ចោទិយកថា
ជំពូក 28
បើសិនជាខំប្រឹងស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯង ឲ្យអស់ពីចិត្ត ព្រមទាំងប្រយ័ត និងប្រព្រឹត្តតាមអស់ទាំងបញ្ញត្តទ្រង់ ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងលើកឯងឡើងជាខ្ពស់ លើសជាងអស់ទាំងសាសន៍នៅផែនដីទាំងប៉ុន្មាន
2 រួចអស់ទាំងពរទាំងនេះនឹងបានផ្សាយមកលើឯង ហើយរត់មករកឯងផង គឺបើឯងនឹងស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង
3 ឯងនឹងមានពរនៅក្នុងក្រុង ហើយនិងមានពរនៅស្រែចម្ការដែរ
4 ផលដែលកើតពីពោះឯងមក ព្រមទាំងផលកើតពីដីឯង និងផលកើតពីសត្វឯង គឺជាសេចក្ដីចម្រើនរបស់គោ និងកូនទាំងប៉ុន្មានរបស់ចៀមឯង នោះនឹងមានពរគ្រប់ទាំងអស់
5 ឯកំប្រោង និងស្បៀងអាហាររបស់ឯង នោះនឹងមានពរដែរ
6 ឯងនឹងមានពរក្នុងកាលដែលឯងចូលមក ហើយនិងមានពរក្នុងកាលដែលចេញទៅផង។
7 ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យពួកខ្មាំងសត្រូវដែលលើកគ្នាមកទាស់នឹងឯង ត្រូវចុះចាញ់នៅមុខឯង គេនឹងចេញមកទាស់នឹងឯងតាមផ្លូវមួយ តែនឹងរត់ទៅតាមផ្លូវ៧វិញ ដើម្បីឲ្យរួចពីមុខឯងចេញ
8 ព្រះយេហូវ៉ាទ្រង់នឹងបង្គាប់ឲ្យមានពរនៅលើជង្រុកឯង ហើយលើគ្រប់ទាំងការអ្វីដែលឯងនឹងដាក់ដៃធ្វើ ទ្រង់នឹងប្រទានពរដល់ឯង នៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានមក
9 ទ្រង់នឹងតាំងឯងសម្រាប់ជារាស្ត្របរិសុទ្ធដល់ទ្រង់ ដូចជាទ្រង់បានស្បថនឹងឯងហើយ គឺបើឯងនឹងកាន់តាមអស់ទាំងបញ្ញត្តរបស់ព្រះយេហូវ៉ាជាព្រះនៃឯង ព្រមទាំងដើរតាមផ្លូវទ្រង់ផង
10 នោះគ្រប់ទាំងសាសន៍នៅផែនដីនឹងឃើញថា ឯងជាអ្នកមានឈ្មោះតាមព្រះនាមព្រះយេហូវ៉ា ហើយគេនឹងកោតខ្លាចដល់ឯង
11 ព្រះយេហូវ៉ាទ្រង់ក៏នឹងចម្រើនឲ្យឯងមានជាបរិបូរឡើង ដោយផលដែលកើតពីពោះ និងផលកើតពីហ្វូងសត្វ ហើយនិងផលកើតពីដីឯង នៅក្នុងស្រុកដែលព្រះយេហូវ៉ាបានស្បថនឹងពួកអយ្យកោថា នឹងឲ្យដល់ឯង
12 ព្រះយេហូវ៉ាទ្រង់នឹងបើកឃ្លាំងដ៏វិសេសរបស់ទ្រង់ឲ្យដល់ឯង គឺជាផ្ទៃមេឃឲ្យមានភ្លៀងធ្លាក់មកសម្រាប់ស្រុកឯងតាមរដូវកាល ហើយនិងឲ្យពរដល់គ្រប់ទាំងការដែលដៃឯងធ្វើ នោះឯងនឹងឲ្យសាសន៍ជាច្រើនខ្ចីឥតមានខ្ចីពីគេវិញឡើយ
