ពួក​ចៅហ្វាយ

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21


ជំពូក 19

នៅ​វេលា​នោះ ក្នុង​គ្រា​ដែល​គ្មាន​ស្តេច​នៅ​ស្រុក​អ៊ីស្រា‌អែល នោះ​មាន​ពួក​លេវី​ម្នាក់ ដែល​នៅ​ស្រុក​ភ្នំ​អេប្រា‌អិម​ម្ខាង បាន​យក​ស្ត្រី​ម្នាក់​ពី​បេថ្លេ‌ហិម ស្រុក​យូដា​មក​ធ្វើ​ជា​ប្រពន្ធ​ចុង
2 នាង​នោះ​ក៏​ផិត​ចេញ​ពី​ប្ដី រួច​ទៅ​ឯ​ផ្ទះ​ឪពុក​នាង នៅ​ឯ​បេថ្លេ‌ហិម​ស្រុក​យូដា​វិញ នាង​បាន​នៅ​ទី​នោះ​អស់​៤​ខែ
3 នោះ​ប្ដី​នាង​រៀប‌ចំ​ចេញ​ទៅ​តាម និយាយ​លួង‌លោម ដើម្បី​នឹង​នាំ​នាង​មក​វិញ បាន​នាំ​ទាំង​បម្រើ​ម្នាក់ និង​លា​២​ទៅ​ជា​មួយ​ផង ដល់​ហើយ​នាង​ក៏​នាំ​ប្ដី​ចូល​ទៅ​ក្នុង​ផ្ទះ​ឪពុក កាល​ឪពុក​បាន​ឃើញ នោះ​ក៏​ទទួល​ដោយ​អំណរ
4 រួច​គាត់​នៅ​ជា​មួយ​បាន​៣​ថ្ងៃ ដោយ​ឪពុក​ក្មេក​បាន​ឃាត់​សិន ហើយ​ក៏​ស៊ី​ផឹក​ជា​មួយ​គ្នា ព្រម​ទាំង​ដេក​នៅ​ទី​នោះ​ផង
5 ដល់​ថ្ងៃ​ទី​៤ គេ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម តែ​កាល​គាត់​ចង់​ធ្វើ​ដំណើរ​ចេញ​ទៅ នោះ​ឪពុក​នាង​ឃាត់​ថា ចាំ​បរិភោគ​ចម្រើន​កម្លាំង​សិន រួច​សឹម​ទៅ​ចុះ
6 ដូច្នេះ គេ​ក៏​អង្គុយ​ស៊ី​ផឹក​ជា​មួយ​គ្នា រួច​ឪពុក​នាង​និយាយ​ថា សូម​ឲ្យ​សម្រេច​ចិត្ត​នៅ​១​យប់​នេះ​សិន ឲ្យ​បាន​សប្បាយ​ឡើង
7 អ្នក​នោះ​ក្រោក​ឡើង​ចង់​ទៅ តែ​ឪពុក​ក្មេក​ចេះ​តែ​បង្ខំ បាន​ជា​គាត់​ដេក​នៅ​ទី​នោះ​១​យប់​ទៀត
8 ដល់​ថ្ងៃ​ទី​៥ គាត់​ក្រោក​ពី​ព្រលឹម រៀប​ធ្វើ​ដំណើរ​ទៅ តែ​ឪពុក​នាង​ឃាត់​ថា ចូរ​នៅ​លំហើយ​ចិត្ត​សិន ហើយ​បង្អង់​ដល់​ថ្ងៃ​រសៀល​បន្តិច នោះ​គេ​ក៏​បរិភោគ​ជា​មួយ​គ្នា
