កូរិនថូសទី ២
ជំពូក 13
នេះជាគម្រប់៣ដងហើយ ដែលខ្ញុំមកឯអ្នករាល់គ្នា គ្រប់ការទាំងអស់នឹងបានសម្រេច ដោយនូវមាត់ស្មរបន្ទាល់២ឬ៣នាក់
2 ខ្ញុំបានប្រាប់កាលពីដើម ហើយឥឡូវនេះក៏និយាយទុកជាមុន ទុកដូចជាកាលបាននៅជាមួយនឹងអ្នករាល់គ្នា ក្នុងលើកទី២នោះនៅឡើយ ហើយសព្វថ្ងៃនេះដែលនៅឃ្លាតគ្នា ខ្ញុំសរសេរមកពួកអ្នកនោះដែលធ្វើបាបពីមុន ហើយទៅអ្នកឯទៀតទាំងអស់ដែរថា បើខ្ញុំមកម្តងទៀត នោះខ្ញុំមិនត្រាប្រណីទេ
3 ដ្បិតអ្នករាល់គ្នារកភស្តុតាងពីព្រះគ្រីស្ទ ដែលទ្រង់មានព្រះបន្ទូលដោយសារខ្ញុំ (ដែលទ្រង់មិនខ្សោយចំពោះអ្នករាល់គ្នា គឺមានព្រះចេស្តាក្នុងអ្នករាល់វិញ
4 ទោះបើទ្រង់ត្រូវគេឆ្កាង ដោយសេចក្ដីកំសោយក៏ដោយ គង់តែទ្រង់មានព្រះជន្មរស់នៅ ដោយព្រះចេស្តានៃព្រះដែរ ព្រោះយើងខ្ញុំខ្សោយក្នុងទ្រង់មែន តែយើងខ្ញុំនឹងរស់នៅជាមួយនឹងទ្រង់ ដោយសារព្រះចេស្តានៃព្រះ ដែលផ្តល់មកអ្នករាល់គ្នាវិញ)។
5 ចូរអ្នករាល់គ្នាពិចារណាខ្លួនឯងមើល តើស្ថិតនៅក្នុងសេចក្ដីជំនឿឬទេ ចូរល្បងខ្លួនមើលចុះ តើអ្នករាល់គ្នាមិនយល់ឃើញថា ព្រះយេស៊ូវគ្រីស្ទគង់ក្នុងអ្នករាល់គ្នាទេឬអី លើកតែអ្នករាល់គ្នាត្រូវកាត់ចោលចេញប៉ុណ្ណោះ
6 តែខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងដឹងថា យើងខ្ញុំមិនត្រូវកាត់ចោលចេញទេ
7 ហើយខ្ញុំអធិស្ឋានដល់ព្រះ សូមកុំឲ្យអ្នករាល់គ្នាធ្វើការអាក្រក់អ្វីឡើយ មិនមែនដើម្បីឲ្យយើងខ្ញុំបានរាប់ជាគួរទេ គឺប្រយោជន៍ឲ្យអ្នករាល់គ្នាបានប្រព្រឹត្តសេចក្ដីល្អតែប៉ុណ្ណោះ ហើយឲ្យយើងខ្ញុំទុកដូចជាត្រូវកាត់ចេញវិញចុះ
8 ដ្បិតយើងខ្ញុំពុំអាចនឹងធ្វើអ្វីទាស់នឹងសេចក្ដីពិតបានទេ ធ្វើបានតែអ្វីដែលសម្រាប់សេចក្ដីពិតវិញ
9 ពីព្រោះយើងខ្ញុំមានសេចក្ដីអំណរ ក្នុងកាលដែលយើងខ្ញុំខ្សោយ ហើយអ្នករាល់គ្នាមានកម្លាំងឡើង តែយើងខ្ញុំអធិស្ឋានសូមសេចក្ដីនេះទៀត គឺឲ្យពួកអ្នករាល់គ្នាបានគ្រប់លក្ខណ៍ទាំងអស់គ្នា
10 ហេតុនោះបានជាកាលខ្ញុំនៅឃ្លាតពីអ្នករាល់គ្នា នោះខ្ញុំធ្វើសំបុត្រនេះ ក្រែងកាលណាខ្ញុំមកនៅជាមួយ នោះខ្ញុំនឹងប្រព្រឹត្តនឹងអ្នករាល់គ្នាដោយតឹងរ៉ឹង តាមអំណាចដែលព្រះអម្ចាស់បានប្រទានមកខ្ញុំ គឺសម្រាប់នឹងស្អាងចិត្តឡើង មិនមែននឹងផ្តួលទេ។
11 ឯសេចក្ដីឯទៀត បងប្អូនអើយ ចូរមានសេចក្ដីអំណរ ចូរឲ្យបានគ្រប់លក្ខណ៍ ចូរឲ្យមានចិត្តក្សេមក្សាន្ត ចូរមានគំនិតដូចគ្នា ចូរនៅដោយមេត្រីនឹងគ្នាចុះ នោះព្រះនៃសេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត ទ្រង់នឹងគង់នៅជាមួយនឹងអ្នករាល់គ្នា
12 សូមជម្រាបសួរគ្នាទៅវិញទៅមក ដោយថើបយ៉ាងបរិសុទ្ធ ។
13 ពួកបរិសុទ្ធគ្រប់គ្នាសូមជម្រាបសួរមកអ្នករាល់គ្នា។
14 សូមឲ្យអ្នករាល់គ្នា បានប្រកបដោយព្រះគុណនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងសេចក្ដីស្រឡាញ់របស់ព្រះ ហើយនិងសេចក្ដីរួបរួមគ្នានឹងព្រះវិញ្ញាណបរិសុទ្ធ។ អាម៉ែន។:៚