ពួក​ចៅហ្វាយ

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21


ជំពូក 15

ក្រោយ​បន្តិច​មក នៅ​វេលា​ចម្រូូត​ស្រូវ‌សាលី នោះ​សាំសុន​ក៏​យក​កូន​ពពែ​១​ទៅ​សួរ​ប្រពន្ធ​គាត់ ដោយ​គិត​ថា អញ​នឹង​ចូល​ទៅ​ឯ​ប្រពន្ធ​អញ​នៅ​ក្នុង​បន្ទប់ តែ​ឪពុក​នាង​មិន​ព្រម​ឲ្យ​ចូល​ទៅ​ទេ
2 ដោយ​ពាក្យ​ថា អញ​បាន​គិត​ថា​ឯង​ស្អប់​វា​ហើយ បាន​ជា​អញ​ឲ្យ​វា​ទៅ​អ្នក​ដែល​កំដរ​ឯង​ម្នាក់​វិញ ឥឡូវ​ប្អូន​វា​ក៏​មាន​រូប​ស្រស់​ល្អ​ជាង​វា​ដែរ ដូច្នេះ សូម​ឲ្យ​យក​ប្អូន​ជំនួស​វា​ចុះ
3 នោះ​សាំសុន​និយាយ​ទៅ​គេ​ថា ម្តង​ណេះ បើ​អញ​ធ្វើ​បាប​ដល់​ពួក​ភីលីស្ទីន នោះ​អញ​គ្មាន​ទោស​ទេ
4 រួច​គាត់​ចេញ​ទៅ​ចាប់​ចចក​៣០០ ហើយ​យក​ចន្លុះ​មក​ចង​កន្ទុយ​ជាប់​គ្នា​មួយ​គូៗ ដាក់​ចន្លុះ​មួយៗ​នៅ​ជា​កណ្តាល​កន្ទុយ​ទាំង​២​នោះ
5 លុះ​កាល​បាន​អុច​ចន្លុះ​ទាំង​នេះ​ស្រេច​ហើយ នោះ​ក៏​លែង​ទៅ​ក្នុង​ស្រូវ​របស់​ពួក​ភីលីស្ទីន បញ្ឆេះ​ទាំង​ស្នឹម​កណ្តាប់ ទាំង​ស្រូវ​ដែល​មិន​ទាន់​ច្រូត ព្រម​ទាំង​ចម្ការ​ដើម​អូលីវ​ផង
6 ដូច្នេះ ពួក​ភីលីស្ទីន​សួរ​ថា តើ​អ្នក​ណា​បាន​ធ្វើ​អំពើ​នេះ គេ​ឆ្លើយ​ថា គឺ​សាំសុន ជា​កូន​ប្រសា​អ្នក​ក្រុង​ធីមណា​នោះ ពី​ព្រោះ​គេ​បាន​លើក​ប្រពន្ធ​វា​ឲ្យ​ទៅ​អ្នក​កំដរ​របស់​វា​វិញ នោះ​ពួក​ភីលីស្ទីន​ក៏​ឡើង​ទៅ​ដុត​សម្លាប់​នាង​នោះ ព្រម​ទាំង​ឪពុក​ទៅ
7 សាំសុន​ក៏​និយាយ​គំនុំ​ដល់​គេ​ថា ឯង​រាល់​គ្នា​ធ្វើ​ដូច្នេះ អើ មិន​អី​ទេ ចាំ​មើល ថ្ងៃ​ក្រោយ​អញ​នឹង​សង‌សឹក​នឹង​ឯង​ម្តង​វិញ​ជា​សម្រេច
8 គាត់​ក៏​វាយ​សម្លាប់​គេ​ដោយ​កម្លាំង​កាយ​ស្លាប់​យ៉ាង​សន្ធឹក រួច​ភៀស‌ខ្លួន​ចុះ​ទៅ​នៅ​ក្នុង​ក្រហែង​ថ្មដា ឈ្មោះ​អេតាម​ទៅ។
9 នោះ​ពួក​ភីលីស្ទីន​គេ​ឡើង​ទៅ បោះ​ទ័ព​ក្នុង​ស្រុក​យូដា រាយ​រហូត​ដល់​តំបន់​លេហ៊ី
10 រួច​ពួក​យូដា​សួរ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ឡើង​មក​ទាស់​នឹង​យើង​ដូច្នេះ គេ​ឆ្លើយ​ថា យើង​មក​ប្រយោជន៍​តែ​នឹង​ចាប់​ចង​សាំសុន​ប៉ុណ្ណោះ​ទេ ដើម្បី​នឹង​សង​ដល់​វា ដូច​ជា​វា​បាន​ធ្វើ​យើង​ហើយ
11 ដូច្នេះ មាន​ពួក​យូដា​៣​ពាន់​នាក់ ចុះ​ទៅ​ដល់​ក្រហែង​ថ្ម​អេតាម​នោះ និយាយ​នឹង​សាំសុន​ថា តើ​ឯង​មិន​ដឹង​ថា​ពួក​ភីលីស្ទីន​ជា​ម្ចាស់​លើ​យើង​រាល់​គ្នា​ទេ​ឬ​អី ឯង​បាន​ធ្វើ​អ្វី​ដល់​យើង​ដូច្នេះ គាត់​ឆ្លើយ​តប​ថា ខ្ញុំ​គ្រាន់​តែ​បាន​ធ្វើ​ដល់​គេ ដូច​ជា​គេ​បាន​ធ្វើ​ខ្ញុំ​ហើយ​ទេ