13 ព្រះយេហូវ៉ាទ្រង់នឹងតាំងឯងទុកជាក្បាល មិនមែនជាកន្ទុយឡើយ ឯងនឹងនៅតែពីលើគេ មិនដែលនៅពីក្រោមទេ គឺបើឯងនឹងស្តាប់តាមអស់ទាំងសេចក្ដីបញ្ញត្តផងព្រះយេហូវ៉ាជាព្រះនៃឯង ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ ដើម្បីនឹងកាន់ ហើយប្រព្រឹត្តតាមផង
14 ឥតមានងាកបែរទៅខាងស្តាំ ឬខាងឆ្វេង ចេញពីព្រះបន្ទូលណាមួយ ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ ដើម្បីនឹងរក ហើយគោរពប្រតិបត្តិតាមព្រះដទៃនោះឡើយ។
15 ប៉ុន្តែ បើឯងមិនព្រមស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯង ហើយមិនប្រយ័ត និងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីបញ្ញត្ត និងច្បាប់ទាំងប៉ុន្មានរបស់ទ្រង់ ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះទេ នោះអស់ទាំងសេចក្ដីបណ្តាសាទាំងនេះនឹងផ្សាយមកលើឯង ហើយរត់មករកឯងផង
16 គឺឯងនឹងត្រូវបណ្តាសានៅក្នុងទីក្រុង ហើយនៅស្រែចម្ការដែរ
17 ឯកំប្រោង និងស្បៀងអាហាររបស់ឯង នោះនឹងត្រូវបណ្តាសាវិញ
18 ផលដែលកើតពីពោះ និងផលកើតពីដីឯង ហើយនិងសេចក្ដីចម្រើនរបស់ហ្វូងគោ និងកូនទាំងប៉ុន្មានរបស់ហ្វូងចៀមឯង នោះនឹងត្រូវបណ្តាសាទាំងអស់
19 ឯងនឹងត្រូវបណ្តាសា ក្នុងកាលដែលឯងចូលមក ហើយនិងត្រូវបណ្តាសា ក្នុងកាលដែលឯងចេញទៅផង។
20 ព្រះយេហូវ៉ាទ្រង់នឹងចាត់សេចក្ដីបណ្តាសា និងសេចក្ដីបាក់បប ហើយសេចក្ដីបន្ទោសមកលើឯង ក្នុងគ្រប់ការអ្វីដែលឯងដាក់ដៃធ្វើ ដរាបដល់ត្រូវបំផ្លាញចេញ ហើយវិនាសអស់ទៅជាឆាប់ផង ដោយព្រោះអំពើអាក្រក់របស់ឯង ដែលបានលះបង់ចោលអញ
21 ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យជំងឺអាសន្នរោគនៅជាប់នឹងឯង ដរាបដល់ឯងរោយរៀវបាត់ចេញពីស្រុកដែលឯងចូលទៅចាប់យកនោះអស់ទៅ
22 ព្រះយេហូវ៉ាទ្រង់នឹងវាយឯងដោយជំងឺរីងរៃ និងគ្រុនរងា ហើយដោយកើតហើមពិស និងក្តៅខ្លួនដូចភ្លើង ដោយដាវ និងស្រូវស្កក ហើយក្រាផង សេចក្ដីវេទនាទាំងនោះនឹងដេញតាមឯង ទាល់តែវិនាសបាត់អស់រលីងទៅ
23 ឯមេឃពីលើក្បាលឯងនឹងបានដូចជាលង្ហិន ហើយដីនៅក្រោមឯងនឹងបានដូចជាដែក
24 ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យមានភ្លៀងមកលើស្រុកឯង ជាធូលី និងផង់លំអងដី ដែលនឹងធ្លាក់ពីលើមេឃមកលើឯង ដរាបដល់ឯងវិនាសបាត់អស់ទៅ។
