ពួកចៅហ្វាយ
ជំពូក 18
នៅគ្រានោះ គ្មានស្តេចនៅស្រុកអ៊ីស្រាអែលទេ រីឯពូជអំបូរដាន់នៅវេលានោះ គេរកស្រុកតាំងជាទីលំនៅ ទុកជាកេរអាកររបស់គេ ដ្បិតតាំងពីដើមរៀងមក គេមិនទាន់បានទទួលកេរអាកររបស់គេ ក្នុងពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មាននៅឡើយទេ
2 ដូច្នេះ ពួកកូនចៅដាន់ក៏រើសពួកគេ៥នាក់ ដែលសុទ្ធតែជាមនុស្សខ្លាំងពូកែ ពីក្រុងសូរ៉ាស់ និងក្រុងអែសថោល ចាត់ឲ្យទៅសង្កេតមើលស្រុក ដោយពាក្យថា ចូរទៅពិនិត្យមើលស្រុកទៅ គេក៏ចូលមកក្នុងស្រុកភ្នំអេប្រាអិមដល់ផ្ទះមីកា ហើយដេកនៅទីនោះអស់១យប់
3 តែគ្រាដែលមកជិតដល់ផ្ទះមីកាហើយ នោះគេឮ ហើយក៏ស្គាល់សំឡេងរបស់មនុស្សកំលោះ ជាពួកលេវីនោះ រួចក៏ចូលទៅសួរគាត់ថា តើអ្នកណាបាននាំអ្នកមកនេះ អ្នកធ្វើជាអ្វីនៅទីនេះ ហើយមានអ្វីនៅឯណេះ
4 គាត់ឆ្លើយថា មីកាបានប្រព្រឹត្តនឹងខ្ញុំយ៉ាងនេះមួយៗ គាត់បានជួលខ្ញុំ ឲ្យធ្វើជាសង្ឃដល់គាត់
5 នោះគេប្រាប់ដល់គាត់ថា ដូច្នេះ សូមឲ្យអ្នកទូលសួរព្រះមើល ដើម្បីឲ្យយើងរាល់គ្នាដឹង ជាផ្លូវដែលយើងទៅនេះនឹងបានកើតការឬទេ
6 សង្ឃនោះឆ្លើយតបថា សូមអញ្ជើញទៅដោយសុខសាន្តចុះ ព្រះយេហូវ៉ាទ្រង់ជ្រាបផ្លូវដែលអ្នករាល់គ្នាទៅនោះហើយ។
7 នោះពួក៥នាក់នាំគ្នាចេញទៅ ក៏បានទៅដល់ក្រុងឡាអ៊ីស នៅស្រុកនោះ គេឃើញមានពួកមនុស្ស ដែលនៅដោយសុខសាន្ត តាមរបៀបសាសន៍ស៊ីដូន គឺរម្យទម ហើយសុខសាន្ត ដ្បិតនៅស្រុកនោះ គ្មានអ្នកណាមានអំណាចនឹងធ្វើឲ្យគេមានសេចក្ដីខ្មាស ក្នុងការអ្វីឡើយ គេនៅឆ្ងាយពីសាសន៍ស៊ីដូន ឥតប្រកបនឹងអ្នកណាមួយផង
8 រួចពួកទាំង៥នាក់ក៏ត្រឡប់ទៅឯបងប្អូនគេ ដែលនៅសូរ៉ាស់ និងអែសថោលវិញ បងប្អូនគេក៏សួរថា យ៉ាងម៉េចទៅ
9 គេប្រាប់ថា ចូររៀបចំឡើង លើកគ្នាទៅច្បាំងនឹងគេទៅ ដ្បិតយើងបានឃើញស្រុកគេល្អណាស់ តើនៅព្រងើយដូច្នេះធ្វើអី កុំឲ្យខ្ជិលនឹងចូលទៅចាប់យកស្រុកនោះឡើយ
