ពួកចៅហ្វាយ
ជំពូក 20
នោះពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ក៏ចេញពីស្រុកគេមក ចាប់តាំងពីក្រុងដាន់រហូតដល់ក្រុងប្អៀរ-សេបា ព្រមទាំងស្រុកកាឡាតផង ហើយពួកជំនុំបានប្រជុំគ្នា ដូចជាមនុស្សតែម្នាក់នៅចំពោះព្រះយេហូវ៉ា ត្រង់មីសប៉ា
2 ឯពួកមេទ័ពក្នុងបណ្តាជនទាំងប៉ុន្មាន គឺជាមេទ័ពនៃពូជអំបូរសាសន៍អ៊ីស្រាអែលទាំងអស់ គេក៏ចេញមុខឡើង ក្នុងជំនុំពួកបណ្តាជននៃព្រះ មានពលថ្មើរជើង ដែលកាន់ដាវ៤សែននាក់
3 (រីឯពួកកូនចៅបេនយ៉ាមីន គេក៏ឮថា ពួកកូនចៅអ៊ីស្រាអែលបានឡើងមកដល់មីសប៉ាដែរ) ពួកកូនចៅអ៊ីស្រាអែលសួរថា សូមប្រាប់ឲ្យយើងដឹង ជាអំពើដ៏លាមកនេះបានកើតមកជាយ៉ាងណា
4 នោះពួកលេវីជាប្ដីនាង ដែលគេបានសម្លាប់នោះ គាត់ឆ្លើយថា ខ្ញុំ និងប្រពន្ធចុងរបស់ខ្ញុំ បានចូលទៅក្នុងគីបៀរ ជាទីក្រុងរបស់ពួកបេនយ៉ាមីន ដើម្បីនឹងស្នាក់នៅ
5 ស្រាប់តែពួកមនុស្សនៅគីបៀរ គេលើកគ្នាទាំងយប់មកព័ទ្ធផ្ទះដែលខ្ញុំនៅ ទាស់នឹងខ្ញុំ គេគិតសម្លាប់ខ្ញុំ ក៏បានចាប់បង្ខំប្រពន្ធចុងរបស់ខ្ញុំ ហើយនាងបានស្លាប់ទៅ
6 ដូច្នោះហើយ ខ្ញុំបានយកខ្មោចនាងមក កាត់ជាកំណាត់ៗផ្ញើទៅគ្រប់ក្នុងស្រុក ដែលជាមរដករបស់សាសន៍អ៊ីស្រាអែល ដោយព្រោះការប្រព្រឹត្តដ៏អាសអាភាស ហើយលាមករបស់គេក្នុងពួកអ៊ីស្រាអែលយើងនេះ
7 ដូច្នេះ អ្នករាល់គ្នាជាពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាអើយ សូមបញ្ចេញគំនិតរបស់អ្នករាល់គ្នាមក ហើយសម្រេចសេចក្ដីចុះ។
8 គ្រានោះ មនុស្សទាំងឡាយក៏ក្រោកឡើងព្រមគ្នា ដូចជាមនុស្សតែម្នាក់ ដោយពាក្យថា ក្នុងពួកយើងគ្មានអ្នកណាមួយនឹងត្រឡប់ទៅទីលំនៅខ្លួន ឬចូលទៅក្នុងផ្ទះខ្លួនវិញឡើយ
9 គឺយើងនឹងធ្វើដល់ពួកគីបៀរយ៉ាងដូច្នេះ យើងនឹងឡើងទៅទាស់នឹងគេ ដោយចាប់ឆ្នោត
10 យើងនឹងយក១០នាក់ក្នុង១០០ ហើយ១០០នាក់ក្នុង១ពាន់ និង១ពាន់នាក់ក្នុង១ម៉ឺន ពីគ្រប់ទាំងពូជអំបូរនៃសាសន៍អ៊ីស្រាអែល ដើម្បីទៅរកស្បៀងអាហារសម្រាប់យើង ប្រយោជន៍ឲ្យយើងទៅធ្វើដល់ពួកគីបៀរ របស់ពួកបេនយ៉ាមីន តាមអំពើដ៏លាមកទាំងប៉ុន្មាន ដែលគេបានប្រព្រឹត្តក្នុងពួកអ៊ីស្រាអែលយើងនេះ
11 ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏មូលគ្នា ដូចជាមនុស្សតែម្នាក់ ទាស់នឹងទីក្រុងនោះ។
