មានសេចក្ដីអស្ចារ្យនឹងមេទ័ពនោះណាស់ រួចទ្រង់បែរទៅ មានព្រះបន្ទូលនឹងមនុស្សទាំងប៉ុន្មានដែលតាមទ្រង់ថា ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនដែលឃើញសេចក្ដីជំនឿណាជាខ្លាំងដល់ម៉្លេះទេ ទោះបើនៅសាសន៍អ៊ីស្រាអែលក៏ដោយ
10 ឯពួកអ្នកដែលលោកបានចាត់ឲ្យមក គេក៏ត្រឡប់ទៅផ្ទះវិញ ឃើញបាវដែលឈឺនោះបានជាហើយ។
11 ដល់ថ្ងៃក្រោយមក ទ្រង់យាងទៅឯក្រុង១ហៅថា ណាអ៊ីន មានទាំងពួកសិស្ស និងមនុស្សសន្ធឹកទៅដែរ
12 កាលចូលទៅជិតដល់ទ្វារកំផែងក្រុង នោះឃើញគេសែងខ្មោចចេញមក ជាខ្មោចកូនតែ១ ដែលម្តាយនៅមេម៉ាយ ហើយមានមនុស្សក្រុងនោះជាច្រើនហែមកជាមួយនឹងគាត់
13 កាលព្រះអម្ចាស់បានឃើញ នោះទ្រង់មានព្រះហឫទ័យក្តួលអាណិតអាសូរដល់គាត់ណាស់ ក៏មានព្រះបន្ទូលថា កុំយំអី
14 រួចទ្រង់យាងចូលទៅពាល់ក្តារមឈូស ឯពួកអ្នកសែងក៏ឈប់ ហើយទ្រង់មានព្រះបន្ទូលថា អ្នកកំលោះអើយ ខ្ញុំបង្គាប់អ្នកថា ចូរក្រោកឡើង
15 អ្នកដែលស្លាប់នោះ ក៏ក្រោកឡើងអង្គុយ ហើយចាប់តាំងនិយាយ រួចទ្រង់ប្រគល់ដល់ម្តាយវិញ
16 មនុស្សទាំងអស់គ្នាកើតមានសេចក្ដីស្ញែងខ្លាច ក៏សរសើរតម្កើងដល់ព្រះ ដោយពាក្យថា មានហោរា១ធំបានកើតឡើងក្នុងពួកយើង ហើយថា ព្រះបានប្រោសរាស្ត្រទ្រង់ហើយ
17 ពាក្យគេថ្លែងពីទ្រង់នេះ បានឮសុសសាយពេញទួទៅក្នុងស្រុកយូដា និងស្រុកនៅជុំវិញទាំងអស់។
18 ពួកសិស្សយ៉ូហាន ក៏ទៅប្រាប់គាត់ពីគ្រប់ការទាំងនេះ
19 រួចយ៉ូហានហៅសិស្សគាត់២នាក់មក ប្រើឲ្យទៅទូលសួរព្រះយេស៊ូវថា តើទ្រង់ជាព្រះដែលត្រូវមកពិត ឬត្រូវឲ្យយើងខ្ញុំនៅចាំ១អង្គទៀត
20 កាលអ្នកទាំង២នោះមកដល់ ក៏ទូលទ្រង់ថា លោកយ៉ូហាន-បាទីស្ទបានចាត់យើងខ្ញុំឲ្យមកសួរទ្រង់ថា តើទ្រង់ជាព្រះដែលត្រូវមកពិត ឬត្រូវឲ្យយើងខ្ញុំនៅចាំ១អង្គទៀត
21 នៅវេលានោះឯង ទ្រង់បានប្រោសមនុស្សជំងឺ មនុស្សវេទនា និងមនុស្សអារក្សអសោចចូលជាច្រើនឲ្យបានជា ហើយមនុស្សខ្វាក់ជាច្រើនឲ្យភ្លឺដែរ
22 រួចទ្រង់ក៏ឆ្លើយថា ចូរទៅប្រាប់យ៉ូហានពីការដែលអ្នកបានឃើញហើយឮចុះ គឺមនុស្សខ្វាក់បានភ្លឺ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់បានជាស្អាត មនុស្សថ្លង់ស្តាប់ឮ មនុស្សស្លាប់រស់ឡើងវិញ ហើយមនុស្សទាល់ក្រក៏បានឮដំណឹងល្អ
