នេហេមា
ជំពូក 9
លុះដល់ថ្ងៃ២៤ ក្នុងខែនោះឯង ពួកកូនចៅអ៊ីស្រាអែល គេបានមូលគ្នាកាន់ត្រណម ដោយស្លៀកពាក់សំពត់ធ្មៃ ហើយព្រលាំងដីនៅខ្លួន
2 ឯពូជអ៊ីស្រាអែលក៏ញែកខ្លួនចេញពីពួកសាសន៍ដទៃទាំងប៉ុន្មាន ហើយឈរឡើងលន់តួអំពើបាបរបស់ខ្លួន ព្រមទាំងសេចក្ដីទុច្ចរិតរបស់ពួកអយ្យកោផង
3 រួចគេឈរនៅកន្លែងគេរៀងខ្លួន ហើយពេលថ្ងៃនោះ១ភាគក្នុង៤ មានម្នាក់អានមើលក្នុងគម្ពីរក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាជាព្រះនៃខ្លួន រួចពេល១ភាគក្នុង៤ទៀតក៏លន់តួ ព្រមទាំងថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះនៃខ្លួន
4 ខណៈនោះ យេសួរ បានី អ័ឌីអែល សេបានា ប៊ូននី សេរេប៊ីយ៉ា បានី និងកេណានី ជាពួកលេវី ក៏ឈរលើថ្នាក់ជណ្តើរ បន្លឺសំឡេងអំពាវនាវដល់ព្រះយេហូវ៉ាជាព្រះនៃខ្លួន។
5 រួចយេសួរ កាឌមាល បានី ហាសាបនា សេរេប៊ីយ៉ា ហូឌា សេបានា និងពេថាហ៊ីយ៉ា ជាពួកលេវី គេប្រកាសថា ចូរឈរឡើង សូមឲ្យព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ដែលគង់នៅអស់កល្ប រៀងទៅ ដល់អស់កល្បជានិច្ច បានប្រកបដោយព្រះពរ ត្រូវតែសូមឲ្យព្រះនាមរបស់ទ្រង់ ជាព្រះនាមដ៏រុងរឿង បានពរដែរ ជាពរដែលខ្ពស់លើសជាងអស់ទាំងពរ និងសេចក្ដីសរសើរផង
6 គឺទ្រង់តែ១ដែលជាព្រះឯកអង្គ ទ្រង់បានបង្កើតផ្ទៃមេឃ និងអស់ទាំងជាន់នៃផ្ទៃមេឃ ព្រមទាំងពួកពលបរិវារនៅលើនោះ និងផែនដី ហើយសមុទ្រ និងរបស់សព្វសារពើដែលនៅស្ថានទាំងនោះផង ទ្រង់ក៏ទប់ទល់ជីវិតនៃរបស់ទាំងនោះ ហើយពួកពលនៅលើមេឃក៏ថ្វាយបង្គំដល់ទ្រង់
7 ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ គឺទ្រង់ហើយ ដែលបានរើសអាប់រ៉ាម ព្រមទាំងនាំលោកចេញពីក្រុងអ៊ើររបស់ពួកសាសន៍ខាល់ដេ ហើយប្រទានឲ្យលោកមានឈ្មោះជាអ័ប្រាហាំវិញ