25 ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យឯងចុះចាញ់នៅមុខពួកខ្មាំងសត្រូវ ឯងនឹងចេញទៅទាស់នឹងគេតាមផ្លូវ១ តែនឹងរត់ទៅតាមផ្លូវ៧វិញ ដើម្បីឲ្យរួចពីមុខគេចេញ ហើយឯងនឹងត្រូវខ្ចាត់ចុះឡើង ក្នុងគ្រប់ទាំងនគរនៅផែនដី
26 ខ្មោចរបស់ឯងនឹងបានជាអាហារដល់សត្វហើរនៅលើអាកាស និងសត្វព្រៃនៅដី ឥតមានអ្នកណានឹងដេញវាឡើយ
27 ព្រះយេហូវ៉ាទ្រង់នឹងវាយឯង ដោយបូសដែលកើតនៅស្រុកអេស៊ីព្ទ និងឫសដូងបាត កម ហើយនិងរមាស់ផង ដែលឯងនឹងមើលមិនចេះជាឡើយ
28 ព្រះយេហូវ៉ាទ្រង់នឹងវាយឯង ឲ្យវង្វេងស្មារតី ឲ្យខ្វាក់ភ្នែក ហើយឲ្យមានចិត្តឆ្ងល់ភាំង
29 ឯងនឹងដើរស្ទាបរកផ្លូវទាំងថ្ងៃត្រង់ ដូចជាមនុស្សខ្វាក់ស្ទាបរាវរកផ្លូវក្នុងទីងងឹតដែរ ហើយឯងនឹងធ្វើការអ្វី តាមផ្លូវប្រព្រឹត្តរបស់ឯងក៏មិនកើតឡើយ គេនឹងសង្កត់សង្កិនឯងជានិច្ច ហើយបំបាត់យករបស់ឯងជាដរាប ឥតមានអ្នកណាជួយឡើយ
30 ឯងនឹងដណ្តឹងប្រពន្ធ តែនឹងមានអ្នកឯទៀតរួមដំណេកនឹងនាងវិញ ឯងនឹងសង់ផ្ទះ តែមិនបានឡើងនៅទេ ឯងនឹងដាំចម្ការទំពាំងបាយជូរ តែមិនបានទទួលផលផ្លែទេ
31 គេនឹងសម្លាប់គោឯងនៅចំពោះភ្នែកឯង តែឯងមិនបានបរិភោគសោះ គេនឹងកំហែងយកលាពីមុខឯងទៅ ឥតប្រគល់មកវិញឡើយ គេនឹងឲ្យហ្វូងចៀមឯងទៅពួកខ្មាំងសត្រូវវិញ ឥតមានអ្នកណានឹងជួយឯងផង
32 គេនឹងឲ្យកូនប្រុសកូនស្រីឯងដល់សាសន៍ដទៃ ភ្នែកឯងនឹងស្រវាំងទៅ ដោយនឹករឭក ហើយសម្លឹងមើលតាមវាជានិច្ច ដៃឯងក៏នឹងគ្មានកម្លាំងសោះ
33 សាសន៍១ដែលឯងមិនស្គាល់ គេនឹងស៊ីបំផ្លាញផលពីដី និងការនឿយហត់របស់ឯងទាំងអស់ ឯងនឹងត្រូវគេសង្កត់សង្កិនជានិច្ច ហើយជិះជាន់ជាដរាប
34 ដល់ម៉្លេះបានជាឯងនឹងវង្វេងស្មារតី ដោយអស់ទាំងការដែលឯងមើលឃើញនឹងភ្នែក
35 ព្រះយេហូវ៉ាទ្រង់នឹងវាយឯងនៅត្រង់ក្បាលជង្គង់ ហើយនៅជើង ឲ្យកើតមានដំបៅអាក្រក់ ចាប់តាំងពីបាតជើងទៅដល់ក្រយៅក្បាល ដែលឥតមានអ្នកណាមើលឲ្យជាបានឡើយ។
36 ព្រះយេហូវ៉ាទ្រង់នឹងនាំយកឯង ហើយនិងស្តេចដែលឯងនឹងតាំងឡើងលើឯង ទៅឯនគរ១ទៀត ដែលឯង និងពួកអយ្យកោឯងមិនដែលបានស្គាល់ នៅស្រុកនោះឯងនឹងគោរពប្រតិបត្តិដល់ព្រះដទៃ ដែលធ្វើពីឈើ ហើយពីថ្ម
37 ឯងនឹងត្រឡប់ទៅជាទីអស្ចារ្យ និងជាទីប្រៀបធៀប ហើយជាទីដំណៀលនៅកណ្តាលគ្រប់អស់ទាំងសាសន៍ ដែលព្រះយេហូវ៉ានឹងនាំឯងទៅនៅនោះ