23 មានពរហើយ អ្នកណាដែលមិនរវាតចិត្តដោយព្រោះខ្ញុំ។
24 កាលសិស្សដែលយ៉ូហានចាត់ឲ្យមក បានចេញទៅហើយ នោះទ្រង់ចាប់តាំងមានព្រះបន្ទូលនឹងបណ្តាមនុស្សពីយ៉ូហានថា តើអ្នករាល់គ្នាបានទៅមើលអ្វីនៅទីរហោស្ថាន បានទៅមើលដើមត្រែងរញ្ជួយ និងខ្យល់ឬអី
25 តើអ្នករាល់គ្នាបានទៅមើលអ្វី បានទៅមើលមនុស្សស្លៀកពាក់អាវទន់ភ្លន់ឬអី មើលពួកអ្នកដែលស្លៀកពាក់ល្អប្រសើរ ហើយរស់នៅដោយរុងរឿង នោះសុទ្ធតែនៅក្នុងដំណាក់ស្តេចទេ
26 ចុះអ្នករាល់គ្នា បានទៅមើលអ្វី មើលហោរាឬអី មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា គាត់ក៏លើសជាងហោរាផង
27 ដ្បិតគឺពីអ្នកនេះហើយ ដែលមានសេចក្ដីចែងទុកមកថា «មើល អញចាត់ទូតអញទៅមុនឯង ទូតនោះនឹងរៀបចំផ្លូវនៅមុខឯង»
28 ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ក្នុងពួកមនុស្ស ដែលកើតពីស្ត្រីមក នោះគ្មានហោរាណាបានធំជាងយ៉ូហាន-បាទីស្ទទេ ប៉ុន្តែ អ្នកណាដែលតូចជាងគេក្នុងនគរព្រះ នោះក៏ធំជាងគាត់ហើយ
29 ឯបណ្តាជន និងពួកអ្នកយកពន្ធទាំងប៉ុន្មាន ដែលស្តាប់យ៉ូហាន គេក៏រាប់ព្រះថាជាសុចរិត ដោយបានទទួលបុណ្យជ្រមុជទឹកពីគាត់
30 តែពួកផារីស៊ី និងពួកអ្នកប្រាជ្ញច្បាប់ គេបានលើកព្រះតម្រិះ ដែលតម្រូវដល់គេចោលចេញ ដោយមិនបានទទួលបុណ្យជ្រមុជពីគាត់វិញ
31 នោះព្រះអម្ចាស់មានព្រះបន្ទូលថា តើត្រូវឲ្យខ្ញុំធៀបដំណមនុស្សនេះជាអ្វី តើគេដូចជាអ្វី
32 គឺគេដូចជាកូនក្មេងអង្គុយនៅទីផ្សារ ដែលស្រែកទៅគ្នាវាថា យើងបានផ្លុំខ្លុយឲ្យឯង តែឯងមិនបានរាំ យើងបានទួញទំនួញឲ្យឯងតែឯងមិនបានយំសោះ
33 ដ្បិតយ៉ូហាន-បាទីស្ទបានមកមិនបរិភោគបាយ ឬស្រាទំពាំងបាយជូរឡើយ តែអ្នករាល់គ្នាថា គាត់មានអារក្សចូល
34 ឯកូនមនុស្ស បានមកទាំងបរិភោគវិញ ហើយអ្នករាល់គ្នាថា មើលនេះជាអ្នកល្មោភស៊ីផឹកច្រើន ជាមិត្តសំឡាញ់នឹងពួកអ្នកយកពន្ធ ហើយនិងមនុស្សមានបាប
35 ប៉ុន្តែ ប្រាជ្ញាបានរាប់ជាត្រូវ ដោយផលដែលបង្កើតទាំងប៉ុន្មាន។
36 មានពួកផារីស៊ីម្នាក់ទូលសូមទ្រង់ ឲ្យសោយជាមួយនឹងគាត់ ទ្រង់ក៏យាងចូលទៅគង់នៅតុ ក្នុងផ្ទះគាត់