8 ទ្រង់បានឃើញថា លោកមានចិត្តស្មោះត្រង់នៅចំពោះទ្រង់ រួចតាំងសញ្ញានឹងលោកថា នឹងប្រទានស្រុករបស់ពួកសាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍យេប៊ូស និងសាសន៍គើកាស៊ី ដល់ពូជរបស់លោក ទ្រង់ក៏បានសម្រេចតាមព្រះបន្ទូលទ្រង់ហើយ ដ្បិតទ្រង់សុចរិត។
9 ទ្រង់បានទតឃើញសេចក្ដីវេទនារបស់ពួកអយ្យកោយើងខ្ញុំ នៅស្រុកអេស៊ីព្ទ ហើយបានឮសម្រែក ដែលគេស្រែកនៅត្រង់សមុទ្រក្រហម
10 ក៏សម្ដែងទីសម្គាល់ និងការអស្ចារ្យទៅលើផារ៉ោន ពួកមហាតលិក និងបណ្តាជននៃស្រុកនោះទាំងអស់ ដោយជ្រាបថា គេបានប្រព្រឹត្តនឹងពួកអយ្យកោទាំងនោះដោយចិត្តព្រហើន ហើយទ្រង់បានល្បីព្រះនាម ដូចមានសព្វថ្ងៃនេះ
11 ទ្រង់បានធ្វើឲ្យសមុទ្រញែកចេញជាពីរ នៅមុខអ្នកទាំងនោះ ឲ្យបានឆ្លងទៅនៅកណ្តាលសមុទ្រ ដោយដីគោក តែទ្រង់បានបោះពួកអ្នកដែលដេញតាម ចោលទៅក្នុងទីជម្រៅ ដូចជាបោះថ្មទៅក្នុងទឹកដ៏មានកម្លាំង
12 មួយទៀត នៅពេលថ្ងៃ ទ្រង់បាននាំពួកអយ្យកោនោះ ដោយសារបង្គោលពពក ហើយពេលយប់ ដោយសារបង្គោលភ្លើង ដើម្បីនឹងបំភ្លឺផ្លូវដែលគេត្រូវដើរ
13 ទ្រង់បានយាងចុះមកលើភ្នំស៊ីណាយ ហើយមានព្រះបន្ទូលនឹងគេពីលើមេឃមក ព្រមទាំងប្រទានឲ្យមានច្បាប់យុត្តិធម៌ដ៏ត្រឹមត្រូវ និងក្រឹត្យវិន័យដ៏ពិត ហើយបញ្ញត្ត និងក្រឹត្យក្រមដ៏ល្អដល់គេ
14 ទ្រង់បានធ្វើឲ្យគេស្គាល់ថ្ងៃឈប់សម្រាកដ៏បរិសុទ្ធរបស់ទ្រង់ ព្រមទាំងតាំងឲ្យគេមានក្រឹត្យក្រម បញ្ញត្ត និងវិន័យ ដោយសារលោកម៉ូសេ ជាអ្នកបម្រើទ្រង់
15 ទ្រង់បានប្រទាននំបុ័ងពីលើមេឃមកចម្អែតដល់គេ ហើយបណ្តាលឲ្យមានទឹកហូរចេញពីថ្មមក ឲ្យគេផឹក ក៏បានបង្គាប់ឲ្យគេចូលទៅចាប់យកស្រុក ដែលទ្រង់បានស្បថថានឹងឲ្យដល់គេ។
16 ប៉ុន្តែ គេ និងពួកអយ្យកោរបស់យើងខ្ញុំតរៀងមក បានប្រព្រឹត្តដោយចិត្តព្រហើន ព្រមទាំងតាំងករឹង ឥតស្តាប់តាមក្រឹត្យក្រមទាំងប៉ុន្មានរបស់ទ្រង់ទេ
