លោកុប្បត្តិ
ជំពូក 22
ក្រោយការទាំងនោះមក ព្រះទ្រង់ល្បងអ័ប្រាហាំ ដោយមានព្រះបន្ទូលហៅគាត់ថា អ័ប្រាហាំអើយ គាត់ក៏ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់
2 រួចទ្រង់មានព្រះបន្ទូលថា ចូរយកអ៊ីសាកកូនឯង ដែលជាកូនសំឡាញ់តែ១នោះទៅឥឡូវ នាំគ្នាទៅឯស្រុកម៉ូរីយ៉ា រួចថ្វាយវាជាតង្វាយដុត នៅលើភ្នំ១ក្នុងស្រុកដែលអញនឹងបង្ហាញប្រាប់ឯងនោះ។
3 អ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម ចាត់ចែងចងកែបលាខ្លួន ហើយពុះឱសសម្រាប់តង្វាយដុត រួចនាំយកបាវ២នាក់ និងអ៊ីសាកជាកូនទៅជាមួយ ក៏ដើរតម្រង់ទៅឯកន្លែងដែលព្រះមានព្រះបន្ទូលប្រាប់នោះ
4 លុះដើរបាន៣ថ្ងៃហើយ នោះគាត់ងើបភ្នែកឡើង មើលទៅ ឃើញកន្លែងនោះពីចម្ងាយ
5 រួចប្រាប់ទៅបាវថា ចូរឯងនៅទីនេះសិនមើលលាផង អញនឹងទៅឯណោះថ្វាយបង្គំជាមួយនឹងកូនអញ រួចសឹមមកឯឯងវិញ
6 នោះគាត់ចាប់យកឱសដែលសម្រាប់តង្វាយដុតដាក់ឲ្យអ៊ីសាកជាកូនលី ហើយគាត់យកភ្លើង និងកាំបិតកាន់នៅដៃ បណ្តើរគ្នាទៅ
7 អ៊ីសាកនិយាយនឹងឪពុកថា លោកឪពុកអើយ គាត់ក៏ឆ្លើយថា អីកូន រួចវានិយាយថា នេះមានភ្លើង និងឱសហើយ តែកូនចៀមសម្រាប់តង្វាយដុតតើនៅឯណា
8 អ័ប្រាហាំឆ្លើយថា កូនអើយ កូនចៀមដែលសម្រាប់ជាតង្វាយដុត នោះព្រះទ្រង់នឹងផ្គត់ផ្គង់ឲ្យ ដូច្នេះ ក៏នាំគ្នាទៅទៀត។
9 លុះដល់កន្លែងដែលព្រះបានមានព្រះបន្ទូលប្រាប់គាត់ហើយ នោះអ័ប្រាហាំក៏ស្អាងអាសនៈ១នៅទីនោះ រួចដំរៀបឧស ហើយចងអ៊ីសាកជាកូនដាក់លើឱសនៅលើអាសនៈ
10 គាត់លូកដៃទៅចាប់យកកាំបិតមកប្រុងនឹងសម្លាប់កូន
11 តែទេវតានៃព្រះយេហូវ៉ាមានព្រះបន្ទូលពីលើមេឃហៅគាត់ថា អ័ប្រាហាំៗអើយ នោះគាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់
12 រួចទ្រង់មានព្រះបន្ទូលថា កុំឲ្យលូកដៃទៅលើកូនក្មេងនោះឡើយ កុំឲ្យធ្វើអ្វីដល់វាឲ្យសោះ ដ្បិតឥឡូវនេះអញដឹងថា ឯងកោតខ្លាចដល់ព្រះហើយ ដោយព្រោះមិនបានសំចៃទុកនូវកូនឯងតែ១នេះនឹងអញសោះ
13 នោះអ័ប្រាហាំគាត់ងើបភ្នែកឡើងឃើញចៀមឈ្មោល១ជាប់ស្នែងនៅព្រៃខាងក្រោយខ្លួន រួចក៏ទៅយកចៀមឈ្មោលនោះ មកថ្វាយជាតង្វាយដុត ជំនួសកូនខ្លួនវិញ
14 អ័ប្រាហាំហៅកន្លែងនោះថា «យេហូវ៉ា-យីរេ» ដូចជាគេក៏និយាយដរាបដល់សព្វថ្ងៃនេះដែរ ថានៅភ្នំនៃព្រះយេហូវ៉ា គឺទ្រង់នឹងផ្គត់ផ្គង់ឲ្យ ។
15 ទេវតានៃព្រះយេហូវ៉ាទ្រង់ក៏ហៅពីលើមេឃមកអ័ប្រាហាំម្តងទៀត
16 ទ្រង់មានព្រះបន្ទូលថា អញបានស្បថដោយនាមរបស់អញ ព្រោះឯងបានធ្វើដូច្នេះ គឺដែលមិនបានសំចៃទុកនូវកូនឯងតែ១នេះ
17 នោះអញនឹងឲ្យពរដល់ឯង ហើយនិងចម្រើនពូជឯងឲ្យមានគ្នាសន្ធឹកដូចផ្កាយនៅលើមេឃ ហើយដូចខ្សាច់នៅមាត់សមុទ្រ ពូជឯងនឹងបានគ្រប់គ្រងលើទ្វារក្រុងនៃពួកខ្មាំងសត្រូវ
18 គ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារពូជឯង ពីព្រោះឯងបានស្តាប់តាមពាក្យអញ
19 នោះអ័ប្រាហាំក៏វិលទៅឯបាវវិញ ហើយគេក្រោកឡើងដើរជាមួយគ្នាទៅឯបៀរ-សេបាទៅ ក៏អាស្រ័យនៅត្រង់បៀរ-សេបានោះ។
20 ក្រោយការទាំងនោះមក មានគេមកប្រាប់អ័ប្រាហាំថា មើល នាងមីលកាក៏បានបង្កើតកូនឲ្យណាឃរប្អូនលោកដែរ
21 គឺអ៊ូសជាកូនច្បងគាត់ ហើយប៊ូសជាប្អូន និងកេមូអែលដែលជាឪពុកអើរ៉ាម
22 ហើយកេសែឌ ហាសូរ ពីលដាស យីតឡាប និងបេធូអែល
23 ឯបេធូអែលបានបង្កើតរេបិកា គឺកូនទាំង៨នាក់នោះ ដែលមីលកាបានបង្កើតឲ្យណាឃរជាប្អូនអ័ប្រាហាំ
24 ចំណែកប្រពន្ធចុងរបស់គាត់ដែលឈ្មោះរេយូម៉ា នាងបង្កើតបានធេបា កាហាំ ថាហាស និងម្អាកា។