បទ​ចំរៀង​សាឡូម៉ូន

1 2 3 4 5 6 7 8


ជំពូក 7

ឱ​នាង ជា​អ្នក​មាន​ត្រកូល​ខ្ពស់​អើយ ជើង​នាង​ល្អ​ណាស់​ហ្ន៎ ដោយ​ពាក់​ស្បែក​ជើង​ដូច្នេះ ត្រគាក​ដែល​រៀវ​ក្លំ​របស់​នាង​ដូច​ជា​ត្បូង ជា​ស្នាដៃ​នៃ​ជាង​ឆ្នៃ​យ៉ាង​ជំនាញ
2 ផ្ចិត​នាង​រាង​ដូច​ជា​កែវ​ក្រពុំ ដែល​ឥត​ខ្វះ​ស្រា​ទំពាំង‌បាយ‌ជូរ​លាយ​ណា​ឡើយ ពោះ​នាង​ប្រៀប​ដូច​ជា​គំនរ​ស្រូវ‌សាលី មាន​ផ្កា​កំភ្លឹង​ដោត​ជុំវិញ
3 ដោះ​នាង​ទាំង​២​ដូច​ជា​កូន​ក្តាន់​២ ដែល​ជា​កូន​ភ្លោះ​របស់​មេ​១
4 ក​នាង​ប្រៀប​ដូច​ជា​ប៉ម​ធ្វើ​ពី​ភ្លុក ភ្នែក​នាង​ដូច​ស្រះ​ទឹក​នៅ​ក្រុង​ហែសបូន ដែល​នៅ​ជិត​ទ្វារ​បាត-រ៉ាប៊ីម ច្រមុះ​នាង​ដូច​ជា​ប៉ម​ល្បាណូន ដែល​បែរ​ទៅ​ខាង​ដាម៉ាស
5 ក្បាល​ដែល​នៅ​លើ​ខ្លួន​នាង​ដូច​ជា​ភ្នំ​កើមែល សក់​ក្បាល​នាង​មើល​ទៅ​ដូច​ជា​ពណ៌​ស្វាយ ស្តេច ​ទ្រង់​ជាប់​ចិត្ត​ដោយ​ដុំ​សក់​នោះ។
6 ៙ ឱ​មាស​សំឡាញ់​អើយ ឯង​ស្រស់‌បស់​ល្អ ហើយ​ប្រិម‌ប្រិយ គួរ​រីក‌រាយ​ណាស់​ហ្ន៎
7 កំពស់​ឯង​ដូច​ជា​ដើម​លម៉ើ ហើយ​ដោះ​ឯង​ដូច​ជា​ចង្កោម​ផ្លែ​លម៉ើ
8 អញ​បាន​ថា អញ​នឹង​ឡើង​ដើម​នោះ អញ​នឹង​ចាប់​ធាង​តោង​ឡើង សូម​ឲ្យ​ដោះ​ឯង​បាន​ដូច​ជា​ចង្កោម​ទំពាំង‌បាយ‌ជូរ ហើយ​ក្លិន​ខ្យល់​ដង្ហើម​ឯង​បាន​ដូច​ជា​ផ្លែ​សារី
9 និង​មាត់​ឯង​ក្រអូប​ដូច​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​យ៉ាង​ឯក ដែល​ហូរ​ចុះ​ទៅ​ដោយ​ស្រួល សម្រាប់​មាស​សំឡាញ់​អញ ក៏​ធ្វើ​ឲ្យ​បបូរ​មាត់​មនុស្ស​ដេក​លក់​បាន​និយាយ​ឡើង។
10 ៙ ខ្ញុំ​ម្ចាស់​ជា​របស់​ផង​ស្ងួន​សំឡាញ់​នៃ​ខ្ញុំ ហើយ​ទ្រង់​មាន​សេចក្ដី​ប៉ង‌ប្រាថ្នា​ចំពោះ​រូប​ខ្ញុំ​ម្ចាស់
11 ឱ​ស្ងួន​សំឡាញ់​អើយ សូម​មក យើង​នឹង​ចេញ​ទៅ​ឯ​វាល សូម​ឲ្យ​យើង​ស្នាក់​នៅ​តាម​ភូមិ​គេ
12 យើង​នឹង​ឡើង​ទៅ​ឯ​ចម្ការ​ទំពាំង‌បាយ‌ជូរ​ពី​ព្រលឹម សូម​ឲ្យ​យើង​ទៅ​មើល​បើ​ទំពាំង‌បាយ‌ជូរ​បាន​ប៉ិច​ឡើង ឬ​មាន​ផ្កា​ហើយ​ឬ​នៅ ហើយ​បើ​ដើម​ទទឹម​កំពុង​ផ្កា​ឬ​ទេ នៅ​ទី​នោះ ខ្ញុំ​ម្ចាស់​នឹង​ប្រគល់​សេចក្ដី​ស្រឡាញ់​ថ្វាយ​ទ្រង់
13 ផ្លែ​ស្នេហ៍ ​ផ្សាយ​ក្លិន​ក្រអូប​សុស‌សាយ​ទៅ ឱ​ស្ងួន​សំឡាញ់​ខ្ញុំ​ម្ចាស់​អើយ នៅ​មាត់​ទ្វា​ផ្ទះ​យើង​មាន​ផល​យ៉ាង​វិសេស​គ្រប់​មុខ ទាំង​ថ្មី និង​ចាស់​ផង ដែល​ខ្ញុំ​ម្ចាស់​បាន​ប្រមូល​ទុក សម្រាប់​ទ្រង់។