38 ឯងនឹងនាំយកពូជពង្រោះជាច្រើន ទៅសាបព្រោះនៅក្នុងស្រែឯង តែនឹងច្រូតបានតែបន្តិចវិញទេ ដ្បិតកណ្តូបនឹងកាត់បំផ្លាញទាំងអស់ទៅ
39 ឯងនឹងដាំចម្ការទំពាំងបាយជូរ ហើយខំថែរក្សាផង តែមិនបានក្រេបរសរបស់ផ្លែនោះឡើយ ក៏មិនបានទាំងបេះផង ដ្បិតដង្កូវនឹងស៊ីទាំងអស់ទៅ
40 ឯងនឹងមានដើមអូលីវនៅពេញក្នុងស្រុកឯង តែមិនបានយកប្រេងមកលាបខ្លួនសោះ ដ្បិតក្តឹបនឹងជ្រុះរុះទាំងអស់ទៅ
41 ឯងនឹងបង្កើតបានកូនប្រុសកូនស្រី តែមិនបានជារបស់ផងឯងទេ ដ្បិតគេនឹងនាំវាទៅជាឈ្លើយ
42 អស់ទាំងដើមឈើ និងផលកើតពីដីរបស់ឯង នោះនឹងបានជារបស់ផងកណ្តូបវិញ
43 អ្នកប្រទេសក្រៅដែលនៅជាមួយ នឹងឡើងទៅជាខ្ពស់ជាងឯងជាដរាប ហើយឯងនឹងចុះទៅជាទាបជាងគេ
44 គេនឹងឲ្យឯងខ្ចី តែឯងមិនបានឲ្យគេខ្ចីទេ គេនឹងធ្វើជាក្បាល ហើយឯងនឹងទៅជាកន្ទុយវិញ។
45 គ្រប់ទាំងសេចក្ដីបណ្តាសាទាំងនេះនឹងផ្សាយមកលើឯង ហើយនិងដេញតាមឯងទាន់ផង ដរាបដល់ឯងវិនាសបាត់ទៅ ដោយព្រោះឯងមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯង ដើម្បីនឹងកាន់តាមអស់ទាំងច្បាប់ និងបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ ដែលទ្រង់បានបង្គាប់មកឯងនោះ
46 សេចក្ដីទាំងនោះនឹងនៅជាប់លើឯង ហើយលើពូជឯង សម្រាប់ជាទីសម្គាល់ ហើយជាទីអស្ចារ្យនៅអស់កល្បជានិច្ច។
47 ដោយហេតុតែឯងមិនបានគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាជាព្រះនៃឯង ដោយចិត្តរីករាយសប្បាយ នៅកណ្តាលរបស់ដែលមានជាបរិបូរទាំងប៉ុន្មាន
48 បានជាឯងត្រូវបម្រើពួកខ្មាំងសត្រូវ ដែលព្រះយេហូវ៉ានឹងឲ្យមកទាស់នឹងឯង គឺនឹងបម្រើគេទាំងស្រេកឃ្លាន ទាំងនៅអាក្រាត ទាំងខ្វះខាតរបស់ទាំងអស់វិញ ហើយទ្រង់នឹងបំពាក់នឹមដែកមកលើកឯង ដរាបដល់ឯងបានវិនាសបាត់ទៅ
49 ព្រះយេហូវ៉ាទ្រង់នឹងនាំសាសន៍១ពីចម្ងាយ គឺពីចុងផែនដីមក ដូចជាឥន្ទ្រីហើរ ជាសាសន៍ដែលឯងស្តាប់ភាសាគេមិនបាន
50 ជាសាសន៍មានទឹកមុខសាហាវ ឥតមានយល់ដល់ចាស់ ក៏មិនចេះអាណិតដល់ក្មេងផង
51 គេនឹងស៊ីផលពីហ្វូងសត្វឯង និងពីដីឯង ដរាបដល់ឯងវិនាសបាត់ទៅ គេមិនទុកឲ្យឯងមានស្រូវ ឬទឹកទំពាំងបាយជូរ ឬប្រេង ឬផលចម្រើនពីហ្វូងគោ ហ្វូងចៀមឯងឡើយ ដរាបដល់គេបានបំផ្លាញឯងអស់រលីងទៅ