12 ពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មានក៏ចាត់សារឲ្យទៅគ្រប់ក្នុងពូជអំបូរបេនយ៉ាមីនសួរថា តើអំពើអាក្រក់យ៉ាងណានេះ ដែលបានកើតមកក្នុងពួកអ្នករាល់គ្នា
13 ដូច្នេះ ចូរប្រគល់ពួកមនុស្សគំរក់នោះ ដែលនៅក្រុងគីបៀរមក ឲ្យយើងរាល់គ្នាបានសម្លាប់គេចោលទៅ ដើម្បីនឹងបំបាត់សេចក្ដីអាក្រក់ពីពួកអ៊ីស្រាអែលចេញ តែពួកកូនចៅបេនយ៉ាមីនមិនព្រមស្តាប់តាមពួកកូនចៅអ៊ីស្រាអែលជាបងប្អូនគេទេ
14 ហើយក៏ចេញពីទីក្រុងគេទាំងប៉ុន្មាន ទៅមូលគ្នាត្រង់គីបៀរ ដើម្បីនឹងចេញទៅតតាំងនឹងពួកកូនចៅអ៊ីស្រាអែល
15 នៅថ្ងៃនោះ គេរាប់ពួកកូនចៅបេនយ៉ាមីន ដែលចេញពីទីក្រុងរបស់គេ ឃើញមាន២ម៉ឺន៦ពាន់នាក់ដែលកាន់ដាវ ក្រៅពីពួកគីបៀរ៧០០នាក់ ដែលជាមនុស្សជ្រើសរើសគ្រប់គ្នា
16 ក្នុងពួកគេទាំងនោះ មានមនុស្សជ្រើសរើស៧០០នាក់ ដែលប្រើការខាងដៃឆ្វេងគ្រប់គ្នាអាចបាញ់ដោយក្រួស ត្រូវដល់សក់១សរសៃបានឥតខុសឡើយ។
17 ឯពួកអ៊ីស្រាអែល ដែលក្រៅពីពួកបេនយ៉ាមីននោះមាន៤សែននាក់ដែលកាន់ដាវ សុទ្ធតែជាមនុស្សស្ទាត់ចម្បាំង
18 ពួកកូនចៅអ៊ីស្រាអែលក៏ក្រោកឡើង ដើរទៅឯបេត-អែល ដើម្បីនឹងទូលសួរដល់ព្រះថា ក្នុងពួកយើងខ្ញុំរាល់គ្នា តើអ្នកណាត្រូវឡើងទៅច្បាំងនឹងពួកកូនចៅបេនយ៉ាមីនមុនគេ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលឆ្លើយថា ចូរឲ្យពួកយូដាទៅមុនគេចុះ។
19 ដូច្នេះ ពួកកូនចៅអ៊ីស្រាអែលក៏ក្រោកឡើងពីព្រលឹម ទៅបោះទ័ពទាស់នឹងគីបៀរ
20 គេចេញទៅច្បាំងនឹងពួកបេនយ៉ាមីន ក៏ដំរៀបទ័ពទាស់នឹងគេនៅមុខទីក្រុង
21 ឯពួកកូនចៅបេនយ៉ាមីន គេក៏ចេញពីគីបៀរ មកបំផ្លាញពួកអ៊ីស្រាអែល អស់២ម៉ឺន២ពាន់នាក់ ឲ្យស្លាប់ចង្គ្រាងនៅលើដីក្នុងថ្ងៃនោះឯង
22 តែបណ្តាទ័ពខាងពួកអ៊ីស្រាអែល គេតាំងចិត្តឡើងទៅដំរៀបទ័ពម្តងទៀតនៅកន្លែងដដែលដូចថ្ងៃមុន
23 ឯពួកកូនចៅអ៊ីស្រាអែលក៏ឡើងទៅយំនៅចំពោះព្រះយេហូវ៉ា រហូតដល់ល្ងាច ទាំងទូលសួរទ្រង់ថា តើត្រូវឲ្យទូលបង្គំចេញទៅច្បាំងនឹងពួកកូនចៅបេនយ៉ាមីនជាបងប្អូនទូលបង្គំម្តងទៀតឬទេ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលឆ្លើយថា ចូរឡើងទៅច្បាំងនឹងគេចុះ។
24 ពួកកូនចៅអ៊ីស្រាអែល ក៏ចូលទៅជិតទីពួកកូនចៅបេនយ៉ាមីននៅថ្ងៃទី២
