នេហេមា

1 2 3 4 5 6 7 8 9 10 11 12 13


ជំពូក 10

រីឯ​ពួក​អ្នក​ដែល​បោះ​ត្រា នោះ​គឺ​នេហេមា កូន​ហាកាលា ជា​ចៅ‌ហ្វាយ​ទី​ក្រុង បន្ទាប់​មក សេដេគា
2 រួច​សេរ៉ាយ៉ា អ័សារា យេរេមា
3 ផាស‌ហ៊ើរ អ័ម៉ារា ម៉ាលគា
4 ហាធូស សេបានា ម៉ាលូក
5 ហារីម ម្រេម៉ូត អូបាឌា
6 ដានី‌យ៉ែល គីនេ‌ថោន បារូក
7 មស៊ូឡាម អ័ប៊ីយ៉ា មីយ៉ា‌មីន
8 ម្អាស៊ា ប៊ីល‌កាយ សេម៉ាយ៉ា នោះ​សុទ្ធ​តែ​ជា​ពួក​សង្ឃ។
9 ឯ​ពួក​លេវី គឺ​យេសួរ ជា​កូន​អ័សានា និង​ប៊ីនុយ ឯ​ខាង​ពួក​កូន​ចៅ​ហេណា‌ដាឌ មាន​កាឌមាល
10 និង​ពួក​បង​ប្អូន​គេ គឺ​សេបានា ហូឌា កេលីថា ពេឡាយ៉ា ហាណាន
11 មីកា រេហុប ហាសាបយ៉ា
12 សាគើរ សេរេ‌ប៊ីយ៉ា សេបានា
13 ហូឌា បានី និង​បេនីនូ។
14 ឯ​ពួក​ដែល​ជា​កំពូល​លើ​បណ្តា‌ជន នោះ​គឺ​ប៉ារ៉ូស ផាហាត-ម៉ូអាប់ អេឡាំ សាធូរ បានី
15 ប៊ូននី អាស‌កាឌ បេបាយ
16 អ័ដូ‌នីយ៉ា ប៊ីកវ៉ាយ អេឌីន
17 អេធើ ហេសេគា អ័ស៊ើរ
18 ហូឌា ហាស៊ូម បេសាយ
19 ហារីប អ័ណា‌ថូត នេបាយ
20 ម៉ាក‌ពី‌អាស មស៊ូឡាម ហេស៊ារ
21 មសេ‌សាបេល សាដុក យ៉ាដួរ
22 ពេឡាធា ហាណាន អ័ណាយ៉ា
23 ហូសេ ហា‌ណា‌នា ហាស៊ូប
24 ហាឡូ‌ហេស ពីឡាហា សូបេក
25 រេហ៊ូម ហា‌សាប‌ណា ម្អាសេយ៉ា
26 អ័ហ៊ីយ៉ា ហាណាន អ័ណាន
27 ម៉ាលូក ហារីម និង​ប្អាណា។
28 ឯ​ពួក​បណ្តា‌ជន​ឯ​ទៀត ពួក​សង្ឃ ពួក​លេវី ពួក​ឆ្មាំ​ទ្វារ ពួក​ចម្រៀង ពួក​នេធីនិម និង​អស់​អ្នក​ដែល​បាន​ញែក​ខ្លួន​ចេញ​ពី​ពួក​សាសន៍​នៃ​ស្រុក​ទាំង​នោះ ចូល​ខាង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​វិញ ព្រម​ទាំង​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​គេ គឺ​អស់​អ្នក​ណា​ដែល​មាន​ចំណេះ មាន​យោបល់
29 គេ​ក៏​កាន់​ខ្ជាប់​តាម​បង​ប្អូន និង​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​ក្នុង​ពួក​គេ​ដែរ គេ​តាំង​សេចក្ដី​ផ្តាសា​ដល់​ខ្លួន ដោយ​ស្បថ​ថា នឹង​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ ដែល​បាន​ប្រទាន​មក ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​ទ្រង់ ហើយ​ឲ្យ​រក្សា និង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​ក្រឹត្យ‌ក្រម​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ព្រម​ទាំង​ច្បាប់​យុត្តិ‌ធម៌ និង​បញ្ញត្ត​ទ្រង់​ផង
30 ហើយ​ថា យើង​មិន​ឲ្យ​កូន​ស្រី​យើង​ទៅ​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ស្រុក ឬ​យក​កូន​ស្រី​របស់​គេ​មក​ឲ្យ​កូន​ប្រុស​យើង​ឡើយ
31 ហើយ​បើ​សាសន៍​ដទៃ ដែល​នៅ​ក្នុង​ស្រុក គេ​យក​ទំនិញ ឬ​ស្រូវ​អង្ករ​អ្វី​មក​លក់ នៅ​ថ្ងៃ​ឈប់​សម្រាក នោះ​យើង​មិន​ព្រម​ទិញ​ពី​គេ​នៅ​ថ្ងៃ​នោះ ឬ​នៅ​ថ្ងៃ​បរិសុទ្ធ​ណា​ឡើយ ហើយ​ថា យើង​រាល់​គ្នា​នឹង​ផ្អាក​ទុក​ឆ្នាំ​ទី​៧ ព្រម​ទាំង​លើក​លែង​ទារ​បំណុល​ទាំង​អស់​ផង។
32 មួយ​ទៀត យើង​រាល់​គ្នា​ក៏​តាំង​ច្បាប់ ឲ្យ​ត្រូវ​បង់​១​ភាគ​ក្នុង​៣ ក្នុង​១​រៀល​រាល់​តែ​ឆ្នាំ សម្រាប់​ការ‌ងារ​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា
