ពួកចៅហ្វាយ
ជំពូក 4
លុះអេហ៊ុឌបានស្លាប់ទៅហើយ នោះពួកកូនចៅអ៊ីស្រាអែល គេប្រព្រឹត្តសេចក្ដីដែលលាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាម្តងទៀត
2 ទ្រង់ក៏លក់គេទៅក្នុងកណ្តាប់ដៃនៃយ៉ាប៊ីន ជាស្តេចស្រុកកាណាន ដែលសោយរាជ្យនៅហាសោរ ស្តេចនោះមានមេទ័ពឈ្មោះស៊ីសេរ៉ា ដែលនៅហារ៉ូសែត-កូយីម
3 ឯពួកកូនចៅអ៊ីស្រាអែល គេនាំគ្នាអំពាវនាវដល់ព្រះយេហូវ៉ា ពីព្រោះស្តេចនោះមានរទេះដែក៩០០ ហើយក៏សង្កត់សង្កិនពួកកូនចៅអ៊ីស្រាអែលជាខ្លាំង អស់រវាង២០ឆ្នាំ។
4 រីឯនៅវេលានោះ មានស្ត្រីជាហោរាម្នាក់ ឈ្មោះដេបូរ៉ា ជាប្រពន្ធឡាពិដូត នាងបានជំនុំជម្រះរឿងរ៉ាវរបស់សាសន៍អ៊ីស្រាអែល
5 នាងតែងអង្គុយនៅក្រោមដើមលម៉ើដេបូរ៉ា ដែលនៅជាកណ្តាលរ៉ាម៉ា និងបេត-អែល ក្នុងស្រុកភ្នំអេប្រាអិម ពួកកូនចៅអ៊ីស្រាអែលក៏ឡើងទៅឯនាងឲ្យបានជំនុំជម្រះរឿងគេ
6 នាងចាត់គេឲ្យទៅហៅបារ៉ាក ជាកូនអ័ប៊ីណោម ពីស្រុកកេដេស-ណែបថាលីមក ហើយប្រាប់ថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានបង្គាប់ថា ចូរនាំយកមនុស្ស១ម៉ឺននាក់ ពីពួកកូនចៅណែបថាលី និងសាប់យូល៉ូន ចូលទៅឯភ្នំតាបោរទៅ
7 នោះអញនឹងទាញនាំស៊ីសេរ៉ា ជាមេទ័ពរបស់ស្តេចយ៉ាប៊ីន ព្រមទាំងរទេះ និងពួកពលទាំងប៉ុន្មានរបស់គេ មកឯឯង នៅត្រង់ស្ទឹងគីសុន ហើយនិងប្រគល់គេមកក្នុងកណ្តាប់ដៃនៃឯង
8 បារ៉ាកឆ្លើយតបថា បើលោកស្រីអញ្ជើញទៅជាមួយនឹងខ្ញុំផង នោះទើបខ្ញុំទៅ តែបើលោកមិនអញ្ជើញទៅជាមួយទេ នោះខ្ញុំក៏មិនទៅដែរ
9 នាងឆ្លើយថា ដូច្នេះ ខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ ប៉ុន្តែ អ្នកនឹងគ្មានឈ្មោះដោយដំណើរដែលអ្នកទៅនោះទេ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងលក់ស៊ីសេរ៉ាទៅក្នុងកណ្តាប់ដៃរបស់ស្ត្រីវិញ រួចដេបូរ៉ាក៏ក្រោកឡើង ទៅជាមួយនឹងបារ៉ាក ដល់កេដេស
10 នោះបារ៉ាកក៏ហៅប្រជុំពួកសាប់យូល៉ូន និងពួកណែបថាលីទាំងប៉ុន្មាននៅត្រង់កេដេស ពេលនោះ មានមនុស្សចំនួន១ម៉ឺននាក់ឡើងទៅតាមបារ៉ាក ហើយដេបូរ៉ាក៏ទៅជាមួយដែរ។
11 រីឯហេប៊ើរ ជាសាសន៍កែន ដែលជាពួកកូនចៅហូបាប់ ជាឪពុកក្មេកម៉ូសេ គេបានឃ្លាតចេញពីពួកសាសន៍កែន មកដំឡើងត្រសាលនៅត្រឹមដើមម៉ៃសាក់ស្អាណានីម ដែលនៅជិតកេដេស។
