កូរិនថូសទី ២
ជំពូក 6
ហើយដែលយើងខ្ញុំធ្វើការជាមួយនឹងព្រះ បានជាយើងខ្ញុំទូន្មានអ្នករាល់គ្នាថា កុំឲ្យទទួលព្រះគុណរបស់ព្រះ ដោយបែបឥតប្រយោជន៍ឡើយ
2 ដ្បិតទ្រង់មានព្រះបន្ទូលថា «នៅវេលាដែលគាប់ចិត្តដល់អញ នោះអញបានស្តាប់ឯង ហើយក្នុងថ្ងៃសង្គ្រោះ នោះអញបានជួយឯង » មើលឥឡូវនេះជាវេលាដែលគាប់ព្រះហឫទ័យទ្រង់ មើល ថ្ងៃនេះជាថ្ងៃសង្គ្រោះហើយ
3 យើងខ្ញុំមិនបង្អាក់បង្អន់ចិត្តដល់អ្នកណាក្នុងកិច្ចការអ្វីឡើយ ក្រែងមានអ្នកណាថ្កោលទោសចំពោះការងារនេះ
4 ក្នុងគ្រប់ការទាំងអស់ នោះយើងខ្ញុំខំផ្ទុកផ្តាក់ខ្លួន ទុកដូចជាអ្នកបម្រើព្រះ គឺក្នុងការទ្រាំទ្រជាច្រើន ក្នុងការទុក្ខលំបាក ការខ្វះខាត ការចង្អៀតចង្អល់
5 កាលគេវាយ ដាក់គុក កើតវឹកវរ ក្នុងការនឿយហត់ ចាំយាម តមអត់
6 ដោយចិត្តស្អាត ដោយចេះដឹង ដោយអត់ធ្មត់ ដោយសប្បុរស ដោយព្រះវិញ្ញាណបរិសុទ្ធ ដោយសេចក្ដីស្រឡាញ់ស្មោះត្រង់
7 ដោយសារព្រះបន្ទូលដ៏ពិត ដោយព្រះចេស្តានៃព្រះ ដោយកាន់គ្រឿងសស្ត្រាវុធសុចរិត ទាំងស្តាំទាំងឆ្វេង
8 ដោយមានកេរ្តិ៍ឈ្មោះ ហើយត្រូវអាប់ឱន ដោយគេនិយាយអាក្រក់ ឬល្អក្តី ទុកដូចជាមនុស្សកំភូត តែពិតត្រង់ទេ
9 ដូចជាគ្មានអ្នកណាស្គាល់យើងខ្ញុំ តែមនុស្សទាំងអស់បានស្គាល់វិញ ដូចជាហៀបនឹងស្លាប់ តែមើល យើងខ្ញុំរស់ទេ ដូចជាត្រូវវាយផ្ចាល តែមិនបានដល់ស្លាប់ទេ
10 ដូចជាមានសេចក្ដីព្រួយ តែចេះតែបានសប្បាយវិញ ដូចជាទ័លក្រ តែកំពុងតែចម្រើនដល់មនុស្សជាច្រើន ដូចជាគ្មានអ្វីសោះ តែមានគ្រប់ទាំងអស់វិញ។
11 ឱពួកកូរិនថូសអើយ មាត់យើងខ្ញុំបើកចំពោះអ្នករាល់គ្នាហើយ ចិត្តយើងខ្ញុំបានទូលាយឡើង
12 អ្នករាល់គ្នាមិនចង្អៀតក្នុងយើងខ្ញុំទេ គឺចង្អៀតតែក្នុងចិត្តរបស់អ្នករាល់គ្នាវិញ
13 ខ្ញុំនិយាយនឹងអ្នករាល់គ្នា ទុកដូចជាដល់កូនថា ចូរសងដូចគ្នាវិញ ដោយបើកចិត្តឲ្យទូលាយឡើងដូច្នោះដែរ។
14 កុំឲ្យទឹមនឹមស្រៀក ជា១នឹងមនុស្សមិនជឿឡើយ ដ្បិតឯសេចក្ដីសុចរិត និងសេចក្ដីទទឹងច្បាប់ តើមានការប្រកបអ្វីនឹងគ្នា ឬពន្លឺ និងងងឹត លាយឡំគ្នាដូចម្តេចបាន
15 តើព្រះគ្រីស្ទ និងអារក្សបេលាលត្រូវអ្វីនឹងគ្នា ឬអ្នកជឿមានចំណែកអ្វីនឹងអ្នកដែលមិនជឿ
16 តើវិហារនៃព្រះសំណំអ្វីនឹងរូបព្រះ ដ្បិតអ្នករាល់គ្នាជាវិហារនៃព្រះដ៏មានព្រះជន្មរស់ ដូចជាព្រះទ្រង់មានព្រះបន្ទូលថា «អញនឹងនៅក្នុងគេ ហើយនិងដើរជាមួយផង អញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងធ្វើជារាស្ត្រដល់អញ»
17 ហេតុនោះបានជាព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា «ចូរចេញពីកណ្តាលពួកគេទៅ ហើយញែកខ្លួនទៅដោយឡែក កុំឲ្យពាល់របស់ស្មោកគ្រោកឡើយ នោះអញនឹងទទួលឯងរាល់គ្នា
18 អញនឹងធ្វើជាឪពុកដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងធ្វើជាកូនប្រុសកូនស្រីដល់អញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ដ៏មានព្រះចេស្តាបំផុត» ។