នេហេមា
ជំពូក 6
លុះកាលដំណឹងបានឮទៅដល់សានបាឡាត និងថូប៊ីយ៉ា ព្រមទាំងកេសែម ជាសាសន៍អារ៉ាប់ និងពួកខ្មាំងសត្រូវយើងឯទៀតថា ខ្ញុំបានធ្វើកំផែងរួចជាស្រេច ឥតមានទីបាក់បែកណានៅសល់ទៀតឡើយ ទោះបើគ្រានោះមិនទាន់បានដាក់ផ្ទាំងសន្លឹកទ្វារឡើង ក្នុងអស់ទាំងទ្វារនៅឡើយក៏ដោយ
2 នោះសានបាឡាត និងកេសែមចាត់គេមកឯខ្ញុំនិយាយថា អញ្ជើញមក យើងនឹងពិគ្រោះគ្នានៅភូមិណាមួយក្នុងច្រកភ្នំអូណូរ គឺគេគិតប្រទូស្តដល់ខ្ញុំទេ
3 តែខ្ញុំចាត់មនុស្សឲ្យទៅប្រាប់វិញថា ខ្ញុំកំពុងតែធ្វើការមួយយ៉ាងធំ ខ្ញុំនឹងចុះមកមិនបាន និងឲ្យខ្ញុំលះចោលការនេះឲ្យឈប់នៅ ដើម្បីនឹងចុះទៅឯអ្នកធ្វើអី
4 គេក៏ចាត់មនុស្សមកនិយាយនឹងខ្ញុំយ៉ាងនោះអស់វារៈ៤ដង ហើយខ្ញុំក៏ឆ្លើយពាក្យដដែលដល់គេ
5 រួចមកសានបាឡាតចាត់អ្នកបម្រើម្នាក់មកឯខ្ញុំ តាមបែបដដែល នោះជាគម្រប់៥ដង មានទាំងសំបុត្របើកចំហនៅដៃផង
6 ក្នុងសំបុត្រនោះមានសេចក្ដីថា មានឮដំណឹងនៅគ្រប់ទាំងសាសន៍ ហើយលោកកេសែមជាសាក្សីថា អ្នក ហើយនិងពួកយូដាគិតបះបោរ បានជាសង់កំផែងនេះឡើង គឺថា អ្នកចង់ធ្វើជាស្តេចគេ តាមដែលឮនិយាយនោះ
7 អ្នកក៏បានតម្រូវឲ្យមានពួកហោរាប្រកាសប្រាប់ពីអ្នក នៅក្រុងយេរូសាឡឹមថា មានស្តេចគ្រងរាជ្យនៅស្រុកយូដាហើយ ពាក្យយ៉ាងនោះយើងនឹងបញ្ជូនដល់ស្តេចឥឡូវ ដូច្នេះ ចូរមកឲ្យយើងបានពិគ្រោះគ្នាសិន
8 ខ្ញុំតបទៅថា គ្មានអ្វីដូចជាអ្នកថានោះទេ គឺអ្នកបង្កើតរឿងនេះ តាមតែចិត្តអ្នកវិញប៉ុណ្ណោះ
9 ពួកអ្នកទាំងនោះចង់តែគំរាម ឲ្យយើងភ័យខ្លាច ដោយគិតថា យើងនឹងថយកម្លាំងដៃ ឲ្យសម្រេចការមិនបាន ឥឡូវនេះ ឱព្រះអង្គអើយ សូមចម្រើនកម្លាំងដៃទូលបង្គំវិញ។
10 គ្រានោះ ខ្ញុំបានទៅឯផ្ទះរបស់សេម៉ាយ៉ា កូនដេឡាយ៉ា ដែលជាកូនមហេថាបែល គាត់កំពុងបំពួនខ្លួន គាត់និយាយឡើងថា សូមយើងទៅជួបគ្នា នៅក្នុងព្រះវិហារនៃព្រះ គឺក្នុងទីបរិសុទ្ធ ហើយបិទទ្វារភ្ជិតទៅ ដ្បិតគេនឹងមកសម្លាប់លោក គឺគេនឹងមកនៅពេលយប់ជាមិនខាន ដើម្បីនឹងសម្លាប់លោកបង់
