កូរិនថូសទី ២
ជំពូក 4
ដូច្នេះ ដែលមានការងារនេះ នោះយើងខ្ញុំមិនណាយចិត្តឡើយ តាមខ្នាតនៃសេចក្ដីមេត្តាករុណា ដែលយើងខ្ញុំទទួលមក
2 យើងខ្ញុំលះចោលអស់ទាំងការលាក់កំបាំងដែលគួរខ្មាស ឥតប្រព្រឹត្តដោយឧបាយកល ឬបំប្លែងព្រះបន្ទូលឡើយ គឺយើងខ្ញុំផ្ទុកផ្តាក់ខ្លួន និងបញ្ញាចិត្តរបស់មនុស្សទាំងអស់ នៅចំពោះព្រះ ដោយសម្ដែងសេចក្ដីពិតវិញ
3 បើសិនណាជាដំណឹងល្អរបស់យើងខ្ញុំត្រូវគ្របបាំង នោះគឺត្រូវគ្របបាំងចំពោះតែពួកអ្នក ដែលកំពុងវិនាសទេ
4 ជាពួកអ្នក ដែលព្រះរបស់លោកីយ៍នេះ បានបង្អាប់ដល់គំនិតពួកគេដែលមិនជឿ ក្រែងរស្មីពន្លឺនៃដំណឹងល្អ ដែលសម្ដែងពីសិរីល្អនៃព្រះគ្រីស្ទដ៏ជារូបអង្គព្រះ បានភ្លឺមកដល់គេ
5 យើងខ្ញុំមិនប្រកាសប្រាប់ពីខ្លួនយើងខ្ញុំទេ គឺពីព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់វិញ ហើយក៏រាប់ខ្លួនយើងខ្ញុំ ថាជាបាវបម្រើរបស់អ្នករាល់គ្នា ដោយព្រោះព្រះយេស៊ូវដែរ
6 ដ្បិតគឺជាព្រះ ដែលមានព្រះបន្ទូលបង្គាប់ ឲ្យមានពន្លឺភ្លឺចេញពីសេចក្ដីងងឹត ទ្រង់បានបំភ្លឺមកក្នុងចិត្តយើងខ្ញុំ ឲ្យយើងខ្ញុំមានរស្មីពន្លឺនៃដំណើរស្គាល់សិរីល្អរបស់ព្រះ ដែលនៅព្រះភ័ក្ត្រនៃព្រះយេស៊ូវគ្រីស្ទ។
7 យើងមានទ្រព្យសម្បត្តិនេះ នៅក្នុងភាជនៈដី ដើម្បីឲ្យឥទ្ធិឫទ្ធិលើសលប់បានមកពីព្រះ មិនមែនពីយើងខ្ញុំទេ
8 ដែលយើងខ្ញុំត្រូវគេសង្កត់សង្កិនគ្រប់Chapter តែមិនទ័លផ្លូវឡើយ មានសេចក្ដីវិលវល់ តែមិនទ័លគំនិតទេ
9 មានគេធ្វើទុក្ខ តែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូក តែមិនស្លាប់ទេ
10 យើងខ្ញុំផ្ទុកសេចក្ដីសុគតនៃព្រះអម្ចាស់យេស៊ូវ នៅក្នុងរូបកាយយើងខ្ញុំជានិច្ច ដើម្បីឲ្យព្រះជន្មនៃទ្រង់បានសម្ដែងមក ក្នុងរូបកាយយើងខ្ញុំដែរ
11 ដ្បិតយើងរាល់គ្នាដែលរស់នៅ នោះយើងត្រូវប្រគល់ដល់សេចក្ដីស្លាប់ជាដរាប ដោយព្រោះព្រះយេស៊ូវ ដើម្បីឲ្យព្រះជន្មនៃទ្រង់បានសម្ដែងមក ក្នុងរូបសាច់យើង ដែលតែងតែស្លាប់នេះ
12 ហេតុនោះបានជាសេចក្ដីស្លាប់កំពុងតែចម្រើនឡើងក្នុងយើងខ្ញុំ តែជីវិតចម្រើនក្នុងអ្នករាល់គ្នាវិញ
13 ហើយដែលមានចិត្តជឿដូចគ្នា ត្រូវនឹងសេចក្ដីដែលចែងទុកមកថា «ខ្ញុំបានជឿ បានជាខ្ញុំនិយាយ» នោះយើងខ្ញុំក៏ជឿដែរ បានជាយើងខ្ញុំនិយាយ
14 ដោយដឹងថា ព្រះអង្គ ដែលប្រោសព្រះអម្ចាស់យេស៊ូវ ឲ្យមានព្រះជន្មរស់ឡើងវិញ ទ្រង់នឹងប្រោសឲ្យយើងខ្ញុំរស់ឡើងដែរ ដោយសារព្រះយេស៊ូវ ហើយនឹងនាំយើងខ្ញុំទៅនៅចំពោះទ្រង់ជាមួយនឹងអ្នករាល់គ្នាដែរ
15 ពីព្រោះគ្រប់ទាំងអស់សម្រាប់អ្នករាល់គ្នា ដើម្បីឲ្យព្រះគុណ ដែលចម្រើនឡើង ដោយសារមនុស្សជាច្រើន បានបណ្តាលឲ្យមានសេចក្ដីអរព្រះគុណចម្រើនជាបរិបូរឡើង ដល់សិរីល្អនៃព្រះលើសទៅទៀត។
16 ហេតុនោះ យើងខ្ញុំមិនណាយចិត្តឡើយ ប៉ុន្តែ ទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំ កំពុងតែពុករលួយទៅក៏ពិតមែន តែនៅខាងក្នុង កំពុងតែកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ចវិញ
17 ដ្បិតសេចក្ដីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះ នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ចវិញ
18 ដោយយើងខ្ញុំមិនរាប់អានរបស់ដែលមើលឃើញឡើយ គឺរាប់អានតែរបស់ដែលមើលមិនឃើញវិញ ដ្បិតរបស់ដែលមើលឃើញ នោះស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែឯរបស់ដែលមើលមិនឃើញ នោះនៅស្ថិតស្ថេរអស់កល្បជានិច្ចវិញ។