9 រួច​កាល​គាត់​ក្រោក​ឡើង រៀប​ធ្វើ​ដំណើរ​ទៅ នាំ​ទាំង​ប្រពន្ធ និង​អ្នក​បម្រើ​របស់​គាត់​ផង នោះ​ឪពុក​ក្មេក​ឃាត់​ថា ឥឡូវ​ថ្ងៃ​រសៀល​ទាប​ហើយ ដូច្នេះ សូម​ឲ្យ​នៅ​១​យប់​នេះ​ទៀត​ចុះ មើល ថ្ងៃ​ជិត​លិច​ហើយ ចូរ​ដេក​ឯ​ណេះ​ចុះ ដើម្បី​ឲ្យ​ចិត្ត​ឯង​បាន​សប្បាយ​ឡើង រួច​ដល់​ស្អែក​សឹម​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឯង ត្រឡប់​ទៅ​ផ្ទះ​វិញ​ពី​ព្រលឹម​ទៅ។
10 តែ​គាត់​មិន​ព្រម​បង្អង់​នៅ​យប់​នោះ​ទៀត​ទេ ក៏​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ បាន​ទៅ​ដល់​ទន្ទឹម​នឹង​ក្រុង​យេប៊ូស (គឺ​ក្រុង​យេរូ‌សាឡឹម) នាំ​ទាំង​សត្វ​លា​២​ដែល​ចង​កែប និង​នាង​ជា​ប្រពន្ធ​ចុង​ទៅ​ជា​មួយ​ផង
11 កាល​មក​ជិត​ក្រុង​យេប៊ូស នោះ​ថ្ងៃ​ទន្ទាប​ណាស់​ហើយ ដូច្នេះ អ្នក​បម្រើ​គាត់​បបួល​ថា សូម​លោក​អញ្ជើញ​បែរ​ចូល​ទៅ​ក្នុង​ទី​ក្រុង​របស់​សាសន៍​យេប៊ូស​នេះ​ស្នាក់​នៅ​សិន
12 តែ​ចៅ‌ហ្វាយ​ឆ្លើយ​ថា យើង​មិន​ព្រម​បែរ​ចូល​ទៅ​ក្នុង​ទី​ក្រុង​របស់​សាសន៍​ដទៃ ដែល​មិន​ជា​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​ឡើយ យើង​នឹង​ស្រូត​ទៅ​ឲ្យ​ដល់​គីបៀរ​វិញ
13 រួច​គាត់​និយាយ​នឹង​អ្នក​បម្រើ​ថា ចូរ​យើង​ស្រូត​ទៅ​ឲ្យ​ដល់​ទី​ណា​មួយ​នោះ ដើម្បី​នឹង​ដេក​នៅ ទោះ​បើ​ជា​នៅ​គីបៀរ ឬ​នៅ​រ៉ាម៉ា​ក្តី
14 ដូច្នេះ គេ​ដើរ​បង្ហួស​តាម​ផ្លូវ​ទៅ កាល​គេ​ជិត​នឹង​ដល់​គីបៀរ ជា​ទី​ក្រុង​របស់​ពួក​បេន‌យ៉ាមីន​ហើយ នោះ​ថ្ងៃ​លិច​ទៅ
15 ហើយ​គេ​ក៏​ងាក​បែរ​ចូល​ទៅ​ក្នុង​គីបៀ ដើម្បី​នឹង​ដេក​នៅ​ទី​នោះ គេ​ចូល​ទៅ​អង្គុយ​នៅ​ក្បែរ​ផ្លូវ​ក្នុង​ទី​ក្រុង​នោះ ដោយ​ព្រោះ​គ្មាន​អ្នក​ណា​ទទួល​ឲ្យ​ស្នាក់​នៅ​ក្នុង​ផ្ទះ​ឡើយ។
16 ខណៈ​នោះ មាន​បុរស​ចាស់​ម្នាក់​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​ស្រែ​ក្នុង​វេលា​ល្ងាច អ្នក​នោះ​ជា​មនុស្ស​ស្រុក​ភ្នំ​អេប្រា‌អិម តែ​គាត់​នៅ​ក្រុង​គីបៀរ ឯ​មនុស្ស​នៅ​ក្រុង​នោះ​សុទ្ធ​តែ​ជា​ពួក​បេន‌យ៉ាមីន​វិញ
