លោកុប្បត្តិ
ជំពូក 1
 កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី ។ 
2  ឯផែនដីបានខូច ហើយនៅទទេ មានសុទ្ធតែងងឹតនៅគ្របលើជម្រៅទឹក ហើយព្រះវិញ្ញាណនៃព្រះក៏រេរានៅពីលើទឹក 
3  នោះព្រះទ្រង់មានព្រះបន្ទូលថា ចូរឲ្យមានពន្លឺឡើង ដូច្នេះ ពន្លឺក៏មានឡើង 
4  ព្រះទ្រង់ឃើញពន្លឺនោះក៏យល់ថាជាល្អហើយ រួចទ្រង់ញែកពន្លឺពីងងឹតចេញ 
5  ទ្រង់ហៅពន្លឺថាជាថ្ងៃ ហើយហៅងងឹតថាជាយប់ នោះក៏មានល្ងាចមានព្រឹកឡើង ជាថ្ងៃទី១។ 
6  បន្ទាប់មក ព្រះទ្រង់មានព្រះបន្ទូលថា ចូរឲ្យមានប្រឡោះនៅកណ្តាលទឹក ដើម្បីញែកទឹកចេញពីគ្នា 
7  ទ្រង់ក៏ធ្វើប្រឡោះនោះ ទាំងញែកទឹកដែលនៅក្រោមប្រឡោះចេញពីទឹកដែលនៅលើប្រឡោះ ក៏មានដូច្នោះ 
8  រួចព្រះទ្រង់ហៅប្រឡោះនោះថាជាមេឃ នោះក៏មានល្ងាចមានព្រឹកឡើង ជាថ្ងៃទី២។ 
9  បន្ទាប់មក ព្រះទ្រង់មានព្រះបន្ទូលថា ចូរឲ្យទឹកនៅក្រោមមេឃប្រមូលគ្នានៅកន្លែងតែ១ ហើយឲ្យមានទីគោកដុះលេចឡើង នោះក៏មានដូច្នោះ 
10  ទ្រង់ហៅទីគោកនោះថាជាដី ហើយទីទឹកដែលប្រមូលគ្នានោះថាជាសមុទ្រ នោះទ្រង់ក៏ឃើញថាល្អ 
11  រួចព្រះទ្រង់មានព្រះបន្ទូលថា ចូរឲ្យដីដុះតិណជាតិឡើង គឺជាពួកស្មៅដែលមានគ្រាប់ និងរុក្ខជាតិមានផ្លែតាមពូជ ដែលមានគ្រាប់ក្នុងផ្លែនោះនៅផែនដី នោះក៏មានដូច្នោះ 
12  ដីក៏ដុះតិណជាតិទាំងឡាយឡើង គឺជាពួកស្មៅដែលមានគ្រាប់តាមពូជ និងរុក្ខជាតិមានផ្លែតាមពូជដែរ ហើយមានគ្រាប់នៅក្នុងផ្លែនោះឯង រួចទ្រង់ឃើញថាល្អ 
13  នោះក៏មានល្ងាចមានព្រឹកឡើង ជាថ្ងៃទី៣។ 
14  បន្ទាប់មក ព្រះទ្រង់មានព្រះបន្ទូលថា ចូរឲ្យមានតួពន្លឺនៅនាផ្ទៃមេឃ ដើម្បីនឹងញែកថ្ងៃចេញពីយប់ សម្រាប់ទុកជាទីសម្គាល់នៃរដូវ ថ្ងៃ និងឆ្នាំ 
15  ហើយសម្រាប់ជាពន្លឺនៅផ្ទៃមេឃ ដើម្បីបំភ្លឺមកផែនដី នោះក៏មានដូច្នោះ 
16  ទ្រង់ធ្វើពន្លឺធំជា២តួ ១ដែលធំជាង នោះសម្រាប់បំភ្លឺក្នុងពេលថ្ងៃ ហើយ១ដែលតូចជាងសម្រាប់បំភ្លឺក្នុងពេលយប់ ក៏ធ្វើឲ្យមានផ្កាយទាំងប៉ុន្មាន ដែរ។ 
17  ទ្រង់ដាក់តួពន្លឺទាំងនោះនៅផ្ទៃមេឃ សម្រាប់នឹងបំភ្លឺមកលើផែនដី 
18  ឲ្យមានអំណាចនៅពេលថ្ងៃ និងពេលយប់ ហើយឲ្យញែកពន្លឺចេញពីងងឹត រួចទ្រង់ឃើញថាជាល្អ 