12 ខណៈនោះ មានគេទៅជម្រាបស៊ីសេរ៉ាថា បារ៉ាកជាកូនអ័ប៊ីណោម បានលើកទ័ពឡើងទៅឯភ្នំតាបោរហើយ
13 នោះស៊ីសេរ៉ាក៏ប្រមូលអស់ទាំងរទេះរបស់លោក គឺជារទេះដែក៩០០ ព្រមទាំងបណ្តាទ័ព ដែលនៅក្នុងអំណាចខ្លួន ចាប់តាំងពីហារ៉ូសែត-កូយីម ទៅដល់ស្ទឹងគីសុន
14 ឯដេបូរ៉ា នាងប្រាប់ដល់បារ៉ាកថា ចូរក្រោកឡើង នេះហើយជាថ្ងៃដែលព្រះយេហូវ៉ាទ្រង់ប្រគល់ស៊ីសេរ៉ាមកក្នុងកណ្តាប់ដៃអ្នក ព្រះយេហូវ៉ាទ្រង់បានចេញនាំមុខអ្នកទៅហើយ ដូច្នេះ បារ៉ាកក៏ចុះពីភ្នំតាបោរនាំមនុស្សទាំង១ម៉ឺននាក់ទៅ
15 ព្រះយេហូវ៉ាទ្រង់ក៏បំបាក់ទ័ពស៊ីសេរ៉ា និងអស់ទាំងរទេះរបស់លោក ព្រមទាំងពួកពលទាំងអស់ដោយមុខដាវនៅចំពោះបារ៉ាក ឯស៊ីសេរ៉ាក៏ចុះពីរទេះខ្លួនរត់រួចទៅ
16 តែបារ៉ាកចេះតែដេញតាមរទេះ និងពួកពលគេទៅរហូតដល់ហារ៉ូសែត-កូយីម នោះពួកពលទាំងប៉ុន្មានរបស់ស៊ីសេរ៉ាក៏ស្លាប់ដោយមុខដាវអស់ គ្មានសល់ដល់ម្នាក់ឡើយ។
17 រីឯស៊ីសេរ៉ា លោកបានរត់ទៅដល់ត្រសាលរបស់យ៉ាអែល ជាប្រពន្ធហេប៊ើរ សាសន៍កែននោះ ដ្បិតយ៉ាប៊ីនជាស្តេចហាសោរ និងពួកគ្រួហេប៊ើរ ជាសាសន៍កែន បានមេត្រីនឹងគ្នា
18 យ៉ាអែលក៏ចេញមកទទួលស៊ីសេរ៉ា ដោយពាក្យថា អញ្ជើញចូលលោកម្ចាស់អើយ សូមអញ្ជើញចូលក្នុងផ្ទះខ្ញុំមក កុំខ្លាចអ្វីឡើយ លោកក៏ចូលទៅក្នុងត្រសាល ជាមួយនឹងនាង ហើយនាងយកផួយមកគ្របឲ្យ
19 លោកសូមដល់នាងថា សូមឲ្យទឹកមកខ្ញុំផឹកបន្តិចផង ដ្បិតខ្ញុំស្រេកណាស់ នោះនាងក៏បើកថង់ស្បែកដាក់ទឹកដោះឲ្យលោកផឹក រួចគ្របលោកទៅវិញ
20 លោកអង្វរដល់នាងថា សូមនាងឈរនៅមាត់ទ្វារត្រសាល បើមានអ្នកណាមកសួររកថា មានអ្នកណានៅទីនេះឬទេ នោះសូមឆ្លើយថា គ្មានទេ រួចលោកក៏ដេកលក់ស៊ប់ទៅ
21 ឯយ៉ាអែលជាប្រពន្ធហេប៊ើរ នាងក៏យកចំរ៉ឹងត្រសាល១ និងញញួរកាន់នៅដៃ ដើរថ្នមៗ ចូលទៅឯលោក បោះចំរ៉ឹងនោះនៅត្រង់តើក ធ្លុះទៅដល់ដីស្លាប់ទៅ
22 រួចមក កាលបារ៉ាកដេញតាមស៊ីសេរ៉ា មកដល់ហើយ នោះយ៉ាអែល នាងចេញទៅទទួល ដោយពាក្យថា សូមអញ្ជើញមកណេះ ខ្ញុំនឹងបង្ហាញមនុស្សដែលលោករកនោះ លោកក៏ចូលទៅជាមួយនឹងនាង ឃើញស៊ីសេរ៉ាដេកស្លាប់ នៅមានទាំងចំរ៉ឹងនៅនាតើកផង។
23 ដូច្នេះ ព្រះទ្រង់បានបង្ក្រាបយ៉ាប៊ីន ជាស្តេចស្រុកកាណាន នៅមុខពួកកូនចៅអ៊ីស្រាអែលនៅថ្ងៃនោះឯង
24 ហើយពួកកូនចៅអ៊ីស្រាអែលក៏កាន់តែមានកម្លាំងឡើង ឈ្នះយ៉ាប៊ីន ជាស្តេចស្រុកកាណាន ទាល់តែបានបំផ្លាញគេអស់ទៅ។