អេម៉ុស
ជំពូក 4
ឱពួកគោពីស្រុកបាសានអើយ ចូរស្តាប់ពាក្យនេះចុះ ឯងរាល់គ្នាដែលនៅលើភ្នំសាម៉ារី កំពុងសង្កត់សង្កិនពួកក្រីក្រ ហើយជាន់ឈ្លីពួកកំសត់ទុគ៌ត ឯងនិយាយដល់ចៅហ្វាយរបស់ខ្លួនថា ចូរនាំយកមកឲ្យយើងបានផឹកជាមួយគ្នា
2 ព្រះអម្ចាស់យេហូវ៉ាទ្រង់បានស្បថដោយសេចក្ដីបរិសុទ្ធរបស់ទ្រង់ថា ចាំមើលចុះ នឹងមានគ្រាមកលើឯងរាល់គ្នា ជាគ្រាដែលគេនឹងដឹកអូសនាំឯងរាល់គ្នាចេញទៅ ដោយសារទំពក់ និងសំណល់នៃឯងរាល់គ្នាដោយសន្ទូច
3 នោះឯងរាល់គ្នានឹងចេញតាមចន្លោះកំផែងបែកបាក់ ត្រង់ទៅខាងមុខរៀងខ្លួន ហើយឯងរាល់គ្នានឹងត្រូវបោះទៅក្នុងបន្ទាយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
4 ឱពួកកូនចៅអ៊ីស្រាអែល ចូរមកឯបេត-អែលហើយប្រព្រឹត្តអំពើរំលងចុះ ក៏មកឯគីលកាលដែរ ហើយចម្រើនអំពើរំលងជាច្រើនឡើង ចូរនាំយកយញ្ញបូជារបស់ឯងមករាល់តែព្រឹក ហើយតង្វាយ១ភាគក្នុង១០របស់ឯងរាល់តែ៣ថ្ងៃ
5 ត្រូវឲ្យបូជាថ្វាយនំបុ័ង ដែលមានដំបែរទុកជាតង្វាយអរព្រះគុណ ហើយប្រកាសប្រាប់យ៉ាងច្បាស់ឲ្យបានថ្វាយតង្វាយស្ម័គ្រពីចិត្ត ដ្បិតឯងរាល់គ្នាគាប់ចិត្តយ៉ាងនោះហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ព្រះយេហូវ៉ា។
6 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញក៏ឲ្យឯងរាល់គ្នាមានធ្មេញស្អាត នៅគ្រប់ទាំងទីក្រុងរបស់ឯង ហើយឲ្យខ្វះខាតអាហារនៅគ្រប់ទីកន្លែងរបស់ឯង ទោះបើយ៉ាងនោះ គង់តែឯងមិនបានវិលត្រឡប់មកឯអញដែរ
7 អញបានទាំងបិទទប់ មិនបង្អុរភ្លៀងដល់ឯងរាល់គ្នា ក្នុងកាលដែលនៅខ្វះតែ៣ខែនឹងដល់រដូវចម្រូូតហើយផង អញបានឲ្យភ្លៀងធ្លាក់ទៅលើទីក្រុង១ ហើយមិនឲ្យធ្លាក់ទៅលើទីក្រុង១ទៀត ស្រែ១មានភ្លៀងធ្លាក់ ហើយ១ទៀតដែលឥតមានក៏ស្វិតក្រៀមទៅ
8 បានជាទីក្រុង២ ឬ៣ក៏ដើរចច្រប់ទៅឯទីក្រុង១ ដើម្បីផឹកទឹក តែមិនបានឆ្អែតឡើយ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ទោះបើយ៉ាងនោះក៏ដោយគង់តែឯងរាល់គ្នាមិនបានវិលមកឯអញវិញដែរ
9 អញបានវាយផ្ចាលឯងរាល់គ្នា ដោយស្រូវស្កក ហើយក្រាចាប់ ឯអស់ទាំងសួន និងចម្ការទំពាំងបាយជូរ ព្រមទាំងដើមល្វា និងដើមអូលីវដ៏បរិបូររបស់ឯងរាល់គ្នា នោះដង្កូវបានស៊ីបំផ្លាញអស់ទៅ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ទោះបើយ៉ាងនោះក៏ដោយ គង់តែឯងរាល់គ្នាមិនបានវិលមកឯអញវិញដែរ
10 អញបានចាត់ប្រើអាសន្នរោគឲ្យមកនៅកណ្តាលឯងរាល់គ្នា បែបដូចជានៅស្រុកអេស៊ីព្ទ អញបានប្រហារជីវិតពួកកំលោះៗរបស់ឯងរាល់គ្នាដោយដាវ ហើយបានដឹកសេះទាំងប៉ុន្មានរបស់ឯងទៅបាត់ ព្រមទាំងធ្វើឲ្យក្លិនស្អុយពីទីបោះទ័ពរបស់ឯង បានសាយឡើងដល់ច្រមុះរបស់ឯងផង ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ទោះបើយ៉ាងនោះក៏ដោយ គង់តែឯងរាល់គ្នាមិនបានវិលមកឯអញវិញដែរ
11 អញបានបំផ្លាញនៅកណ្តាលពួកឯងរាល់គ្នា ដូចកាលព្រះទ្រង់បានបំផ្លាញក្រុងសូដុម និងក្រុងកូម៉ូរ៉ា ហើយឯងរាល់គ្នាបានដូចជាអង្កត់ឱស ដែលគេកន្ត្រាក់រោចចេញពីភ្លើង តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ទោះបើយ៉ាងនោះក៏ដោយ គង់តែឯងរាល់គ្នាមិនបានវិលមកឯអញវិញដែរ។
12 ហេតុនោះ ឱអ៊ីស្រាអែលអើយ អញនឹងប្រព្រឹត្តនឹងឯងរាល់គ្នាយ៉ាងនោះតទៅ ហើយដោយព្រោះអញនឹងប្រព្រឹត្តយ៉ាងនោះដល់ឯង បានជា ឱអ៊ីស្រាអែលអើយ ចូររៀបចំ ដើម្បីជួបនឹងព្រះនៃខ្លួនចុះ
13 ដ្បិតមើល ព្រះដែលទ្រង់សូនធ្វើភ្នំទាំងប៉ុន្មាន ក៏បង្កើតខ្យល់ ហើយថ្លែងប្រាប់ដល់មនុស្សអំពីគំនិតដែលនៅក្នុងខ្លួនគេ ព្រមទាំងធ្វើឲ្យពេលព្រឹកព្រហាមទៅជាងងឹត ហើយយាងលើទីខ្ពស់ទាំងប៉ុន្មាននៃផែនដីផង ព្រះនាមរបស់ទ្រង់គឺ «យេហូវ៉ាជាព្រះនៃពួកពលបរិវារ»។