19  នោះក៏មានល្ងាច មានព្រឹកឡើង ជាថ្ងៃទី៤។ 
20  បន្ទាប់មក ព្រះទ្រង់មានព្រះបន្ទូលថា ចូរឲ្យមានមច្ឆាជាតិ រវើកនៅក្នុងទឹកជាបរិបូរ និងបក្សីជាតិហើរលើដីនៅនាអាកាស 
21  ទ្រង់ក៏បង្កើតអស់ទាំងសត្វសម្បើមៗ និងជីវិតទាំងឡាយដែលកម្រើក ដែលកើតមានរវិនរវ័ណ្ឌនៅក្នុងទឹកតាមពូជ ហើយអស់ទាំងសត្វស្លាបតាមពូជដែរ រួចទ្រង់ឃើញថាល្អ 
22  ទ្រង់ក៏ប្រទានពរដល់សត្វទាំងឡាយនោះ ហើយមានព្រះបន្ទូលថា ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពេញពាសនៅក្នុងទឹកសមុទ្រ ហើយឲ្យសត្វស្លាបចម្រើនឡើងនៅផែនដីដែរ 
23  នោះក៏មានល្ងាច មានព្រឹកឡើង ជាថ្ងៃទី៥។ 
24  បន្ទាប់មក ព្រះទ្រង់មានព្រះបន្ទូលថា ចូរឲ្យមានចតុប្បាទជាតិកើតមកនៅដីគោកតាមពូជ គឺជាសត្វស្រុកសត្វលូនវារ និងសត្វព្រៃនៅផែនដីតាមពូជ នោះក៏មានដូច្នោះ 
25  ទ្រង់ក៏ធ្វើសត្វព្រៃនៅផែនដីតាមពូជ សត្វស្រុកតាមពូជ ហើយគ្រប់ទាំងសត្វដែលលូនវារនៅដីគោកតាមពូជដែរ រួចទ្រង់ឃើញថាល្អ 
26  ទ្រង់ក៏មានព្រះបន្ទូលថា ចូរយើងធ្វើមនុស្ស ឲ្យដូចជារូបយើង ឲ្យមានភាពដូចយើង ហើយឲ្យមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស និងសត្វជើង៤ដែលនៅលើផែនដីទាំងមូល ព្រមទាំងសត្វលូនវារដែលវារនៅលើផែនដីផង 
27  ទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ក៏បង្កើតគេឡើងជាប្រុសជាស្រី 
28  ទ្រង់ប្រទានពរដល់គេ ហើយមានព្រះបន្ទូលថា ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស និងជីវិតផងទាំងឡាយដែលកម្រើកនៅផែនដីផង 
29  ទ្រង់មានព្រះបន្ទូលថា មើល អញឲ្យគ្រប់ទាំងតិណជាតិមានគ្រាប់ពូជដែលដុះនៅលើផែនដី និងគ្រប់ទាំងរុក្ខជាតិទាំងឡាយដែលកើតផ្លែ មានគ្រាប់ពូជទុកជាអាហារដល់ឯង 
30  ហើយអញក៏ឲ្យគ្រប់ទាំងតិណជាតិខ្ចីៗ ទុកជាអាហារដល់អស់ទាំងសត្វនៅលើដី សត្វហើរលើអាកាស និងសត្វលូនវារនៅដី ដែលមានជីវិតទាំងប៉ុន្មានដែរ នោះក៏មានដូច្នោះ 
31  រួចព្រះទ្រង់ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថា ទាំងអស់ជាការល្អប្រពៃ នោះក៏មានល្ងាច មានព្រឹកឡើង ជាថ្ងៃទី៦។