បទចំរៀងសាឡូម៉ូន
ជំពូក 1
នេះជាចម្រៀងដែលប្រសើរបំផុតជាងអស់ទាំង ចម្រៀង ជាទំនុករបស់ស្តេចសាឡូម៉ូន។
2 ៙ ឱបើប្ដីនឹងថើបខ្ញុំដោយព្រះឱស្ឋទៅអេះ ពីព្រោះសេចក្ដីស្រឡាញ់របស់ទ្រង់វិសេសជាងស្រា ទំពាំងបាយជូរ
3 ប្រេងអប់របស់ទ្រង់ធុំក្លិនក្រអូបល្អ ព្រះនាមទ្រង់ក៏ដូចជាប្រេងក្រអូបដែលចាក់ចេញហើយ ហេតុនោះបានជាពួកព្រហ្មចារីសុទ្ធតែស្រឡាញ់ដល់ទ្រង់
4 សូមទាញនាំខ្ញុំម្ចាស់ នោះយើងខ្ញុំនឹងរត់តាមទ្រង់។ (ស្តេចទ្រង់បាននាំខ្ញុំចូលទៅក្នុងបន្ទប់ទ្រង់) យើងខ្ញុំនឹងមានចិត្តអំណរ ហើយរីករាយក្នុងអង្គទ្រង់ យើងខ្ញុំនឹងនឹកចាំពីសេចក្ដីស្រឡាញ់របស់ទ្រង់ ជាជាងស្រាទំពាំងបាយជូរ គេស្រឡាញ់ដល់ទ្រង់ នោះគួរណាស់ហើយ។
5 ៙ ឱពួកកូនស្រីនៃក្រុងយេរូសាឡឹមអើយ ខ្ញុំខ្មៅ តែល្អគួរសម ឧបមាដូចជាត្រសាលរបស់ពួកកេដារ ក៏ដូចជាវាំងននរបស់ស្តេចសាឡូម៉ូន
6 សូមកុំឲ្យមើលខ្ញុំ ដោយព្រោះខ្ញុំមានសម្បុរស្រគាំឡើយ ដ្បិតខ្ញុំបានត្រូវហាលថ្ងៃហើយ ពួកប្រុសៗពោះ១នឹងខ្ញុំ គេខឹងនឹងខ្ញុំ គេបានឲ្យខ្ញុំថែរក្សាចម្ការទំពាំងបាយជូរ ឯចម្ការរបស់ខ្លួនខ្ញុំវិញ នោះមិនបានថែរក្សាទេ។
7 ៙ ឱអ្នកដែលចិត្តខ្ញុំម្ចាស់ស្រឡាញ់អើយ សូមប្រាប់ខ្ញុំម្ចាស់ពីទ្រង់ឃ្វាលហ្វូងសត្វនៅត្រង់ណាផង តើនៅកន្លែងណាដែលឲ្យសម្រាកពេលថ្ងៃត្រង់ ដ្បិតតើមានទំនងអ្វីឲ្យខ្ញុំម្ចាស់បានដូចជាស្រីដែលត្រូវ បាំងមុខ នៅជាមួយនឹងហ្វូងសត្វរបស់ពួកភឿន ទ្រង់ដូច្នេះ។
8 ៙ ឱនាងដែលល្អលើសជាងគេក្នុងពួកស្រីៗអើយ បើមិនដឹងទេ នោះមានតែចេញទៅតាមដានជើងរបស់ ហ្វូងសត្វទៅ ហើយឃ្វាលកូនពពែរបស់ឯងក្បែរត្រសាលរបស់ពួក អ្នកគង្វាលចុះ។
9 ៙ ឱមាសសំឡាញ់អើយ អញបានប្រៀបឯងដូចជាសេះទឹមរាជរថរបស់ផារ៉ោន
10 ថ្ពាល់ឯងស្រស់ល្អសមនឹងគ្រឿងតែង ហើយកឯងផង ដែលប្រដាប់ដោយខ្សែដូច្នេះ
11 យើងនឹងធ្វើប្រតោកមាសដាំដោយប្រាក់ឲ្យឯង។
12 ៙ កំពុងដែលស្តេចទ្រង់គង់នៅតុ នោះប្រេងទេព្វិរូរបស់ខ្ញុំបានផ្សាយក្លិនក្រអូបទៅ
13 ស្ងួនសំឡាញ់របស់ខ្ញុំជាកញ្ចប់កំញាន នៅនារវាងដោះខ្ញុំទាំង២ដល់ខ្ញុំ
14 ស្ងួនសំឡាញ់របស់ខ្ញុំក៏ដូចជាកញ្ចុំផ្កាក្រពេនដល់ខ្ញុំ ដែលដុះនៅក្នុងចម្ការទំពាំងបាយជូរស្រុកអេន-កេឌី។
15 ៙ មើល ឯងស្រស់បស់ល្អ មាសសំឡាញ់អើយ មើល ឯងស្រស់បស់ល្អណាស់ ភ្នែកឯងដូចជាភ្នែកព្រាប។
16 ៙ មើល ព្រះអង្គក៏ល្អ ស្ងួនសំឡាញ់អើយ អើ ទ្រង់គួរស្រឡាញ់ណាស់
17 ដំណេករបស់យើងខៀវខ្ចី រតផ្ទះរបស់យើងជាដើមតាត្រៅ ហើយធ្នឹមរបស់យើងជាដើមកកោះ។