17 គេមិនព្រមធ្វើតាមបង្គាប់ឡើយ ក៏មិននឹកចាំពីអស់ទាំងការអស្ចារ្យដែលទ្រង់បានធ្វើ នៅកណ្តាលពួកគេផង គឺគេបានតាំងករឹងវិញ ក្នុងគ្រាបះបោរនោះ គេបានតម្រូវម្នាក់ឲ្យធ្វើជាមេ ដើម្បីនឹងនាំវិលទៅឯសណ្ឋានជាបាវបម្រើវិញ តែទ្រង់ជាព្រះដែលប្រុងនឹងអត់ទោស ទ្រង់ក៏សន្តោស ហើយមេត្តាករុណា ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសជាបរិបូរ បានជាទ្រង់មិនបោះបង់ចោលគេឡើយ
18 ទោះទាំងកាលដែលគេបានបណ្តាលទំនាស់ទ្រង់ជាខ្លាំង ដោយសិតធ្វើរូបកូនគោ ហើយនិយាយថា នេះជាព្រះរបស់យើង ដែលបាននាំយើងឡើងពីស្រុកអេស៊ីព្ទ មកដូច្នេះក្តី
19 គង់តែទ្រង់មិនបានបោះបង់ចោលគេនៅទីរហោស្ថានដែរ គឺដោយទ្រង់មានសេចក្ដីមេត្តាករុណាដ៏ក្រៃលែង ឯបង្គោលពពកមិនបានថយចេញ លែងនាំផ្លូវគេនៅវេលាថ្ងៃឡើយ ហើយបង្គោលភ្លើងក៏មិនលែងបំភ្លឺគេនៅវេលាយប់ ដើម្បីនឹងបង្ហាញផ្លូវ ដែលគេត្រូវដើរដែរ
20 ទ្រង់បានប្រទានព្រះវិញ្ញាណដ៏ល្អរបស់ទ្រង់ មកបង្ហាត់បង្រៀនគេ ទ្រង់មិនដែលបង្អត់នំម៉ាន៉ាចំពោះគេទេ ហើយបានប្រទានទឹក ឲ្យគេផឹកផង
21 គឺទ្រង់បានចិញ្ចឹមគេ នៅទីរហោស្ថាន អស់៤០ឆ្នាំ គេឥតមានខ្វះខាតអ្វីឡើយ សម្លៀកបំពាក់របស់គេក៏មិនដែលសឹក ហើយជើងគេមិនពុរពងដែរ
22 មួយទៀតទ្រង់បានប្រទាននគរ និងសាសន៍ផ្សេងៗ ហើយចែកស្រុកទាំងនោះដល់គេ គឺយ៉ាងនោះដែលគេបានស្រុករបស់ស៊ីហុន ជាស្រុករបស់ស្តេចក្រុងហែសបូន និងស្រុករបស់អុក ជាស្តេចស្រុកបាសាន
23 ទ្រង់ក៏ធ្វើឲ្យគេកើតកូនចម្រើនឡើង ដូចជាផ្កាយនៅលើមេឃ ហើយបាននាំគេចូលមកក្នុងស្រុក ដែលទ្រង់ប្រាប់ដល់ពួកអយ្យកោថា ត្រូវឲ្យគេចូលទៅចាប់យកនេះ
24 ដូច្នេះ ពួកកូនចៅគេក៏ចូលទៅចាប់យកស្រុក ហើយទ្រង់បានបង្ក្រាបសាសន៍កាណាន ជាពួកអ្នកស្រុកនេះ នៅមុខគេ ព្រមទាំងប្រគល់ពួកនោះ និងស្តេច ហើយបណ្តាជនទាំងឡាយ មកក្នុងកណ្តាប់ដៃគេ ឲ្យបានប្រព្រឹត្តនឹងសាសន៍នោះ តាមអំពើចិត្ត
25 គេចាប់យកបានទាំងទីក្រុងមានបន្ទាយ និងស្រុកមានជីជាតិ ក៏បានផ្ទះជាច្រើន ពេញដោយរបស់ល្អគ្រប់មុខ និងអណ្តូងជីកស្រាប់ ចម្ការទំពាំងបាយជូរ ដំណាំអូលីវ និងដើមឈើផ្លែជាបរិបូរ យ៉ាងនោះគេបានបរិភោគឆ្អែត ហើយត្រឡប់ជាមានសាច់ធាត់ ក៏មានចិត្តរីករាយ ដោយសារសេចក្ដីសប្បុរសដ៏ជាធំរបស់ទ្រង់។