37 ហើយមើលនៅក្រុងនោះមានស្ត្រីម្នាក់ដែលមានបាប នាងបានដឹងថា ទ្រង់គង់នៅតុក្នុងផ្ទះអ្នកផារីស៊ីនោះ ក៏យកដបថ្មកែវដាក់ប្រេងក្រអូបមក
38 នាងឈរពីខាងក្រោយ ទៀបព្រះបាទទ្រង់ទាំងយំ ចាប់តាំងសម្រក់ទឹកភ្នែកទទឹកព្រះបាទទ្រង់ រួចយកសក់ក្បាលនាងជូត ក៏ថើបព្រះបាទ ដោយស្រឡាញ់ ហើយយកប្រេងក្រអូបលាបផង
39 កាលពួកផារីស៊ីម្នាក់ដែលអញ្ជើញទ្រង់មក បានឃើញដូច្នោះ ក៏គិតក្នុងចិត្តថា បើអ្នកនេះជាហោរាមែន នោះនឹងស្គាល់ស្ត្រីដែលពាល់ខ្លួន ហើយដឹងថាជាមនុស្សយ៉ាងណា ព្រោះនាងជាមនុស្សមានបាប
40 ព្រះយេស៊ូវក៏មានព្រះបន្ទូលថា ស៊ីម៉ូនអើយ ខ្ញុំចង់និយាយនឹងអ្នកបន្តិច គាត់ក៏ឆ្លើយថា សូមលោកគ្រូមានប្រសាសន៍មកចុះ
41 ទ្រង់មានព្រះបន្ទូលថា មាន២នាក់ជំពាក់អ្នកចងការម្នាក់ អ្នក១ ជំពាក់១០០រៀល អ្នក១ទៀត១០រៀល
42 ដោយព្រោះគេគ្មានអ្វីនឹងសង បានជាគាត់លែងទារពីអ្នកទាំង២ទៅ ដូច្នេះ ក្នុង២នាក់នោះ តើអ្នកណាស្រឡាញ់គាត់ជាជាង
43 ស៊ីម៉ូនទូលឆ្លើយថា ខ្ញុំស្មានថាជាអ្នកមួយដែលជំពាក់ច្រើនជាងនោះឯង ទ្រង់ក៏មានព្រះបន្ទូលតបថា អ្នកស្មានត្រូវហើយ
44 រួចទ្រង់បែរទៅឯស្ត្រីនោះ តែមានព្រះបន្ទូលនឹងស៊ីម៉ូនថា អ្នកឃើញស្ត្រីនេះឬទេ ខ្ញុំបានចូលមកក្នុងផ្ទះអ្នក អ្នកមិនបានឲ្យទឹកសម្រាប់លាងជើងខ្ញុំទេ តែនាងបានសម្រក់ទឹកភ្នែកទទឹកជើងខ្ញុំ ហើយយកសក់ជូតផង
45 អ្នកមិនបានថើបខ្ញុំសោះ តែតាំងពីខ្ញុំចូលមក នាងចេះតែថើបជើងខ្ញុំដោយស្រឡាញ់
46 អ្នកមិនបានយកប្រេងលាបក្បាលខ្ញុំសោះ តែនាងយកប្រេងក្រអូបមកលាបជើងខ្ញុំវិញ
47 ដោយហេតុនោះបានជាខ្ញុំប្រាប់អ្នកថា បាបនាងដែលមានច្រើនទាំងម៉្លេះ បានអត់ទោសឲ្យនាងហើយ ដ្បិតនាងមានសេចក្ដីស្រឡាញ់ជាច្រើន ប៉ុន្តែ អ្នកណាដែលគេអត់ទោសឲ្យតិច នោះក៏ស្រឡាញ់តិច
48 រួចទ្រង់មានព្រះបន្ទូលទៅនាងថា បាបនាងបានអត់ទោសឲ្យនាងហើយ
49 ឯពួកអ្នកដែលអង្គុយនៅតុ ជាមួយ ក៏ចាប់តាំងគិតក្នុងចិត្តថា តើអ្នកនេះជាអ្វីដែលអត់ទោសបាបបានផងដូច្នេះ
50 តែទ្រង់មានព្រះបន្ទូលទៅស្ត្រីនោះថា សេចក្ដីជំនឿរបស់នាងបានសង្គ្រោះនាងហើយ អញ្ជើញនាងទៅ ឲ្យបានប្រកបដោយសេចក្ដីសុខចុះ។