33 ជា​តម្លៃ​នៃ​នំបុ័ង​តាំង​ទុក​តង្វាយ​ម្សៅ​ដែល​ថ្វាយ​ជានិច្ច និង​តង្វាយ​ដុត​ជានិច្ច ហើយ​នៅ​ថ្ងៃ​ឈប់​សម្រាក ថ្ងៃ​ចូល​ខែ និង​បុណ្យ​មាន​កំណត់​ទាំង​ប៉ុន្មាន ព្រម​ទាំង​របស់​បរិសុទ្ធ តង្វាយ​លោះ​បាប ដែល​ថ្វាយ​ឲ្យ​ធួន​នឹង​បាប​ពួក​អ៊ីស្រា‌អែល និង​គ្រប់​ទាំង​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា​ទាំង​អស់​ផង
34 យើង​រាល់​គ្នា ជា​ពួក​សង្ឃ ពួក​លេវី និង​ពួក​បណ្តា‌ជន​ក៏​ចាប់​ឆ្នោត​ពី​ដំណើរ​តង្វាយ​ឧស ដើម្បី​នឹង​យក​មក​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង តាម​វង្ស​របស់​ឪពុក​យើង តាម​ពេល​កំណត់​រាល់​តែ​ឆ្នាំ សម្រាប់​នឹង​ដុត​នៅ​លើ​អាសនៈ​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​យើង ដូច​មាន​សេចក្ដី​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ
35 ហើយ​ឲ្យ​យក​ផល​ដំបូង ពី​ស្រែ​ចម្ការ​របស់​យើង និង​ផល​ដំបូង​ពី​ឈើ​គ្រប់​មុខ មក​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​រាល់ៗ​ឆ្នាំ
36 ព្រម​ទាំង​កូន​ច្បង​របស់​ខ្លួន​យើង និង​របស់​សត្វ​យើង​ផង ដូច​ជា​បាន​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​ហើយ និង​កូន​ច្បង​ក្នុង​ហ្វូង​គោ ហ្វូង​ចៀម​របស់​យើង មក​ឯ​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង ឲ្យ​ដល់​ពួក​សង្ឃ​ដែល​ធ្វើ​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង
37 ហើយ​ឲ្យ​យក​ផល​នៃ​ម្សៅ​លាយ​ដំបូង តង្វាយ​លើក​ចុះ​ឡើង ផ្លែ​ឈើ​គ្រប់​មុខ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង មក​ឲ្យ​ពួក​សង្ឃ នៅ​ក្នុង​បន្ទប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង ព្រម​ទាំង​តង្វាយ​១​ភាគ​ក្នុង​១០​ពី​ផល​ដី​យើង មក​ឲ្យ​ពួក​លេវី​ផង ដ្បិត​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន នោះ​គឺ​ជា​ពួក​លេវី ដែល​ទទួល​យក​តង្វាយ​១​ភាគ​ក្នុង​១០​ពី​ផល​នៃ​ស្រែ​ចម្ការ​យើង
38 ហើយ​ពួក​កូន​ចៅ​អើរ៉ុន​ដ៏​ជា​សង្ឃ ក៏​នៅ​ជា​មួយ​នឹង​ពួក​កូន​ចៅ​លេវី ក្នុង​កាល​ដែល​គេ​ទទួល​យក​តង្វាយ​១​ភាគ​ក្នុង​១០​នោះ​ដែរ រួច​ពួក​លេវី​ត្រូវ​យក​១​ភាគ​ក្នុង​១០ ពី​តង្វាយ​១​ភាគ​ក្នុង​១០​នោះ ឯ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ដាក់​ក្នុង​បន្ទប់ ជា​ឃ្លាំង​នៃ​ព្រះ‌វិហារ​ដែរ
39 ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ព្រម​ទាំង​ពួក​កូន​ចៅ​លេវី ត្រូវ​យក​តង្វាយ​លើក​ចុះ​ឡើង ពី​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង​មក​ដាក់​ក្នុង​បន្ទប់ ជា​កន្លែង​ដែល​ទុក​គ្រឿង​ប្រដាប់​របស់​ទី​បរិសុទ្ធ​ទាំង​ប៉ុន្មាន ហើយ​ពួក​សង្ឃ​ដែល​ធ្វើ​ការ‌ងារ ពួក​ឆ្មាំ​ទ្វារ និង​ពួក​ចម្រៀង​ក៏​នៅ​ទី​នោះ​ដែរ យើង​រាល់​គ្នា​មិន​ព្រម​បោះ‌បង់​ចោល​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង​ឡើយ។