25 ហើយនៅថ្ងៃនោះឯង ពួកបេនយ៉ាមីនបានចេញពីគីបៀរមកតតាំងគ្នា គេបំផ្លាញពួកកូនចៅអ៊ីស្រាអែលអស់ចំនួន១ម៉ឺន៨ពាន់នាក់ ឲ្យនៅចង្គ្រាងលើដី ពួកទាំងនោះសុទ្ធតែជាអ្នកកាន់ដាវ
26 នោះពួកកូនចៅអ៊ីស្រាអែល និងបណ្តាទ័ពទាំងអស់ ក៏ឡើងទៅឯបេត-អែល អង្គុយយំនៅទីនោះចំពោះព្រះយេហូវ៉ា ព្រមទាំងតមក្នុងថ្ងៃនោះរហូតដល់ល្ងាច គេក៏ថ្វាយតង្វាយដុត និងតង្វាយមេត្រីនៅចំពោះព្រះយេហូវ៉ាដែរ
27 រួចគេទូលសួរដល់ព្រះយេហូវ៉ា (ដ្បិតក្នុងគ្រានោះហឹបនៃសេចក្ដីសញ្ញារបស់ព្រះក៏នៅទីនោះ
28 ហើយភីនេហាសជាកូនអេលាសារ ជាពូជអើរ៉ុន លោកឈរនៅមុខហឹបនៅជាន់នោះដែរ) គឺគេសួរថា តើត្រូវឲ្យទូលបង្គំចេញទៅតតាំងនឹងពួកកូនចៅបេនយ៉ាមីន ជាបងប្អូនទូលបង្គំម្តងទៀត ឬត្រូវឈប់វិញ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលឆ្លើយថា ចូរឡើងទៅចុះ ដ្បិតថ្ងៃស្អែកនេះ អញនឹងប្រគល់គេមកក្នុងកណ្តាប់ដៃឯងរាល់គ្នាហើយ។
29 ពួកអ៊ីស្រាអែលគេបង្កប់ទ័ពនៅព័ទ្ធជុំវិញគីបៀរ
30 រួចឡើងទៅទាស់នឹងពួកបេនយ៉ាមីននៅថ្ងៃទី៣ទៀត គេដំរៀបទ័ពទាស់នឹងគីបៀរដូចកាលជាន់មុន
31 ឯពួកកូនចៅបេនយ៉ាមីន គេក៏ចេញមកតតាំងគ្នា ហើយត្រូវប្រទាញទៅឃ្លាតឆ្ងាយពីទីក្រុង គេចាប់តាំងសម្លាប់ពួកអ៊ីស្រាអែលដូចជាសព្វ១ដង ទាំងអស់ចំនួនប្រហែលជា៣០នាក់ គឺតាមផ្លូវដែលឡើងទៅឯបេត-អែល១ និងផ្លូវដែលទៅឯគីបៀរ១ ព្រមទាំងនៅវាលផង
32 ដូច្នេះ ពួកកូនចៅបេនយ៉ាមីននិយាយគ្នាថា យើងវាយសម្លាប់គេបានដូចជាន់មុនទៀត តែពួកកូនចៅអ៊ីស្រាអែលនិយាយប្រាប់គ្នាថា ចូរយើងរត់នាំប្រទាញគេមកក្នុងផ្លូវឃ្លាតឆ្ងាយពីទីក្រុងទៅ
33 នោះពួកអ៊ីស្រាអែលទាំងប៉ុន្មានក៏ងើបពីកន្លែងរៀងខ្លួន ទៅដំរៀបទ័ពនៅត្រង់បាល-តាម៉ារ ឯពួកទ័ពបង្កប់របស់ពួកអ៊ីស្រាអែលក៏ស្ទុះចេញពីកន្លែងគេ នៅត្រង់វាលស្មៅគីបៀរដែរ
34 មានពួកមនុស្សជ្រើសរើសពីសាសន៍អ៊ីស្រាអែលទាំងអស់ចំនួន១ម៉ឺននាក់ ចូលទៅទាស់នឹងគីបៀរ ហើយចម្បាំងនោះក៏ជាសម្បើមខ្លាំងណាស់ តែពួកបេនយ៉ាមីនឥតដឹងខ្លួនជាមានសេចក្ដីអន្តរាយជិតដល់គេទេ
35 ព្រះយេហូវ៉ាក៏ប្រហារពួកបេនយ៉ាមីននៅមុខពួកអ៊ីស្រាអែល ហើយនៅថ្ងៃនោះឯង ពួកកូនចៅអ៊ីស្រាអែល គេបំផ្លាញពួកបេនយ៉ាមីនអស់ចំនួន២ម៉ឺន៥ពាន់១រយនាក់ សុទ្ធតែជាអ្នកដែលកាន់ដាវ។