26 ប៉ុន្តែ គេមានចិត្តរឹងចចេស ហើយបានបះបោរនឹងទ្រង់វិញ គេបោះបង់ចោលក្រឹត្យវិន័យទ្រង់ទៅក្រោយខ្នង ហើយបានសម្លាប់ពួកហោរាទ្រង់ ដែលធ្វើបន្ទាល់ដល់គេ ដោយប្រាថ្នាចង់នាំគេមកឯទ្រង់វិញ គេក៏ប្រព្រឹត្តទំនាស់ជាខ្លាំងដែរ
27 ហេតុនោះ ទ្រង់បានប្រគល់គេទៅក្នុងកណ្តាប់ដៃនៃពួកសត្រូវ ដែលញាំញីសង្កត់សង្កិនគេ តែកាលគេកើតមានសេចក្ដីវេទនា ហើយបានអំពាវនាវរកទ្រង់ នោះទ្រង់ក៏ឮពីលើមេឃ ហើយបានប្រទានឲ្យគេមានពួកអ្នកជួយសង្គ្រោះ ឲ្យរួចពីកណ្តាប់ដៃនៃពួកសត្រូវនោះ ដោយសេចក្ដីមេត្តាករុណាដ៏ក្រៃលែងរបស់ផងទ្រង់
28 តែកាលគេមានសេចក្ដីស្រាកស្រាន្តបន្តិច នោះគេបានប្រព្រឹត្តសេចក្ដីអាក្រក់ នៅចំពោះទ្រង់វិញទៀត បានជាទ្រង់ទុកគេនៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ ឲ្យពួកនោះមានអំណាចលើគេ ប៉ុន្តែ កាលគេបានវិលមកអំពាវនាវរកទ្រង់ទៀត នោះទ្រង់ក៏ឮពីលើមេឃដែរ ហើយបានប្រោសឲ្យគេរួចជាច្រើនដង តាមសេចក្ដីមេត្តាករុណារបស់ទ្រង់
29 ទ្រង់បានធ្វើបន្ទាល់ដល់គេ ដើម្បីនឹងនាំគេមកឯក្រឹត្យវិន័យទ្រង់វិញ ទោះបើយ៉ាងនោះ គង់តែគេបានប្រព្រឹត្តដោយចិត្តព្រហើន ឥតព្រមស្តាប់តាមក្រឹត្យក្រមនៃទ្រង់ដែរ គឺបានធ្វើបាបទទឹងច្បាប់យុត្តិធម៌របស់ទ្រង់ (ជាច្បាប់ដែលអ្នកណាប្រព្រឹត្តតាម នោះនឹងបានរស់នៅដោយសេចក្ដីនោះឯង ) ហើយគេដកស្មាចេញ តាំងករឹង មិនព្រមស្តាប់តាមឡើយ
30 ប៉ុន្តែ ទ្រង់បានអត់ទ្រាំនឹងគេជាយូរឆ្នាំ ព្រមទាំងធ្វើបន្ទាល់ដល់គេ ដោយសារព្រះវិញ្ញាណទ្រង់ ដែលសណ្ឋិតលើពួកហោរា ទោះបើយ៉ាងនោះ គង់តែគេមិនផ្ទៀងត្រចៀកស្តាប់ដែរ បានជាទ្រង់ប្រគល់គេទៅក្នុងកណ្តាប់ដៃនៃអស់ទាំងសាសន៍របស់ស្រុកដទៃ
31 ប៉ុន្តែ ដោយព្រោះសេចក្ដីមេត្តាករុណាដ៏ក្រៃលែងរបស់ទ្រង់ បានជាទ្រង់មិនបានបំផ្លាញគេអស់រលីងទៅ ឬបោះបង់ចោលគេឡើយ ដ្បិតទ្រង់ជាព្រះដ៏មានព្រះហឫទ័យសន្តោស ហើយមេត្តាករុណា។