12 នោះ​គេ​ប្រាប់​គាត់​ថា យើង​ចុះ​មក​នេះ ដើម្បី​ចង​ឯង​នាំ​ទៅ​ប្រគល់​ដល់​អំណាច​ពួក​ភីលីស្ទីន សាំសុន​ឆ្លើយ​ថា ដូច្នេះ ចូរ​ស្បថ​នឹង​ខ្ញុំ​ថា ខ្លួន​អ្នក​រាល់​គ្នា​មិន​សម្លាប់​ខ្ញុំ​ទេ
13 គេ​ក៏​ទទួល​ព្រម​ថា អើ យើង​គ្រាន់​តែ​ចង​ឯង​នាំ​ទៅ​ប្រគល់​ដល់​អំណាច​គេ​ប៉ុណ្ណោះ ឯ​ខ្លួន​យើង​មិន​សម្លាប់​ឯង​ជា​ប្រាកដ គេ​ក៏​យក​ខ្សែ​ថ្មី​២​មក​ចង​គាត់ នាំ​ឡើង​ចេញ​ពី​ថ្មដា​នោះ​ទៅ។
14 គ្រា​ដល់​លេហ៊ី​ហើយ កាល​ពួក​ភីលីស្ទីន​បាន​ឃើញ​គាត់ នោះ​ក៏​នាំ​គ្នា​ស្រែក​ឡើង រួច​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ទ្រង់​សណ្ឋិត​លើ​គាត់ បណ្តាល​ឡើង​ជា​ខ្លាំង ឯ​ខ្សែ​ដែល​គេ​ចង​ដៃ​គាត់​ក៏​ត្រឡប់​ដូច​ជា​សរសៃ​ខ្លូត‌ទេស​ដែល​ខ្លោច​ដោយ​ភ្លើង​វិញ របេះ​ជ្រុះ​ពី​ដៃ​គាត់​ចេញ​អស់
15 លុះ​គាត់​ឃើញ​ឆ្អឹង​ថ្គាម​ស្រស់​១​របស់​សត្វ​លា នោះ​ក៏​លូក​ដៃ​ទៅ​ចាប់​យក​មក វាយ​សម្លាប់​មនុស្ស​១​ពាន់​នាក់
16 រួច​សាំសុន​ថ្លែង​វាចា​ថា ដោយ‌សារ​ថ្គាម​លា អញ​វាយ​សម្លាប់​មនុស្ស​បាន​អស់​១​ពាន់​នាក់ ដោយ‌សារ​ថ្គាម​នោះ​មាន​គំនរ​មនុស្ស​គរ​លើ​គ្នា
17 កាល​គាត់​បាន​ថ្លែង​រួច​ហើយ ក៏​បោះ​ឆ្អឹង​ថ្គាម​នោះ​ពី​ដៃ​ចេញ​ទៅ គេ​ដាក់​ឈ្មោះ​ទី​នោះ​ថា រ៉ាម៉ាត-លេហ៊ី
18 ខណៈ​នោះ គាត់​ស្រេក​ទឹក​ជា​ខ្លាំង ហើយ​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា ទ្រង់​បាន​ប្រទាន​ឲ្យ​ដៃ​អ្នក​បម្រើ​ទ្រង់​មាន​ជ័យ‌ជម្នះ​យ៉ាង​ធំ​នេះ​ហើយ ឥឡូវ​នេះ តើ​ត្រូវ​ឲ្យ​ទូល‌បង្គំ​ស្លាប់​ដោយ​ស្រេក​ទឹក ហើយ​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ដែល​មិន​កាត់​ស្បែក​នេះ​វិញ​ឬ​អី
19 នោះ​ព្រះ‌ទ្រង់​ធ្វើ​ឲ្យ​មាន​ទី​ខូង​ដែល​នៅ​ត្រង់​លេហ៊ី រួច​មាន​ទឹក​ចេញ​មក កាល​គាត់​ផឹក​ទឹក​ហើយ នោះ​ក៏​មាន​វិញ្ញាណ​ឡើង​វិញ ព្រម​ទាំង​មាន​កម្លាំង​ឡើង​ដែរ ហេតុ​នោះ​បាន​ជា​គេ​ដាក់​ឈ្មោះ​ទី​នោះ​ថា អេន-ហាកូរេ ក្បាល​ទឹក​នោះ​មាន​នៅ​ត្រង់​លេហ៊ី ដរាប​ដល់​សព្វ​ថ្ងៃ​នេះ
20 សាំសុន​បាន​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល នៅ​គ្រា​ពួក​ភីលីស្ទីន​អស់​២០​ឆ្នាំ។