លោកុប្បត្តិ

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50


ជំពូក 4

អ័ដាម ក៏​ស្គាល់​អេវ៉ា​ជា​ប្រពន្ធ ហើយ​នាង​មាន​ទំងន់​បង្កើត​បាន​កាអ៊ីន រួច​នាង​និយាយ​ថា អញ​បាន​កូន​ប្រុស​១ ដោយ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​ប្រទាន
2 នាង​ក៏​បង្កើត​បាន អេបិល​ជា​ប្អូន​ទៀត ឯ​អេបិល​ជា​អ្នក​គង្វាល​ហ្វូង​សត្វ តែ​កាអ៊ីន​ជា​អ្នក​ធ្វើ​ស្រែ​ចម្ការ​វិញ
3 កន្លង​ក្រោយ​មក កាអ៊ីន​បាន​យក​ផល​ដែល​កើត​ពី​ដី មក​ថ្វាយ​ជា​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា
4 ហើយ​អេបិល​ក៏​ធ្វើ​ដូច​គ្នា គឺ​គាត់​យក​កូន​ជា​ដំបូង​១​ពី​ហ្វូង​សត្វ​មក​ថ្វាយ ព្រម​ទាំង​ខ្លាញ់ វា​ផង រួច​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ចំពោះ​អេបិល និង​តង្វាយ​របស់​គាត់
5 តែ​មិន​សព្វ​ព្រះ‌ហឫទ័យ​ចំពោះ​តង្វាយ​កាអ៊ីន​ទេ នោះ​កាអ៊ីន​ក៏​ក្តៅ​ក្រហាយ ហើយ​ឡើង​ទឹក​មុខ​ក្រញូវ
6 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​កាអ៊ីន​ថា ឯង​ខឹង​ធ្វើ​អី ហេតុ​អ្វី​បាន​ជា​ឯង​ធ្វើ​ទឹក​មុខ​ក្រញូវ​ដូច្នេះ
7 បើ​ឯង​ធ្វើ​ល្អ តើ​មិន​បាន​ទឹក​មុខ​រីក‌រាយ​វិញ​ទេ​ឬ​អី បើ​ឯង​ធ្វើ​មិន​ល្អ នោះ​មាន​តង្វាយ​លោះ​បាប​ដេក​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ ចិត្ត​វា​នឹង​បណ្តោយ​តាម​ឯង ហើយ​ឯង​មាន​អំណាច​លើ​វា​ដែរ។
8 កាអ៊ីន​ក៏​ដំណាល​ប្រាប់​ដល់​អេបិល​ជា​ប្អូន រួច​មាន​កាល​១​ថ្ងៃ​កំពុង​ដែល​គេ​នៅ​ឯ​វាល នោះ​ស្រាប់​តែ​កាអ៊ីន​ក្រោក​ឡើង​សម្លាប់​អេបិល​ជា​ប្អូន​ទៅ
9 ព្រះ‌យេហូវ៉ា​ក៏​មាន​ព្រះ‌បន្ទូល​សួរ​កាអ៊ីន​ថា អេបិល​ប្អូន​ឯង​នៅ​ឯ​ណា គាត់​ទូល​ឆ្លើយ​ថា ទូល‌បង្គំ​មិន​ដឹង​ទេ តើ​ទូល‌បង្គំ​ជា​អ្នក​ថែ​រក្សា​ប្អូន​ឬ​អី
10 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា ឯង​បាន​ធ្វើ​អ្វី​ដូច្នេះ ពី​ព្រោះ​ឮ​សូរ​សម្រែក​នៃ​ឈាម​របស់​ប្អូន​ឯង​ពី​ដី​ឡើង​ទៅ​ដល់​អញ
11 ឥឡូវ​នេះ ឯង​ត្រូវ​ដី​ដាក់​បណ្តាសា ដោយ​បាន​ទទួល​ឈាម​នៃ​ប្អូន​ពី​ដៃ​ឯង
12 កាល​ណា​ឯង​ធ្វើ​ស្រែ​ចម្ការ នោះ​ដី​នឹង​មិន​បង្កើត​ផល​ឲ្យ​ឯង​ដ៏​ពេញ​កម្លាំង​ទៀត​ទេ ឯង​ត្រូវ​សាត់‌ព្រាត់ ហើយ​អណ្តែត​ទៅ​មក​លើ​ផែនដី​វិញ
13 នោះ​កាអ៊ីន​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា ទោស​របស់​ទូល‌បង្គំ​ធ្ងន់​ពេក​ណាស់ និង​ទ្រាំ‌ទ្រ​មិន​បាន​ទេ
