អេម៉ុស
ជំពូក 3
ឱពួកកូនចៅអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនេះ ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលទាស់នឹងឯងរាល់គ្នា គឺទាស់នឹងគ្រួទាំងមូល ដែលអញបាននាំឡើងចេញពីស្រុកអេស៊ីព្ទមក គឺថា
2 ក្នុងអស់ទាំងគ្រួនៅផែនដី អញបានស្គាល់តែឯងរាល់គ្នាទេ ដូច្នេះ អញនឹងធ្វើទោសដល់ឯងរាល់គ្នា ដោយព្រោះអំពើទុច្ចរិតទាំងប៉ុន្មានរបស់ឯង
3 បើមនុស្ស២នាក់មិនព្រមចិត្តគ្នា នោះតើនឹងដើរជា១គ្នាបានឬ
4 ឯសិង្ហនឹងស្រែកគ្រហឹមនៅក្នុងព្រៃ ក្នុងកាលដែលមិនទាន់ចាប់រំពាឬ បើសិង្ហស្ទាវមិនបានចាប់អ្វីសោះ តើនឹងស្រែកនៅក្នុងរូងវាដែរឬ
5 នៅកន្លែងដែលឥតមានដាក់ខ្សែរូត នោះសត្វហើរអាចនឹងធ្លាក់ទៅជាប់ក្នុងអន្ទាក់បានឬ តើអន្ទាក់នឹងវាត់ឡើងពីដី ឥតមានជាប់អ្វីឬទេ
6 តើនឹងផ្លុំត្រែនៅក្នុងក្រុង ឥតធ្វើឲ្យបណ្តាជនក្តុកចិត្តបានឬ តើនឹងមានអន្តរាយកើតដល់ទីក្រុងណា ឥតព្រះយេហូវ៉ាធ្វើដែរឬទេ
7 ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់នឹងមិនធ្វើអ្វីដូច្នោះឡើយ លើកតែទ្រង់សម្ដែងឲ្យពួកហោរា ជាអ្នកបម្រើទ្រង់ ឃើញគំនិតលាក់កំបាំងរបស់ទ្រង់ផង
8 រីឯសិង្ហបានស្រែកគ្រហឹមហើយ តើមានអ្នកណាដែលមិនព្រមខ្លាច ព្រះអម្ចាស់ព្រះយេហូវ៉ាទ្រង់បានចេញវាចាហើយ តើមានអ្នកណានឹងទប់មិនទាយបានឬ។
9 ចូរប្រកាសប្រាប់នៅក្នុងដំណាក់ នៅក្រុងអាសដូឌហើយក្នុងដំណាក់នៅស្រុកអេស៊ីព្ទផងថា ចូរមូលគ្នាមកនៅលើអស់ទាំងភ្នំរបស់ស្រុកសាម៉ារី ពិចារណាមើលការកោលាហលយ៉ាងធំ និងការសង្កត់សង្កិនដែលកើតមាននៅកណ្តាលស្រុកនោះចុះ
10 ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គេមិនចេះប្រព្រឹត្តត្រឹមត្រូវទេ គេជាពួកអ្នកដែលសន្សំទុកនូវសេចក្ដីច្រឡោត និងការរឹបជាន់នៅក្នុងអស់ទាំងដំណាក់របស់គេ
11 ហេតុនោះបានជាព្រះអម្ចាស់ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា នឹងមានខ្មាំងសត្រូវឡោមព័ទ្ធស្រុក វានឹងនាំឲ្យកម្លាំងឯងអន់ថយចុះ នោះអស់ទាំងដំណាក់របស់ឯងនឹងត្រូវរឹបជាន់វិញ
12 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អ្នកគង្វាលដោះជើង២ និងត្រចៀក១កំណាត់ ចេញពីមាត់សិង្ហយ៉ាងណា នោះពួកកូនចៅអ៊ីស្រាអែលដែលអង្គុយនៅទីកៀនដំណេក ហើយលើខ្នើយកំណល់ធ្វើពីសូត្រ នៅក្នុងក្រុងសាម៉ារីនឹងបានដោះឲ្យរួចយ៉ាងនោះដែរ។
13 ព្រះអម្ចាស់ព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា ចូរស្តាប់ចុះ ហើយធ្វើបន្ទាល់ទាស់នឹងពួកវង្សយ៉ាកុប
14 ដ្បិតនៅថ្ងៃដែលអញទម្លាក់អំពើរំលងរបស់អ៊ីស្រាអែលទៅលើគេវិញ នោះអញនឹងធ្វើទោសដល់អាសនៈនៃបេត-អែលទាំងប៉ុន្មានដែរ ស្នែងអាសនៈទាំងនោះនឹងត្រូវកាត់ចេញឲ្យធ្លាក់ដល់ដី
15 អញនឹងវាយបំផ្លាញអស់ទាំងផ្ទះសម្រាប់រដូវរងា និងផ្ទះសម្រាប់រដូវក្តៅផង ឯដំណាក់ភ្លុកនឹងត្រូវវិនាសទៅ ហើយផ្ទះធំៗទាំងប៉ុន្មាននឹងត្រូវសូន្យបាត់ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។