32 ដូច្នេះ ឱព្រះនៃយើងខ្ញុំរាល់គ្នា ជាព្រះដ៏ធំ ហើយមានឥទ្ធានុភាព ដែលគួរស្ញែងខ្លាចដល់ទ្រង់ ជាព្រះដែលរក្សាសេចក្ដីសញ្ញា និងសេចក្ដីសប្បុរសអើយ ឯសេចក្ដីវេទនាទាំងប៉ុន្មាន ដែលបានកើតដល់យើងខ្ញុំ ព្រមទាំងស្តេច ពួកមេ ពួកសង្ឃ ពួកហោរា ពួកអយ្យកោយើងខ្ញុំ និងពួករាស្ត្ររបស់ទ្រង់ ចាប់តាំងពីគ្រាពួកស្តេចនៃស្រុកអាសស៊ើរ ដរាបដល់សព្វថ្ងៃនេះ នោះសូមទ្រង់កុំរាប់ថា ជាការតិចតួចឡើយ
33 ប៉ុន្តែ ក្នុងសេចក្ដីទាំងប៉ុន្មាន ដែលបានកើតដល់យើងខ្ញុំ នោះទ្រង់សុចរិតទេ ដ្បិតទ្រង់បានប្រព្រឹត្តដោយស្មោះត្រង់ តែយើងខ្ញុំបានប្រព្រឹត្ត ដោយលាមកអាក្រក់វិញ
34 ទោះទាំងស្តេចនៃយើងខ្ញុំ ឬពួកមេពួកសង្ឃ និងពួកអយ្យកោរបស់យើងខ្ញុំក៏មិនបានរក្សាក្រឹត្យវិន័យរបស់ទ្រង់ ឬស្តាប់តាមក្រឹត្យក្រម និងសេចក្ដីបន្ទាល់ដែលទ្រង់បានធ្វើនៅចំពោះគេដែរ
35 ពីព្រោះគេមិនបានគោរពប្រតិបត្តិដល់ទ្រង់ នៅក្នុងនគរនៃខ្លួន នៅកណ្តាលអស់ទាំងសេចក្ដីល្អក្រៃលែង ដែលទ្រង់បានប្រោសដល់គេ នៅក្នុងស្រុកធំទូលាយ មានជីជាតិ ដែលទ្រង់បានដាក់នៅមុខគេនោះឡើយ គេក៏មិនបានបែរចេញពីអំពើអាក្រក់របស់ខ្លួនដែរ
36 មើល យើងខ្ញុំរាល់គ្នាជាបាវបម្រើរបស់គេដរាបដល់សព្វថ្ងៃនេះ គឺជាបាវបម្រើ នៅក្នុងស្រុកនេះ ដែលទ្រង់បានប្រទានដល់ពួកអយ្យកោយើងខ្ញុំ ឲ្យបានបរិភោគផល និងសេចក្ដីល្អនោះផង
37 ស្រុកនេះក៏បង្កើតផលជាច្រើន ដល់ពួកស្តេចដែលទ្រង់បានតាំងឲ្យគ្រប់គ្រងលើយើងខ្ញុំ ដោយព្រោះអំពើបាបរបស់យើងខ្ញុំ ស្តេចទាំងនោះមានអំណាចលើទាំងខ្លួនប្រាណយើងខ្ញុំ និងហ្វូងសត្វរបស់យើងខ្ញុំផង តាមតែព្រះទ័យ ហើយយើងខ្ញុំមានសេចក្ដីវេទនាជាខ្លាំង។
38 ទោះបើមានសេចក្ដីយ៉ាងនោះក៏ដោយ គង់តែយើងខ្ញុំរាល់គ្នាចុះសញ្ញាមាំមួន ហើយក៏កត់ទុកផង មានទាំងពួកមេ ពួកលេវី និងពួកសង្ឃរបស់យើងខ្ញុំ ជាអ្នកបោះត្រាចំពោះសេចក្ដីសញ្ញានោះ។