បទ​ចំរៀង​សាឡូម៉ូន

1 2 3 4 5 6 7 8


ជំពូក 3

នៅ​រាត្រី​យប់ កំពុង​ដេក​នៅ​លើ​ដំណេក នោះ​ខ្ញុំ​ក៏​ស្វែង​រក​ព្រះ‌អង្គ​ដែល​ដួង​ចិត្ត​ខ្ញុំ​ស្រឡាញ់ ខ្ញុំ​ខំ​ស្វែង​រក ប៉ុន្តែ មិន​ឃើញ​ទ្រង់​សោះ
2 ដូច្នេះ ក៏​នឹង​ថា អញ​នឹង​ក្រោក​ឡើង​ដើរ​ទៅ​មក​ក្នុង​ទី​ក្រុង អញ​នឹង​ស្វែង​រក​ព្រះ‌អង្គ​ដែល​ដួង​ចិត្ត​អញ​ស្រឡាញ់ នៅ​តាម​ផ្លូវ​ទាំង​ប៉ុន្មាន ហើយ​នៅ​ទី‌ធ្លា​ផង ខ្ញុំ​ក៏​ខំ​ស្វែង​រក ប៉ុន្តែ មិន​ឃើញ​ទ្រង់​សោះ
3 ពួក​យាម​ល្បាត​ដែល​ដើរ​ក្រវែល​ក្នុង​ទី​ក្រុង គេ​ប្រទះ​នឹង​ខ្ញុំ ហើយ​ខ្ញុំ​សួរ​គេ​ថា អ្នក​រាល់​គ្នា​បាន​ឃើញ​ព្រះ‌អង្គ​ដែល ដួង​ចិត្ត​ខ្ញុំ​ស្រឡាញ់​ឬ​ទេ
4 ខ្ញុំ​បាន​ដើរ​ហួស​ពី​គេ​តែ​បន្តិច​ទេ ស្រាប់​តែ​ប្រទះ​នឹង​ព្រះ‌អង្គ​ដែល​ដួង​ចិត្ត​ខ្ញុំ​ស្រឡាញ់ ខ្ញុំ​បាន​ចាប់​អង្គ​ទ្រង់ មិន​ព្រម​ឲ្យ​ទ្រង់​ឃ្លាត​ទៅ​ឡើយ ទាល់​តែ​ខ្ញុំ​បាន​នាំ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ម្តាយ​ខ្ញុំ គឺ​ក្នុង​បន្ទប់​របស់​អ្នក​ដែល​មាន​គភ៌​បង្កើត​ខ្ញុំ​មក។
5 ៙ ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡឹម​អើយ ខ្ញុំ​ចាប់​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ដោយ​នូវ​ពួក​ប្រើស និង​ពួក​ក្តាន់​នៅ​វាល​ថា នាង​ទាំង‌ឡាយ​នឹង​មិន​អង្រួន ឬ​ដាស់​ស្ងួន​សំឡាញ់​របស់ ខ្ញុំ​ឡើយ ចាំ​ទាល់​តែ​ទ្រង់​សព្វ​ព្រះ‌ទ័យ។
6 ៙ តើ​អ្នក​ណា​នុ៎ះ ដែល​ឡើង​ពី​ទី​រហោ‌ស្ថាន​មក មាន​ហុយ​ដូច​ជា​ផ្សែង មាន​អប់​ខ្លួន​ដោយ​ខ្លឹម​ចន្ទន៍ និង​កំញាន ព្រម​ទាំង​ម្សៅ​ក្រអូប​គ្រប់​យ៉ាង​របស់​ពួក​ជំនួញ​ដូច្នេះ
7 នុ៎ះ​ន៍ គឺ​ជា​ព្រះ‌វសែង​របស់​សាឡូ‌ម៉ូន មាន​មនុស្ស​ស្ទាត់​ជំនួញ​ក្នុង​ពួក​ខ្លាំង​ពូកែ​នៃ​សាសន៍ អ៊ីស្រា‌អែល​៦០​នាក់​ហែ‌ហម​ទ្រង់
8 គ្រប់​គ្នា​មាន​ដាវ ហើយ​ក៏​ថ្នឹក​ខាង​ចម្បាំង គ្រប់​គ្នា​នែប​ដាវ​នៅ​ត្រគាក ក្រែង​មាន​ហេតុ​ភ័យ​នៅ​រាត្រី​យប់។
9 ស្តេច​សាឡូ‌ម៉ូន​បាន​ធ្វើ​ព្រះ‌វ​១​សម្រាប់​ទ្រង់ ដោយ​ឈើ​ពី​ព្រៃ​ល្បាណូន
10 ទ្រង់​ធ្វើ​សសរ​ដោយ​ប្រាក់ ក្រាល​កម្រាល​ដោយ​មាស ទី​គង់​បាន​ធ្វើ​ពី​សំពត់​ពណ៌​ស្វាយ ហើយ​ខាង​ក្នុង​មាន​សំពត់​ដែល​ពួក​កូន​ស្រីៗ ក្រុង​យេរូ‌សាឡឹម​បាន​ប៉ាក់​ដោយ​សេចក្ដី​ស្រឡាញ់។
11 ៙ ឱ​ពួក​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ចេញ​ទៅ​មើល​ស្តេច​សាឡូ‌ម៉ូន​ចុះ ទ្រង់​ពាក់​មកុដ​ដែល​ព្រះ‌មាតា​បាន​បំពាក់​ថ្វាយ ក្នុង​ថ្ងៃ​វិវាហ‌មង្គល​ទ្រង់ គឺ​នៅ​ថ្ងៃ​ដែល​ទ្រង់​មាន​ព្រះ‌ទ័យ​រីក‌រាយ​សប្បាយ។