17 គាត់​ងើប​ភ្នែក​ឡើង ឃើញ​អ្នក​ដំណើរ​ម្នាក់ កំពុង​តែ​អង្គុយ​នៅ​ក្បែរ​ផ្លូវ ក៏​សួរ​ថា តើ​អ្នក​អញ្ជើញ​ទៅ​ណា ហើយ​មក​ពី​ណា
18 គាត់​ឆ្លើយ​ឡើង​ថា យើង​ខ្ញុំ​ប្របាទ​ធ្វើ​ដំណើរ​មក​ពី​បេថ្លេ‌ហិម​ស្រុក​យូដា ដើម្បី​នឹង​ទៅ​ឯ​ស្រុក​ភ្នំ​អេប្រា‌អិម​ម្ខាង ខ្ញុំ​ប្របាទ​ជា​អ្នក​ស្រុក​នោះ​ឯង ហើយ​បាន​ទៅ​ឯ​បេថ្លេ‌ហិម​ស្រុក​យូដា ឥឡូវ​នេះ ទៅ​ឯ​ដំណាក់​ព្រះ‌យេហូវ៉ា តែ​គ្មាន​អ្នក​ណា​ទទួល​ខ្ញុំ​ប្របាទ​ឲ្យ​ចូល​ក្នុង​ផ្ទះ​សោះ
19 ខ្ញុំ​ប្របាទ​មាន​ចំបើង និង​ស្មៅ​សម្រាប់​លា ហើយ​មាន​នំបុ័ង និង​ស្រា​ទំពាំង‌បាយ‌ជូរ​សម្រាប់​ខ្លួន និង​នាង​ស្រី​នេះ ព្រម​ទាំង​អ្នក​កំលោះ​ដែល​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​ប្របាទ​នេះ​ផង យើង​ខ្ញុំ​មិន​មាន​ខ្វះ​អ្វី​ទេ
20 អ្នក​នោះ​ឆ្លើយ​ឡើង​ថា សូម​ឲ្យ​អ្នក​បាន​សេចក្ដី​សុខ​សាន្ត​ចុះ តែ​សូម​ឲ្យ​គ្រប់​របស់​ដែល​អ្នក​ត្រូវ​ការ​បាន​ជា​ភារៈ​លើ​ខ្ញុំ​វិញ កុំ​ឲ្យ​តែ​ដេក​នៅ​ផ្លូវ​ឡើយ
21 ដូច្នេះ អ្នក​នោះ​ក៏​នាំ​គាត់​ចូល​ទៅ​ក្នុង​ផ្ទះ ដាក់​ស្មៅ​ឲ្យ​លា​ស៊ី រួច​គេ​ក៏​លាង​ជើង ហើយ​បរិភោគ​ជា​មួយ​គ្នា​ទៅ។
22 រីឯ​កាល​គេ​កំពុង​តែ​តាំង​ចិត្ត ឲ្យ​អរ​សប្បាយ​ឡើង នោះ​មើល មាន​ពួក​មនុស្ស​ទុរជន​ខ្លះ​នៅ​ទី​នោះ គេ​មក​ព័ទ្ធ​ផ្ទះ គោះ​ទ្វារ​ហៅ​តា​ជា​ម្ចាស់​ផ្ទះ​នោះ​ថា ចូរ​នាំ​មនុស្ស​ដែល​បាន​មក​ក្នុង​ផ្ទះ​តា​ចេញ​មក​ឥឡូវ ដើម្បី​ឲ្យ​យើង​បាន​ស្គាល់​វា
23 ដូច្នេះ ម្ចាស់​ផ្ទះ​ក៏​ចេញ​ទៅ​អង្វរ​ថា ទេ​បង​ប្អូន​អើយ សូម​កុំ​ធ្វើ​អាក្រក់​ដូច្នេះ​ឡើយ ដ្បិត​អ្នក​នេះ​បាន​ចូល​មក​ជ្រក​នៅ​ផ្ទះ​ខ្ញុំ កុំ​ឲ្យ​ប្រព្រឹត្ត​ការ​ដ៏​លាមក​យ៉ាង​នេះ​ឲ្យ​សោះ