10 កាលណាចូលទៅដល់ នោះនឹងឃើញពួកមនុស្សដែលនៅដោយសុខសាន្ត ស្រុកនោះក៏ធំទូលាយដែរ ដ្បិតព្រះបានប្រគល់ស្រុកនោះមកក្នុងកណ្តាប់ដៃយើងហើយ គឺជាកន្លែងមិនចេះខ្វះអ្វីដែលនៅផែនដីនេះ។
11 គ្រានោះ មានមនុស្ស៦០០នាក់ពីវង្សដាន់ ដែលនៅត្រង់សូរ៉ាស់ និងអែសថោល គេលើកគ្នាចេញទៅទាំងមានគ្រឿងសឹក
12 ក៏ឡើងទៅបោះទ័ពនៅត្រង់គារយ៉ាត់-យារីមក្នុងស្រុកយូដា ហេតុនោះបានជាគេឲ្យឈ្មោះទីនោះថា ម៉ាហានេ-ដាន់ ដរាបដល់សព្វថ្ងៃនេះ ទីនោះនៅខាងក្រោយគារយ៉ាត់-យារីម
13 ពីទីនោះ គេចូលទៅក្នុងស្រុកភ្នំអេប្រាអិម ហើយក៏មកដល់ផ្ទះមីកា។
14 ឯពួក៥នាក់ដែលបានទៅសង្កេតមើលស្រុកឡាអ៊ីស គេក៏ផ្តើមនិយាយទៅបងប្អូនគេថា តើអ្នករាល់គ្នាដឹងថា នៅផ្ទះនេះមានអេផូឌ និងរូបព្រះ ព្រមទាំងរូបឆ្លាក់ និងរូបសិតផងឬទេ ដូច្នេះ ពិចារណាមើល តើត្រូវធ្វើដូចម្តេច
15 គេក៏បែរចូលទៅក្នុងផ្ទះមនុស្សកំលោះជាពួកលេវីនេះ គឺក្នុងផ្ទះរបស់មីកា ហើយក៏សាកសួរពីសេចក្ដីសុខទុក្ខ
16 ឯពួកកូនចៅដាន់ទាំង៦០០នាក់ដែលមានគ្រឿងសឹក គេឈរចាំនៅឰដ៏មាត់ទ្វារ
17 ពួក៥នាក់ដែលបានទៅសង្កេតមើលស្រុក ក៏ឡើងចូលទៅក្នុងផ្ទះ យកទាំងរូបឆ្លាក់ និងអេផូឌ ព្រមទាំងរូបព្រះ និងរូបសិតផង ឯសង្ឃនោះគាត់ឈរនៅមាត់ទ្វារជាមួយនឹងមនុស្ស៦០០នាក់ ដែលមានគ្រឿងសឹក
18 កាលអ្នកទាំង៥បានចូលទៅក្នុងផ្ទះមីកា យករូបឆ្លាក់ និងអេផូឌ ព្រមទាំងរូបព្រះ និងរូបសិតដូច្នោះ នោះគាត់សួរថា អ្នករាល់គ្នាធ្វើអ្វីដូច្នេះ
19 តែគេប្រាប់គាត់ថា ចូរនៅឲ្យស្ងៀមទៅ ហើយយកដៃខ្ទប់មាត់ចុះ សូមទៅជាមួយនឹងយើងធ្វើជាឪពុក ហើយជាសង្ឃដល់យើងវិញ ដែលអ្នកធ្វើជាសង្ឃដល់ពួកគ្រួមនុស្សតែម្នាក់នេះ នោះតើវិសេសជាងធ្វើជាសង្ឃដល់ពូជអំបូរ១ គឺដល់វង្ស១ទាំងមូលនៃសាសន៍អ៊ីស្រាអែលឬអី
20 សង្ឃនោះមានចិត្តអំណរឡើង រួចក៏យកអេផូឌ និងរូបព្រះ ព្រមទាំងរូបឆ្លាក់ផង ទៅជាមួយនឹងគេទៅ។