14 មើល នៅ​ថ្ងៃ​នេះ ទ្រង់​បាន​បណ្តេញ​ទូល‌បង្គំ​ចេញ​ពី​ស្រុក​ហើយ ដូច្នេះ ទូល‌បង្គំ​នឹង​ត្រូវ​នៅ​ឃ្លាត​ពី​ទ្រង់​ទៅ ហើយ​ត្រូវ​សាត់‌ព្រាត់​អណ្តែត​ទៅ​មក​លើ​ផែនដី រួច​អស់​អ្នក​ណា​ដែល​ឃើញ​ទូល‌បង្គំ គេ​នឹង​សម្លាប់​ទូល‌បង្គំ​បង់
15 តែ​ព្រះ‌យេហូវ៉ា‌ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ដូច្នេះ បើ​អ្នក​ណា​ដែល​សម្លាប់​ឯង នោះ​នឹង​ត្រូវ​ទោស​១​ជា​៧​សួន​រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ដៅ​ចំណាំ​កាអ៊ីន ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដែល​ឃើញ​គាត់​បាន​សម្លាប់​បង់​ឡើយ។
16 នោះ​កាអ៊ីន​ក៏​ចេញ​ពី​ចំពោះ ព្រះ‌យេហូវ៉ា ទៅ​នៅ​ឯ​ស្រុក​ណូឌ ខាង​កើត​អេដែន​ទៅ។
17 ហើយ​កាអ៊ីន​បាន​ស្គាល់​ប្រពន្ធ​គាត់ នោះ​នាង​មាន​ផ្ទៃ​ពោះ​បង្កើត​បាន​អេណុក គាត់​ក៏​សង់​ទី​ក្រុង​១ ហើយ​ដាក់​ឈ្មោះ​ទី​ក្រុង​នោះ​តាម​ឈ្មោះ​អេណុក​កូន​ខ្លួន
18 អេណុក​បង្កើត​បាន​អ៊ីរ៉ាឌៗ​បង្កើត​មហ៊ូ‌យ៉ែលៗ​បង្កើត​មទូសែល ហើយ​មទូសែល​បង្កើត​ឡាមេក
19 ឯ​ឡាមេក​គាត់​យក​ប្រពន្ធ​២​មួយ​ឈ្មោះ​អ័ដា មួយ​ទៀត​ឈ្មោះ​ស៊ីឡា
20 នាង​អ័ដា​បង្កើត​បាន​យ៉ាបាល ដែល​ជា​ឪពុក​នៃ​អស់​ពួក​អ្នក​នៅ​ក្នុង​ត្រសាល ហើយ​មាន​ហ្វូង​សត្វ
21 ប្អូន​គាត់​ឈ្មោះ​យូបាល ជា​ឪពុក​នៃ​ពួក​អ្នក​លេង​ស៊ុង និង​ខ្លុយ
22 ឯ​នាង​ស៊ីឡា​ក៏​បង្កើត​បាន​ទូបាល-កាអ៊ីន ជា​មេ​បង្រៀន​ពួក​ជាង​លង្ហិន និង​ជាង​ដែក ប្អូន​ស្រី​ទូបាល-កាអ៊ីន គឺ​នាង​ន៉ាអាម៉ា។
23 ឯ​ឡាមេក គាត់​និយាយ​ទៅ​ប្រពន្ធ​ទាំង​ពីរ​ថា ម្នាល​អ័ដាម និង​ស៊ីឡា​អើយ ចូរ​ស្តាប់​ពាក្យ​អញ​ចុះ ឱ​ប្រពន្ធ​ឡាមេក​រាល់​គ្នា​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​អញ​ចុះ ដ្បិត​អញ​បាន​សម្លាប់​មនុស្ស​ម្នាក់ ពី​ព្រោះ​វា​បាន​ធ្វើ​ឲ្យ​អញ​មាន​របួស គឺ​ជា​មនុស្ស​កំលោះ​ម្នាក់ ដោយ​ហេតុ​វា​បាន​វាយ​អញ​ឲ្យ​ជាំ
24 បើ‌សិន​ជា​ត្រូវ​សង‌សឹក​ជួស​កាអ៊ីន​១​ជា​៧​ដង នោះ​ក៏​ត្រូវ​សង‌សឹក​ជួស​ឡាមេក​១​ជា​៧៧​ដង​វិញ។
25 រួច​មក អ័ដាម​បាន​ស្គាល់​ប្រពន្ធ​ម្តង​ទៀត ហើយ​នាង​បង្កើត​បាន​កូន​ប្រុស​១ ឲ្យ​ឈ្មោះ​ថា សេត ព្រោះ​នាង​ថា ព្រះ‌ទ្រង់​បាន​ប្រទាន​ពូជ​១​ទៀត​មក​អញ​ជំនួស​អេបិល ដែល​កាអ៊ីន​បាន​សម្លាប់​ទៅ​នោះ
26 ឯ​សេត គាត់​ក៏​បង្កើត​បាន​កូន​ប្រុស​១​ដែរ ដាក់​ឈ្មោះ​ថា អេណុស ហើយ​នៅ​ជាន់​នោះ គេ​ចាប់​តាំង​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។