24 មើល នេះ​នែ​កូន​ក្រមុំ​របស់​ខ្ញុំ និង​ប្រពន្ធ​របស់​អ្នក​នេះ ខ្ញុំ​នឹង​នាំ​ចេញ​មក​ឥឡូវ ឲ្យ​អ្នក​រាល់​គ្នា​បាន​បន្ទាប​នាង​ចុះ ហើយ​ប្រព្រឹត្ត​នឹង​នាង​តាម​តែ​ចិត្ត សូម​កុំ​ឲ្យ​តែ​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​ដល់​ម៉្លេះ​នឹង​មនុស្ស​នេះ​ឡើយ
25 ប៉ុន្តែ មនុស្ស​ទាំង​នោះ​មិន​ព្រម​ស្តាប់​គាត់​ទេ បាន​ជា​ប្ដី​របស់​នាង​នោះ គាត់​នាំ​នាង​ចេញ​ទៅ​ប្រគល់​ឲ្យ​គេ​ទៅ រួច​គេ​ក៏​ស្គាល់​នាង​គ្រប់​គ្នា ហើយ​ធ្វើ​បាប​នាង​ទាល់​តែ​ភ្លឺ ទើប​លែង​ឲ្យ​មក​វិញ
26 ដូច្នេះ កាល​ថ្ងៃ​ទើប​នឹង​ភ្លឺ​ស្រាង​ឡើង នាង​ក៏​មក​ដួល​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​តា​នោះ គឺ​ជា​ផ្ទះ​ដែល​ប្ដី​នៅ។
27 លុះ​ព្រឹក​ឡើង​ភ្លឺ​ច្បាស់​ហើយ ប្ដី​នាង​ក៏​ក្រោក​បើក​ទ្វារ​ចេញ​ទៅ ដើម្បី​នឹង​ធ្វើ​ដំណើរ​ត​ទៅ នោះ​ឃើញ​ប្រពន្ធ​ចុង​បាន​ដួល​នៅ​មាត់​ទ្វារ​ផ្ទះ ដាក់​ដៃ​នៅ​លើ​ក្រប​ទ្វារ​ហើយ
28 គាត់​ហៅ​ថា នែ ចូរ​ក្រោក​ឡើង យើង​ទៅ តែ​នាង​មិន​ឆ្លើយ​សោះ ដូច្នេះ គាត់​ក៏​លើក​ព្រនរ​ដាក់​លើ​លា នាំ​ត្រឡប់​ទៅ​ឯ​លំនៅ​ខ្លួន​ទៅ
29 កាល​គាត់​បាន​ចូល​ដល់​ទៅ​ក្នុង​ផ្ទះ​ហើយ នោះ​គាត់​យក​កាំបិត មក​កាត់​ខ្មោច​របស់​នាង​នោះ​ចេញ​ជា​១២​កំណាត់ ផ្ញើ​ទៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រា‌អែល
30 រួច​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​បាន​ឃើញ ក៏​និយាយ​គ្នា​ថា មិន​ដែល​ឃើញ​មាន​គេ​ធ្វើ​អំពើ​យ៉ាង​ដូច្នេះ​ទេ ចាប់​តាំង​ពី​ថ្ងៃ ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ដូច្នេះ ចូរ​ពិចារណា ហើយ​ពិគ្រោះ​គ្នា​ចុះ រួច​សម្រេច​សេចក្ដី​ទៅ។