36 ដូច្នេះ ពួកកូនចៅបេនយ៉ាមីនក៏ឃើញថា ខ្លួនគេចាញ់ហើយ ពីព្រោះពួកអ៊ីស្រាអែលបានថយចេញពីពួកបេនយ៉ាមីន ដោយទុកចិត្តនឹងពួកទ័ពបង្កប់ ដែលគេបានដាក់ឲ្យទាស់នឹងក្រុងគីបៀរ
37 ពួកទ័ពបង្កប់ក៏ម្នីម្នាស្ទុះចូលទៅក្នុងក្រុងគីបៀរជាប្រញាប់ គេតម្រង់ទៅមុខ វាយសម្លាប់ពួកក្រុងនោះទាំងអស់ដោយមុខដាវ
38 ឯបណ្តាពួកទ័ព និងទ័ពបង្កប់ គេបានសន្យាគ្នានឹងទីសម្គាល់នេះ គឺត្រូវឲ្យដុតភ្លើងធ្វើផ្សែងឲ្យហុយឡើងយ៉ាងក្រាស់ ចេញពីទីក្រុង
39 ដូច្នេះ ពួកអ៊ីស្រាអែលបានបែរមុខចេញពីចម្បាំង ហើយពួកបេនយ៉ាមីនចាប់តាំងកាប់សម្លាប់ពួកគេ អស់ប្រហែលជា៣០នាក់ ដោយស្មានថា វាយសម្លាប់បានដូចជាក្នុងចម្បាំងជាន់មុន
40 តែលុះកាលភ្លើងឆេះហុយផ្សែងចេញពីទីក្រុងឡើង នោះពួកបេនយ៉ាមីនគេបែរមើលទៅក្រោយ ឃើញទីក្រុងទាំងមូលហុយសុទ្ធតែផ្សែងទៅលើមេឃ
41 នោះពួកអ៊ីស្រាអែលត្រឡប់បែរមកវិញ ហើយពួកបេនយ៉ាមីនក៏ភាំងស្លុត ដោយឃើញថា សេចក្ដីអន្តរាយមកដល់គេហើយ
42 ដូច្នេះ គេក៏បែរខ្នងនៅមុខពួកអ៊ីស្រាអែល ប្រាសរត់ទៅតាមផ្លូវទីរហោស្ថានទៅ តែពួកដែលវាយគេចេះតែដេញតាមយ៉ាងប្រកិត ហើយពួកទ័ពដែលចេញពីទីក្រុង ក៏បំផ្លាញគេ នៅត្រង់កណ្តាល
43 គេព័ទ្ធពួកបេនយ៉ាមីនជុំវិញ ព្រមទាំងដេញតាមហើយជាន់គេ នៅក្រោមជើងដោយងាយ រហូតដល់ទល់មុខនឹងគីបៀរទិសខាងកើត
44 នោះមានពួកបេនយ៉ាមីន១ម៉ឺន៨ពាន់នាក់បានដួលស្លាប់ សុទ្ធតែជាមនុស្សក្លាហាន
45 រួចគេបែររត់ទៅខាងទីរហោស្ថាន ដល់ថ្មដាឈ្មោះរីម៉ូន ហើយពួកម្ខាងក៏វាយសម្លាប់ម្នាក់ៗ រៀងតាមផ្លូវ អស់៥ពាន់នាក់ទៀត ព្រមទាំងដេញប្រកិតតាមទៅដល់គីដូម រួចសម្លាប់បាន២ពាន់នាក់ថែមទៀត
46 បានជាពួកបេនយ៉ាមីនដែលដួលស្លាប់ថ្ងៃនោះ រួមទាំងអស់មាន២ម៉ឺន៥ពាន់នាក់ សុទ្ធតែជាអ្នកក្លាហានដែលកាន់ដាវគ្រប់គ្នា
47 ប៉ុន្តែ មាន៦០០នាក់ បានងាកបែររត់ទៅខាងទីរហោស្ថាន ដល់ថ្មដារីម៉ូន ក៏ជ្រកនៅក្នុងថ្មដានោះ អស់៤ខែ
48 រួចពួកអ៊ីស្រាអែលគេវិលត្រឡប់ទៅក្រោយ សម្លាប់ពួកកូនចៅបេនយ៉ាមីនដោយមុខដាវ គឺសម្លាប់ទាំងពួកអ្នកនៅទីក្រុងទាំងអស់ និងពួកសត្វ ហើយនិងរបស់អ្វីៗដែលប្រទះឃើញទាំងអស់ផង រួចគេដុតទីក្រុងទាំងប៉ុន្មានដែលគេប្រទះឃើញដែរ។