21 ដូច្នេះ គេបែរចេញទៅ ហើយគេឲ្យកូនក្មេង និងហ្វូងសត្វ ហើយនិងអីវ៉ាន់ទាំងប៉ុន្មានដើរខាងមុខ
22 កាលបានឃ្លាតឆ្ងាយពីផ្ទះមីកាហើយ នោះពួកអ្នកនៅផ្ទះជិតខាងមីកា ក៏ប្រជុំគ្នាដេញតាមពួកកូនចៅដាន់ឲ្យទាន់
23 គេស្រែកហៅពួកកូនចៅដាន់ ឯអ្នកទាំងនោះក៏ងាកបែរមកសួរមីកាថា ឯងមានហេតុអ្វីបានជាប្រមូលគ្នាច្រើនដល់ម៉្លេះ
24 គាត់ឆ្លើយថា អ្នករាល់គ្នាបាននាំយកព្រះទាំងប៉ុន្មានដែលខ្ញុំបានធ្វើ ព្រមទាំងសង្ឃរបស់ខ្ញុំមក តើខ្ញុំនៅមានអ្វីទៀត ចុះដូចម្តេចបានជាអ្នករាល់គ្នាសួរខ្ញុំថា តើឯងមានហេតុអ្វីដូច្នេះ
25 នោះពួកកូនចៅដាន់ឆ្លើយតបថា កុំឲ្យមានឮសំឡេងឯងមកក្នុងពួកយើងឡើយ ក្រែងលោមានពួកអ្នកមួម៉ៅ ស្ទុះទៅលើឯងរាល់គ្នា បំផ្លាញជីវិតឯងទៅ ព្រមទាំងជីវិតនៃពួកគ្រួឯងផង
26 រួចពួកកូនចៅដាន់ក៏ទៅតាមផ្លូវគេទៅ ឯមីកាកាលឃើញថាគេមានកម្លាំងជាងខ្លួន នោះគាត់ក៏វិលត្រឡប់មកផ្ទះវិញ។
27 ពួកអ្នកទាំងនោះគេនាំយករបស់ដែលមីកាបានធ្វើ និងសង្ឃរបស់គាត់ ទៅដល់ក្រុងឡាអ៊ីស ជាទីដែលមានមនុស្សរម្យទម ហើយសុខសាន្តនៅ រួចគេសម្លាប់ពួកអ្នកក្រុងនោះដោយមុខដាវ ព្រមទាំងយកភ្លើងឆួលដុតទីក្រុងផង
28 ឥតមានអ្នកណាមកជួយគេឡើយ ពីព្រោះទីនោះនៅឃ្លាតឆ្ងាយពីក្រុងស៊ីដូន ហើយពួកនោះមិនប្រកបគ្នានឹងអ្នកណាផង ក្រុងនោះនៅក្នុងវាលច្រកភ្នំ ដែលនៅជិតបេត-រេហុប រួចហើយពួកកូនចៅដាន់បានសង់ទីក្រុងនោះឡើងវិញ ទុកជាទីលំនៅរបស់គេ
29 ក៏ដាក់ឈ្មោះថា ដាន់ តាមឈ្មោះដាន់ជាអយ្យកោគេ ដែលអ៊ីស្រាអែលបានបង្កើត តែកាលពីដើម ក្រុងនោះឈ្មោះឡាអ៊ីសវិញ
30 ពួកកូនចៅដាន់ក៏តាំងរូបឆ្លាក់នោះសម្រាប់ខ្លួនគេ ហើយយ៉ូណាថាន ជាកូនគើសំម ក្នុងពូជអំបូរម៉ាន៉ាសេ ព្រមទាំងកូនចៅគាត់ធ្វើជាសង្ឃដល់ពូជអំបូរដាន់តទៅ ដរាបដល់ថ្ងៃដែលពួកស្រុកនោះត្រូវគេនិរទេសទៅ
31 គេបានតាំងរូបឆ្លាក់ដែលមីកាធ្វើនោះ ទុកសម្រាប់ពួកគេ អស់១អំឡុងដែលដំណាក់នៃព្រះនៅត្រង់ស៊ីឡូរ។