អេម៉ុស
ជំពូក 2
ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់សាសន៍ម៉ូអាប់ អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានដុតឆ្អឹងរបស់ស្តេចអេដុមធ្វើជាកំបោរ
2 អញនឹងចាត់ប្រើភ្លើងឲ្យទៅលើម៉ូអាប់ ភ្លើងនោះនឹងឆេះដំណាក់នៅក្រុងកេរីយ៉ុតអស់ទៅ ហើយម៉ូអាប់នឹងស្លាប់ទៅដោយសូរគ្រាំគ្រេង ដោយសម្រែកឮលាន់ និងសូរផ្លុំត្រែ
3 អញនឹងកាត់ចៅក្រមពីកណ្តាលគេចេញ ព្រមទាំងសម្លាប់ពួកចៅហ្វាយទាំងប៉ុន្មានជាមួយនឹងគេដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
4 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ពួកយូដា អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយមិនបានកាន់តាមបញ្ញត្តច្បាប់របស់ទ្រង់សោះ ឯរបស់កំភូតដែលពួកអយ្យកោគេបានគោរពតាម នោះបានធ្វើឲ្យគេវង្វេងចេញ
5 អញនឹងចាត់ប្រើភ្លើងឲ្យទៅលើពួកយូដា ភ្លើងនោះនឹងឆេះដំណាក់នៅក្រុងយេរូសាឡឹមអស់ទៅ។
6 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ពួកអ៊ីស្រាអែល អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានលក់មនុស្សសុចរិតឲ្យបានប្រាក់ ហើយមនុស្សកំសត់ទុគ៌តផង ឲ្យបានស្បែកជើង១សម្រាប់
7 សូម្បីតែធូលីដីដែលនៅលើក្បាលមនុស្សកំសត់ទុគ៌តនោះ គេក៏ដង្ហក់ចង់បានដែរ ហើយគេបង្វែរផ្លូវរបស់មនុស្សរាបទាប ឯទាំងកូន និងឪពុកក៏ចូលទៅឯស្រីក្រមុំតែ១ ជាការដែលបង្អាប់ដល់នាមបរិសុទ្ធរបស់អញ
8 គេក្រាលសម្លៀកបំពាក់ ដែលបានទទួលបញ្ចាំ ដេកចុះនៅក្បែរគ្រប់ទាំងអាសនៈ ហើយនៅក្នុងវិហាររបស់ព្រះនៃគេ នោះគេផឹកស្រាទំពាំងបាយជូររបស់ពួកអ្នកដែលខ្លួនបានពិន័យលក់ហើយដែរ។
9 ប៉ុន្តែ អញៗបានបំផ្លាញសាសន៍អាម៉ូរី ដែលមានកំពស់ដូចដើមតាត្រៅ ហើយមានកម្លាំងដូចដើមម៉ៃសាក់ចេញពីមុខឯងទៅ គឺអញបានបំផ្លាញទាំងផលគេខាងលើ និងឫសគេនៅខាងក្រោមផង
10 អញក៏បាននាំឯងរាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទមក គឺបាននាំមុខឯងនៅក្នុងទីរហោស្ថានអស់៤០ឆ្នាំ ឲ្យបានចាប់យកស្រុករបស់សាសន៍អាម៉ូរី ទុកជាកេរអាករ
11 អញបានតាំងពួកកូនចៅខ្លះរបស់ឯងរាល់គ្នាឡើងធ្វើជាហោរា និងពួកកំលោះខ្លះរបស់ឯងធ្វើជាពួកន៉ាសារីត ព្រះយេហូវ៉ាទ្រង់សួរថា ឱពួកកូនចៅអ៊ីស្រាអែលអើយ តើមិនមែនដូច្នោះឬ
12 ប៉ុន្តែ ឯងរាល់គ្នាឲ្យពួកន៉ាសារីតផឹកស្រាទំពាំងបាយជូរវិញ ហើយបានហាមដល់ពួកហោរាថា កុំឲ្យទាយឡើយ។
13 មើល អញនឹងកិនឯងរាល់គ្នា នៅទីកន្លែងរបស់ឯង ដូចជារទេះដែលពេញដោយកណ្តាប់តែងកិនដីដែរ
14 នោះអំណាចរត់រួច នឹងបាត់ចេញពីមនុស្សលឿន ឯមនុស្សមានកម្លាំង ក៏មិនបានចម្រើនកម្លាំងរបស់ខ្លួនដែរ ហើយមនុស្សពូកែនឹងដោះខ្លួនឲ្យរួចមិនបាន
15 អ្នកណាដែលកាន់ធ្នូនឹងមិនអាចឈរនៅបាន ឯអ្នកដែលមានថ្វីជើង នោះមិនបានរួចដែរ ហើយអ្នកដែលជិះសេះនឹងមិនដោះខ្លួនឲ្យរួចបានឡើយ
16 ចំណែកអ្នកដែលមានចិត្តក្លាហានក្នុងពួកខ្លាំងពូកែ គេនឹងរត់ទៅទាំងខ្លួនអាក្រាតក្នុងថ្ងៃនោះ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។