52 គេនឹងចោមព័ទ្ធច្បាំងនឹងឯង នៅក្នុងអស់ទាំងទីក្រុងឯង ដរាបដល់កំផែងខ្ពស់ ហើយមាំមួនដែលឯងយកជាទីពឹងនោះ បានរលំនៅពេញក្នុងស្រុកឯង គេនឹងឡោមព័ទ្ធច្បាំងនឹងឯង នៅក្នុងទីក្រុងទាំងអស់ នៅពេញក្នុងស្រុក ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានឲ្យ
53 ហើយនៅវេលាគេឡោមព័ទ្ធឯងជុំវិញ និងគ្រាដែលមានសេចក្ដីលំបាក ដែលខ្មាំងសត្រូវនឹងធ្វើទុក្ខដល់ឯង នោះឯងនឹងបរិភោគផលដែលកើតចេញពីខ្លួនឯង គឺជាសាច់របស់កូនប្រុសកូនស្រីឯង ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានឲ្យ
54 អ្នកណាដែលរមែងមានចិត្តថ្នម ហើយស្រទន់ណាស់ក្នុងពួកឯង អ្នកនោះឯងនឹងត្រឡប់ជាមានភ្នែកអាក្រក់ដល់បងប្អូនខ្លួន ដល់ប្រពន្ធជាទីស្រឡាញ់របស់ខ្លួន ហើយដល់កូនខ្លួនទាំងប៉ុន្មាន ដែលនៅសល់វិញ
55 ដល់ម៉្លេះបានជាមិនព្រមទាំងចែកសាច់កូនរបស់ខ្លួន ដែលកំពុងតែបរិភោគ ឲ្យដល់អ្នកណាមួយនោះឡើយ ដោយព្រោះគ្មានអ្វីសល់ទៀត គឺក្នុងគ្រាដែលខ្មាំងសត្រូវឯងនៅព័ទ្ធជុំវិញនោះ នឹងវេលាដែលឯងមានសេចក្ដីលំបាក ដោយគេធ្វើទុក្ខដល់ឯង នៅគ្រប់ទាំងទីក្រុងឯងផង
56 ហើយស្ត្រីណាដែលមានចិត្តថ្នម ហើយស្រទន់នៅក្នុងពួកឯង ជាស្ត្រីដែលមិនដែលទាំងដាក់បាតជើងដល់ដីផង ដោយព្រោះនាងទន់ភ្លន់ ហើយថ្នមខ្លួន នាងនោះនឹងមានភ្នែកអាក្រក់ដល់ប្ដីជាទីស្រឡាញ់របស់ខ្លួន និងដល់កូនប្រុសកូនស្រីខ្លួន
57 ហើយដល់ទាំងកូនខ្ចីដែលទើបនឹងចេញពីផ្ទៃខ្លួនមក ព្រមទាំងដល់កូនដែលនឹងសម្រាលទៀតផង ដ្បិតនាងនឹងបរិភោគវាដោយសម្ងាត់ ដោយព្រោះគ្មានអ្វីសោះ ក្នុងគ្រាដែលពួកខ្មាំងសត្រូវនៅព័ទ្ធជុំវិញនោះ និងវេលាដែលមានសេចក្ដីលំបាក ដោយគេធ្វើទុក្ខដល់ឯង នៅក្នុងអស់ទាំងទីក្រុងរបស់ឯង។
58 បើឯងមិនព្រមប្រយ័ត និងធ្វើតាមអស់ទាំងពាក្យក្នុងក្រឹត្យវិន័យ ដែលបានកត់ទុកក្នុងគម្ពីរនេះ ដើម្បីឲ្យបានកោតខ្លាចដល់ព្រះនាមដ៏មានសិរីល្អ ហើយគួរស្ញែងខ្លាចនេះ គឺ «ព្រះយេហូវ៉ាជាព្រះនៃឯង»
59 នោះព្រះយេហូវ៉ានឹងធ្វើឲ្យសេចក្ដីវេទនារបស់ឯង បានចម្លែកអស្ចារ្យ ព្រមទាំងសេចក្ដីវេទនានៃពូជឯងផង គឺជាសេចក្ដីវេទនាយ៉ាងធំ ហើយជាប់ជាយូរ និងជំងឺគ្រាំគ្រាដែលនៅជាប់ជាយូរដែរ
60 ទ្រង់នឹងធ្វើឲ្យឯងកើតអស់ទាំងជំងឺរបស់ស្រុកអេស៊ីព្ទ ដែលឯងបានខ្លាចនោះទាំងប៉ុន្មាន ជំងឺទាំងនោះនឹងនៅជាប់នឹងឯង