11 តែខ្ញុំឆ្លើយថា គួរគប្បីឲ្យមនុស្សបែបយ៉ាងខ្ញុំរត់ឬអី តើមានអ្នកឯណាមួយដូចខ្ញុំ ដែលនឹងចូលទៅក្នុងព្រះវិហារ ឲ្យតែរួចជីវិតនោះ ខ្ញុំមិនព្រមចូលទៅទេ
12 ខ្ញុំក៏ពិចារណាយល់ឃើញថា មិនមែនជាព្រះដែលបង្គាប់ដល់គាត់ដូច្នោះទេ គឺគាត់បានទាយទំនាយនេះ ទាស់នឹងខ្ញុំវិញ ហើយគឺថូប៊ីយ៉ា និងសានបាឡាតបានជួលគាត់ផង
13 គេបានជួលគាត់ ប្រាថ្នាចង់គំរាមឲ្យខ្ញុំភ័យ ដើម្បីឲ្យខ្ញុំបានធ្វើតាម ហើយមានបាបដូច្នោះ ប្រយោជន៍ឲ្យគេបានរឿងនឹងបង្ខូចឈ្មោះខ្ញុំ ហើយត្មះតិះដៀលដល់ខ្ញុំ
14 ឱព្រះនៃទូលបង្គំអើយ សូមទ្រង់នឹកចាំពីថូប៊ីយ៉ា និងសានបាឡាត តាមការដែលគេធ្វើទាំងនេះ ហើយពីនាងណូអាឌា ជាហោរា និងពួកហោរាឯទៀត ដែលចង់ឲ្យទូលបង្គំកើតមានសេចក្ដីភ័យខ្លាចផង។
15 ដូច្នេះ នៅថ្ងៃ២៥ ខែភទ្របទ នោះកំផែងបានធ្វើរួចជាស្រេច គឺក្នុងរវាង៥២ថ្ងៃ
16 កាលពួកខ្មាំងសត្រូវរបស់យើងទាំងប៉ុន្មានបានឮ នោះសាសន៍ដទៃទាំងប៉ុន្មានដែលនៅជុំវិញយើងក៏ភ័យខ្លាច ហើយគេទ្រោមចុះជាខ្លាំងនៅភ្នែកខ្លួនគេ ដោយយល់ឃើញថា ការនោះកើតឡើងអំពីព្រះនៃយើងទេ
17 ក្នុងរវាងនោះ ពួកអ្នកធំក្នុងសាសន៍យូដា គេក៏ផ្ញើសំបុត្រជាច្រើនច្បាប់ទៅថូប៊ីយ៉ា ហើយមានសំបុត្ររបស់ថូប៊ីយ៉ាមកដល់គេវិញដែរ
18 ដ្បិតមានមនុស្សជាច្រើននៅស្រុកយូដា បានស្បថនឹងគាត់ ដោយព្រោះគាត់ជាកូនប្រសារបស់សេកានា ជាកូនអើរ៉ាស មួយទៀតយ៉ូហាណាន ជាកូនប្រុសរបស់គាត់ បានយកកូនស្រីរបស់មស៊ូឡាម ជាកូនបេរេគា ធ្វើជាប្រពន្ធ
19 គេក៏និយាយពីការល្អរបស់គាត់ នៅចំពោះមុខខ្ញុំ ហើយក៏នាំយកពាក្យខ្ញុំទៅប្រាប់គាត់ដែរ គឺថូប៊ីយ៉ានេះហើយ ដែលផ្ញើសំបុត្រមកគំរាមឲ្យខ្ញុំភ័យ។