បទ​ចំរៀង​សាឡូម៉ូន

1 2 3 4 5 6 7 8


ជំពូក 6

ឱ​នាង​ដែល​ល្អ​លើស​ជាង​គេ​ក្នុង​ពួក​ស្រីៗ​អើយ តើ​ស្ងួន​សំឡាញ់​របស់​នាង​បាន​ទៅ​ឯ​ណា ដើម្បី​ឲ្យ​យើង​ស្វែង​រក​ទ្រង់​ជា​មួយ​នឹង​នាង​ផង តើ​ស្ងួន​សំឡាញ់​របស់​នាង​បាន​បែរ​ទៅ​ខាង​ណា។
2 ៙ ស្ងួន​សំឡាញ់​របស់​ខ្ញុំ​បាន​ចុះ​ទៅ​ឯ​សួន‌ច្បារ​របស់​ទ្រង់ គឺ​ទៅ​ឯ​ទី​ដាំ​គ្រឿង​ក្រអូប ដើម្បី​ឃ្វាល​សត្វ​នៅ​ក្នុង​សួន‌ច្បារ ហើយ​និង​បេះ​ផ្កា​កំភ្លឹង
3 ខ្ញុំ​ជា​របស់​ផង​ស្ងួន​សំឡាញ់​នៃ​ខ្ញុំ ហើយ​ទ្រង់ ជា​របស់​ផង​ខ្ញុំ​ដែរ ទ្រង់​ឃ្វាល​ហ្វូង​សត្វ​នៅ​ទី​មាន​ផ្កា​កំភ្លឹង។
4 ៙ ឱ​មាស​សំឡាញ់​អើយ ឯង​ស្រស់‌បស់​ល្អ​ដូច​ក្រុង​ធើសា ហើយ​ស្រស់​ប្រិម‌ប្រិយ​ដូច​ជា​ក្រុង​យេរូ‌សាឡឹម ក៏​គួរ​ស្ញែង‌ខ្លាច​ដូច​ជា​ពល‌ទ័ព មាន​ទាំង​ទង់‌ជ័យ​ផង
5 ចូរ​បែរ​ភ្នែក​ចេញ​ពី​អញ​ទៅ ដ្បិត​ភ្នែក​ឯង​ឈ្នះ​អញ​ហើយ សក់​របស់​ឯង​ប្រៀប​ដូច​ជា​ហ្វូង​ពពែ ដែល​ដេក​នៅ​ចង្កេះ​ភ្នំ​កាឡាត
6 ធ្មេញ​ឯង​ដូច​ជា​ហ្វូង​ចៀម​ដែល​ទើប​នឹង​កាត់​រោម រួច​ឡើង​មក​ពី​ការ​លាង​ជម្រះ​វិញ ជា​សត្វ​ដែល​មាន​កូន​ភ្លោះ​រៀង​រាល់​តួ ឥត​មាន​ណា​មួយ​ដែល​បាត់​កូន​ឡើយ
7 តើ​ក​ឯង​ដែល​បាំង​ដោយ​ស្បៃ នោះ​មើល​ទៅ​ដូច​ជា​ផ្លែ​ទទឹម​១​ចំហៀង
8 មាន​ពួក​ភរិយា​៦០​នាក់ និង​អ្នក‌ម្នាង​៨០​នាក់ ក៏​មាន​ស្រី​ក្រមុំៗ​ឥត​គណនា
9 ប៉ុន្តែ មាន​តែ​១​ទេ ដែល​ជា​ព្រាប ជា​អ្នក​បរិសុទ្ធ​របស់​អញ នាង​ជា​កូន​ពន្លក​របស់​ម្តាយ ជា​កូន​សំឡាញ់ របស់​អ្នក​ដែល​បង្កើត​នាង​មក ពួក​កូន​ស្រី​ទាំង‌ឡាយ​បាន​ឃើញ​នាង ហើយ​ក៏​ហៅ​ថា​ជា​អ្នក​មាន​ពរ អើ ព្រម​ទាំង​ពួក​ភរិយា និង​ពួក​អ្នក‌ម្នាង ក៏​សរសើរ​នាង​ដែរ។
10 ៙ តើ​នាង​ណា​នុ៎ះ ដែល​លេច​ចេញ​មក​ដូច​ជា​អរុណ​រះ ស្រស់​ល្អ​ដូច​ជា​ព្រះ‌ចន្ទ ហើយ​ភ្លឺ​ត្រចះ​ដូច​ជា​ព្រះ‌អាទិត្យ ក៏​គួរ​ស្ញែង‌ខ្លាច​ដូច​ជា​ពល‌ទ័ព មាន​ទាំង​ទង់‌ជ័យ​ផង​ដូច្នេះ។
11 ៙ ខ្ញុំ​បាន​ចុះ​ទៅ​ឯ​ចម្ការ​ឈើ​មាន​ផ្លែ​គ្រាប់ ដើម្បី​មើល​កូន​ឈើ​ខៀវ​ខ្ចី​ដែល​ដុះ​នៅ​ក្នុង​ច្រក​ភ្នំ ហើយ​ឲ្យ​ដឹង​បើ​ទំពាំង‌បាយ‌ជូរ​ប៉ិច​ឡើង​ឬ​នៅ ហើយ​បើ​ទទឹម​មាន​ផ្កា​ផង
12 រីឯ​មុន​ដែល​ខ្ញុំ​ដឹង​ខ្លួន នោះ​ចិត្ត​បាន​នាំ​ខ្ញុំ ទៅ​ដាក់​នៅ​ក្នុង​ព្រះ‌រាជ‌រថ​នៃ​សាសន៍​ដ៏​សទ្ធា​របស់​ខ្ញុំ។
13 ៙ សូម​វិល​មក វិល​មក​វិញ ឱ​នាង​សាសន៍​ស៊ូឡាម​អើយ សូម​ត្រឡប់​មក ត្រឡប់​មក​ចុះ ដើម្បី​ឲ្យ​យើង​ខ្ញុំ បាន​មើល​នាង​ផង។ ៙ តើ​អ្នក​រាល់​គ្នា​ចង់​មើល​នាង​សាសន៍​ស៊ូឡាម​ធ្វើ​អី តើ​ដូច​ជា​មើល​ការ​រាំ​របស់​ពួក​របាំ​២​ពួក​ឬ។