61 ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យឯងកើតគ្រប់ទាំងជំងឺ ហើយនិងសេចក្ដីវេទនាទាំងអស់ ដែលមិនបានកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យនេះទៀត ដរាបដល់ឯងបានវិនាសបាត់អស់រលីងទៅ
62 ហើយទោះពីដើម ឯងរាល់គ្នាមានគ្នាច្រើន ដូចជាផ្កាយនៅលើមេឃក៏ដោយ គង់តែនឹងនៅសល់តែបន្តិចទេ ពីព្រោះឯងមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯង
63 នៅគ្រានោះព្រះយេហូវ៉ាទ្រង់នឹងសព្វព្រះហឫទ័យធ្វើឲ្យឯងរាល់គ្នាវិនាស ហើយនិងបំផ្លាញឯងរាល់គ្នាចេញ ដូចជាកាលពីដើម ទ្រង់សព្វព្រះហឫទ័យនឹងប្រោសសេចក្ដីល្អដល់ឯង ហើយចម្រើនឯងរាល់គ្នាឡើងនោះដែរ ឯងរាល់គ្នានឹងត្រូវដកចេញពីស្រុកដែលឯងនឹងចូលទៅចាប់យកនោះ
64 ព្រះយេហូវ៉ាទ្រង់នឹងកម្ចាត់កម្ចាយឯង ឲ្យទៅនៅក្នុងគ្រប់ទាំងសាសន៍ ពីចុងផែនដីម្ខាង រហូតដល់ចុងផែនដីម្ខាង នៅទីនោះឯងនឹងគោរពប្រតិបត្តិដល់ព្រះដទៃធ្វើពីឈើ ហើយនិងថ្មដែលឯង និងពួកអយ្យកោឯងមិនដែលស្គាល់សោះ
65 នៅក្នុងសាសន៍ទាំងនោះ ឯងនឹងរកសេចក្ដីស្រណុកមិនបាន ហើយបាតជើងឯងមិនចេះបានសម្រាកឡើយ គឺនៅទីនោះ ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យចិត្តឯងញ័ររន្ធត់ ឲ្យភ្នែកឯងស្រវាំងទៅ ហើយឲ្យមានគំនិតព្រួយលំបាកដែរ
66 ទោះទាំងជីវិតឯង ក៏នឹងគ្មានទីកំណត់ដល់ឯងផង ឯងនឹងចេះតែភ័យខ្លាចទាំងយប់ទាំងថ្ងៃ ឥតមានសង្ឃឹមនឹងរស់នៅឡើយ
67 នៅពេលព្រឹក ឯងនឹងថា ឱកាលណាបានល្ងាចទៅហ្ន៎ ហើយដល់ពេលល្ងាច នោះនឹងថា ឱកាលណាបានព្រឹកឡើងទៅហ្ន៎ គឺដោយព្រោះសេចក្ដីភិតភ័យនៅក្នុងចិត្តឯង ដែលនាំឲ្យឯងខ្លាចនោះ ហើយដោយព្រោះការដែលភ្នែកឯងនឹងឃើញផង
68 ព្រះយេហូវ៉ាទ្រង់នឹងដឹកនាំឯងដោយនាវា ត្រឡប់ទៅនៅស្រុកអេស៊ីព្ទវិញ តាមផ្លូវដែលអញបានប្រាប់ឯងថា ឯងនឹងមិនឃើញផ្លូវនោះទៀតឡើយ រួចនៅស្រុកនោះ ឯងនឹងខំលក់ខ្លួនទៅឲ្យពួកខ្មាំងសត្រូវ ដើម្បីនឹងធ្វើជាបាវប្រុសបាវស្រីគេ តែនឹងគ្មានអ្នកណាទិញឯងសោះ។
69 នោះហើយ ជាពាក្យទាំងប៉ុន្មាននៃសេចក្ដីសញ្ញាដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់ ឲ្យម៉ូសេតាំងនឹងពួកកូនចៅអ៊ីស្រាអែលនៅស្រុកម៉ូអាប់ ក្រៅពីសេចក្ដីសញ្ញាដែលទ្រង់បានតាំងនឹងគេនៅភ្នំហោរែបនោះ។